March 17, 2014

បន្លាស្នេហ៍ក្នុងបេះដូងរងា Chapter3: ធ្វើល្អបានល្អ​ ហាហហាស


មួយរយៈនេះខ្ញុំនិងកក្កដាស្និទ្ធិស្នាលនិងគ្នាយ៉ាងឆាប់រហ័ស។ ពួកយើងឧស្សាហ៍ជជែកគ្នាតាមFacebookជាជាងតាមទូរស័ព្ទព្រោះខ្ញុំដឹងហើយថាកក្កដាជាមនុស្សប៉ិនអៀន និងមានបញ្ហាច្រើន។ ឃើញគេបែបនេះមិនដឹងសោះថាគ្នាមានបញ្ហាច្រើនមិនថារឿងគ្រួសារនិងការងារ ។ គ្រួសារក៏ម៉ាក់ប៉ាមិនស្រូវទំនេរហើយពួកគាត់ក៏មិនសូវយកចិត្តទុកដាក់នឹងកូនៗរហូត ឥលូវប្អូនប្រុសកក្កដាមានបញ្ហាដោយដើរលេងមិនសូវរវល់នឹងការសិក្សា លឺហើយចង់តែធាក់អាក្មេងនឹងអោយបាក់កទេ មិនយល់ពីវាសោះមានលុយអោយរៀនស្រួលៗហើយមិនប្រកាច់ខំរៀនទេ បើជាប្អូនខ្ញុំវិញនិងអោយឯងស៊ីស្បែកជើងរាល់ថ្ងៃហើយ កាលឯងទំរាំបានប្រាក់ទៅរៀនមិនដឹងជាត្រូវធ្វើស្អីខ្លះទេ ម៉ោង៥ភ្លឺក៏ត្រូវទៅជួយម៉ាក់រៀបតូបលក់បន្លែ ម៉ោង៦ត្រូវទៅដើរប៉ោះកាសែតតាមផ្ទះ(មិនមែនដើរទេគឺរត់ព្រោះម៉ោង៧ក៏ត្រូវចូលរៀន) ចេញពីរៀនក៏ដើរប្រមូលសំបកទឹកសុទ្ធដោយមិនចាប់អារម្មណ៍នឹងពាក្យតិទៀនរបស់មិត្តរួមថ្នាក់(ម៉ោងរៀនក៏តែងតែលួចដេកអញ្ជឹងហើយបានរៀនមិនចេះនោះ ប៉ុន្តែនិយាយតាមត្រង់ខ្ញុំហត់ណាស់សឹងតែឈប់រៀនតែខ្ញុំតែងតែទន្ទេញពាក្យមួយម៉ាត់ ”តស៊ូដើម្បីគ្រួសារ”) ពេលថ្ងៃក៏ដើរលក់នំដែលម៉ាក់ធ្វើរហូតដល់ម៉ោង៤ល្ងាច ក៏ទៅជួយរៀបតូបហ៊ាងលក់អាហារពេលយប់ ត្រូវជួយលក់និងលាងចានរហូតដល់ម៉ោង៩កន្លះ ហើយក៏ត្រលប់មកផ្ទះញ៉ាំបាយជុំគ្នា(ព្រោះម៉ាក់និងលោកយាយមិនព្រមញ៉ាំមុនទេ) ខ្ញុំពេលខ្លះមានលុយក៏ទិញអាហារឆ្ងាញ់ៗតំលៃល្មមៗមកញ៉ាំដែលគ្រួសារខ្ញុំចាត់ទុកជាអាហារលំដាប់សណ្ឋាគារផ្កាយ៥ តែពួកយើងសប្បាយចិត្តណាស់ព្រោះមានអារម្មណ៍ថាកក់ក្តៅនឹងជីវិតបែបនេះ ហើយត្រូវចំនាយពេលងូតទឹកនិងបោកខោអាវ២០នាទីនិងប្រញាប់មកជួយកាត់ព្រុយខោលោកយាយ(១០ខោបានតែ២0០០រៀនទេ ហើយខោខាបួយពិបាកកាត់សឹងតែស្លាប់ទៅហើយព្រោះវាក្រាស់ណាស់ តែក៏យូរៗទៅក៏ស៊ាំទៅហើយ) និងជួយចាក់ឌិនអ្នកម៉ាក់ ម៉ាក់គាត់ឈឺហើយនៅធ្វើការយប់ទៀតពិបាកចិត្តណាស់ខ្ញុំមានតែជួយគាត់និងលួងអោយគាត់ដេកមុនហើយបន្តការងារដល់ម៉ោង១២យប់  ឃើញខ្ញុំធ្វើការច្រើនយ៉ាងនេះប្រហែលគិតថាខ្ញុំសល់លុយច្រើនហើយ តែតាមពិតមិនគ្រប់លុយថ្នាំពេទ្យម៉ាក់ផងនៅលុយថ្លៃឈ្នួលផ្ទះ លុយទឹកលុយភ្លើង លុយអាហារ លុយមួយរយជំពូក ខ្ញុំត្រូវតែរឹងមាំទោះខ្ញុំក្មេងតែខ្ញុំត្រូវតែតស៊ូ សំណាងហើយតែក្មេងអាយុ៧-៨ឆ្នាំដូចខ្ញុំគេអោយការងារធ្វើមិនដឹងខ្ញុំក្រាបលូនគេប៉ុណ្ណាទេទំរាំគេព្រមនោះ នេះនៅមិនគិតថ្ងៃអាទិត្យដែលត្រូវឆ្លៀតវៃសារ៉ាស្បែកជើង និងលក់ផ្កាតាមស្តុបផង។ ខំប៉ុណ្ណឹងហើយម៉ាក់នៅតែមិនអាចរស់បានយូរទៀតពិបាកចិត្តណាស់ (អ្នកអានប្រាកដជាឆ្ងល់និងមិនជឿថាក្មេងអាយុប៉ុណ្ណឹងអាចធ្វើការបានច្រើនប៉ុណ្ណឹងបានទេ តែខ្ញុំគិតថាមានក្មេងច្រើនណាស់ដែរធ្វើការធ្ងន់ជាងហ្នឹងទៅទៀត ម្នាក់ៗសុទ្ធតែកើតមកត្រូវប្រើដៃទាំងពីររបស់ខ្លួនដើម្បីបានបន្តជីវិតទៅមុខទៀត មិនមែនដូចអ្នកខ្លះកើតមកលើគំនរមាសគំនរប្រាក់នោះទេ គេប្រើដៃទាំងពីររបស់គេសំរាប់ទារលុយពីប៉ាម៉ាក់របស់គេប៉ុណ្ណោះ ហេតុអីមនុស្សដូចគ្នាអ្នកខ្លះត្រូវតស៊ូតាំងពីកើររហូតដល់ស្លាប់បែបនេះ ចំនែអ្នកខ្លះក៏កើតមកយ៉ាងរីករាយរហូតដល់ស្លាប់ ពិភពលោកនេះពិតជាគ្មានយុត្តិធម៌សោះ)។ ចំនែកអាក្មេងស្រណុកប្អូនកក្កដាវិញមិនបាច់និយាយ កើតមកលើគំនរមាសគំនរប្រាក់វាមិនដឹងស្អីថាលំបាកទេ តែបន្តិចទៀតដឹងហើយអាប្អូន។ ចំនែកកន្លែងធ្វើការក៏មានតែអ្នកឈ្នានីសកក្កដាព្រោះកក្កដាក្មេងហើយចូលធ្វើការក្រោយគេតែបានឡើងតំណែងពីរដងក្នុងមួយឆ្នាំធ្វើអោយអ្នកធ្វើការមុនៗមិនសប្បាយចិត្តដោយគិតថាគេប្រើខ្សែរព្រោះគេធ្វើការនៅក្រុមហ៊ុនពូគេ តែតាមពិតមកពីសមត្ថភាពគេសុទ្ធសាធព្រោះពូគេបែងចែកច្បាស់លាស់រឿងបុគ្គលនិងការងារ បើមិនអញ្ជឹងទេក្រុមហ៊ុនពូរបស់គេនឹងរលាយរលត់យូរណាស់មកហើយ។ ចំនែកខ្ញុំក៏បានតែផ្តល់យោបល់គេនិងលើកទឹកចិត្តគេ មើលទៅកក្កដាមិនសូវមានមិត្តភក្តិដើម្បីនិយាយរឿងក្នុងចិត្តប្រាប់ទេ ហើយប្រហែលមានតែខ្ញុំទេមើលទៅ ព្រោះមានរឿងអីសឹងតែប្រាប់ខ្ញុំគ្រប់រឿងទៅហើយ នៅតែថ្ងៃហ្នឹងគេស្លៀកខោលីអូពណ៌អីតែប៉ុណ្ណោះ TTwTT ។ តែខ្ញុំក៏សប្បាយចិត្តនិងស្តាប់ហើយអោយយោបល់ទៅគេ កាលដឹងរឿងសប្បាយចិត្ត និងជាពិសេសរឿងមិនសប្បាយចិត្តរបស់មនុស្សដែលយើងស្រលាញ់វាក៏ជាសេក្តីសុខមួយដែលប្រាប់មិនត្រូវដូចគ្នា។
“កើតអីបានជាមួយរយៈនេះដូចជារវល់នឹងចុចទូរស័ព្ទម្ល៉េះ”អាគុជនិយាយដោយអើតមើលទូរស័ព្ទខ្ញុំ
“មានស្អីក៏លេងFacebook ហ្នឹងណា”ខ្ញុំតបដោយមិនរវល់នឹងវា
“ដូចជាប្លែកមិនដែលឃើញឯងលេងបែបនេះពីមុនមកទេ ហើយchatជាមួយអ្នកណា”អាគុជនិយាយដោយបន្តអើតមើលខ្ញុំបន្ត ខ្ញុំក៏ងាកមកមើលវា
“ហើយថ្ងៃនេះឯងកើតអីបានជាមករវល់នឹងយើងម្ល៉េះ មិនប្រកាច់រវល់នឹងសង្សារឯងទៅ”ខ្ញុំនិយាយដោយងាកទៅមើលនាយយុទ្ធដែលកំពុងមើលទូរទស្សន៍ដោយមុខស្អុយ សង្ស័យតែឈ្លោះគ្នាហើយ
“កុំនាំនិយាយ! អារម្មណ៍កំពុងមិនល្អផង”អាគុជនិយាយដោយធ្វើមុខធុញដូចគ្នា
“ហើយកើតអី ឈ្លោះគ្នាមែនទេ? ហេតុអី”ខ្ញុំសួរព្រោះមើលទៅពីរនាក់នេះទំនងដូចជាត្រូវគ្នាណាស់មិនសមឈ្លោះគ្នាទេ អាគុជនិយាយឆ្វេងនាយយុទ្ធនោះមិនដែលថាស្តាំទេ នាយម្នាក់នេះទំនងដូចជាស្រលាញ់អាគុជណាស់
“ក៏ឯងចាំអាម្សៀលដែលមកសុំលេខយើងនៅក្នុងក្លឹបដែលជាថ្ងៃយើងជួបគុជនិងវណ្ណដំបូងទេ”អាគុជនិយាយដោយចង់យកក្បាលទៅបុកតុអោយស្លាប់
“អើចាំបានតើ ហើយវាយ៉ាងម៉េច”ខ្ញុំក៏សួរ អេនាយមួយដែលនៅក្នុងក្លឹបនោះនិយាយទៅសង្ហាមិនធម្មតាដែលហ្នឹង
“ក៏កាលពីពីរថ្ងៃមុនមិនដឹងអាម្សៀលហ្នឹងទើបងើបពីនរកណាមកទេ តេរមករកគ្នាហើយយុទ្ធក៏លើកព្រោះគ្នាទុកទូរស័ព្ទចោល ហើយក៏មិនដឹងនិយាយគ្នាស្អីខ្លះទេ យុទ្ធគ្រាន់តែប្រាប់ថាសង្សារតេរមកហើយក៏មិននិយាយរកគ្នាដល់ពេលនេះ”អាគុជនិយាយដោយចង់ស្លាប់ខ្លាំងណាស់ សមមុខហើយអ្នកណាអោយពូកែរាយមន្តស្នេហ៍ដាក់ប្រុសធ្វើអី
“ក៏មិនដឹងដែល អោយអារ៉ុងនិយាយទៅព្រោះជាបងប្អូនគ្នាប្រហែលងាយនិយាយជាង”ខ្ញុំអោយយោបល់
“ក៏ពឹងហើយ គ្រាន់តែអារ៉ុងនិយាយពីឈ្មោះគ្នា យុទ្ធក៏ដើរចេញភ្លាម នេះមិនដឹងលួងគេយ៉ាងម៉េចទេ តាំងពីកើតមកមិនដែលលួងប្រុសណាបានម្នាក់ទេ”អាគុជនិយាយដោយមុខស្អុយបន្ត មិនដឹងទេវ៉ើយអាហ្នឹងកម្មឯង និយាយៗទៅអាគុជមិនដែលលួងអ្នកណាទេ ព្រោះដូចបានប្រាប់ហើយមិត្តភក្តិខ្ញុំជាប្រុសស្អាតទៅចេះទ្រអ្នកណាគេ អស់មួយនៅសល់មួយឡូទៀតមិនខ្វះទេប្រុសចាត់ទុកថានាយយុទ្ធនេះសំណាងធំហើយ
“ក៏រកវិធីលួងគេទៅ ឯងក៏ដឹងថាគេស្រលាញ់ឯងប៉ុណ្ណាដែរ ប្រហែលមិនពិបាកលួងទេ តែក៏មកពីស្រលាញ់ឯងខ្លាំងដែរបានជាខឺងខ្លាំងយ៉ាងនេះ”ខ្ញុំនិយាយ
“អាហ្នឹងគ្នាក៏ដឹងតែប្រើអស់វិធីហើយ នេះថ្នាក់Search ក្នុងGoogleហើយនៅមិនបានផលផង”អាគុជនិយាយដូចចង់យំ អេ!ចុះទុនដល់ថ្នាក់ Search ក្នុងGoogleផងអីមិត្ត ហើយវា Searchរកអីរបស់វាក្នុងGoogleហ្នឹង ប្រហែលវិធីលួងដៃគូរភេទដូចគ្នាហើយមើលទៅហាហាហស
“មិនដឹងទេវ៉ើយ”ខ្ញុំរអ៊ូ
“នេះសុំអង្វរណា ជួយរកនឹកគ្នាផងទៅមើល”អាគុជនិយាយដោយទាញដៃខ្ញុំទៅមក ខ្ញុំគិតមួយសន្ទុះក៏នឹកឃើញ អារឿងមាយាដកខ្ញីនេះមិនថាជំនាញមិនបាន
“ក៏ឯងធ្វើជាចុកពោះទៅ ចុកអោយខ្លាំងណា៎”ខ្ញុំនិយាយអាគុជក៏ធ្វើមុខOK
“អួយៗៗៗៗចុកពោះណាស់ អួយៗៗៗៗ”អាគុជស្រែកយក អេសំដែងសមដល់ហើយ ចង់អោយពានអូស្ការទៅឯងដល់ហើយអាគុជ នេះគ្នាស្ទើរតែស្រក់ទឹកភ្នែកទៅហើយ
“គុជៗៗៗឯងយ៉ាងម៉េចហ្នឹង កុំធ្វើអោយគ្នាភ័យណា អ្នកណាក៏បានដែលគុជមិនដឹងកើតអីទេ”ស្រែកលឺរហូតវណ្ណនិងអារ៉ុងរត់ពីចង្រ្កានបាយមករកពួកខ្ញុំ ចំនែកនាយយុទ្ធនោះមិនខ្ចីធ្វើលឺ យី! ចាយចរិកប្រុសស្អាតទៀតស៊ាំហ្មង
“អាគុជយ៉ាងម៉េចហ្នឹងរក្សា”អារ៉ុងស្រែកដោយភ័យព្រោះអាគុជប្រកាច់សមណាស់
“មិនដឹងដែលសុខៗក៏ស្រែកចុកពោះយកស្លាប់យករស់បែបនេះ”ខ្ញុំនេះក៏និយាយដោយទឹកមុខភ័យដូចគ្នាហាហហាស សមនឹងបានពានមួយនឹងគេដែលហើយខ្ញុំ
“ធ្វើម៉េចទៅបងរ៉ុង បងរក្សា”វណ្ណនិយាយដោយឆ្លេឆ្លា
“មិនដឹងទេមានតែយកទៅពេទ្យហើយ ប្រញាប់ទៅយើងទៅយកឡាន រក្សាឯងគ្រាវាចេញទៅ”អារ៉ុងនិងវណ្ណរត់ទៅត្រុយ​ យីរឿងកាន់តែវែងឆ្ងាយហើយតើ
ខ្ញុំក៏គ្រាអាគុជឡើងព្រោះអាឡប់នេះមាឌធំជាងខ្ញុំទៅទៀត មាឌដូចកីឡាកាសមិនសមជាខ្ទើយសោះ ហាហាហាស
“ត្រូវទៅពេទ្យផង”អាគុជខ្សិបដាក់ខ្ញុំ
“ក៏ទៅសិនទៅចាំអញនិយាយជាមួយពេទ្យអោយមិនអីទេ ព្រោះបើមិនទៅនាយយុទ្ធប្រកាច់យ៏នោះមិនជឿទេ”ខ្ញុំនិយាយដោយគ្រាវាចេញទៅ មកពីមានមិត្តភក្តិជាដុកទ័រងាយស្រួលនិយាយគ្នាទេ ខ្ញុំនេះឆ្លាតអាចដោះស្រាយបញ្ហាបានដោយគ្មានដានសោះ គិតទៅសរសើរខ្លួនឯងដល់ហើយ នេះបានសមនឹងបាវចនារបស់ខ្ញុំមែន (ស្អាត ឆ្លាត គួរអោយស្រលាញ់)។
ខ្ញុំធ្វើជាគ្រាអាគុជដោយពិបាក តាមពិតក៏ពិបាកមែនព្រោះវាធ្ងន់ខ្លាំងណាស់ ហើយនៅថ្លង់នឹងនឹងសំលេងស្រែករបស់វាទៀត យីអោយវាធ្វើពុតមិនបានអោយស្រែកដូចគោបែបនេះទេ។ ក៏បានផលមែន សុខៗនាយយុទ្ធក៏មកបីអាគុជដោយមិននិយាយអីមួយម៉ាត់ នាយយុទ្ធនេះមាឌធំជាងអាគុជល្មមអាចបីអាគុជទៅរួច។ ចំនែកអាគុជក៏ងាកមកប្រិចភ្នែកដាក់ខ្ញុំថាOKហើយ។
នាយយុទ្ធក៏បីអាគុជដាក់ឡានហើយក៏បើកឡានចេញទៅបាត់ជាមួយវណ្ណនិងរ៉ុង យី!ហើយចុះខ្ញុំនោះ មិនបានទេត្រូវតែទៅតាមតែមិនអញ្ជឹងបែកការអស់ តែបានអីជិះទៅ ខ្ញុំមិនមែនជាអ្នកមានឯណាមានលុយដល់ថ្នាក់ទិញឡាននោះទេ ជិះតែឡានក្រុងទេរាល់ថ្ងៃនេះ ហើយបើជិះឡានក្រុងតាមពួកវាប្រហែលជារឿងបែកការអស់ហើយ
“រក្សាអ្នកណាកើតហ្នឹងបានជាសំលេងឡូឡាម្ល៉េះ”សុខៗកក្កដាក៏អើតក្បាលចេញមក យីមានអ្នកជូនទៅពេទ្យហើយតើ
“ក៏មិត្តខ្ញុំវាចុកពោះខ្លាំង នេះខ្ញុំមិនដឹងទៅតាមយ៉ាងម៉េចទេ”ខ្ញុំនិយាយដោយសម្តែងការបារម្ហ
“អញ្ជឹងខ្ញុំជូនទៅណា”កក្កដានិយាយដោយធ្វើទឹកមុខបារម្ហដែល
“បាទអរគុណ”ហាហាហស បាននៅក្បែរជាមួយកក្កដាទៀត អរគុណហើយណាអាគុជ
កក្កដាក៏ទាញម៉ូតូធំរបស់ខ្លួនម៉ាកCBRចេញមក អូហូសង្ហាបំផុតហើយនេះខ្ញុំបានជិះម៉ូតូធំអោបចង្កេះកក្កដាផងសឹងមិនជឿភ្នែកខ្លួនឯងទេនាក៎​
មិនប៉ុន្មាននាទីខ្ញុំក៏មកដល់មន្ទីរពេទ្យ ហើយក៏លួចទូរស័ព្ទប្រាប់មិត្តភក្តិដែលជាដុកទ័រអោយជួយ ត្រូវវាជេរមិនតិចទេដែលអោយវាទៅកុហកគេ អាគុជអើយអាគុជបើមិនប៉ាវបាយយើងប្រាកដជាត្រូវហើយ។ ខ្ញុំក៏រត់ចូលទៅដោយមានកក្កដារត់តាមពីក្រោយ
“គុជយ៉ាងម៉េចហើយ”ខ្ញុំសួរទៅអារ៉ុង ដែលម្នាក់ៗនៅចាំមុខបន្ទប់ដូចជាបារម្ហខ្លាំងណាស់ ជាពិសេសនាយយុទ្ធមើលទៅដូចជាអន្ទះសារខ្លាំងមែនទែន
“មិនដឹងទេពេទ្យរុញចូលបន្ទប់ICUហើយ តែនេះ………”អារ៉ុងនិយាយដោយមើលទៅកក្កដាដោយចាប់កំហុសខ្ញុំ
“ក៏ពួកឯងប្រកាច់មកទាន់ហន់ម្ល៉េះមិនចាំយើងផង នេះសំណាងហើយដែលកក្កដាគេជួយជូនមក”ខ្ញុំនិយាយដោយក្នុងចិត្តអៀនៗព្រោះមិនប៉ុន្មាននាទីមុននេះខ្ញុំបានអោបគេទៀតផង យប់នេះប្រាកដជាសុបិន្តល្អមិនខាន
“ក៏បារម្ហពីអាគុជពេកហ្នឹងណា ពេលនេះមិនដឹងថាយ៉ាងម៉េចទេ”អារ៉ុងនិយាយ មានអារម្មណ៍ថាខុសដែល ដែលធ្វើអោយអារ៉ុងបារម្ហយ៉ាងនេះតែដើម្បីអាគុជ ឯងលះបង់បន្តិចទៅណាអារ៉ុង។ គ្រូពេទ្យក៏ដើរចេញពីមកល្មម
“គុជយ៉ាងម៉េចហើយលោកគ្រូពេទ្យ”ខ្ញុំនិយាយដោយព្រិចភ្នែកដាក់ ចំនែកឯគេក៏មើលមកខ្ញុំក្នុងន័យក្បាលខូចណាស់ឯង
“អ្នកជំងឺផុតគ្រោះថ្នាក់ហើយ មិនធ្ងន់ធ្ងរអីណាស់ណាទេ អ្នកជំងឺមានរោគក្នុងក្រពះ បណ្តាលមកពីមិនបានញ៉ាំអាហារអោយទៀងទាត់ បូកផ្សំនឹងបញ្ហាផ្លូវចិត្តទៀតបណ្តាលអោយអាការៈមានសភាពធ្ងន់ធ្ងរយ៉ាងនេះ តែមិនបាច់បារម្ហទេ ពេលនេះអ្នកចូលមើលអ្នកជំងឺបានហើយ”គ្រូពេទ្យនិយាយចប់ក៏ដើរចេញដោយពីភ្លេចងាកមកមើលខ្ញុំ ក្នុងន័យអស់ភារកិច្ចហើយ ។ បន្តិចទៀតទៅជួបវាអោយវាជេរប៉ុន្មានម៉ាត់ទៅចុះ លះបង់ដើម្បីមិត្តភក្កិបន្តិចក៏មិនអីដែលមើលទៅ ។និយាយពីនាយយុទ្ធគ្រាន់តែគ្រូពេទ្យថាអោយចូលមើលបាន ក៏ម្នីម្នាស្ទុះចូលក្នុងបន្ទប់ជំងឺ ដូចមនុស្សរាក ប្រញាប់ចូលបន្គន់អញ្ជឹង ហាហាហស
នាយយុទ្ធអង្គុយក្បែរអាគុជដែរកំពុងតែមាយាដកខ្ញីនៅលើគ្រែ។ នាយយុទ្ធធ្វើមុខស្រពោនហើយកាន់ដៃអាគុជជាប់នឹងដៃ ទឹកមុខសំដែងការបារម្ហនិងដឹងកំហុស ធ្វើបែបនេះធ្វើអោយខ្ញុំអត់ទ្រាំច្រណែនមិនបាន តើពេលណាទៅខ្ញុំមានសង្សារដែលល្អបែបនេះ មិនដឹងកក្កដាគេនឹងរ៉ូមេនទិកដូចនាយយុទ្ធរឺអត់ទេនាក៎
ចំនែកឯអាគុជធ្វើជាសើចតិចៗដូចជាអ្នកជំងឺពិតអញ្ជឹង នេះបើខ្ញុំមិនចូលដៃចូលជើងនឹងវាទេច្បាស់ណាស់ខ្ញុំនឹងជឿថាវាកំពុងតែមានជំងឺមែនមិនខាន
“សុំទោស! បើមិនមែនបង គុជក៏មិនក្លាយជាបែបនេះទេ”នាយយុទ្ធនិយាយតិចៗ
“មិនមែនជាកំហុសយុទ្ធទេ ជាកំហុសខ្ញុំ”អាគុជនិយាយតិចៗ ដោយទំលាក់ទឹកមុខ
“កុំដណ្តើមបងខុសបានទេ”នាយយុទ្ធនិយាយដោយមុខក្រញូវ
“បានៗ ពួកយើងសុទ្ធតែខុសដូចគ្នា”អាគុជនិយាយដោយញញឹមតិច”យើងត្រលប់មកដូចមុនណា៎” អាគុជចាប់ដៃនាយយុទ្ធដោយសំលឹងនាយយុទ្ធយ៉ាងស្រទន់
“បាទ! បងស្រលាញ់អូន”នាយយុទ្ធនិយាយដោយអោនមុខទៅថើបថ្ងាសនាយយុទ្ធ ចំនែកអាគុជញញឹមទាំងមានសេក្តីសុខ។ ឃើញពួកគេបែបនេះខ្ញុំដែលជាទស្សនិកជនឈរមើលនេះស្ទើរតែស្រក់ទឹកភ្នែកទៅហើយ
“ពួកយើងគួរតែចេញទៅ”អារ៉ុងនិយាយដោយញញឹមតិចៗ ចំនែកវណ្ណក៏ដូចជាសប្បាយចិត្តពេលឃើញពីរនាក់នេះត្រូវគ្នាវិញប្រហែលជាសប្បាយចិត្តខ្លាំងហើយពេលឃើញបងប្រុសខ្លួនឯងមានសេក្តីបែបនេះ មានតែកក្កដាទេដែលមើទៅដូចជាចំលែកៗ ប្រហែលជាចំលែកចិត្តខ្លាំងហើយពេលឃើញឆាកស្នេហាប្រុសនិងប្រុសដ៏សែនផ្អែមល្ហែមបែបនេះ និយាយតាមត្រង់ទៅគួរអោយព្រឺសំបុរសខ្លាំងណាស់។
“សុំទោសកក្កដាទំនេរទេ”អារ៉ុងនិយាយពេលដើរចេញពីបន្ទប់របស់អាគុជ
“បាទ!ទំនេរទេតើ មានអីអោយខ្ញុំជួយមែនទេ”កក្កដាឆ្លើយយ៉ាងសុភាព នេះហើយកក្កដារបស់ខ្ញុំល្អសែនល្អ
“ក៏ជួនជាខ្ញុំមានការត្រូវទៅផ្ទះលោកយាយជាមួយវណ្ណ អាចពឹងអោយកក្កដាជួយជូនរក្សាទៅផ្ទះបានទេ”អារ៉ុងនិយាយសំលឹងមកមើលខ្ញុំហើយញញឹម យើងដឹងណាថាឯងកំពុងគិតអីណាអាមិត្តសំណប់ចិត្ត
“បាទ!យ៉ាងណាក៏ខ្ញុំតាំងចិត្តនិងជូនទៅវិញរួចទៅហើយ ណាមួយរក្សាជាមិត្តខ្ញុំយ៉ាងណាក៏មិនរំខានដែរ”កក្កដានិយាយសំដីធ្វើអោយខ្ញុំចង់ហក់ស្ទុះទៅអោបកគេខ្លាំងណាស់ មនុស្សល្អរបស់ខ្ញុំ
“បាទ!អរគុណខ្លាំងណាស់”អារ៉ុងនិយាយហើយក៏ងាកទៅរកវណ្ណ” តោះវណ្ណ!”អារ៉ុងនិយាយរួចក៏ដើរចេញទៅ
“បងរក្សារខ្ញុំទៅហើយ”វណ្ណនិយាយមកកាន់ខ្ញុំ ក្មេងអីក៏ល្អម៉្លេះទេបើខ្ញុំស្រលាញ់ស្រីវិញ មនុស្សស្រីទីមួយដែលខ្ញុំចាប់អារម្មណ៍ប្រាកដជាវណ្ណមិនខាន” លោកខ្ញុំកក្កដាមែនទេ”វណ្ណសួរទៅកក្កដា ចំនែកក្កដាដូចជាផាំងៗមិននិយាយអីត្រឹមតែងក់ក្បាល”ជំរាបលា សង្ឃឹមថានឹងបានជួបគ្នាម្តងទៅ”វណ្ណនិយាយដោយញញឹមស្រស់
“បាទ”កក្កដានិយាយដោយងក់ក្បាល និងសំដែងកាយវិការប្លែកៗ ថែមទាំងសំលឹងវណ្ណចេញទៅដោយមិនដាក់ភ្នែករហូតដល់វណ្ណដើរមើលលែងឃើញ នៅមានញញឹមដូចជាមានសេក្តីសុខទៀត ខ្ញុំសុំប្តូរពាក្យសំដីវិញ ពេលនេះខ្ញុំពិតជាចង់ចាប់ញាត់វណ្ណចូលក្នុងធុងសំរាមខ្លាំងណាស់ ហេតុអីក៏មិនសំដែងភាពគួរអោយស្រលាញ់ដាក់កក្កដារបស់ខ្ញុំបែបនេះ មិនបានទេៗត្រូវតែកុំអោយពីរនាក់នេះជួបគ្នាទៀតទើបបាន នេះខ្ញុំរោគចិត្តទេដឹងនាក
“តោះ”កក្កដាងាកមកហើយញញឹមដាក់ខ្ញុំ ថ្ងៃនេះគ្រប់យ៉ាងសុទ្ធតែពណ៌ផ្កាឈូកបែបនេះ
មកតាមផ្លូវកក្កដាក៏បបួលខ្ញុំដើរលេងព្រោះគេថានៅផ្ទះក៏មិនដឹងធ្វើអី ចំនែកខ្ញុំនេះក៏មិនជំទាស់ដាច់ខាត ត្រូវតែឆ្លៀតពេលនៅជាមួយកក្កដាអោយបានច្រើន ដូចនេះក៏បបួលគេទៅមើកុន ហាហហាសខ្ញុំនេះវាសំណាងមែនទែនថ្ងៃនេះ ដូចពាក្យចាស់និយាយមិនខុសមែន ធ្វើល្អបានល្អ។
“កក្កដាចង់មើលរឿងអីដែល”ខ្ញុំសួរដោយញញឹមភ្នែកតូចដាក់កក្កដា
“រក្សាចូលចិត្តមើលរឿងអី ខ្ញុំក៏តាមចិត្តណា៎”កក្កដានិយាយដោយញញឹមដាក់ខ្ញុំវិញ ស្នាមញញឹមនេះធ្វើអោយខ្លួនខ្ញុំទន់អស់ទៅហើយ ហេតុអីកក្កដាគួរអោយស្រលាញ់បែបនេះន៎
“មើលរឿងនេះល្អទេ ត្រៀមខ្លួនស្លាប់រឺនៅ” ហាហហស គ្រាន់តែចំនងជើងក៏ស្ទើរតែធ្វើអោយខ្ញុំហក់អោបកកក្កដាទៅហើយ ហាហហាស ខ្ញុំនេះពិតជាឆ្លាតពិតមែន
“បាទ តាមចិត្តកក្កដា អង្គុយចាំត្រង់នេះហើយណា៎ ខ្ញុំទៅទិញសំបុត្រ និងចំនីមក”កក្កដានិយាយរួចក៏ដើរសំដៅទៅកន្លែងលក់សំបុត្រ មើលពីក្រោយខ្នងកាន់តែសង្ហារហើយសមជាបុរសពិត១០០% មើលយ៉ាងណាក៏សង្ហារដែលកក្កដារបស់ខ្ញុំម្នាក់នេះ
ប្រហែល៥នាទីក្រោយមកកក្កដាក៏មកវិញជាមួយសំបុត្រពីរសន្លឹក ទឹកក្រូចពីកែវធំ និងពោតលីងទំហំខ្នាតធំមកជាមួយ ក្តីស្រមៃដែលមើលកុនជាមួយសង្សារបានក្លាយជាការពិតហើយខ្ញុំ សប្បាយចិត្តដល់ហើយ។
ប្រហែល១ម៉ោងកន្លះកន្លងផុតទៅ ពូកយើងក៏បានបញ្ចប់ការមើលកុនដែលខ្ញុំស្តាយសែនស្តាយ ចង់ថែមលុយមើលសារឡើងវិញអោយបាន១០ ២០ដងទៀត មិនមែនកុនល្អមើលទេ តែមកពីខ្ញុំបានអោបកក្កដាជាច្រើនសារ ហើយកក្កដានៅធ្វើជាសុភាពបុរសអោយខ្ញុំអោបតាមចិត្តទៀត និយាយៗទៅខ្ញុំមិនសូវជាខ្លាចខ្មោចទេ តែអំបាញ់មិញខ្ញុំបន្លំច្រើនជាង ហាហហស។
“កក្កដា! ចង់ញ៉ាំអីសិនទេ” កក្កដាសួរ ម្នាក់នេះមានដល់ហើយ ប៉ាវខ្ញុំមើលកុនហើយ នៅចង់ប៉ាវញ៉ាំអីទេ របស់បានដោយមិនគិតថ្លៃបែបនេះខ្ញុំចូលចិត្ត ជាពិសេសបាននៅក្បែរកក្កដាទៀតសុំទោសផងណា សុំធ្វើមុខក្រាស់អោយគេប៉ាវហើយ
“ញ៉ាំអីក៏បាន ព្រោះខ្ញុំមិនរើសចំនីទេ” ចង់ប្រាប់ថា ក្នុងលោកនេះអោយតែររបស់ញ៉ាំកើតគ្មានមួយណាដែលខ្ញុំមិនចេះញ៉ាំនោះទេ នេះហើយកូនអ្នកក្រនោះ
“អញ្ជឹងញ៉ាំស៊ុបបែបជប៉ុនល្អទេ នឹងមានកំលាំងព្រោះមុខកុនអំបាញ់មិញរក្សាដូចជាភ័យខ្លាំងណាស់
“បាទ”ខ្ញុំញញឹមតិចៗព្រោះតែអៀន នេះចេះបាញ់គ្នាដោយមិនទុកមុខបែបនេះផងរឺកក្កដា
“ញ៉ាំអោយច្រើនទៅណា”កក្កដានិយាយដោយមិនភ្លេចដួសអាហារដាក់ចានខ្ញុំ នេះគ្រាន់តែស្នាមញញឹមដែលគេផ្តល់អោយខ្ញុំវាធ្វើអោយខ្ញុំនេះឆ្អែតដោយមិនបាច់ញ៉ាំអីទៅហើយ
“ដូចជាច្រើនណាស់ នេះកក្កដាចង់អោយខ្ញុំក្លាយជាជ្រូកមែនទេ”ខ្ញុំចាប់ផ្តើមរអ៊ូ តែក្នុងចិត្តសប្បាយចង់តែស្លាប់ទៅហើយ
“រក្សាទោះធាត់ដូចជ្រូកក៏នៅតែស្អាតដដែលហ្នឹង”កក្កដានិយាយស្ទើរតែសំលាប់ខ្ញុំដោយប្រយោលទៅហើយ នេះខ្ញុំឈ្លក់ស្ទើរតែស្លាប់ព្រោះសំដីរបស់កក្កដានេះឯង។ ខ្ញុំក៏ងាកទៅសំលក់គេ ហើយគេក៏សើច “ខ្ញុំមិនចេះបញ្ចូលគេទេ និយាយការពិតមែនណា៎”កក្កដានិយាយបន្ថែម កុំនិយាយទៀតអីណា៎ខ្ញុំសុំអង្វរនេះខ្ញុំអៀនស្ទើរតែយកឆ្នាំងស៊ុបមកគ្របក្បាលទៅហើយ”មែនហើយខ្ញុំអាចសួររឿងមួយបានទេ” កក្កដាសួរឡើងឯខ្ញុំក៏ងាក់ក្បាលហើយ រួចក៏ងាកទៅមើលគេមានរឿងអីចង់សួរខ្ញុំ “កុំថាខ្ញុំចង់ដឹងចង់លឺរឿងគេអីណា មិត្តភក្តិកក្កដាពីរនាក់នោះត្រូវជាអ្វីហ្នឹងគ្នា មានអារម្មណ៍ថា……”
“ដូចសង្សារមែនទេ”ខ្ញុំនិយាយកាត់ តាមពិតគិតរួចហើយថាកក្កដានិងសួររឿងនេះមិនខាន”ពួកគេជាសង្សារហ្នឹងគ្នា កក្កដាប្រហែលជាចំលែកចិត្តណាស់ហើយដែល មនុស្សប្រុសដូចគ្នាស្រលាញ់គ្នាបាន”ខ្ញុំនិយាយតិចៗព្រោះមានអារម្មណ៍ខ្លាចថាកក្កដានឹងរើសអើងពួកគេរួមទាំងខ្លួនខ្ញុំផ្ទាល់
“មិនចំលែកទេ​ សម័យនេះទៅហើយមនុស្សស្រលាញ់ភេទដូចគ្នាគ្មានអីត្រូវចំលែកទៀតទេ”កក្កដានិយាយដូចជាធម្មតាធ្វើអោយខ្ញុំធូរទ្រូងបន្តិច” ចុះកក្កដាមិនមែន”កក្កដាងាកមកមើលមុខខ្ញុំ
ខ្ញុំមិននិយាយស្អី ត្រឹមងក់ក្បាលដោយមិនហ៊ានមើលមុខកក្កដា តាមពិតក៏ចង់កុហកកក្កដាដែលតែមិនចង់លាក់អារម្មណ៍ខ្លួនឯងនោះទេ ជាពិសេសអារម្មណ៍ដែលស្រលាញ់គេ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍នេះកាន់តែជ្រាលជ្រៅឡើង
“ឆ្លើយត្រង់បែបនេះ មិនខ្លាចខ្ញុំឈប់រាប់អានរក្សាទេអី”ពេលលឺបែបនេះខ្ញុំក៏ងាកទៅមើលមុខគេក៏ប្រទះកែវភ្នែកមួយគូរដែលពោលពេញដោយភាពកក់ក្តៅនិងការយល់ចិត្ត
“ខ្ញុំមិនចង់រស់នៅដោយលាក់អារម្មណ៍ខ្លួនឯងទេ ខ្ញុំស្រលាញ់ខ្លួនឯងដែលជាខ្លួនឯងបែបនេះទៀតខ្ញុំមិនចង់កុហកអ្នកណាពិសេសមនុស្សដែលខ្ញុំចូលចិត្ត” ពាក្យដែលថា ចូលចិត្ត នោះតាមពិតគួរតែនិយាយថាស្រលាញ់វិញទើបត្រូវ
“ខ្ញុំមិនប្រកាន់ទេ តោះឆាប់ញ៉ាំទៅ និងអាលបានទៅញ៉ាំការ៉េមបន្ត”កក្កដានិយាយដោយញញឹម
“មានការ៉េមញ៉ាំទៀត ល្អណាស់”ខ្ញុំលាន់មាត់ដោយញញឹមភ្នែកតូចរួចក៏ប្រញាប់កាយញាត់ៗ រហូតធ្វើអោយកក្កដាដែលអង្គុយមើលខ្ញុំញ៉ាំអត់ទ្រាំសើចមិនបាន។

No comments:

Post a Comment