May 28, 2014

My Little Brother Chapter1:ប្អូនប្រុសដែលគេមិនត្រូវការ



ពេលល្ងាចនៅរាជធានីភ្នំពេញជាបេះដូងរបស់ប្រទេសកម្ពុជាប្រកបទៅដោយមនុស្សអ៊ូអរនិងភ្លើងពណ៌គ្រប់ទីកន្លែង ជាទិវាដ៏សែនមនោរម្យនិងស្រស់ត្រកាលសំរាប់ទទួលទានអាហារពេលល្ងាច។ ក៏ដូចគ្នានេះ នៅក្នុងផ្ទះវិឡាធំល្មម ជាមួយសមាជិកបួនអ្នកដែលកំពុងទទួលទានអាហារពេលល្ងាចដ៏ស្ងៀមស្ងាត់ប៉ុន្តែកំពុងតែបង្កប់នូវអ្វីម៉្យាងដែលកំពុងព្យាយាមបកស្រាយ។ មួយសន្ទុះក្រោយមកលោកវ៉ាត់ដែលជាមេគ្រួសារក៏សំរេចចិត្តនិយាយមុនគេ
“ប៉ាថាគួរតែដល់ពេលត្រូវនិយាយហើយ”និយាយរួចលោកវ៉ាត់ក៏កាន់ដៃអ្នកស្រីលីនដែលអង្គុយទល់មុខខ្លួន”ប៉ានិងអូនលីនបានចុះអាតាស៊ីវិលជាមួយគ្នារួចរាល់ហើយ”លោកវ៉ាត់និងអ្នកស្រីលីនមើលមុខគ្នាទាំងញញឹមយ៉ាងមានសេក្តីសុខ”ចាប់ពីថ្ងៃនេះទៅអូនលីននិងឆាយនឹងមករស់នៅជាមួយកូនក្នុងនាមជាម្តាយនិងប្អូនប្រុសរបស់កូន”លោកវ៉ាត់បន្តនិយាយដោយមើលទៅឆាយកូនប្រុសតែម្នាក់របស់អ្នកស្រីលីន ដែលនិងក្លាយជាកូនប្រុសរបស់ខ្លួនដោយញញឹម ចំនែកឆាយក៏ញញឹមដូចគ្នាទំនងជាសប្បាយចិត្តជាមួយគ្រួសារថ្មីនេះហើយ រួចលោកវ៉ាត់ងាកមកមើលកូនប្រុសតែម្នាក់របស់ខ្លួនគឺដេតដែលនៅស្ងៀមមិនមាត់
“និយាយអស់ហើយមែនទេ! បើប៉ានិយាយនិយាយអស់ហើយខ្ញុំក៏សុំងើបមុនហើយព្រោះខ្ញុំញ៉ាំបាយរួចរាល់ហើយ”និយាយរួចងើបចេញពីតុដោយមិនភ្លេចងាកមើលឆាយដែលកំពុងញញឹមមករកខ្លួន ដោយក្រសែលភ្នែកមិនពេញចិត្ត។
ឆាយឃើញបែបនេះក៏ទំលាក់ទឹកមុខរួចមើលទៅចានបាយដោយមិនហ៊ាននិយាយអ្វីមួយម៉ាត់
“កុំគិតច្រើនអីណាឆាយ ប្រហែលជាដេតគេមិនទាន់ទំលាប់ចាំប៉ានិយាយជាមួយគេម្តងទៀត”លោកវ់ាត់និយាយដោយញញឹមដាក់ឆាយ និងបង្ហាញទឺកមុខពិបាកចិត្តពេលដែលដេតមិនព្រមទទួលស្គាល់អាពាហ៍ពិពាហ៍របស់គាត់
“ចាស៎!អូនក៏ខំស្រលាញ់ដេតអោយដូចកូនរបស់អូន អូនជឿថាមិនយូរទេដេតនិងទទួលស្គាល់អូននិងឆាយមិនខាន”អ្នកស្រីលីននិយាយលើកទឹកចិត្តលោកវ៉ាត់ពេលឃើញលោកវ៉ាត់សំដែលអាការៈមិនសប្បាយចិត្ត
“បាទ!បងក៏សង្ឃឹមដូចគ្នា”លោកវ៉ាត់និយាយដោយនៅតែមិនសប្បាយចិត្ត”តោះបន្តញ៉ាំបាយ ម្ហូបត្រជាក់អស់ហើយ”ម្នាក់ៗទោះជាពិបាកក្នុងចិត្ត តែនៅតែសង្ឃឹមថាពេលវេលានិងធ្វើអោយស្ថានភាពនេះប្រសើឡើង។
ឆាយក្រោយពីញ៉ាំបាយរួចក៏ដើរចេញមកអង្គុយលេងនៅសួនខានមុខផ្ទះដោយមិនសប្យាយចិត្តព្រោះក្រសែលភ្នែករបស់ដេតដែលសំលឹងគេមុននេះ។ ដើរមកដល់ក៏ឃើញដេតកំពុងអង្គុយសំកុកដោយទឹកមុខក្រញ៉ូវ ឃើញដូចនេះឆាយក៏ដើរទៅអង្គុយជិតគេ។ ពេលដែលឆាយអង្គុយចុះ ដេតក៏ងាកមកមើលចំនែកឆាយក៏ញញឹមដាក់គេ ពេលឃើញថាជាឆាយ ដេតក៏ប្រែទឹកមុខអាក្រក់ជាងមុនទៅទៀត
“សប្បាយណាស់មែនទេ ពេលមនុស្សក្រីក្រដូចជាពួកឯងបានមករស់នៅផ្ទះធំបែបនេះ ហើយកុំសម្តែងកាយវិការដូចជាយើងជាបងប្អូនរបស់ឯងទៀត”ដេតនិយាយដោយគំហករួចក៏ងើបដើរចេញទៅ
“ខ្ញុំដឹងថាឯងខឹងខ្ញុំនិងម៉ាក់ខ្ញុំ តែខ្ញុំពិតជាចង់ធ្វើប្អូនរបស់ឯងមែន”ឆាយនិយាយតិចៗល្មមអាចអោយដេតដែលដើរចេញទៅមិនប៉ុន្មានជំហាននោះលឺបាន
“តែយើងគ្មានប្អូនប្រុសនោះទេ”ដេតនិយាយរួចក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ ដោយមើលទៅអ្នកស្រីលីនដែលឈរនៅមាត់ទ្វារបានមួយសន្ទុះ ដោយកែវភ្នែកស្អប់ខ្ពើម
អ្នកស្រីលីនឃើញបែបនេះក៏ដើរទៅរកឆាយដោយទឹកមុខអាណិតកូនប្រុសរបស់ខ្លួន បើមិនមែនព្រោះតែខ្លួនកូនប្រុសរបស់ខ្លួនក៏មិនទទួលរងការប៉ះទង្គិចផ្លូវចិត្តបែបនេះដែរ
“អោយម៉ាក់សុំទោសបើមិនមែនម៉ាក់រៀបការជាមួយលោកវ៉ាត់ កូនក៏មិនពិបាកយ៉ាងនេះដែល”អ្នកស្រីលីននិយាយដើរទៅអោបកូនប្រុស
“មិនអីទេម៉ាក់ សំខាន់គឺម៉ាក់សប្បាយចិត្តទៅបានហើយ កូនមិនអីទេ មើលទៅបងដេតគាត់ក៏មិនមែនជាមនុស្សអាក្រក់អីណាស់ណាដែរ”ឆាយនិយាយដោយញញឹម ទោះជាខ្លួនពិបាកក៏ឆាយមិនចង់អោយម៉ាក់របស់គេពិបាកដែរ
“អរគុណឆាយខ្លាំងណាស់”អ្នកស្រីលីនកាន់តែពិបាកចិត្តពេលដែលឃើញកូនរបស់ខ្លួនបែបនេះ
ចំនែកលោកដេតដែលឈរនៅជាន់ខាងលើពេលឃើញហេតុការណ៍ទាំងអស់ក៏ ដើរទៅរកដេតដោយមិនសប្បាយចិត្ត
“ដេត ដេតៗៗ!!!ឈប់ណា៎កូនដេត”លោកវ៉ាត់ស្រែកហៅដេតដែលមិនព្រមឈប់ទោះជាគាត់ហៅយ៉ាងណាក៏ដោយ
“បើប៉ាចង់និយាយពីរឿងពីរនាក់ម៉ែកូននោះ មិនបាច់និយាយទេ!ព្រោះប៉ាធ្វើអីក៏មិនដែលសួរខ្ញុំមួយម៉ាត់ដែរ ប៉ាចង់ធ្វើអីក៏ធ្វើទៅព្រោះយ៉ាងណាក៏ខ្ញុំគ្មានសិទ្ធិបញ្ចេញយោបល់ដដែល”ដេតនិយាយដោយមិនងាកមើលប៉ារបស់ខ្លួនរួចក៏ដើរចូលបន្ទប់បាត់ទៅ
“ដេត ដេត………!!!​”លោកវ៉ាត់បានត្រឹមដកដង្ហើមធំ ប្រហែលជាការស្លាប់របស់ម៉ាក់ដេតកាលពី៣ឆ្នាំមុននោះធ្វើអោយគាត់ទំរើសកូនមួយនេះខ្លាំងបន្តិច រហូតមិនអាចនិយាយគ្នាដឹងរឿងបែបនេះ។
ដេតបិទទ្វារបន្ទប់យ៉ាងខ្លាំង រួចក៏ទំលាក់ខ្លួនទៅលើពូកដោយយករូបថតម៉ាក់របស់ខ្លួនមកអោប
“ម៉ាក់! ពេលនេះប៉ាលែងត្រូវការពីរនាក់យើងទៀតហើយ គាត់យកស្រីម្នាក់នោះមកធ្វើជាម៉ាក់របស់កូន នៅយកអាក្មេងម្នាក់នោះមកធ្វើជាប្អូនប្រុសរបស់កូនទៀតផង កូនដាច់ខាតមិនអោយអ្នកណាមកជំនួសកន្លែងរបស់ម៉ាក់ជាដាច់ខាត”ដេតនិយាយដោយមានទឹកភ្នែកហូរចុះមក។
“ប្រញាប់ទៅឆាយនឹងឆាប់បានទៅរៀន”អ្នកស្រីលីននិយាយដោយលើកអាហារពេលព្រឹកមកអោយឆាយ”នេះបង! កាហ្វេរបស់បង”អ្នកស្រីលីនហុចកាហ្វេអោយស្វាមីដោយញញឹមព្រោះនេះជាព្រឹកទីមួយហើយពួកគាត់បានរស់នៅក្នុងលក្ខណៈប្តីប្រពន្ធ”នេះដេតមិនទាន់ក្រោកទេអី តិចទៅរៀនមិនទាន់ទៅ”អ្នកស្រីលីននិយាយដោយមើលមុខប្តីនិងកូន
“ចាំខ្ញុំឡើងទៅហៅបងដេត”ឆាយនិយាយដោយងើបពីតុបំរុងទៅហៅនាយដេត តែក៏ឃើញដេតដើរចុះមក
“មិនបាច់ទេ! ខ្ញុំចេះងើបដោយខ្លួនឯងហើយមិនចាំបាច់មានអ្នកណាមកគ្រប់គ្រងទេ”ដេតនិយាយដោយមិនសប្បាយចិត្ត
“ដេតម៉េចនិយាយអញ្ជឹង លីននិងឆាយគេបារម្ហពីកូនណា”លោកវ៉ាត់និយាយដោយមើលទៅដេត
“ខ្ញុំមិនត្រូវការអ្នកណាមកបារម្ហទេ”ដេតនិយាយដោយមើលទៅម្តាយនិងកូនដែលនៅចំពោះមុខគេ
“ដេត! ញ៉ាំអាហារពេលព្រឹកសិនទៅ មីងរៀបចំអោយរួចរាល់ហើយ”អ្នកស្រីលីននិយាយដោយលើកអាហារពេលព្រឹកដែលបានរៀបចំទុកជាស្រេចសំរាប់ដេត
“មិនឃ្លាននិងមិនចង់ញ៉ាំ ប៉ាកូនទៅរៀនហើយ”និយាយរួចគេក៏ដើរចេញទៅ
“ម៉ាក់ ប៉ាកូនក៏ទៅរៀនដែល”ឆាយនិយាយរួចក៏ប្រញាប់ទៅតាមដេតដែលដើរចេញទៅ
“សង្ឃឹមថាការដែលបងអោយដេតនិងឆាយរៀនជាមួយគ្នា ធ្វើអោយគេទាំងពីរឆាប់ចុះសំរុងនិងគ្នាទៅចុះ”លោកវ៉ាត់និយាយដោយដកដង្ហើមធំ
“អូនក៏សង្ឃឹមដូចគ្នា”អ្នកស្រីលីននិយាយដោយមើលទៅអាហារដែលខ្លួនខំរៀបចំអោយដេត តែត្រូវដេតបដិសេធ
“កុំគិតច្រើនអីអូន ក្មេងៗឆេវឆាវតែប៉ុណ្ណឹង”លោកវ៉ាន់និយាយដោយអោបស្មាប្រពន្ធរបស់ខ្លួន
“បងដេតចាំផងៗ”ឆាយនិយាយដោយរត់តាមដេត ព្រោះដេតនោះជើងវែងជំហានក៏វែងៗគ្រាន់តែគេដើរលឿនបន្តិច ឆាយរត់តាមសឹងតែមិនទាន់
“អ្នកណាជាបងរបស់ឯង”ដេតនិយាយដោយងាកមកមើលឆាយដែលឈប់ដង្ហក់ពីក្រោយខ្លួន”យើងមិនចូលចិត្តទេ ឈប់ហៅយើងបែបនេះលឺទេ”ដេតបន្តនិយាយគំហកអោយឆាយរួចដើរទៅមុខបន្ត
“តើខ្ញុំត្រូវធ្វើដូចម៉េចទើបបងសប្បាយចិត្ត បងនិយាយមកខ្ញុំនឹងព្រមធ្វើគ្រប់បែបយ៉ាង”ឆាយនិយាយខ្លាំងៗ ចំនែកដេតក៏ងាកមកមើលឆាយទាំងជ្រួញចិញ្ចើម រួចគេក៏ដើរមករកឆាយ
“ឯងប្រាកដចិត្តហើយអី”ដេតនិយាយដោយញាក់ចិញ្ចើម ដូចជានឹកឃើញអ្វីម៉្យាង
“បាទ”ឆាយនិយាយដោយញញឹមពេលឃើញដេតព្រមនិយាយជាមួយខ្លួនតាមសំរួល
“ល្អ!”ដេតនិយាយដោយបោះកាតាបទៅអោយឆាយ”ចាប់ពីថ្ងៃនេះទៅឯងត្រូវធ្វើជាអ្នកបំរើយើង ត្រូវធ្វើតាមគ្រប់យ៉ាងដែលយើងប្រាប់ដោយមិនជំទាស់រឺសួរហេតុផល”ដេតនិយាយរួចក៏ដើរទៅមុខដោយញញឹម
ឆាយមិននិយាយអ្វី ព្រោះគេមិនប្រាកដចិត្តទេថាការដែលគេព្រមធ្វើជាអ្នកបំរើរបស់ដេតវាជារឿងត្រឹមត្រូវរឺទេ តែអំបាញ់មិញដេតព្រមញញឹមហើយ ដូច្នេះឆាយមិនខ្វល់ច្រើនទេ គេត្រូវតែធ្វើអោយដេតយល់ព្រមទទួលគេជាប្អូនប្រុសអោយបាន។
ក្រោមការរៀបចំរបស់លោកវ៉ាត់ ឆាយក៏បានមករៀនសាលានិងថ្នាក់ជាមួយដេត។ ដេតនិងឆាយជាសិស្សថ្នាក់ទី១១ ដូចគ្នាតែគ្រាន់តែដេតបងឆាយតែប៉ុន្មានខែប៉ុណ្ណោះ។ លឺថាដេតជាម្នាក់ក្នុងចំនោមសិស្សប្រុសសង្ហារប្រចាំសាលាទាំងដប់អ្នកទៀតផង ហើយគេក៏ជាកីឡាករបាល់ទាត់ជំរើសសាលាទៀតផង តែចំពោះការសិក្សាគឺដេតគ្មានអ្វីលេចថ្លោបន្តិចណាឡើយ ខុសពីឆាយដែលមិនពូកែកីឡាមិនមែនជាប្រុសសង្ហារតែគេប្រកបទៅដោយភាពគួរអោយស្រលាញ់ច្រើនជាង តែគេបែជារៀនពូកែរហូតជាប់ជាសិស្សជំរើសសាលាទៀតផង ការផ្លាស់សាលារបស់ឆាយធ្វើអោយនាយកសាលាចាស់របស់គេមានការសោកស្តាយមិនតិចទេ។​
ចូលមកដល់ក្នុងសាលាអ្នកណាក៏មើលទៅកាន់ឆាយ ដែលជួយយួរកាតាបរបស់ដេតហើយដើរពីក្រោយដេតដោយមិននិយាយអ្វីមួយម៉ាត់។
“ជូតតុនិងកៅអីអោយយើង”ដេតបញ្ជា ចំនែកឆាយក៏យកកន្សែងពីក្នុងកាតាបមកជូតតុនិងកៅអីអោយដេត ដោយមានមនុស្សខ្សិបខ្សៀវគ្នាព្រោះសុខៗក៏មានសិស្សប្លែកមុខមកសំដែងកាយវិការដូចជាអ្នកបំរើរបស់ដេត។
“ហើយក៏រៀបចំសៀវភៅនិងសំភារៈសិក្សាដាក់លើតុផង យើងចេញទៅរកអីញ៉ាំបន្តិច”ដេតនិយាយរួចក៏ដើរចេញទៅដោយញញឹមព្រោះសប្បាយនិងការបានធ្វើបាបឆាយ។ ឆាយក្រោយពីរៀបចំសៀវភៅនិងសំភារៈសិក្សាយអោយដេតយ៉ាងរៀបរយហើយក៏មករៀបចំតុរបស់ខ្លួន
“ជាសិស្សថ្មីមែនទេ”សិស្សស្រីម្នាក់ដែលនៅតុខាងស្តាំដៃរបស់គេនិយាយ
“បាទ”ឆាយនិយាយដោយញញឹម ព្រោះសប្បាយចិត្តដែលមានអ្នករាក់ទាក់ជាមួយ
“រីករាយណាស់ដែលបានស្គាល់ ខ្ញុំឈ្មោះកា នេះមិត្តខ្ញុំឈ្មោះនុច”សិស្សស្រីម្នាក់នោះនិយាយដោយនែនាំមិត្តម្នាក់ទៀតដែលអង្គុយជាប់ខ្លួនអោយឆាយស្គាល់
“ខ្ញុំដូចជាប្រហែលៗមុខរបស់ឯង”សិស្សប្រុសដែលនៅតុមុខរបស់ឆាយនិយាយ”ហើយឯងឈ្មោះអីដែល”គេសួរឆាយដោយធ្វើមុខរកនឹកអ្វីម្យ៉ាង
“ខ្ញុំឈ្មោះឆាយ”ឆាយនិយាយដោយញញឹម
“ឆាយ………!!អេ នេះគឺអាឆាយពូកែយំនោះមែនទេ”សិស្សប្រុសនោះនិយាយដោយដូចនឹកឃើញអ្វីម្យ៉ាង”ចាំយើងបានទេ ខ្ញុំគឺអាវង្សណា៎ យើងរៀនជាមួយគ្នាកាលពីថ្នាក់ទី៦នោះអី”គេនិយាយដោយញញឹម”អាធី នេះអាឆាយដែលរៀនជាមួយយើងកាលពីនៅបឋមនោះអី”វង្សនិយាយដោយកេះនាយធីដែលអង្គុយជាប់ខ្លួន
“គឺអាឆាយមែនតើ នេះបែកគ្នាតែប៉ុន្មានឆ្នាំយើងមើលលែងស្គាល់ទៅហើយ”នាយធីនិយាយដោយទះស្មាឆាយ
“ធី វង្ស!!! នេះពិតជាពួកឯងមែនអីមិននឹកស្មានថាបានជួបគ្នាម្តងទៀតសោះ”ឆាយនិយាយដោយសប្បាយចិត្ត ព្រោះបានជួបមិត្តភក្តិដែលរៀននៅបឋមជាមួយគ្នា ពួកគេទាំងបីជាមិត្តជិតស្និទ្ធិនឹងគ្នា តែដោយសារតែពេលឡើងអនុវិទ្យាល័យឆាយផ្លាស់ទីលំនៅទើបមិនដែលបានជួបគ្នាទៀត
“នេះជាមិត្តភក្តិនិងគ្នាអ៎”ស្រីកានិយាយដោយចង្អុលអ្នកទាំងបី
“ថែមជាមិត្តជិតស្និទ្ធិថែមទៀតផង”នាយវង្សនិយាយដោយទះក្បាលឆាយ នេះជាទំលាប់របស់វង្សដែលមិនផ្លាស់ប្តូរ
“ឈឺ!! ឯងនេះមិនប្តូរសោះ”ឆាយនិយាយដោយអង្អែលក្បាលខ្លួនឯង
“មកពីឯងចូលចិត្តធ្វើមុខគួរអោយចង់ទះក្បាលពេកហ្នឹងណា”នាយវង្សនិយាយដោយសើច
“ហើយឯងនិងដេតត្រូវជាស្អីហ្នឹងគ្នា មើលទៅដូចជា………”ធីសួរទៅឆាយដោយឆ្ងល់
“ក៏រឿងវាវែងឆ្ងាយខ្លាំងណាស់ ចាំទំនេរខ្ញុំនឹងនិយាយប្រាប់ពួកឯង”ឆាយនិយាយដោយញញឹមចុងមាត់ដោយមិនសប្បាយចិត្តព្រោះមិនដឹងគួរប្រាប់រឿងរវាងគេនិងដេតអោយមិត្តរបស់ខ្លួនស្តាប់យ៉ាងម៉េចទើបសម
 បានមួយសន្ទុះដេតក៏ត្រលប់មកវិញដោយមុខស្មើរដូចដែលធ្លាប់ធ្វើកន្លងមក។ គេក៏មើលមកឆាយដោយមិនពេញចិត្តនៅពេលឃើញឆាយនិយាយលេងសើចជាមួយអ្នកដទៃ។
“ទៅយកកន្សែងជូតមុខអោយយើង នៅក្នុងទូរដាក់ឥវ៉ាន់លេង១៣៦”ដេតនិយាយដោយបោះកូនសោរទូរអោយឆាយ
“ហេតុអីគេមិនទៅយកដោយខ្លួនឯង អំបាញ់មិញគួរដែលដើរកាត់ទូរដាក់ឥវ៉ាន់សោះ”វង្សរអ៊ូតិតៗដាក់ឆាយ
ចំនែកឆាយមិននិយាយអ្វីគ្រាន់តែញញឹមចុងមាត់ដាក់វង្សរួចក៏ដើរចេញទៅ។ ចំនែកមិត្តភក្តិទាំងបួនរបស់ឆាយក៏នោះគ្នាមើលដេតដោយឆ្ងល់ ចំនែកដេតធ្វើជាមិនខ្វល់រួចក៏ទាញទូរស័ព្ទមកចុចលេង។
ម៉ោងសំរាកបាយថ្ងៃត្រង់……………
“ឆាយតោះទៅញ៉ាំបាយ”ធីនិយាយដោយរៀបចំសៀវភៅ
“តោះអោយលឿនមកឆាយ គ្នាឃ្លានខ្លាំងណាស់ ព្រឹកមិញក៏ញ៉ាំអីតែបន្តិចផង”នាយវង្សនិយាយដោយធ្វើមុខស្អុយ
“ចាំមួយភ្លែតរៀបសៀវភៅបន្តិច”ឆាយនិយាយដោយប្រញាប់ប្រញារៀបរបស់របរអោយមានសណ្តាប់ធ្នាប់
“កុំបង្ខំឆាយពេក! មួយៗទៅឆាយមិនស្អីទេ វង្សហើយព្រឹកមិញក៏មិនព្រមញ៉ាំអី ហៅហើយនៅធ្វើចរិកប្រុសស្អាត”ស្រីកានិយាយដោយមើលមុខវង្ស
“ចុះបើអ្នកខ្លះហៅដូចជាមិនចង់ហៅបែបនេះ អ្នកណាទៅមានអារម្មណ៍ញ៉ាំទៅ”វង្សតវ៉ា ហើយសង្គ្រាមចចេកចចាកក៏កើតមានឡើង
“កុំទៅខ្វល់ពីពីរនាក់ហ្នឹងអី មិនដឹងជាសង្សារគ្នាស្អីទេមួយខែឈ្លោះគ្នា២០ថ្ងៃទៅហើយ”នាយធីនិយាយដោយគ្រវីក្បាល
“ពីរនាក់ហ្នឹងជាសង្សារនិងគ្នាហ៎”ឆាយសួរដោយធ្វើមុខ រួចក៏ទៅមើលវង្សនិងស្រីកាដែលកំពុងតឹងសសៃកដាក់គ្នា មើលយ៉ាងណាក៏មិនសមជាសង្សារសោះ នេះចេះស្រលាញ់គ្នាដោយរបៀបណាហ្នឹង
ឆាយដើរមិនទាន់ទាំងចេញពីថ្នាក់ផងក៏មានសំលេងរំខានមកតែម្តង
“ហើយឯងទៅណា”ដេតសួរដោយមិនមើលមុខឆាយ
“ទៅញ៉ាំបាយដល់ម៉ោងសំរាកថ្ងៃត្រង់ហើយ ទៅញ៉ាំបាយជាមួយគ្នាទេ”ឆាយនិយាយដោយញញឹម
“អ្នកណាអនុញ្ញាត”ដេតសួរដោយសំលេងស្មើរ ចំនែកឆាយក៏មើលមុខដេតដោយឆ្ងល់ នេះញ៉ាំបាយក៏ត្រូវការ ការអនុញ្ញាតពីព្រះអង្គម្ចាស់ដេតដែលអី
“ពួកឯងទៅញ៉ាំមុនទៅណា៎”ឆាយមិនសួរនាំអ្វី​ ក៏ត្រលប់ទៅនិយាយជាមួយមិត្តភក្តិ
“កើតអីហ្នឹង”វង្សសួរដោយឆ្ងល់
“ក៏មិនបាច់សួរអីទៅកៅញ៉ាំមុនទៅណា”ឆាយនិយាយហើយក៏ដើរចូលថ្នាក់វិញទាំងមិនសប្បាយចិត្ត រួចក៏អង្គុយមើលដេត តើពេលណាគេទៅញ៉ាំបាយព្រោះឆាយកំពុងតែកូរពោះខ្លាំង។
បានមួយសន្ទុះដេតក៏ងើបដើរចេញ ហើយក៏ងាកមកនិយាយជាមួយឆាយ
“មិនទៅញ៉ាំបាយទេអី រឺឯងឆ្អែតហើយ”ដេតសួរហើយក៏ដើរចេញទៅដោយមិនចាំចំលើយពីឆាយ។ ចំនែកឆាយមិននិយាយអីក៏រត់ទៅតាមក្រោយដេតដោយស្ងៀមស្ងាត់
មកដល់រោងអាហារក៏រៀងស្បើយមនុស្សបន្តិចហើយព្រោះភាគច្រើនគឺញ៉ាំរួចរាល់ាអស់ហើយ។ សាលារបស់ដេតនិងឆាយជាសាលាឯកជន អាហារថ្ងៃត្រង់សាលាជាអ្នកផ្គត់ផ្គង់អោយ សិស្សគ្រាន់តែតំរង់ជួរចាំយកអាហារទៅបានហើយ ព្រោះគ្មានការបំរើទេ គឺត្រូវបំរើដោយខ្លួនយ៉ាង លើកលែងតែដេតដែលពេលនេះមានឆាយជាអ្នកបំរើ
“ឯងទៅដួសអាហារអោយយើង មិនយករបស់ដែលមានជាតិហិលនិងជូរទេព្រោះយើងមិនចូលចិត្ត”ដេតនិយាយរួចក៏រកកន្លែងអង្គុយ ដោយមានឆាយដែលដើរទៅដួសម្ហូបអោយ។
ដេតមិនព្រមអោយឆាយអង្គុយបាយជាមួយទេក៏ដេញឆាយអោយអង្គុយទៅតុក្រោយខ្នងខ្លួន ចំនែកឆាយក៏មិននិយាយអ្វិគ្រាន់តែធ្វើអ្វីដែលដេតបញ្ជាតែប៉ុណ្ណោះ។
“រៀបចំចានបាយអោយយើងផង យើងទៅថ្នាក់មុនហើយ”ដេតក្រោយពីញ៉ាំបាយហើយក៏ងើបដើរចេញដោយមិនភ្លេចបញ្ជាអោយឆាយរៀបចំចានបាយរបស់ខ្លួន នេះឆាយត្រូវក្លាយជាអ្នកបំរើដេតបែបនេះមែនអី កម្មពៀរមែន។
“មកពីរៀនវិញហើយមែនទេ ដេត ឆាយ”ពេលឆាយនិងដេតចូលដល់ក្នុងផ្ទះក៏លឺសំលេងអ្នកស្រីលីនម៉ាក់របស់ឆាយស្រែកសួរ
“បាទ”ឆាយឆ្លើយដោយញញឹម ចំនែកឯឆាយមិននិយាយអ្វីក៏ដើរឡើងទៅលើបន្ទប់បាត់ហើយ ម៉ាក់របស់ឆាយពេលឃើញបែបនេះបានត្រឹមដកដង្ហើមធំ ហើយក៏ងាកមកនិយាយជាមួយឆាយ
“យ៉ាងម៉េចដែលឆាយ ទៅរៀនជាមួយដេតមានបញ្ហាអ្វីទេ”អ្នកស្រីលីនសួរឆាយដោយមើលទៅមុខឆាយដែលទំនងជានាយហត់ណាស់ មិនហត់យ៉ាងម៉េចបើដេតប្រើគេអោយធ្វើនេះអោយធ្វើនោះធ្វើអោយគេស្ទើរតែស្លាប់ទៅហើយ សូម្បីតែត្រលប់មកផ្ទះវិញក៏ប្រើអោយឆាយយួរកាតាបគេដើរពីក្រោយត្រុកៗដូចអ្នកបំរើដែល
“បាទមិនអីទេ ល្អទេតើ!យ៉ាងហ៊ោចណាស់ក៏បងដេតព្រមនិយាយជាមួយខ្ញុំខ្លះដែល”ឆាយនិយាយដោយញញឹម ព្រោះមិនចង់អោយម៉ាក់ខ្លួនបារម្មណ៍
“ចាស!ល្អហើយអញ្ជឹងប្រញាប់ទៅងូតទឹកទៅនឹងអាលបានញ៉ាំបាយល្ងាចជុំគ្នាព្រោះលោកប៉ាជិតមកដល់ហើយ”អ្នកស្រីលីននិយាយដោយទឹកមុខញញឹមទោះដឹងថាមានរឿងខ្លះមិនប្រក្រតីក៏ដោយ
“បាទ”ឆាយនិយាយរួចក៏ឡើងទៅបន្ទប់បាត់ទៅ

4 comments:

  1. Kal na jenh new part mex yu mess

    ReplyDelete
    Replies
    1. maybe in the week .... thank for support

      Delete
    2. Mer Tov trov read ah del ah del hzz

      Delete
    3. this noon i will post new chapter ples wait and thank for wait too

      Delete