October 17, 2014

My little brother Chapter3: នីតា

សួរស្តីមិត្តអ្នកអានដ៏គួរអោយស្រលាញ់ទាំងអស់គ្នា។ ខានជួបគ្នាជាយូរមកហើយប្រហែលជាស្អប់ខ្ញុំខ្លាំងហើយ!!! តែកុំខឹងអីណា ហើយក៏កុំងរទៀតអី ឥលូវតោះទៅតភាគជាមួយគ្នា..... ភាគមុននិយាយដល់ឆាយខ្លាចខ្លាំងពេករហូតទៅសុំដេតគេងជាមួយ ស្អែកព្រឹកបន្ទាប់ក៏.......

ពន្លឺព្រះអាទិត្យនិងសំលេងចេចចាករបស់ចាបនៅក្បែរបង្អួច បានធ្វើអោយដេតភ្ញាក់ពីដំណេក។ ពេលគេបើភ្នែកក៏មិនឃើញឆាយធ្វើអោយគេសប្បាយចិត្តបន្តិច មនុស្សស្អីសែនរំខានបែបនេះ។ គេក៏ទៅងូតទឹកស្លៀកពាក់ទៅរៀន តែអេ!បន្ទប់របស់គេដូចជាខុសពីធម្មតា ព្រោះវាត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយខុសពីធម្មតាដែលរប៉ាត់រប៉ាយបែប បន្ទប់មនុស្សប្រុស បើស្មានមិនខុសក៏ជាស្នាដៃរបស់ឆាយមិនខាន។ចុះមកដល់ក្រោយក៏មានក្លិនឈ្ងុយចេញពីផ្ទះបាយចេញមក ចំនែកផ្ទះក៏ត្រូវបានបោសសំអាតរួចររាល់ទៀត
“បងដេតភ្ញាក់លឿនម្ល៉េះព្រឹកនេះ តែអាហារពេលព្រឹកក៏រួចរាល់ល្មមអាចញ៉ាំបានហើយ”ឆាយនិយាយយ៉ាងស្រស់ស្រាយដោយក្នុងសំលៀកបំពាក់សិស្សជាមួយនឹងអៀមចុងភៅ មើលយ៉ាងណាក៏គួរអោយស្រលាញ់ដដែល តែដេតបែរជាជ្រួញចិញ្ចើមមើលទៅឆាយ
“ឯងធ្វើអីហ្នឹង”ដេតសួរព្រោះយប់មិញដេតមើលសព្វអស់ហើយមិនមានអ្វីក្នុងទូរទឹកកដែលអាចយកមកធ្វើអាហារបានទេ
“បបរសាច់ជ្រូក មកអង្គុយចុះមក”ឆាយនិយាយដោយដួសបបរដាក់ចាន
“ក្រែងក្នុងទូរទឹកកកគ្មានអីទេមែនទេ”ដេតសួរដោយឆ្ងល់
“គឺព្រឹកមិញខ្ញុំទៅផ្សារ”ឆាយនិយាយដោយដាក់បបរសាច់ជ្រូកហុយៗគួរអោយចង់ញ៉ាំនៅចំពោះមុខរបស់ដេត
“ទៅផ្សារ”ដេតនិយាយតិចៗហើយជ្រួញចិញ្ចើម ព្រោះមើលទៅម៉ោងទើបតែជិតប្រាំពីរកន្លះទេ ហើយនេះឆាយភ្ញាក់ពីគេងតាំងពីម៉ោងប៉ុន្មាន ព្រោះត្រូវរៀបចំបន្ទប់អោយដេត នៅសំអាតផ្ទះ ហើយទៅផ្សារនឹងដាំបបរអោយគេទៀតមិននឹកស្មានក្មេងម្នាក់នេះធម្មតាជាមនុស្សមិនសូវមាត់ក ហើយសើកៗផង តែបែរជាឧស្សាហ៍និងចំណាប់កិច្ចការផ្ទះបែបនេះសោះ
“ហេតុអីមិនញ៉ាំ មិនសូវឆ្ងាញ់នោះទេតែខ្ញុំគិតថាអាចញ៉ាំបាន”ឆាយនិយាយតិចៗ ព្រោះខ្លាចដេតមិនព្រមញ៉ាំព្រោះធម្មតាគេមិនសូវជាចូលចិត្តញ៉ាំអាហារនៅផ្ទះនោះទេជាពិសេសអាហារដែលម៉ាក់របស់គេធ្វើ។ពេលលឺឆាយនិយាយដេតក៏ភ្ញាក់ពីការគិតហើយក៏ដួសបបរមួយម៉ាត់ចូលមាត់
“នេះមិនឆ្ងាញ់មែនទេបានជាធ្វើមុខបែបនេះ”ឆាយសួរ
“ធម្មតា!អាចញ៉ាំបាន”ដេតនិយាយដោយដួសមួយម៉ាត់ទៀតដាក់ចូលមាត់ តាមពិតដេតធ្វើមុខបែបនេះព្រោះបបរនេះពិតជាឆ្ងាញ់ មិននឹកស្មានថាឆាយម្នាក់នេះអាចធ្វើអាហារបានឆ្ងាញ់យ៉ាងនេះសោះ
“បើអញ្ជឹងបងក៏ញ៉ាំអោយបានច្រើនទៅ”ឆាយនិយាយដោយញញឹម
“ហើយដឹងទេថាម៉ោងប៉ុន្មានទើបប៉ាត្រលប់មកវិញ”ដេតសួរដោយបន្តញ៉ាំបបរ
“មិនដឹងដែលព្រោះពួកគាត់មិនបានប្រាប់ថាមកដល់ម៉ោងប៉ុន្មានផង តាមខ្ញុំគិតប្រហែលជារសៀលពួកគាត់មកដល់ហើយ”ឆាយនិយាយដោយខ្លួនក៏ញ៉ាំបបរដែល ព្រោះហត់ពេញមួយព្រឹកហើយនេះបើមិនខ្ញុំអីទៀតប្រាកដជាត្រូវខ្យល់បក់មករលំហើយ។
“ឆ្អែតហើយ”ដេតនិយាយដោយរុញចានអោយឆាយ
“លាងអោយលឿនមកប្រញាប់ទៅរៀន”ដេតនិយាយតឿនឆាយ ចំនែកឯឆាយក៏ប្រញាប់ប្រញាចាងចានអោយមិនហ៊ានជំទាស់បញ្ជាដេត
……………
“បងដេតដឹងទេថាអាទិត្យក្រោយយើងប្រលងហើយណា”ឆាយនិយាយពេលកំពុងតែដើរតាមដេត ទៅសាលា
“ស្អីប្រលងទៀតហើយគួរអោយធុញណាស់!”ដេតរអ៊ូពេលដែលនឹកដល់រឿងរៀនពេលណាក៏មានរឿងឈឺក្បាលតែប៉ុណ្ណោះ
“ក៏លឺលោកគ្រូថាអ្នកប្រលងលើកនេះធ្លាក់ត្រូវរៀនពិសេសហើយ ដើម្បីបំពេញមុខវិជ្ជាដែលប្រលងធ្លាក់ទៀតផង”ឆាយនិយាយដោយមើលមុខដេតដោយបារម្ហ ព្រោះដេតនេះដូចជាមិនសង្វាតរឿងរៀនប៉ុន្មានទេ
“ហេតុអីក៏មើលមុខយើងបែបនេះ គិតរឺថាយើងប្រលងមិនជាប់”ដេតនិយាយដោយមើលឆាយដោយកន្ទុយភ្នែក រួចគេក៏ក្រលេកឃើញមនុស្សម្នាក់ដែលកំពុងដើរស្របជាមួយគេ”នីតា!”ដេតនិយាយដោយរត់ទៅក្បែរមនុស្សស្រីម្នាក់នោះ
“ដេត!អរុណសួស្តី”នីតានិយាយដោយញញឹមដាក់ដេត
“បាទអរុណសួស្តី! នេះខ្ញុំមិនឃើញនីតាមករៀនជាច្រើនថ្ងៃមកហើយ មានរឿងអីមែនទេ”ដេតនិយាយដោយសប្បាយចិត្តទឹកមុខក៏ស្រស់ស្រាយខុសពីធម្មតា ទំនងជាមានសេក្តីសុខខ្លាំងណាស់ រហូតឆាយធ្វើមុខឆ្ងល់នារីម្នាក់នេះជាអ្នកណាទៅ
“ក៏ខ្ញុំមានធុរៈនៅស្រុក ទើបត្រូវស្នាក់នៅទីនោះជាច្រើនថ្ងៃ”នីតានិយាយដោយក្រលែកទៅឆាយដែលដើរតាមពីក្រោយពួកគេ ធ្វើមុខឆ្ងល់ៗថែមទៅជួយយួរកាតាបអោយដេតទៀតផង”ដេត! ម្នាក់ដែលដើរពីក្រោយពួកយើងជាអ្នកណា”នីតានិយាយដោយក្រលែកទៅញញឹមដាក់ឆាយ ស្រីម្នាក់នេះទាំងស្អាត ទាំងគួរអោយស្រលាញ់ ទាំងគួរអោយរាប់អាន ប្រាកដណាស់ជាស្រីដែលដេតស្រលាញ់មិនខាននោះទេ ឆាយគិតទៅសំលឹងមើលទៅពួកគេទាំងពីរ សមគ្នាខ្លាំងណាស់។
“គ្មានអីទេ! កុំទៅខ្វល់ពីវាអី”ដេតនិយាយដោយអោយសំលក់ឆាយ ហាក់ដូចឆាយនេះជាឆ្អឹងទទឹងករបស់ពួកគេអញ្ជឹង “នីតាខ្ញុំមានរឿងចង់សួរជាច្រើន តោះប្រញាប់ទៅ”ដេតនិយាយដោយបណ្តើរនីតាដើរទៅចំនែកឯឆាយក៏មិនហ៊ានដើរលឿនព្រោះខ្លាចខ្លួនជាជាចំនែកដែររំខានពួកគេ។
“ឆាយមានរឿងអី បានជាមើលទៅភ្លឹកៗបែបនេះ”ធីសួរព្រោះឃើញឆាយគេអង្គុយភ្លឹកអស់ជាយូរ
“គ្មានអីទេ”ឆាយនិយាយដោយភ្ញាក់ពីការគិត
“ដេតធ្វើអីឯងទៀតហើយមែនទេ”ធីនិយាយដោយជ្រួញចិញ្ចើម យ៉ាងមិនសប្បាយចិត្ត
“គ្មានទេ កុំធ្វើមុខបែបនេះ”ឆាយនិយាយ
“ហើយអញ្ជឹងមានរឿងអី”ឆាយបន្តដេញសួរ
“ក៏កំពុងគិតថាលោកប៉ាអ្នកម៉ាក់នឹងមកពីខេត្តល្ងាចនេះរឺទេ”ឆាយចេះតែនិយាយៗទៅ តាមពិតរឿងដែលធ្វើអោយគិតដល់ពេលនេះគឺរឿងពីព្រឹមកមិញនេះ
“បើមិនហ៊ាននៅផ្ទះតែពីរនាក់ដេត ឯងមកគេផ្ទះខ្ញុំមក”ធីនិយាយដោយមើលមុខឆាយដោយកែវភ្នែកចំលែក
“មិនបាច់ទេ ខ្ញុំមិនអីនោះទេ”ឆាយនិយាយដោយផាំងនឹងកែវភ្នែករបស់ធី ហើយក៏ធ្វើជាបន្លប់មើលមេរៀនវិញ
“ហើយឯងពីរអ្នកកំពុងនិយាយស្អីហ្នឹង”វង្សស្រែកពេលឃើញធីធ្វើមុខមិនសប្បាយចិត្ត
“គ្មានអីទេគ្រាន់តែនិយាយគ្នាលេង ហើយវង្សមានការអីដែល”ឆាយនិយាយដោយញញឹមដោយមិនហ៊ានមើលមុខធី
“យើងមកហៅធីហ្នឹងណា ធី!មកទៅជួយយើងបន្តិច”វង្សនិយាយដោយញញឹមដាក់ធី
“កុំមកធ្វើជាញញឹមដាក់យើង នេះចង់ប្រើអោយយើងជួយ​ឯងធ្វើអីទៀតហើយ”ធីនិយាយដោយធ្វើមុខស្អុយ
“ទៅហ្នឹងដឹងហើយ”វង្សនិយាយដោយអូសធីចេញទៅ ឆាយមើលពួកគេដោយញញឹម
“សង្ស័យតែយើងគិតច្រើនពេកហើយ កុំខ្វល់អីមើលមេរៀនល្អជាងនេះជិតដល់ថ្ងៃប្រលងហើយ”ឆាយនិយាយដោយគ្រវីក្បាល
កំពុងដែលអានមេរៀនក៏ឆាយក៏មានអារម្មណ៍ថាមានអ្នកណាម្នាក់អង្គុយជិតខ្លួន
“បងភ្លើង!នេះមកពីស្មាណាហ្នឹង”ឆាយហៅបុគ្គលកំពុងនៅចំពោះមុខខ្លួន ដែលកំពុងតែញញឹមមករកខ្លួន (ឆាយហៅភ្លើងថាបងក៏ព្រោះតែភ្លើងជាសិស្សច្បងលើពួកគេមួយជំនាន់)
“ខំរៀនណាស់ន! នេះបងមកអង្គុយបានមួយសន្ទុះហើយទើបតែចាប់អារម្មណ៍ទេមែនទេ”ភ្លើងនិយាយដោយមើលមកឆាយ
“សុំទោសបង ខ្ញុំមិនបានចាប់អារម្មណ៍”ឆាយនិយាយដោយធ្វើមុខសូមទោស
“ធ្វើអីបែបនេះ បងមិនបានខឹងឯណា”ភ្លើងនិយាយដោយញញឹមផ្អែមដាក់ឆាយ
“បងមករកបងដេតមែនទេ”ឆាយសួរព្រោះគិតថាភ្លើងនិង ដេតនៅជំរុំបាល់ទាត់ជាមួយគ្នា
“បាទ! ទើបតែនិយាយជាមួយដេតរឿងការប្រកួតតែធ្វើនៅចុងសប្តាហ៍នេះ ហើយក៏ឈាងមកមើលឆាយមិននឹកស្មានថារវល់នឹងរៀនដល់ថ្នាក់នេះសោះ”ភ្លើងនិយាយដោយញញឹម ពេលឃើញសិស្សប្អូនខំរៀនបែបនេះខ្លួនក៏រីករាយ
“ក៏អាទិត្យក្រោយនេះពួកខ្ញុំត្រូវប្រលងហើយ ទើបខំមើលមេរៀនបន្តិច”ឆាយនិយាយទាំងសំលឹងទៅមើលគំនរសៀវភៅ
“ល្អខ្លាំងណាស់ ជូនពរអោយប្រលងបានពិន្ទុល្អណា!ហើយអាទិត្យមិនគិតមកមើលពួកបងប្រកួតបាល់ទេអី”ភ្លើងសួរ
“មិនដឹងដែរបង”ឆាយឆ្លើយព្រោះគេដឹងថាដេតប្រាកដជាមិនសប្បាយចិត្តបើឃើញមុខរបស់គេ
“ក៏ទៅៗចាត់ទុកថាទៅលើកទឹកចិត្តក្រុមរបស់សាលា ណាមួយបងចង់អោយឆាយទៅលើកទឹកចិត្តបងជាពិសេសណា!”អាពាក្យ”ពិសេស” នេះត្រូវបានភ្លើងសង្កត់ន័យយ៉ាងខ្លាំងរហូតធ្វើអោយឆាយគេផាំង
“បាទ!”ឆាយឆ្លើយតិចៗ
“ល្អណាស់! អញ្ជឹងកុំភ្លេចទៅណា បងនឹងចាំមើល! ឥលូវបងមានការរវល់ទៀត បងទៅហើយ មើលមេរៀនបន្តទៅមិនរំខានទៀតទេ”ថាហើយភ្លើងក៏ដើរចេញទៅដោយមិនភ្លេចងាកមកញញឹមដាក់ឆាយ
ចំនែកឆាយក៏ញញឹមទៅវិញ បែបផាំងៗ ………។
“យ៉ាងម៉េចអញ្ជះថ្ងៃនេះមានតែមនុស្សធ្វើមុខប្លែកៗដាក់បែបនេះអញ្ជឹង”ឆាយនិយាយតិចៗដោយគ្រវីក្បាលរួចក៏អោនក្បាលមើលសៀវភៅបន្ត។
…………………
ថ្ងៃប្រកួត………
ថ្ងៃនេះមានអារម្មណ៍ថាផ្ទៃមេឃស្រលះល្អ ដូចជាអំនោយផលដល់ការប្រកួតមួយនេះដល់ហើយ។ ចំនែកឯដេតក៏បាត់ពីផ្ទះតាំងពីព្រលឹម ចំនែកឯឆាយក៏បំរុងចេញពីផ្ទះដូចគ្នា។
“ឆាយទៅណាហ្នឹងកូនតាំងព្រឹកបែបនេះ”អ្នកស្រីលីនសួរឆាយដោយឆ្ងល់
“បាទ!កូនទៅសាលា ទៅមើលបងដេតប្រកួតបាល់”ថាហើយឆាយក៏ប្រញាប់ប្រញាចេញទៅព្រោះខ្លាចហួសម៉ោងប្រកួត
ចំនែកអ្នកស្រីលីនក៏ឈរមើលឆាយដោយឆ្ងល់និងសប្បាយចិត្ត ព្រោះមើលទៅឆាយនិងដេតក៏ដូចជាត្រូវគ្នាជាងមុនទោះដេតនៅតែប្រកាន់ជំហររបស់ខ្លួនដែលមិនទទួលស្គាល់ឆាយក៏ដោយ។
និយាយពីឆាយវិញ ដំបូងក៏ស្ទាក់ស្ទើរដែរថាគួរតែទៅរឺអត់។ គេក៏សំរេចចិត្តថាទៅសួរដេត ចំនែកដេតក៏មិនបាននិយាយអីគ្រាន់តែនិយាយ
“ចង់ទៅរឺក៏អត់ដូចជាមិនទាក់ទងអីនឹងយើងផង ជារឿងរបស់ឯងទេតើ!”ថាហើយដេតក៏ដើរចេញទៅ ចំនែកឆាយក៏សំរេចចិត្តទៅមើលព្រោះបានសន្យាជាមួយនាយភ្លើងរួចទៅហើយ
មកដល់តារាងបាល់របស់សាលា ពោលពេញទៅដោយមនុស្សជាពិសេសគឺសិស្សស្រីតែម្តង។ មានអារម្មណ៍ថាសិស្សស្រីទាំងអស់ដូចជាគ្មានបាត់ម្នាក់ណាស់ទេ។ មូលហេតុព្រោះក្នុងចំនោមសិស្សប្រុសសង្ហាររបស់សាលាទាំង១០ មាន៥នាក់ស្ថិត នៅក្នុងក្រុមបាល់ទាត់នេះហើយ​ នៅសល់3នាក់នៅជំរុំបាល់បោះ ១នាក់នៅជំរុំហែលទឹក និង១នាក់ទៀតនៅជំរុំភ្លេងជាមួយនឹងឆាយ ចង់ដឹងថាអ្នកណាទេ? ចាំលើកក្រោយនឹងប្រាប់ ហាហាហស!!!
“ឆាយ!ពួកយើងនៅត្រង់នេះ”មិត្តភក្តិទាំងបួនរបស់ឆាយស្រែកហៅឆាយពីជ្រុងម្ខាង ចំនែកឆាយក៏ចំលែកចិត្តព្រោះមិនគិតថាពួកគេនឹងមកដែរទេ
“នេះស្មានថាគ្មានអ្នកណាមកទៅហើយ”ឆាយនិយាយ
“មិនមកមើលយ៉ាងម៉េច បើបងភ្លើងដ៏សែនសង្ហារបស់ខ្ញុំមកប្រកួតទៅហើយ”ស្រីកានិយាយដោយញញឹមដោយមិនខ្លាចវង្សដែលជាសង្សារដែលនៅក្បែរនោះបន្តិចសោះ
“មិនឃើញសង្ហារស្អីផង”វង្សពេបមាត់ដោយមិនសប្បាយចិត្ត តែយ៉ាងណាត្រូវហ៊ានទទួលស្គាល់ការពិតព្រោះភ្លើងសង្ហារខ្លាំងណាស់
“យ៉ាងណាក៏ពួកយើងត្រូវតែមកមើលស្រាប់ទៅហើយព្រោះបើសាលាយើងប្រកួតឈ្នះប្រកួតនេះ ក្រុមសាលាយើងនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយដូច្នេះការប្រកួតមួយនេះពិតជាសំខាន់ខ្លាំងណាស់ បើមិនមកមើលពិតជាស្តាយខ្លាំងណាស់!”ធីនិយាយដោយញញឹម មើលទៅគេដូចជាងប់ងល់និងកីឡាបាល់ទាត់នេះណាស់”ហើយនិយាយពីឆាយវិញ មកមើលបាត់ទាត់ដែរព្រោះឃើញឯងដូចជាគ្មានចំនូលចិត្តរឿងបាល់ទាត់នេះទេ រឺមកពីដេត”ធីសួរដោយជ្រួញចិញ្ចើម
“មិនមែនទេ!”ឆាយគ្រវីក្បាល”គាប់ជួនបានសន្យានឹងបងភ្លើងថាមកមើលការប្រកួតមួយនេះទើប មកជួយលើកទឹកចិត្តគាត់”ឆាយនិយាយធ្វើអោយមិត្តទាំងបួនមើលមុខគេដោយងើយឆ្ងល់
“ហើយឯងស្គាល់សិស្សច្បងដែរ”វង្សសួរទៅឆាយ
“ក៏បងដេតនៅក្រុមបាល់ទាត់ជាមួយសិស្សច្បង ក៏ស្គាល់តាមបងដេត”ឆាយនិយាយកុហកព្រោះមិនចង់អោយអ្នកណាដឹងថាគេស្គាល់ភ្លើងព្រោះតែគេធ្វើអោយស្បែកជើងធ្លាក់ចំក្បាលភ្លើងនោះទេ វាជារឿងអាម៉ាស់ខ្លាំងណាស់។ គាប់ជួនភ្លើងដែលនៅក្នុងតារាងកំពុងកំដៅសាច់ដុំនោះក្រលេកឃើញឆាយក៏ញញឹមដាក់ឆាយ ធ្វើអោយស្រីនៅក្បែរៗឆាយស្រែកហ៊ោយ៉ាងខ្លាំង នេះហើយឥទ្ធិពលប្រុសស្អាតនោះ ចំនែកឯឆាយក៏ញញឹមដាក់វិញរួចធ្វើដៃស៊ូស៊ូ​។និយាយពីដេតពេលឃើញឆាយក៏ធ្វើជាមិនឃើញ ទោះឆាយប្រឹងញញឹមដាក់ខ្លួនយ៉ាងណាក៏ដោយ ក្មេងប្រុសម្នាក់នេះមិនព្រមកែចរិកសោះ។ ជាមួយគ្នានោះគេក៏ឃើញស្រីម្នាក់ពីព្រឹកថ្ងៃមុននៅកន្លែងគ្រូបង្វិករបស់ក្រុមសាលាដែរ ឆាយឆ្ងល់ក៏សួរទៅធី
“ធី!ស្រីម្នាក់នោះជាអ្នកណា”ឆាយសួរ ចំនែកឯធីក៏ងាកមើលឆាយព្រោះឆាយជាមនុស្សដែលមិនសូវជាខ្វល់រឿងអ្នកណារឺចាប់អារម្មណ៍អ្នកណានោះទេ
“អូ! នាងឈ្មោះនីតាជាស្រីស្អាតលំដាប់សាលារបស់យើង ហើយក៏ជាជំនួយការរបស់គ្រូបង្វឹកបាល់ទាត់ផងដែល មានអារម្មណ៍ថាជុំរំបាល់ទាត់របស់យើងសុទ្ធតែមនុស្សស្អាតៗទាំងអស់”ស្រីកានិយាយទាំងរវើរវាយយ៉ាងសប្បាយចិត្តខុសពីវង្សដែលធ្វើមុខដូចជាមិនពេញចិត្តអោយមនុស្សទាំងនោះមានលើលោកនេះអញ្ជឹង។
“ហេតុអីក៏សួរពីគេឯងស្គាល់នីតាដែល”ធីសួរដោយឆ្ងល់
“អត់ទេ! ម្សិលមិញឃើញគេដូចជាស្និទ្ធស្នាលជាមួយនឹងបងដេតណាស់ ក៏ឆ្ងល់”ឆាយឆ្លើយ
“ខ្ញុំលឺថាពួកគេទាំងពីរនាក់កំពុងសេពគប់គ្នា តែគ្រាន់តែមិនទាន់ដល់ដំណាក់កាលបើកចំហរប៉ុណ្ណោះ”ស្រីនុចដែលមិននិយាយជាយូរក៏លូកមាត់ជាមួយមិត្តភក្តិ
“ឯងលឺដំណឹងនេះពីណា៎”ស្រីកាសួរដោយភ្ញាក់ផ្អើល
“ថ្ងៃមុនលឺចាន់នីនិយាយ ជាមួយមិត្តរួមថ្នាក់ជិតយើង”ស្រីនុចនិយាយ ចាន់នីដែលស្រីនុចនិយាយដល់នេះគឺជាប្រធានថ្នាក់របស់គេ ស្រីម្នាក់នេះជាអ្នកសើបពត៌មានអាជីបតែម្តងហើយព្រោះរឿងនៅក្នុងសាលាគ្មានរឿងណាដែលនាងមិនដឹងឡើយ ហើយពត៌មានដែលបានមកដល់ដៃនាង មិនលើសពី៣ថ្ងៃទេ នឹងត្រូវផ្សព្វផ្សាយពេញសាលាមិនខាន ជឿជាក់CNNមិនយូរទេនឹងមកទាក់ទងនាងមិនខាន ហហាហាស។
“អញ្ជឹងជាការពិតហើយ មិនគួរអោយជឿថាស្រីស្អាតដូចនីតាមកសេពគប់មិនម្សៀលអន់ចរិកនេះសោះ”ស្រីកាពេបមាត់​  ចំនែកមិននិយាយអីបានត្រឹមមើលទៅនីតាពីចំហៀង នារីម្នាក់ដែលល្អគ្រប់យ៉ាង ច្បាស់ណាស់សាកសមជាមនុស្សដែលដេតស្រលាញ់នោះ។
ការប្រកួតក៏បញ្ចប់ទៅយ៉ាងល្អដោយសាលារបស់ឆាយឈ្នះដោយលទ្ធផល២ទល់នឹង០ ដែលមានដេតនិងភ្លើងទាត់បញ្ចូលទីម្នាក់មួយគ្រាប់។ ពួកគេទាំងពីរនេះពិតជាលេងបានល្អ និងស៊ីចង្វាក់គ្នាមែនទែន ទោះឆាយមិនសូវចេះមើលបាល់ទាត់ក៏ទ្រាំមិនស្រែកហ៊ោរមិនបានដែលដែរ។ចប់ការប្រកួតមិត្តភក្តិរបស់ឆាយក៏បំបែកគ្នាព្រោះម្នាក់ៗសុទ្ធតែមានគំរោងរៀងៗខ្លួន។ ចំនែកឆាយក៏ដើរមកចាំដេតព្រោះគិតថានឹងទៅផ្ទះជាមួយគ្នា
“ដេតលេងបានល្អមែនទែនអំបាញ់មិញនេះ”សំលេងលាន់ពីជ្រុងម្ខាង ឆាយក៏ងាកទៅរកម្ចាស់សំលេងក៏ឃើញនីតានិងដេតកំពុងតែដើរនិយាយជាមួយគ្នាយ៉ាងសប្បាយរីករាយ
“អរគុណហើយ! ហើយថ្ងៃនេះទៅមើលកុនជាមួយខ្ញុំណា៎”ដេតនិយាយដោយញញឹមផ្អែម ជាស្នាមញញឹមដែលឆាយមិនដែលឃើញទាល់តែសោះតាំងពីគេមកនៅផ្ទះជាមួយដេត
“ចាស៎!បាន”នីតាក៏និយាយដោយញញឹមត្រលប់ទៅវិញ ហើយពួកគេក៏ដើរចេញទៅដោយឆាយចូលទៅពួកនៅជ្រុងម្ខាងព្រោះមិនចង់អោយដេតឃើញគេ។ ឆាយបានត្រឹមតែឈរមើលពួកគេទាំងពីរពីក្រោយខ្នង មើលយ៉ាងណាក៏ពួកគេពិតជាសមគ្នាខ្លាំងណាស់។
“ឆាយ!”សំលេងមួយស្រែកពីក្រោយខ្នងឆាយ រហូតធ្វើអោយឆាយភ្ញាក់យ៉ាងខ្លាំង
“បងភ្លើង”ឆាយលាន់មាត់ ម្នាក់នេះចូលចិត្តបង្ហាញខ្លួនដោយមិនអោយដំណឹងមុនដែលធ្វើអោយឆាយភ្ញាក់រាល់លើក
“នៅឈរត្រង់នេះធ្វើអីហ្នឹង ចាំអ្នកណាមែនទេ”ភ្លើងសួរដោយញញឹម
“អត់មានចាំអ្នកណាទេ ខ្ញុំគិតកំពុងតែចង់ត្រលប់ទៅផ្ទះហើយ”ឆាយនិយាយ
“ស្មានតែចាំបង”ភ្លើងនិយាយធ្វើអោយឆាយធ្វើមុខសើៗ”បងនិយាយលេងទេចាំបាច់ធ្វើមុខបែបនេះ”ភ្លើងនិយាយដោយសើចតិចៗ ចំនែកឆាយក៏សើចតិចៗដូចគ្នាព្រោះអស់សំណើចនឹងខ្លួនឯង”នេះឆាយទំនេរទេ បើមិនថាអីទេទៅញ៉ាំបាយជាមួយបងណា៎”ភ្លើងនិយាយដោយញញឹម រហូតឆាយមិនអាចបដិសេធបាន ណាមួយឆាយក៏ចង់ប៉ាវបាយភ្លើងមួយពេលទុកជាការសុំទោសដែលខ្លួនធ្វើអោយធ្លាក់ស្បែកជើងលើភ្លើងដែរ។
ពួកគេក៏នាំគេទៅញ៉ាំអាហារនៅផ្សារទំនើបនៅជិតសាលានោះទៅ។
“នេះឆាយចូលចិត្តញ៉ាំហិលដូចបងដែរ”ភ្លើងនិយាយ ព្រោះពួកគេកុម្ម៉ង់អាហារតែមួយ និងសុំម្ទេសដូចគ្នា
“បាទ! មិននឹកស្មានថាបងភ្លើងក៏ពូកែញ៉ាំម្ទេសបែបនេះសោះ”ឆាយនិយាយដោយមុខក្រហម ព្រោះអាហារនៅទីនេះអ្នកលក់ក៏ធ្វើហិលស្រាប់នៅពេលពួកគេកុម្ម៉ង់ហិលទៀតធ្វើអោយម្នាក់ៗញ៉ាំឡើងមុខក្រហមអស់ទៅហើយ
“ថាអោយបងទេ ឆាយញ៉ាំទាល់តែមុខក្រហមអស់ទៅហើយ”ភ្លើងនិយាយដោយសើច
“មែនហើយម្ទេសនៅទីនេះហិលខ្លាំងណាស់ អ្នកលក់សុំទឹកមួយកែវទៀតមក”ឆាយនិយាយដោយផឹកទឹកស្ទើរមិនទាន់ ធ្វើអោយភ្លើងសើចដោយសប្បាយចិត្ត
ក្រោយពីញ៉ាំរួចរាល់ពួកគេក៏អង្គុយលេងនៅកៅអីដែលគេដាក់នៅកណ្តាលផ្សារ សំរាប់ភ្ញៀវឈប់សំរាក
“ឆាយ!បងសុំសួរមួយបានទេ”ភ្លើងនិយាយដោយមើលមុខឆាយ
“បាទ!មានការអីមែនទេ”ឆាយសួរដោយឆ្ងល់
“តើឆាយនិងដេតត្រូវជាអីហ្នឹងគ្នាដែល”ភ្លើងសួរទៅឆាយដោយមើលភ្នែកហាក់ចង់ដឹងចំលើយណាស់ ធ្វើអោយឆាយសំរេចចិត្តនិយាយពីរឿងដែលមា្តយរបស់គេនិងឪពុករបស់ដេតរៀបការជាមួយគ្នា
“បែបនេះសោះបានជាមើលទៅឆាយនិងដេតដូចជាមានទំនាក់ទំនងអ្វីពិសេសជាមួយគ្នា” ភ្លើងនិយាយដោយហាក់សប្បាយចិត្ត
“តែបងភ្លើង កុំនិយាយរឿងនេះអោយដេតដឹងអីព្រោះដេតគេមិនចង់អោយអ្នកណាដឺងរឿងមួយនេះទេ”ឆាយនិយាយដោយធ្វើមុខមិនសប្បាយចិត្ត
“អូខេ! បងមិននិយាយរំលឹករឿងនេះអោយដេតលឺទេ តែឆាយត្រូវធ្វើរឿងមួយអោយបង”ភ្លើងនិយាយដោយញញឹមស្រស់
“រឿអីទៅ”ឆាយធ្វើមុខឆ្ងល់ទៀតហើយ

“ទៅមើលកុនជាមួយបងណា៎”ថាហើយភ្លើងក៏អូសឆាយទៅរោងកុនដោយសប្បាយចិត្ត។