February 14, 2014

ដំណក់ទឹកភ្នែកក្រោមភ្លៀងរលឹម Chpater4: ឯកា



ក្រោយពីថ្ងៃនោះ៣ថ្ងៃតាផុងក៏ត្រលប់ទៅវិញ ដោយលើកនេះផានីនទៅជួនដំណើរតាផុងដោយផ្ទាល់ទំនងខ្លាចតាផុងបោកហើយមើលទៅ។ ពេលវេលាកន្លងទៅយ៉ាងរហ័ស សល់មិនប៉ុន្មានថ្ងៃទៀតក៏ដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ម្នាក់ៗដូចជាមានសេក្តីសុខដល់ហើយ។
“អានីន! ចេញពីធ្វើការទំនេរទេ”នាយយ៉ាដើរមកសួរផានីន ចំនែកផាននីនក៏យកមុខពីមុខកុំព្យូរទ័រមកមើលម្ចាស់សំលេង
“មានអីទំនេរតើ ឯងមានការអីមែនទេ”ផានីនសួរ
“ចង់បបួលឯងទៅរើសកាដូទុកសំរាប់សង្សារគ្នា ព្រោះមិនប៉ុន្មានថ្ងៃទៀតក៏ដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ទៅហើយ”នាយយ៉ានិយាយដោយមានសេក្តីសុខ
“ក៏បានព្រោះអីក៏ចង់ទិញកាដូជូនលោកប៉ាអ្នកម៉ាក់ដែល”ផានីននិយាយដោយញញឹម
“ឯងគួរតែរកសង្សារមួយហើយ នឹងបានគ្នាដើរលេងថ្ងៃបុណ្យសេក្តីស្រលាញ់ដូចគេ សួរដូចឆោតឯងមិនអផ្សុកទេអីដែលនៅម្នាក់ឯងបែបនេះ”នាយយ៉ាសួរដោយមើលមុខផានីន
“អផ្សុក?? គ្មានទេស្រួលចិត្តសឹងស្លាប់នៅម្នាក់ឯង ចង់ធ្វើអីក៏បាននឹងមិនមានអ្នកណាមកចងដៃចងជើង ហើយយើងមិនមែនឯងដែលខ្វះស្រីស្លាប់ឯណា”ផានីននិយាយដោយដឺ
“មិនយល់ពីឯងសោះ ណាហើយ!ទៅបួសធ្វើព្រះសង្ឃតែម្តងទៅល្អជាង ឯងនោះ”នាយយ៉ានិយាយទាំងគ្រវីក្បាលរួចដើរចេញទៅ ចំនែកផានីនបានត្រឹមចងចិញ្ចើមធ្វើមុខក្រញ៉ូវ
“បើបានបងផុងមកដើរលេងថ្ងៃបុណ្យនេះជាមួយគ្នាមិនដឹងជាល្អប៉ុណ្ណាទេ” ផានីននិយាយតិចៗដោយដកដង្ហើមធំ
………………………………
“នេះគេគិតថាវាមិនទំនងទេ ជួយរើសអាណាដែលមើលទៅមានតំលៃបន្តិចបានទេ”នាយយ៉ារអ៊ូ ពេលនេះនាយយ៉ានិងផានីនកំពុងរកមើលវត្ថុសំរាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់
“តុកត្តាថ្មនេះគួរអោយស្រលាញ់សឹងស្លាប់”ផានីនរអ៊ូដោយមើលតុកត្តាថ្មដែលខ្លួនកាន់ក្នុងដៃ ហើយត្រូវបាននាយយ៉ាបដិសេធ ព្រោះគិតថាវាមើលទៅអន់ៗថោកៗ ធ្វើអោយផានីនមិនយល់សោះរបស់ជូនអោយគ្នាចាំបាច់គិតពីតំលៃធ្វើអី សំខាន់វាមើលទៅស្អាតនិងមានអត្ថន័យទៅគឺគ្រប់គ្រាន់ណាស់ទៅហើយ។
“ទិញតុកត្តានេះអោយសង្សារគ្នាល្អទេ ព្រោះធំបែបនេះគេអាចគេងអោបបាន នឹងបានមានអារម្មណ៍ថាអោបវាដូចជាអោបគ្នា”នាយ៉ានិយាយដោយកាន់តុកត្តាខ្លាឃ្មុំធំមួយក្នុងដៃ វាធំប្រហែលចង់ប៉ុនខ្លួនផានីនទៅហើយ
“ល្អតើ មនុស្សស្រីគេចូលចិត្តតុកត្តាធំៗបែបនេះណាស់”ផានីននិយាយ មែនហើយសូម្បីខ្លួនគេក៏ដូចគ្នា ព្រោះធំបែបនេះនឹងងាយដេកអោប”ឯងយកទៅអោយគេខ្ចប់ទៅ គ្នាសូមរើសបន្តសិន”ផានីននិយាយ
“ក្រែងឯងរើសអោយប៉ាម៉ាក់ហើយតើអី នេះកុំប្រាប់ណា លួចស្រលាញ់អ្នកណាប្រាប់មក”នាយ៉ាចូលមករំខានខួរ ចំនែកផានីនក៏មុខក្រហម តាមពិតផានីនមានបំនងទិញអោយតាផុង នឹងពេលណាបានជួបគ្នាលើកក្រោយនឹងបានអោយគេ។
“មានឯណា យើងទិញអោយខ្លួនឯងមិនបានទេអី”ផានីនដោះសារហើយក៏ងាករើសបន្ត ដូចជាមិនដឹងរឿងអី
“មានអ្នកណាទិញកាដូជូនខ្លួនឯងក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់នោះទេ ឃើញទេអោយយកសង្សារមួយទៅវានឹងមិនឯកា”នាយយ៉ារអ៊ូហើយក៏យកតុកត្តាទៅអោយគេខ្ចាប់ ចំនែកផានីនក៏និយាយតិចទាំងគ្រវីក្បាល​ “មានសង្សារនឹងគេដែលតែនៅតែមានអារម្មណ៍ឯកាដដែលហ្នឹង”
ផានីនក៏ដើរមើលចុះមើលឡើង តែមិនដឹងថាត្រូវទិញអីអោយតាផុងទេព្រោះបើទិញរបស់ធំរឺធ្ងន់ពេកនឹងពិបាកតាផុងទៅត្រលប់ទៅវិញ
“មិនដឹងទិញអីល្អទេ ពិបាកដល់ហើយ” ផានីនរអ៊ូ”គាត់ទិញខ្សែរដៃអោយយើង យើងទិញនាឡិកាដៃអោយគាត់វិញល្អទេ តែអេ!នាឡិកាដៃជានិមិត្តរូបមិនល្អទាល់តែសោះ តំនាងអោយការបែកគ្នា បើទិញខ្សែដៃក៏មិនទំនងគ្មានប្រុសណាពាក់ខ្សែដៃបែបនេះទេ បើទិញខ្សែកវាដូចជាសាមញ្ញពេកទេដឹង បណ្តោងសោរនេះស្អាតណាស់តើ” ផានីនក៏យកបន្តោងសោរមួយមកមើល ជាបន្តោងមានរូបឆ្មាដែលធ្វើពីប្រាក់។ ផានីនជាមនុស្សចូលចិត្តឆ្មាដូចនេះទិញរូបឆ្មាអោយតាផុងគិតថាល្អបំផុតហើយ”គាត់ប្រហែលជាចូលចិត្តហើយមើលទៅ”ផានីនក៏យករបស់របរទៅអោយគេខ្ចប់ដោយមាន កាបូបយួរដៃជូនអ្នកម៉ាក់ ខ្សែក្រវ៉ាត់ជូនលោកប៉ា និងបន្តោងសោររូបឆ្មាជូនតាផុងជាទីស្រលាញ់។
……………………………………………
ថ្ងៃបុណ្យនៃក្តីស្រលាញ់
“អាយ៉ា! នៅធ្វើអីទៀតម៉េចមិនព្រមទៅទៀតសង្សាឯងចាំស្លាប់មិនខានទេ”ផានីននិយាយទៅរកនាយយ៉ាង ទាំងមនុស្សក្នុងក្រុមហ៊ុនចេញទៅអស់ហើយនាយយ៉ានៅមិនព្រមទៅទៀត
“គឺយើងមិនទាន់ហើយហ្នឹងណា”នាយ៉ានិយាយទាំងមុខស្អុយ
“ចាំយើងបង្ហើយអោយ ទៅៗៗ”ផានីននិយាយទាំងញញឹម
“អរគុណហើយអញ្ជឹងចាំលើកក្រោយយើងជួយវិញ អរគុណហើយអាពួកម៉ាក”នាយយ៉ានិយាយទាំងម្នីម្នារៀបចំឥវ៉ាន់ហើយប្រញាប់ចេញទៅ ផានីនមើលទៅពួកម៉ាកដែលកំពុងតែមានសេក្តីសុខ ខុសពីខ្លួន
“យ៉ាប់ណាស់អាមិត្តចង្កួត”ផានីនក៏បន្តការងារនាយយ៉ារហូតដល់ម៉ោងជាង
“ស្មានេះ ប្រហែលជាបងផុងគាត់ក្រោកពីគេងហើយមើលទៅ”ផានីននិយាយហើយក៏អនឡាញ
(អរុណសួស្តីបង ក្រោកនៅហ្នឹង)
(បាទក្រោកហើយ ហើយអូនឯងនៅឯណា ហើយកំពុងធ្វើអី)
(អូននៅក្រុមហ៊ុន នឹងបង្ហើយការងារបន្តិចទៀតក៏រួចរាល់ហើយ)
(មិនទៅដើរលេងទេអី ថ្ងៃនេះជាថ្ងៃពិសេសផង)
(អត់ទេ ចុះបងឯង)
(បងហ៎! ល្ងាចនេះមានណាត់តើ)
(ជាមួយប្រុសរឺក៏ស្រី)
(មនុស្សស្រី! ថ្ងៃនេះផ្ទះគេគ្មានមនុស្សនៅទេ គេហៅបងទៅលេងផ្ទះគេ ដឹងមែនទេថាបងនឹងធ្វើអី)
(បាទដឹង! មានសេក្តីសុខណាបង)
(បាទ! ឥលូវបងទៅងូតទឹកបន្តិចណា)
(បាទ!)
រាល់ពេលតាផុងមានណាត់ជាមួយអ្នកណាក៏ប្រាប់ផានីនដែល ព្រោះផានីនមិនដែលខឹងរឺប្រកាន់ទេ ផានីនដឹងខ្លួនច្បាស់ណាស់ថាទោះជាចង់ចងក៏ចង មនុស្សព្រានដូចតាផុងបាននោះដែល ម្យ៉ាងផានីននិងតាផុងនៅឆ្ងាយពីគ្នាយ៉ាងនេះផានីនមិនអាចបំពេញសេក្តីត្រូវការអោយតាផុងបានឡើយ។
ផានីនបញ្ចប់ការងាររួចក៏ដើរលេងបន្តិចដើម្បីអោយបានស្បើយចិត្តបន្តិច។ ក្នុងដៃផានីនកាន់បណ្តោងសោរដែលខ្លួនទិញអោយតាផុង ជាមួយទឹកមុខស្រងូតស្រងាត់ បានបញ្ជាក់ពីអារម្មណ៍ដែលពិបាកចិត្តចេញមក។ បោះជើងមួយជំហានយឺតសំលឹងមនុស្សជុំវិញខ្លួនដែល កំពុងបន្តើរគ្នាមួយគូរៗដើរទៅដើរមកយ៉ាងមានសេក្តីសុខ ខុសពីផានីនដែលកំពុងនឹកមនុស្សម្នាក់ឆ្ងាយសែនឆ្ងាយ។ បើពេលនេះតាផុងនៅក្បែរខ្លួនគេមិនដឹងជាល្អនិងកក់ក្តៅខ្លាំប៉ុណ្ណា បើតាផុងមិនមែនរស់នៅញ៉ូវយ៉កហើយរស់នៅភ្នំពេញ មិនដឹងជាល្អយ៉ាងណា។ ផានីនកំពុងគិតពេលតាផុងដែលនៅជាមួយអ្នកផ្សេង ទោះជាផានីនព្យាយាមមិនឃាត់ឃាំង មិនប្រច័ណ្ឌ មិនខឹង តែខ្លួនក៏លួចតូចចិត្តនឹងខ្លួនឯង មានអ្នកណាសុខចិត្តអោយមនុស្សជាទីស្រលាញ់ទៅនៅក្បែរនិងអោបថើបអ្នកផ្សេងនោះ ទោះជាព្រះក៏មិនចិត្តទូលាយដល់ថ្នាក់នេះដែល។ ផានីនដឹងច្បាស់ថាខ្លួនគេនៅត្រង់ណា គួរធ្វើអ្វី តែអារម្មណ៍ឯកាចេះតែចូលមកគ្របដណ្តប់គេ ។ មើលមនុស្សស្រីទាំងនោះមានសេក្តីសុខនិងសង្សាររបស់ខ្លួនដោយមានកាន់ផ្កាកុលាបក្នុងដៃ មើលយ៉ាងណាក៏ផានីនខ្លួនឯងមិនដឹងពីអារម្មណ៍មួយនោះដែល ព្រោះតាំងពីកើតមកមិនមានសង្សារណាម្នាក់ជូនផ្កានិងនោះផានីនដើរលេងបែបនេះទេ រឹតតែគិតរឹតតែតូចចិត្ត។ តាមផ្លូវហាក់ដូចជាអ៊ូអរខ្លាំងណាស់ តែផានីនបែរជាមានអារម្មណ៍ថាទទេស្អាត អ្វីៗដូចជាធូលីដែលហោះហើរហើយរសាត់កាត់ភ្នែកផានីនតែប៉ុណ្ណោះ។ ថ្ងៃបុណ្យនៃក្តីស្រលាញ់គួរតែនៅជាមួយមនុស្សជាទីស្រលាញ់ តែហេតុអីក៏មនុស្សជាទីស្រលាញ់របស់ផានីនបែរជានៅជាមួយអ្នកផ្សេង។ តែផានីនក៏មិនខឹងនិងតាផុងនោះដែល ព្រោះពិតណាស់មនុស្សដែលរស់នៅឆ្ងាយពីគ្នារហូតពេលវេលាខុសគ្នា១២ម៉ោង ស្គាល់គ្នាប៉ុនេះ គេស្រលាញ់យើងបានប៉ុននេះក៏ច្រើនពេកទៅហើយ តែមនុស្សណាដែលមិនចង់បានភាពកក់ក្តៅពីមនុស្សដែលខ្លួនស្រលាញ់នោះ ម្យ៉ាងភាពកក់ក្តៅនោះច្បាស់ណាស់វាគ្មានថ្ងៃនឹងធ្វើអោយយើងស្គាល់ពាក្យថាគ្រប់គ្រាន់ជាដាច់ខាត ព្រោះភាពកក់ក្តៅនេះគ្មានទីបញ្ចប់នោះឡើយ។
“អូននឹកបង”ផានីននិយាយតិចៗ ហើយកាន់បណ្តោងសោរនោះក្នុងដៃយ៉ាងណែនភ្នែកក៏ចាប់ផ្តើមក្រហមតែផានីនមិនយំជាដាច់ខាត។ គេមើលទៅលើមេឃនឹកដល់ថ្ងៃដែលផានីននិងតាផុងជួបគ្នាដំបូងក្រោមពន្លឺព្រះចន្ទ ស្នាមញញឹមនិងភាពកក់ក្តៅរបស់តាផុងពិតជាធ្វើអោយផានីនមានសេក្តីសុខខ្លាំងណាស់ ខ្លាំងរហូតផានីនមិនចង់អោយតាផុងចាកចេញពីគេ។
“បងសិនជាពេលនេះបងនៅជាមួយអូន បើសិនជាបងរស់នៅទីនេះដែល បើសិនអូនជាមនុស្សស្រី………”ផានីនគិតរឿងដែលគ្រាន់តែ”បើសិន” នេះឡើងមកអ្វីមិនដឹងថាល្អប៉ុណ្ណា តែពិភពលោកនៃការពិតមិនដូចនេះទេ។ តាផុងដូចជាស្តេចចិនបុរាណដែលមានស្រីស្នំរាប់សិបណាស់ ដែលផានីនគ្រាន់តែជាម្នាក់ក្នុងចំនោមមួយនោះប៉ុណ្ណោះ។ ផានីនម៉េចនឹងអាចមានសិទ្ធលើតាផុងតែម្នាក់ឯងបានទៅ នេះដូចជាពាក្យមួយនិយាយថា” សុខចិត្តធ្វើជាព្រះនាងរបស់ប្តីអ្នកក្រ រឺក៏ជាស្រីកំដររបស់ប្តីអ្នកមាន” មានសង្សារកាន់តែស្អាតកាន់តែល្អ គឺយើងកាន់តែលំបាក គេគ្មានថ្ងៃនឹងនៅតែជាមួយយើងម្នាក់នោះទេ ព្រោះមានមនុស្សរាប់រយពាន់អ្នកទៀតដែលសំលឹងមើលឃើញគេដូចគ្នា ត្រូវចាំថា”ចងចិត្តមនុស្សគ្មានថ្ងៃនៅ” វាជារឿងពិត ដូចតាផុងមនុស្សប្រុសដែលចូលចិត្តសប្បាយ អោយគេមកស្លាប់ក្រឡាជាមួយើងមិនអាចទៅរួចនោះទេ មានតែបណ្តោយទឹកអោយហូរតាមខ្សែរទឺក ព្រោះទោះប្រឹងធ្វើទំនប់ទប់យ៉ាងណាក៏គង់តែមិនជាប់។
ផានីនបានត្រឹមអង្គុយមើលមនុស្សម្នាដើរទៅដើរមកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ដោយ សង្ឃឹមថាមនុស្សដែលគេស្រលាញ់មានសេក្តីសុខទោះជាមិនមែនជាមួយខ្លួន តែមិនថាគេមានសេក្តីសុខជាមួយអ្នកណាទេ ផានីននៅតែសប្បាយចិត្តនិងរីករាយ ទោះជាពេលខ្លះត្រូវធ្វើបាបខ្លួនឯងខ្លះក៏ដោយ នេះហើយស្នេហា លះបង់ខ្លះ ពេលខ្លះក៏ធ្វើអោយយើងសប្យាយចិត្តនោះដែរ។