November 24, 2013

True love chapter15 (The end)

ថ្ងៃទី២៤ ថ្ងៃខួបកំណើតសានក៏មកដល់អំណត់ត្រូវវិច្ឆ័យអូសទៅទិញសំលៀកបំពាក់ និងធ្វើសក់ដែលមើលទៅហាយសូខ្លាំងណាស់។ ដំបូងអំណត់មិនព្រមទេព្រោះចង់ធ្វើខ្លួនធម្មតាៗនិងតាមលទ្ធភាពខ្លួន តែវិច្ឆ័យមិនព្រមព្រោះគេថាកម្មវិធីនេះសានហៅមិត្តភក្តិសុទ្ធតែកូនអ្នកមានចូលរួមក្នុងកម្មវិធីនោះ វិច្ឆ័យចង់អោយអំណត់ចូលចំណោមគេ មិនចង់អោយអ្នកដទៃមើលមកអំណត់បែបមើលងាយនោះទេ។
ម៉ោងប្រាំមួយល្ងាចនៅផ្ទះសាន
“នេះផ្ទះរឺក៏វាំងនឹងធំម្ល៉េះ មិននឹកស្មានថាសានមានដល់ថ្នាក់នេះសោះ”អំណត់លាន់មាត់ ពិតជាដូចសំដីវិច្ឆ័យមែន មិត្តភក្តិរបស់សានសុទ្ធតែអ្នកមានព្រោះមើលតាមសំលៀកបំពាក់ គ្រឿងលំអរនឹងរថយន្តក៏អាចទាយបានយ៉ាងស្រួល ផ្ទះសាន់មិនត្រឹមតែធំទេនៅមានការរៀបចំបានល្អខ្លាំងណាស់ នៅមានបញ្ហាមួយទៀតដែលអំណត់កំពុងតែគិត សានធ្លាប់នៅនិយាយថាផ្ទះគេមិនបាន១ភាគ៤នៃផ្ទះរបស់វិច្ឆ័យនៅឯប្រទេសបារាំងផង អញ្ជឹងផ្ទះវិច្ឆ័យធំប៉ុណ្ណាទៅ?????
“ក៏ប្រាប់ហើយមែនទេនៅតែមិនជឿ នេះនៅចង់ស្លៀកពាក់បែបនោះមកទៀត”វិច្ឆ័យសំដៅទៅនឹងអាវយឺតខោខាប៊ូយដែលអំណត់ស្លៀកកាលពីល្ងាចមិញ ចំនែកឯអំណត់ក៏សំលក់វិច្ឆ័យ”ដឹងហើយៗៗ ចង់និយាយថាទោះអូនក្រក៏អូនមិនដែលសុំបាយអ្នកណាញ៉ាំ អូនរស់បែបជារបស់អូនគឺល្អបំផុតមែនទេ”វិច្ឆ័យផ្តើមនិយាយធ្វើអោយអំណត់សើចតិចៗ”តែពេលខ្លះការរៀបចំខ្លួនអោយចុះនឹងសង្គមដែលយើងកំពុងឈរនេះក៏វាសំខាន់ដែល ព្រោះគេអាចគិតថាអូនជាសត្វចំលែកណា៎”វិច្ឆ័យបន្ថែមធ្វើអោយអំណត់ជ្រួញចិញ្ចើម
“អញ្ជឹងបានជាអូនមិនចូលចិត្តសេពគប់កូនអ្នកមាននោះ ព្រោះភាគច្រើនកូនអ្នកមានតែងតែរើសអើងអ្នកក្រ ដូចជាបងជាដើម”អំណត់និយាយ
“ហេតុអីក៏រាប់បងបញ្ចូលដែល បងមិនមែនជាមនុស្សបែបនេះអូនក៏ដឹងហើយមែនទេ”វិច្ឆ័យនិយាយបែបស្រទន់ៗ
“មិនដឹង មិនយល់ ព្រោះបងឯងជាមនុស្សចំលែក”អំណត់និយាយតិចៗ
“ចំលែកត្រង់ណាទៅ”វិច្ឆ័យឆ្ងល់
“ប្រុសល្អជា នឹងគេសោះ ហេតុអីមកស្រលាញ់ប្រុសដូចគ្នាមិនយល់សោះ”អំណត់និយាយដោយសើចខ្លាំងៗ
“នេះចង់ថាអោយបងផងមែនទេ”វិច្ឆ័យធ្វើមុខហួសចិត្តចំនែកអំណត់សើចកាន់តែខ្លាំង”ចុះអ្នកណាដែលបងស្រលាញ់មិនមែនអូនទេអី នៅមានមុខមកនិយាយបែបនេះទៀតបែបនេះត្រូវតែពិន័យមួយហើយ”វិច្ឆ័យស្ទុះទៅចាប់ថើបអំណត់ ចំនែកឯអំណត់ក៏រើបំរាស់
“ធ្វើអីហ្នឹងប្រយ័ត្នគេឃើញ មិនចេះខ្មាស់គេទេអី”អំណត់យកដៃមកពាំងមុខ
“អញ្ជឹងក៏ព្រមតាមសំរួលមក កុំអោយបងបង្ខំទាន់”វិច្ឆ័យនិយាយដោយសើច
“អត់”អំណត់ក៏និយាយដោយសើច
“តុកៗៗ”មានសំលេងគាំកញ្ជក់ឡានធ្វើអោយពួកគេទាំងពីរនាក់ភ្ញាក់យ៉ាងខ្លាំង វិច្ឆ័យក៏ប្រញាប់បើកកញ្ជាក់ឡាន”នេះនៅល្អូកល្អើននឹងគ្នាដល់ពេលណាទៀតទើបចុះពីឡាន មិនខ្មាស់ម្ចាស់កម្មវិធីខ្លះទេអី”សាននិយាយដោយធ្វើមុខដឺដែលគួរអោយចង់ធាក់បំផុត
“ងាត់ទៅអាសានចេះមករំខានសេក្តីសុខរបស់អ្នកដទៃទៅកើត”វិច្ឆ័យរអ៊ូដោយទឹកមុខធុញ មនុស្សកំពុងមានស្នេហាតែបែបនេះហើយសាន
“យើងអាចទទួលយកស្នេហារបស់ពួកឯងបានតែភ្ញៀវយើងប្រហែលមិនទំលាប់ស្នេហាសម័យថ្មីរបស់ពួកឯងនោះទេ មេត្តារក្សាសណ្តាប់ធ្នាប់ខ្លះផងបានទេមិត្តសំលាញ់”សានកាន់តែនិយាយកាន់តែដុតមនុស្ស
“សាន!យើងគិតថាឯងមិនបាច់ធ្វើពីធីខួបកំណើតទេ ចាំយើងនាំឯងទៅផ្លុំទៀនក្នុងលូវិញប្រសើរជាង”វិច្ឆ័យនិយាយដោយចុះពីឡាន
“និយាយលេងទេពួកម៉ាក!! មិនបាច់ចិត្តល្អដល់ថ្នាក់ហ្នឹងទេ”សាននិយាយរួចក៏បាត់ខ្លួនទៅមុននឹងបានកាដូពិសេសពីវិច្ឆ័យ
“សាននេះកំប្លែងដល់ហើយ”អំណត់និយាយដោយចុះពីលើឡាន
“ចុះប្រាប់ហើយតើថាមនុស្សវានេះគូរអោយរាប់អានបំផុត តោះអូនចូលកម្មវិធីទៅ”វិច្ឆ័និយាយរួចក៏ចូលក្នុងកម្មវិធីជាមួយអំណត់
គ្រាន់តែចូលកម្មវិធីភ្លាមមានស្រីៗជាច្រើនសំលឹងវិច្ឆ័យនិងអំណត់ ព្រោះម្នាក់ៗសុទ្ធតែសង្ហារខ្លាំងណាស់។ ការសំលឹងនេះធ្វើអោយអំណត់រឹងខ្លួនខ្លាំងណាស់ព្រោះគេមិនធ្លាប់ជាទីចាប់អារម្មណ៍បែបនេះទេពីមុនមក។
“អេឆៃ!មកស្រុកខ្មែរតាំងពីអង្កាល់ មិនប្រាប់មួយម៉ាត់សោះនាក៎!”បុរសម្នាក់ដែលទំនងជាមិត្តភក្តិរបស់វិច្ឆ័យដែលអំណត់មិនដែលស្គាល់សោះ ប្រហែលមិត្តភក្តិស្គាល់គ្នានៅបារាំងហើយមើលទៅ
“អើ!លឺថាឯងឥលូវក្លាយជាថៅកែផង”វិច្ឆ័យនិយាយ ចំនែកអំណត់ដោយមិនចង់រំខានសន្ទនាក៏ដើរទៅរកអីញ៉ាំ
“ឆៃ! ខ្ញុំទៅរកអីញ៉ាំហើយណា នៅនិយាយជាមួយមិត្តភក្តិចុះ”អំណត់និយាយ
“បាទ!”វិច្ឆ័យឆ្លើយ រួចអំណត់ក៏ដើរមកតុអាហារ អូហូនេះ!គួរអោយចង់ញ៉ាំទាំងអស់ហើយសុទ្ធជាអាហារថ្លៃប្រហែលជាកុម្ម៉ង់ពីសណ្ឋាគារផ្កាយប្រាំហើយបានជាទំនងញ៉ាំបែបនេះ
កំពុងដួសអាហារដោយមិនប្រយ័ត្នក៏ប៉ះបុរសម្នាក់ដោយអចេតនា
“សុំទោស”អំណត់និយាយដោយមើលទៅបុរសនោះ តែអេដូចជាប្រហែលមុខតែចាំមិនបានជាអ្នកណា ឯបុរសនោះដូចជាផាំងពេលជួបអំណត់
“ខ្ញុំដូចជាប្រហែលៗលោក តើយើងធ្លាប់ជួបគ្នាទេ”អំណត់និយាយ​ ចំនែកឯវិច្ឆ័យឃើញអំណត់និយាយជាមួយបុរសម្នាក់នោះតែមិនចាប់អារម្មណ៍ព្រោះគិតថានិយាយគ្នាបែបធម្មតាៗក៏ងាកទៅបន្តសន្ទនាជាមួយមិត្ភភក្តិ
“អំណត់ម៉េចក៏ឆាប់ភ្លេចម៉្លេះ អញ្ជឹងចំនាំរបស់នេះបានទេ”បុរសនោះនិយាយដោយលូកដៃចូលក្នុងហ៊ោប៉ៅរួចក៏យកអ្វីម្យ៉ាងចេញមក ខ្សែករដែលសាន់អោយអំណត់ទេតើ
កាលពីប៉ុន្មានអាទិត្យមុន ថ្ងៃដែលអំណត់ជួបឧប្បត្តិហេតុចោរប្លន់…………
ឈប់ភ្លាម លឺប្រាប់អោយឈប់ទេ”ក្រោយពីស្តាប់ពាក្យអង្វរកររបស់អំណត់រួចមកបុរសនោះក៏រត់តាមចោរនោះប្រហែលជាង១០នាទីទំរាំតាមទាន់
“យីអានេះតាមស្អិតម្ល៉េះ”ចោរនោះនិយាយដោយគ្រវីកាំបិត
“ឆាប់អោយខ្សែករមកយើងវិញ យើងនឹងចាត់ទុកថាគ្មានអ្វីកើតឡើង”បុរសនោះនិយាយ
“អោយឯងស្មានតែយើងភ្លើមែនទេ”ចោរនោះនិយាយ”បើមិនចង់រស់យើងនឹងសំរេចបំនងឯង”ចោរនោះក៏ស្ទុះទៅចាក់បុរសនោះ តែគេក៏គេចទាន់រួចក៏ចាប់ដៃចោរនោះបាន ហើយក៏កាច់កដៃចោរនោះលឺតែ”ផោះ”រហូតចោរនោះលែងកាំបិតពីដៃ រួចគេក៏ដាល់មួយដៃយ៉ាងខ្លាំងហើយថែមមួយកែងទៀត នឹងពីរជើងចុងក្រោយបញ្ចប់សេក្តី បុរសនេះជាអ្នកប្រដាល់អីបានជាវៃសាហាវ​យ៉ាងនេះ គេក៏លូកយកខ្សែរកពីហ៊ោប៉ៅចោរនោះ។គាប់ជួនពេលនោះតំរួតក៏មកដល់
“មានរឿងអី”តំរួតស្ទុះមកសួរ
“បាទ! វាជាចោរប្លន់”បុរសនោះនិយាយ
“នេះឯងទៀតហើយមែនទេ តើអោយយើងដាក់គុកឯងប៉ុន្មានដងទើបរៀង”តំរួតរអ៊ូរួចក៏ដាក់  ខ្នោះអូសចោរនោះទៅកាន់ប៉ុស្តិ៍ប៉ូលីស ចោរនេះទំនងដេកក្នុងគុកច្រើនជាងដេកនៅផ្ទះផងមើលទៅ ដូចពាក្យចាស់មិនខុស លួចគេធ្លាប់ដៃ។ បុរសនោះក៏មើលទៅខ្សែរកនោះព្រោះចង់ដឹងថាមានតំលៃប៉ុណ្ណាបានជាអំណត់សូម្បីតែជីវិតក៏មិនត្រូវការ
“នេះ…………!!!”បុរសនោះកាន់ខ្សែករដែលនៅក្នុងដៃទាំងញ័រ គេចាំបានច្បាស់ណាស់កាលពី១០ឆ្នាំមុនគេបានអោយវាទៅក្មេងប្រុសម្នាក់ដែលមានឈ្មោះថា អំណត់ គេតែងតែគិតដល់មនុស្សម្នាក់នោះទាំងយប់ទាំងថ្ងៃ ហើយហេតុផលដែរគេត្រលប់មកវិញក៏ព្រោះតែគេម្នាក់នោះ។ ច្បាស់ណាស់ថាគេគឺជាសាន់ មនុស្សម្នាក់ដែលអំណត់ទន្ទឹមមើលផ្លូវទាំងយប់ទាំងថ្ងៃ។
“អំណត់………”គេស្ទើរឆ្កួតសប្បាយចិត្តផង បារម្ហពីអាការៈអំណត់ផងព្រោះអំបាញ់មិញក្បាលអំណត់ដូចជាបែកធំដែល
ពេលដែលគេមកដល់ក៏មិនឃើញអំណត់ នៅសល់តែស្លាកស្នាមឈាមដែលជាឈាមអំណត់ គេបារម្ហពីអំណត់ណាស់ ម្នីម្នាសួរអ្នកនៅក្បែរនោះតែគ្មានមនុស្សសោះធ្វើយ៉ាងម៉េចក៏រកមិនឃើញ ។ តាំងពីថ្ងៃនោះមកគេក៏ទៅចាំមើលអំណត់ព្រោះសង្ឃឹមថាប្រហែលអំណត់នឹងឆ្លងកាត់ទីនេះម្តងទៀតតែគ្មានសូម្បីស្រមោលអំណត់ គេចាំហើយចាំទៀតតែនៅតែមិនឃើញ នេះប្រហែលជាអំណត់ជិះឡានជាមួយវិច្ឆ័យហើយបានជាសាន់មិនចាប់អារម្មណ៍។
ខ្សែករខ្ញុំ អូ!ខ្ញុំចាំលោកបានហើយអរគុណលោកច្រើនណាស់ដែលជួយខ្ញុំ តែហេតុអីលោកស្គាល់ឈ្មោះខ្ញុំ”អំណត់សួរដោយឆ្ងល់
“ក៏រកកន្លែងនិយាយគ្នាសិនទៅ”សាន់និយាយដោយដើរចេញពីកន្លែងកម្មវិធីមកសួនច្បារខាងក្រោយផ្ទះ”ខ្ញុំនៅដឹងថាអំណត់មិនចូលចិត្តរបស់ផ្អែម ចូលចិត្តផឹងតែក្រូចឆ្មា របស់ដែលអំណត់ស្រលាញ់ជាងគេគឹប៉េងប៉ោងព្រោះជាកាដូថ្ងៃបុណ្យកំណើតកាលពីអាយុ៨ឆ្នាំរបស់អំណត់ អំណត់ជាមនុស្សមិនខ្លាចខ្ពស់ទេចូលចិត្តលេងអីដែលរន្ធត់ៗ ហើយនៅមានទៀតខ្សែករនេះតំបូងជារបស់ក្មេងប្រុសម្នាក់ឈ្មោះសាន់ទេ តែកាលពី១០ឆ្នាំមុនក្រោយគេចាកចេញទៅក៏អោយវាទៅអំណត់”សាន់និយាយដោយញញឹម
“ហេតុអីលោកដឹងរឿងសាន់”អំណត់និយាយដោយមើលទៅខ្សែករដោយទឹកភ្នែករលីងរលោង
“ព្រោះខ្ញុំជាក្មេងប្រុសម្នាក់នោះ សាន់”សាន់និយាយដោយញញឹម ឯអំណត់សឹងមិនជឿត្រចៀកខ្លួនឯងមនុស្សប្រុសដែលឈរនៅចំពោះមុខគេជាមនុស្សម្នាក់ដែលគេរង់ចាំអស់១០ឆ្នាំទៅហើយ ពិតទេ
“នេះពិតជាសាន់មែនរឺ”អំណត់និយាយដោយទឹកភ្នែកស្រក់មក
“បាទ! ក្មេងតូចឈប់យំមើលទៅស្រីទៅមើល ត្រូវចាំណាខ្ញុំជាទេវតាដែរអាចធ្វើអោយអំណត់ញញឹម ពេលនៅក្បែរខ្ញុំហ៊ាមយំ”សាន់និយាយដាក់អំណត់ ច្បាស់ណាស់សំដីនេះមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលបាននិយាយដាក់គេ គឺសាន់
“សាន់”អំណត់ស្ទុះទៅអោបសាន់ដោយក្តីរំភើប”ហេតុអីយូរយ៉ាងនេះដឹងទេ១០ឆ្នាំហើយ ហេតុអីក៏អោយខ្ញុំចាំយូរយ៉ាងនេះ”អំណត់និយាយដោយអោបសាន់យ៉ាងណែន
“សុំទោស  ខ្ញុំក៏នឹកដល់អំណត់ដូចគ្នា”សាន់និយាយពេលនេះភ្នែកគេក៏ចាប់ផ្តើមក្រហមដូចគ្នា
“ទីបំផុតខ្ញុំក៏បានជួបសាន់ ខ្ញុំ………សប្បាយចិត្តណាស់អំណត់និយាយដោយយំមិនឈប់
ឈប់យំទៅក្មេងល្ងង់ ប្រាប់ហើយពេលនៅជាមួយខ្ញុំហាមយំត្រូវតែសើចលឺទេ”សាន់និយាយដោយទាញអំណត់មកជូតទឹកភ្នែកអំណត់
“លែងអំណត់ភ្លាម”សុខៗវិច្ឆ័យក៏ស្រែកឡើងដោយនៅក្បែរនោះមានសានផងដែរ វិច្ឆ័យខឹងខ្លាំងណាស់ក្តាប់ដៃយ៉ាងណែន ហើយក៏ស្ទុះទៅដាល់សាន់មួយដៃ”ឯងជាអ្នកណាក៏ហ៊ានមកអោបអំណត់”
“ឈប់ណាឆៃ”អំណត់ស្ទុះទៅលើកសាន់ មួយដៃនេះខ្លាំងមែនសាន់បែកមាត់ទៅហើយ
“គេជាអ្នកណាបានជាអំណត់បណ្តោយអោយគេអោបយ៉ាងនេះ”មិនចំលែកទេក្នុងចិត្តវិច្ឆ័យអំណត់មិនត្រឹមជាសង្សារតែជាប្រពន្ធទៅហើយ អ្នកណាទៅអោយប្រពន្ធខ្លួនអោបមនុស្សផ្សេងងាយៗនោះ
“ឆៃឈប់មកធ្វើចរិកអន្ធពាលនៅម្តុំនេះទៅ”អំណត់ស្ទុះមកនិយាយជាមួយវិច្ឆ័យ
“អន្ធពាល!! ទៅធ្វើស្អីជាមួយវាខ្លះហើយបានជានិយាយសំដីបែបនេះដាក់បង”វិច្ឆ័យមានអារម្មណ៍ថាឈឺពើតៗ
“ផាច់!!”អំណត់ទះវិច្ឆ័យមួយកំផ្លៀងព្រោះសំដីមើលងាយរបស់វិច្ឆ័យ គិតបែបណាពេលមនុស្សដែរខ្លួនស្រលាញ់និយាយបែបនេះដាក់ខ្លួន
“អំណត់វៃបងព្រោះវា”ឆៃកាន់មុខខ្លួនឯង ឈឺលើមុខមិនដូចឈឺក្នុងចិត្តទេ
“មួយកំផ្លៀងនេះសំរាប់ពាក្យងាយរបស់ឆៃ គ្មានអ្នកណាទៅធ្វើនិងគិតរឿងស្មោកគ្រោកដូចឆៃនោះទេ”អំណត់និយាយខ្លាំង
“បានបងវាលាមក បងវាស្មោកគ្រោក បងវាមិនល្អដូចអាម្នាក់ដែលនោះទេតាំងពីដើមមកអូនមិនដែលភ្លេចវាទេបងគួរតែដឹងខ្លួនហើយថាបងគួរតែនៅត្រង់ណា”ឆៃនិយាយដោយដើរចេញទៅដោយមិនងាកក្រោយ
ចំនែកឯអំណត់ក៏អង្គុយចុះ(តាំងពីដើមមកអូនមិនដែលភ្លេចវាទេបងគួរតែដឹងខ្លួនហើយថាបងគួរតែនៅត្រង់ណា)សំដីនេះដូចជាកាំបិតរាប់ពាន់ចាក់ក្នុងដួងចិត្តអំណត់
“ហេតុអីមិនតាមគេ មិនខ្លាចបាត់បង់គេទេអី”សាន់មិននិយាយដោយកាន់ស្មាអំណត់
“សាន់”អំណត់និយាយដោយមើលមុខសាន់
“ខ្ញុំមើលដឹងថាអំណត់ស្រលាញ់បុរសម្នាក់នោះប៉ុណ្ណា ខ្ញុំត្រលប់មកវិញព្រោះចង់ឃើញអំណត់រីករាយនិងញញឹម មិនមែនឃើញអំណត់យំទេយល់ទេព្រោះខ្ញុំជាទេវតានាំអោយអំណត់ញញឹម!!”សាន់និយាយដោយញញឹម
“អរគុណសាន់! សាន់ជាមិត្តភក្តិល្អបំផុតរបស់ខ្ញុំ សាន់ទុកខ្សែករនេះទៅ ទុកអោយអ្នកដែលសាន់ស្រលាញ់ ខ្ញុំសង្ឃឹមថាសាន់នឹងរកឃើញមនុស្សដែលសាន់ស្រលាញ់ពិតប្រាកដ”អំណត់ក៏ស្ទុះទៅតាមវិច្ឆ័យ
“សាន់ហេតុអីឯងនៅទីនេះបាន!”សុខៗសានដែលនៅក្បែរនោះសួរ
“គឺគ្នាលួចមកហ្នឹងណា ចង់មកជួបមុខអំណត់ហើយបន្តស្នេហាកាលពី១០ឆ្នាំមុនតែឥលូវប្រហែលជាអស់សង្ឈឹមហើយ”សាន់និយាយដោយទំលាក់ទឹកមុខចុះ
“ទោះគ្នាមិនសូវយល់ពីស្នេហាពួកឯងតែគ្នាអាចនិយាយថា​ លះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់ប្រហែលជាសេក្តីសុខមួយ”សាននិយាយ ម្នាក់នេះជាព្រានានារីសុទសាធបែរជាអាចយល់ពីស្នេហាបានពិតជាចំលែកណាស់ ។ប្រហែលសានជាព្រាននារីព្រោះគេនៅរកមិនទាន់ឃឃើញមនុស្សដែលធ្វើអោយខ្លួនស្គាល់ពាក្យគ្រប់គ្រាន់តែប៉ុណ្ណោះ
“មែនហើយ សង្ឃឹមថាពួកគេសប្បាយចិត្ត! មែនហើយគួរតែណែនាំកំលោះគួរអោយស្រលាញ់ដូចអំណត់អោយយើងស្គាល់ខ្លះហើយ”សាន់និយាយដោយយកខ្សែករទុកក្នុងហោប៉ៅវិញ
“មិត្តភក្តិយើងមិនមែនជាខ្ទើយដូចពួកឯងទេ”សាន់និយាយដោយសើចក្អាកក្អាយ អ្នកទាំងពីរក៏គៀកស្មាគ្នាចូលក្នុងកម្មវិធីវិញ
និយាយពីវិច្ឆ័យក្រោយពីដើរចេញពីអំណត់គេដើរដូចគ្មានវិញ្ញាណត្រលប់មកឡានវិញ រូបភាពគេប្រលែងគ្នាជាមួយអំណត់នៅក្នុងឡានអំបាញ់មិញក៏ផុសឡើងកាន់តែធ្វើអោយវិច្ឆ័យឈឺចាប់
“ហេតុអី”វិច្ឆ័យស្រែកដោយវៃឡានមួយដៃយ៉ាងខ្លាំង ដោយមិនគិតពីតំលៃឡាន(មិនបារម្ហពីដៃតួឯកប្រុសបែរជាបារម្ហពីឡានតួឯកប្រុសយ៉ាប់មែនខ្ញុំ) តែសុខៗក៏មានដៃមួយគូរមកលូកអោយវិច្ឆ័យពីក្រោយខ្នង
“អូនសុំទោស”អំណត់និយាយដោយយំ វិច្ឆ័យផាំងនឹងទង្វើនេះ ក៏បែរខ្នងដើម្បីអោយច្បាស់ថាពិតជាអំណត់មែន”កុំខឹងនឹងអូនអី អូនសុំទោស អូនគ្មានចេតនាទះបងមួយកំផ្លេងនោះទេ អូននឹងសាន់គ្រាន់តែជាមិត្តភក្តិ អូននឹងគេ………”អំណត់មិនទាន់និយាយចប់ផងក៏ត្រូវវិច្ឆ័យអោនមកថើប ការថើបនេះពិតជាទន់ភ្លន់នឹងកក់ក្តៅណាស់ក្រោមព្រះចន្ទពេញវង់ ខ្លួនអំណត់បែរជាស្រាល លើផ្ទៃមុខដែលនៅដាមទឹកភ្នែក។ តាំងពីហេតុការណ៍នៅលើកោះទន្សាយមក វិច្ឆ័យមិនដែលប៉ះពាល់ខ្លួនអំណត់ទេព្រោះគេនៅតែស្តោកស្តាយកំហុសរបស់គេធ្វើលើអំណត់។
“ត្រូវចងចាំទោះអូនធ្វើអ្វីដាក់បងក៏បងមិនដែលខឹង មិនដែលស្អប់អូនដែល កុំយំបែបនេះទៀតដឹងទេបងពិបាកចិត្តប៉ុណ្ណា”វិច្ឆ័យនិយាយដោយជូតទឹកភ្នែកលើថ្ពាល់អំណត់
“ឆ័យអូនស្រលាញ់បង”អំណត់ស្ទុះអោបវិច្ឆ័យយ៉ាងណែន
“បងក៏ដូចគ្នា ស្រលាញ់អូនណាស់សំណប់ចិត្ត”វិច្ឆ័យអោបអំណត់យ៉ាងណែនដូចគ្នា
កុំថាឡើយអ្នកនិពន្ធសូម្បីទេវតាក៏ច្រណែននឹងគូរស្នេហ៍មួយគូរនេះដែរ ថាអញ្ជឹងទេមិត្តអ្នកអានទាំងអស់គ្នា……………
ក្រោយចប់កម្មវិធីវិច្ឆ័យក៏ជូនអំណត់ត្រលប់មកផ្ទះវិញ តែចំលែកណាស់សុខៗនៅមុខផ្ទះអំណត់ក៏មានឡានទំនើបពីរគ្រឿងនៅឈប់មុខនោះ
“អូនឡានអ្នកណាហ្នឹង”វិច្ឆ័យសួរដោយឆ្ងល់
“អូនក៏មិនដឹងដែរគ្រួសារអូនមិនដែលមានទំនាក់ទំនងនឹងអ្នកមានឯណាដែរ”អំណត់និយាយដោយឆ្ងល់ដូចគ្នារួចគេក៏ចុះពីឡាន
“បងថាបងចូលទៅដែល ព្រោះមើលទៅដូចចំលែកៗ”វិច្ឆ័យនិយាយ ចំនែកឯអំណត់ក៏ងក់ក្បាល
“លោកតាលោកយាយ………”វិច្ឆ័យផ្លាត់សំលេងពេលឃើញលោកតាលោកយាយរបស់ខ្លួននៅអង្គុយក្នុងផ្ទះអំណត់ដែលទល់មុខនោះជាប៉ាម៉ាក់អំណត់ដែលកំពុងសំលឹងមករកពួកគេ ប៉ុន្តែអ្នកភ័យជាអំណត់ទៅវិញទេមើលទៅលោកតាលោកយាយវិច្ឆ័យថ្លៃថ្នូរខ្លាំងណាស់តាមការស្លៀកពាក់នឹងអត្តចរិក ព្រមជាមូយអង្គរក្សចំនួនប្រាំមួយនាក់ទៀតពិតជាធ្វើអោយអំណត់លេបទឹកមាត់ខានមិនបាន
“ជំរាបសួរលោកតាលោកយាយ”អំណត់លើកដៃសំពះតាមទំនៀមទំលាប់គោរពចាស់ទុំ
“អ្នកណាជាលោកតាលោកយាយរបស់ឯង”សំដីលោកយាយរបស់វិច្ឆ័យធ្វើអោយអំណត់បែកញើសទៅហើយ
“អំណត់មិនបាច់និយាយអីទេ! ហេតុអីក៏លោកតាលោកយាយមកដល់ទីនេះបាន ហើយមកមានការអ្វីដែរ”វិច្ឆ័យនិយាយដោយមិនចាប់អារម្មណ៍នឹងអំនាចដែលភាយចេញពីខ្លួនតានិងយាយរបស់គេ
“គឺមកយកឯងទៅវិញហ្នឹង គិតរឺថាគេចពីតាយាយបាន”លោកតាវិច្ឆ័យនិយាយម្តងសំលេងកាន់តែគួរអោយខ្លាច
“អ្នកណាគេចពីតាយាយ ខ្ញុំធំហើយខ្ញុំមានសិទ្ធរស់នៅរបស់ខ្ញុំមិនបាច់តាយាយមកបារម្ហទេ”វិច្ឆ័យនិយាយ
“នេះឯងដុះស្លាបហើយមែនទេ បានជាហ៊ាននិយាយបែបនេះដាក់យើង គឺអាក្មេងម្នាក់នេះបង្រៀនឯងមែនទេ”យាយវិច្ឆ័យនិយាយដោយងាកទៅមើលអំណត់ កែវភ្នែកមួយគូរនោះពោលពេញដោយភាពស្អប់ខ្ពើមនឹងមើលងាយរហូតអំណត់មិនហ៊ានប្រឈមរួចទំលាក់ភ្នែកចុះ
“នេះរឺមនុស្សដែលឯងស្រលាញ់ ឯងចង់អោយតាយាយស្លាប់ដោយឃើញត្រកូលយើងគ្មានអ្នកបន្តពូជរឺ”តាវិច្ឆ័យនិយាយ ពេលលឺពាក្យនេះអំណត់ភ្ញាក់ផ្អើលជាខ្លាំង ពេលគេក្រលេកទៅលើតុក៏ឃើញរូបភាពស្និទ្ធិស្នាលរបស់គេនិងវិច្ឆ័យជាច្រើននៅលើតុ ហើយពេលសំលឹងទៅប៉ាម៉ាក់របស់គេក៏ឃើញកែវភ្នែកអស់សង្ឃឹមកំពុងសំលឹងរកគេ
“ការបន្តវង់ត្រកូលវាសំខាន់ប៉ុណ្ណាទៅ វាសំខាន់ជាជាងសេក្តីសុខរបស់ចៅប្រុសខ្លួនឯងទៀតមែនទេ”វិច្ឆ័យនិយាយខ្លាំង
“បើឯងជ្រើសរើសនារីណាមកពីណាក្នុងត្រកូលអន់ប៉ុណ្ណាក៏តាយាយអាចទទួលយក តែមិនមែនជាមនុស្សប្រុសនោះទេ នេះឯងចង់អោយគេមើលងាយគ្រួសារយើងប៉ុណ្ណាទៀត”តាវិច្ឆ័យតំលើងសំលេង
“មួយម៉ាត់កិត្តិយស ពីម៉ាត់មុខមាត់គ្រួសារ ចុះខ្ញុំ!តាយាយមានគិតដល់ចៅប្រុសម្នាក់នេះទេគេស្រលាញ់អ្នកណា ត្រូវការអ្នកណា”វិច្ឆ័យនិយាយដោយកាន់ដៃអំណត់”ខ្ញុំស្រលាញ់នឹងរៀបការជាមួយតែមនុស្សម្នាក់ដែលខ្ញុំកំពុងកាន់ដៃប៉ុណ្ណោះ ម្នាក់នោះគឺអំណត់”វិច្ឆ័យនិយាយខ្លាំងៗឯអំណត់ក៏មិនហ៊ាននិយាយអ្វី
“តែមិនមែនជាកូនប្រុសរបស់ខ្ញុំទេ”សុខៗប៉ាអំណត់ក៏និយាយឡើងមក
“ប៉ា”អំណត់និយាយដោយទឹកមុខអស់សង្ឃឹម អ្វីដែលគេខ្លាចបំផុតគឺគ្រួសាររបស់គេមិនគាំទ្រស្នេហាគេនឹងវិច្ឆ័យ ចំនែកឯវិច្ឆ័យក៏ដូចគ្នា
“អំណត់ហេតុអី ហេតុអីក៏កូនក្លាយជាបែបនេះ ប៉ាដឹងឆៃជាមនុស្សល្អតែគេមិនមែនជាមនុស្សដែលកូនគួររស់នៅជាមួយទេ ប៉ាមានសង្ឃឹមខ្ពស់លើកូនណាស់តែងចង់ឃើញកូនមានសេក្តីសុខអាចរស់នៅមានគ្រួសារមានប្រពន្ធ មានកូន តើហេតុអី”ប៉ាអំណត់និយាយដោយហូរទឹកភ្នែកមក
“នេះប៉ាយំ! អោយកូនសុំទោស”អំណត់លុតជង្គង់ចុះ តាំងពីកើតមកគេមិនដែលឃើញប៉ាគេយំទេប៉ាគេជាបុរសរឹងមាំ ជាប្តីដ៏ល្អ ជាប៉ាដ៏ល្អ ទោះជាលំបាកយ៉ាងណាអោយតែគ្រួសារបានសុខគាត់តែងតែញញឹមទោះពងទាមួយ បាយប្រាំរយ ក៏គ្រួសារគេបីនាក់អាចញ៉ាំដោយមានសុភមង្គលដែល”កូនពិតជាសុំទោស កូនមិនល្អ កូនធ្វើអោយប៉ាម៉ាក់អស់សង្ឃឹម”អំណត់បន្ទោសខ្លួនឯងបន្តើរយំបន្តើរ គេពិតជាពិបាកទ្រាំណាស់ពេលឃើញប៉ាម៉ាក់គេពិបាកចិត្ត
“កុំបែបនេះអីកូនសំលាញ់ ម៉ាក់គួរតែមើលដឹងពីដំបូងហើយហាមឃាត់កូនមិនគួរអោយកូនលង់ខ្លួនជ្រៅដល់យ៉ាងនេះ”ម៉ាក់អំណត់ស្ទុះមកអោបអំណត់ទាំងទឹកភ្នែក គាត់អាចមើលដឹងថាអំណត់ស្រលាញ់វិច្ឆ័យប៉ុណ្ណា”បងឈប់ថាអោយកូនទៀតទៅ”ម៉ាក់អំណត់ងាកមកថាអោយប៉ាអំណត់
“តែម៉ាក់វាឯងមើលវាទៅ វាកំពុងតែចង់ប្រាប់ថាវាជាខ្ទើយហើយណា៎”ប៉ាអំណត់ស្រែកលឺថែមទាំងចង្អុលមុខអំណត់ នេះជាលើទីមួយហើយដែលប៉ារបស់អំណត់ប្រើពាក្យ”វា”ជាមួយគេ
“ចុះយ៉ាងម៉េច ហើយមិនមែនកូនយើងទេមែនទេ បងចង់ធ្វើអីដាក់កូនរឺលែងទទួលស្គាល់កូន បើបែបនេះអូនសុខចិត្តទៅជាមួយកូន បងនៅទីនេះមានសេក្តីសុខម្នាក់ឯងចុះ”ម៉ាក់អំណត់ស្រែកលឹៗម្តងនេះ ជាលើកទីមួយហើយដែលប៉ាម៉ាក់អំណត់តឹងសសៃកដាក់គេ កុំថាឡើយឈ្លោះគ្នានោះ រឿងកាន់តែធំដល់ថ្នាក់ប៉ាម៉ាក់អំណត់រកលែងលះគ្នាកាន់តែធ្វើអោយអំណត់មិនដឹងគួរធ្វើបែបណា
“មកពីអូនចេះតែកាន់ជើងកូនខុសរបៀបបែបនេះ ឃើញកូនធ្វើខុសហើយនៅតែជំរុញកូនទៅធ្លាក់នរកទៀត”ប៉ាអំណត់និយាយខ្លាំង
“បងទេដែលជំរុញកូនអោយដើរក្នុងផ្លូវបែបនេះនោះ ហេតុអីអោយកូនដើរលើផ្លូវដែលកូនមិនចង់ដើរ ហេតុអីមិនសប្បាយចិត្តលើផ្លូវដែលកូនជ្រើសរើស”ម៉ាក់អំណត់និយាយ
“សប្បាយចិត្ត សប្បាយចិត្តនៅពេលគេហៅកូនយើងថាអាខ្ទើយ អោយខ្ញុំសប្បាយចិត្តដែលកូនប្រុសខ្លួនឯងសុខៗចង់មានប្តី”ប៉ាអំណត់និយាយដូចចាក់ដើមទ្រូងអំណត់ អំណត់មិនអាចធ្វើអីបានក្រៅពីអង្គុយយំ
“បងល្មមៗបានហើយ បងចាំទេកាលបងបោះបង់គ្រួសារមកតាមអូន ដែលត្រូវរស់ក្រីក្ររហូតមកដល់ពេលនេះ ហេតុអីបងសុខចិត្តបោះបង់អ្វីៗទាំងអស់មកតាមអូន? ទោះយើងក្រក្រីក៏យើងសប្បាយចិត្តនឹងរស់នៅ យើងតែងធ្វើអោយគ្រួសារមួយនេះមានសេក្តីសុខនិងកក់ក្តៅរឺបងសោកស្តាយដែលមកតាមខ្ញុំ”ម៉ាក់អំណត់និយាយប្រយោគនេះដូចចាក់ចំចំនុចរបស់ប្តីខ្លួន
“មិនមែនទេបងមិនដែរសោកស្តាយនោះទេ”ប៉ាអំណត់និយាយអួលដើមក
“អំណត់គេក៏ដូចគ្នា”ម៉ាក់អំណត់និយាយ
“តែអំណត់មិនដូចគ្នានឹងយើងទេ”ប៉ាអំណត់និយាយបកស្រាយ
“បានហើយប៉ា ប៉ាមិនដែលវៃបងអំណត់រឹជេរស្តីអីអោយបងអំណត់ទេ​ ហេតុអីអោយបងអំណត់យំដល់ថា្នក់នេះ ខ្ញុំស្អប់ប៉ា”សុខៗវិជ្ជាដែលដេកនៅខាងលើក៏រត់មកអោយអំណត់ដោយទឹកភ្នែក
“គ្រួសារយើងពោលពេញដោយសុភមង្គលនឹងភាពកក់ក្តៅហេតុអីក៏ក្លាយជាបែបនេះ បងភ្ញាក់ខ្លូនទៅបងគួរតែយល់ហើយ មើលអំណត់យំប៉ុណ្ណាតាំងពីតូចដល់ធំគេដែរបែបនេះទេ”ម៉ាក់អំណត់និយាយ
“អោយប៉ាសុំទោសកូនសំលាញ់ យ៉ាងណាកូននៅតែជាកូនរបស់ប៉ា”ប៉ាអំណត់ស្ទុះមកអោបអំណត់ គ្រួសារមួយដែលធ្លាប់តែកក់ក្តៅឥលូវនៅតែកក់ក្តៅដដែល ទោះមានលាយលំទឹកភ្នែកដដែល
“អំណត់បងសុំទោស សុទ្ធតែជាកំហុសបងបានគ្រួសារអូនក្លាយជាបែបនេះ”វិច្ឆ័យក៏និយាយព្រោះតែគេទើបធ្វើអោយគ្រួសារមួយដែលធ្លាប់តែកក់ក្តៅបែរជាក្លាយជារញេរញៃបែបនេះ គេមិនដែលមានគ្រួសារកក់ក្តៅបែបនេះទេហើយរឹតតែមិនចង់បំផ្លាញវា
“បងត្រលប់ទៅបារាំងទៅ អូនមិនចង់ធ្វើអោយគ្រួសារអូនមិនសប្បាយចិត្ត រឹតតែមិនចង់ធ្វើអោយពួកគាត់យំទៀត”អំណត់ក៏និយាយតិចៗដោយគ្មានអារម្មណ៍
“ហេតុអីក៏ដេញបង ក្រែងអូនថានឹងដើរផ្លូវនេះជាមួយគ្នាមែនទេ”វិច្ឆ័យពេលនេះជាអ្នកយំម្តង
“តែបងក៏ដឹងមែនទេថាផ្លូវនេះជាផ្លូវទាល់”អំណត់និយាយដោយទឹកភ្នែក
“ទេ!អោយតែយើងជឿប្រាកដជាអាចមែនទេ”វិច្ឆ័យនិយាយដូចទំលុះចិត្តអំណត់តែអំណត់នៅតែព្យាយាមហ៊ាមចិត្តមួយនោះ
“តែបងមើលគ្រួសារអូនចុះ ហើយនៅលោកតាលោកយាយបងទៀត គ្មានផ្លូវគាត់ទទួលស្គាល់អូននោះទេ បងនៅសល់តែសាច់ញាតិពីរនាក់នេះទៀតទេ កុំធ្វើអោយពួកគាត់ពិបាកចិត្តអី បើស្នេហាយើងធ្វើអោយសាច់ញាតិខ្លួនឯងលំបាកយើងគួរតែដល់ពេលហើយដែលបញ្ចប់វា”អំណត់និយាយដោយសេក្តីឈឺចាប់បំផុត និយាយពាក្យបែកជាមួយមនុស្សដែលយើងស្រលាញ់ជារឿងសោដនាជកម្មមួយធំណាស់ សំរាប់យើងវាសំខាន់ជាងសង្រ្គាមលោកលើកទៅ២ រឺថ្ងៃអវសាន្តពិភពលោកទៅទៀត
“អូនចេះតែគិតដល់អ្នកជុំវិញខ្លួន ចុះបង!!!មនុស្សប្រុសម្នាក់នេះ អោយគេរស់នៅយ៉ាងណាពេលដែលគ្មានអូន”វិច្ឆ័យនិយាយដោយខ្ទប់ដើមទ្រូង
“បងក៏រស់តាមផ្លូវរបស់បងទៅ ​មិនខ្វះទេមនុស្សល្អៗជាងអូនរាប់រយលានដង ដែលនៅចាំបង”អំណត់និយាយយ៉ាងរំជួយចិត្តបំផុត
“តែបងមិនត្រូវការ បងស្រលាញ់តែអូនម្នាក់គត់”វិច្ឆ័យនិយាយដោយទាញអំណត់មកអោប
“អូនក៏ដូចគ្នា អូនក៏ស្រលាញ់តែបង”ទីបំផុតអំណត់ពិតជាទប់អារម្មណ៍មួយនេះមិនបានមានតែស្រែកយំអោយខ្លាំងៗ”តែអូនពិតជាមិនអាចបោះបង់គ្រួសារអូនបានឡើយ អូនចង់អោយបងយល់”អំណត់និយាយដោយអោបវិច្ឆ័យយ៉ាងណែន
“គ្រប់គ្រាន់ហើយ!ឆាប់ទៅចាប់អ្នកប្រុសតូចរបស់ឯងឡើងឡាន យប់នេះយើងត្រូវទៅប្រទេសបារាំងវិញ”យាយអំណត់ចេញបញ្ជា បុរសមាឌដូចគីងកុងទាំងប្រាំមួយនាក់ស្ទុះទៅចាប់បំបែកវិច្ឆ័យនិងអំណត់
“អំណត់ បងស្រលាញ់អូន អូនត្រូវតែចាំបងណ៎ា”វិច្ឆ័យមិនអាចស៊ូនឹងមនុស្សប្រាំមួយនាក់នោះបានទេក៏ត្រូវពួកគេចាប់ដាក់ឡានបាត់ទៅ អំណត់ចង់ឃាត់ក៏មិនដាច់ចិត្ត
“មិនសង្ឃឹមថាយើងជួបគ្នាទៀតទេ លុយមួយចំនួយនេះសង្ឃឹមថានឹងធ្វើអោយឯងដើរចេញពីជីវិតចៅប្រុសយើង”យាយអំណត់និយាយដោយហុចសែកដែលមានចំនួយទឹកប្រាក់ដ៏ច្រើនលើសលុបមកអោយអំណត់ តែអំណត់ក៏ហែកសែកនោះចោល
“សុំទោសអ្នកប្រហែលជាយល់ច្រលំហើយ ទោះពួកយើងក្រក្រីតែយើងក៏មានសេក្តីសុខដោយមិនខ្វះអ្វី ពេលខ្ញុំស្គាល់ឆ័យខ្ញុំយល់កាន់តែច្បាស់ថាលុយមិនអាចទិញសុភមង្គលបាននោះទេ អ្នកប្រហែលជាគិតថាខ្លួនមានណាស់តែខុសហើយក្រៅពីមានប្រាក់ស្អីក៏អ្នកមិនមានដែរ ហើយសុំចេញពីផ្ទះរបស់ខ្ញុំទៅវាមិនសមនឹងឋានៈអ្នកទាំងពីរទេ ហើយពួកខ្ញុំក៏មិនស្វាគមន៍អ្នកទាំងពីរដែរ”អំណត់និយាយដោយដេញតាយាយវិច្ឆ័យ មួយជីវិតគេស្អប់បំផុតអ្នកដែលជះលុយមកលើខ្លូនគេ
“ល្អយើងចាំតែមើលទេ”យាយអំណត់និយាយរួចក៏ឡើងឡានចេញបាត់ទៅ ក្រោយពីតាយាយវិច្ឆ័យចេញទៅអំណត់ដូចលែងមានកំលាំងអី្វក្នុងខ្លួនទៀតហើយ
“ម៉ាក់គេទៅហើយ គេលែងត្រលប់មកវិញហើយ”អំណត់យំយ៉ាងខ្លាំងអោបម៉ាក់របស់គេ
“កុំយំអី”ម៉ាក់អំណត់អោបអំណត់យ៉ាងណែន
“បំភ្លេចគេទៅអំណត់”ប៉ាអំណត់ក៏មកអោបអំណត់ម្នាក់ទៀត
“មែនហើយនៅសល់ប្អូនម្នាក់ទៀតដែរតើ”វិជ្ជាអោយក៏អោបអំណត់ម្នាក់ទៀត
ទោះជាពេលនេះយំអំណត់នៅតែគិតពីវិច្ឆ័យ ទោះឥលូវអំណត់ពិបាកប៉ុន្តែក៏នៅសល់គ្រួសារដែលកំពុងផ្តល់ភាពកក់ក្តៅអោយអំណត់​ ចុះវិច្ឆ័យអ្នកណាជាអ្នកផ្តល់ភាពកក់ក្តៅអោយគេ??? អំណត់ដឹងការដែលរើសគ្រួសារហើយបោះបង់វិច្ឆ័យគឺជារឿងអាត្មានិយមណាស់សំរាប់វិច្ឆ័យ។ តែក្រៅពីជំរើសមួយនេះពិតជាគ្មានជំរើសផ្សេងទៀតពិតមែន។ (សុំទោសឆៃ!តែអូនសន្យាក្រៅពីបងអូនមិនស្រលាញ់អ្នកផ្សេងទេ អូននៅតែរង់ចាំបងទោះ ១០ឆ្នាំ រឺដល់ថ្ងៃអូនលាចាកលោកនេះក៏ដោយ)
………………

ពេលវេលាដើរលឿនមែនមួយប៉ប្រិចភ្នែក៣ឆ្នាំទៅហើយ ដូចគេថាពេលវេលាដូចខ្សែរទឹកហូរគ្មានថ្ងៃត្រលប់។ តាំងពីយប់មួយនោះមកអំណត់ឃុំខ្លូនឯងក្នុងបន្ទប់រយៈពេល៣ថ្ងៃទើបធ្វើចិត្តបាន ៣ថ្ងៃនោះគេរំលឹករឿងដែលកើតឡើងរវាងគេនឹងវិច្ឆ័យ ស្នាមញញឹម ទឹកភ្នែកសុទ្ធតែដក់ក្នុងចិត្តរបស់គេគ្មានថ្ងៃអាចបំភ្លេចបាន ។ក្រោយពីថ្ងៃនោះមកអំណត់ក៏ត្រលប់មកធម្មតាវិញតែគេបានបាត់របស់ម្យ៉ាងនោះគឺ ស្នាមញញឹម។ អ្នកជឿទេ៣ឆ្នាំមកនេះអំណត់មិនដែលញញឹមសូម្បីតែម្តង។គេដូចពីមុនអញ្ជឹងពាក់ខ្សែកររបស់វិច្ឆ័យជាប់កហើយនៅតែនឹករលឹកវិច្ឆ័យរហូតមក។ ចំនែកឯសាន់នឹងអំណត់ក៏ក្លាយជាមិត្តល្អនឹងគ្នាដូចកាលពីមុនអញ្ជឹងតែសាន់ដឹងថាគេមិនអាចធ្វើអោយអំណត់ញញឹមដូចមុនបានទៀតទេ។ចំនែកឯសានពេលនេះគេមានគូរកំណាន់ចិត្តដែលមើលទៅដូចស្រលាញ់គ្នាណាស់ ម្តងនេះសានថាជាមនុស្សចុងក្រោយហើយ ហើយក៏មានគំរោងនឹងរៀបការក្នុងឆ្នាំក្រោយនេះផងដែរ។ថ្ងៃនេះជាថ្ងៃដែលអំណត់ទទួលបរិញ្ញាប័ត្រតែមិនឃើញគ្រួសារគេមកសោះមិនដឹងហេតុអី ទូរស័ព្ទទៅក៏បិទទៀតក្នុងចិត្តអំណត់បារម្ហជាខ្លាំង។
“ហេតុអីស្មានេះហើយនៅមិនទាន់មកទៀតស្មានេះទៅហើយម៉ោងមួយជាងទៅហើយ”អំណត់រអ៊ូគ្រួសារគេក៏មកថតរូបជាមួយគ្នាហើយទៅវិញសឹងតែអស់ទៅហើយ
សំលេងសារទូរស័ព្ទអំណត់ក៏រោទិ៍ឡើង
(ប៉ាម៉ាក់មានការបន្ទាន់នៅក្រុងកែប កូនជិះឡានក្រុងមករកប៉ាម៉ាក់មក ប៉ាម៉ាក់និងវិជ្ជានៅសំរាកលើកោះទន្សាយ មកក្នុងថ្ងៃនេះកុំខានណា)
“យីមានការអីក៏សំខាន់ម្ល៉េះ ម៉េចមិនប្រាប់មុខអញ្ជឹង”អំណត់ក៏ប្រញាប់ត្រលប់មកផ្ទះរៀបចំសំលៀកបំពាក់នឹងទៅទិញសំបុត្រឡានក្រុង។ឡានក្រុងក៏ឈប់នៅចំណតក្រុងកែប អំណត់ក៏ត្រូវជិះម៉ូតូកង់៣បន្ត ទំរាំតែជិះម៉ូកង់៣មកដល់កោះទន្សាយក៏ម៉ោងជិតប្រាំបួនទៅហើយ។
ចំលែកដែលគ្រាន់មកដល់ភ្លាមក៏មានអ្នកមកយួរវ៉ាលីអោយ ហើយអោយអំណត់ដើរតាមគេរហូតមកដល់កន្លែងមួយ ជាកន្លែងតែមួយដែលវិច្ឆ័យសុំអំណត់ធ្វើជាសង្សារ តែទិដ្ឋភាពដូចកាលពី៣ឆ្នាំមុនណាស់ ថង់ដែលចងដោយអំពិលអំពែកត្រូវចងពេញដើម តុកៅអីពណ៌ស នៅមានផ្កាកូឡាបនៅជុំវីញតុតែអ្វីដែលប្លែកនៅលើតុបែរជាមានផ្កាលឿងរាជមួយចង្កោមទៅវិញ។ សុខៗសំលេងភ្លេចក៏បន្លឺឡើង ជាបទតែមួយក្នុងពេលនោះទឹកភ្នែកអំណត់ស្រក់ព្រោះទិដ្ឋភាពថ្ងៃនោះក៏លេចឡើងម្តងទៀត
“អាចផ្តល់កិត្តិយសរាំជាមួយខ្ញុំបាន”សុខៗក៏មានសំលេងលឺពីក្រោយខ្នងអំណត់ សំលេងនេះច្បាស់ណាស់ជាវិច្ឆ័យ អំណត់ក៏ប្រញាប់ងាកក្រោយភ្លាម
“ឆៃ!!ហេតុអី……”នៅចំពោះមុខគេជាបុរសម្នាក់ដែលគេស្រលាញ់ជាងគេក្នុងមួយជីវិតនេះហើយក៏មិនគិតថាបានជួបគេម្តងទៀតទេ ទឹកភ្នែកភ្នែកក៏ស្រក់មកដូចជាបាក់ទំនប់
“កុំនិយាយអីរាំជាមួយបងមួយបទសិនណា៎”វិច្ឆ័យនិយាយដោយជូតទឹកភ្នែកអំណត់រួចក៏ទាញអំណត់មករាំជាប់នឹងដើមទ្រូង។ អំណត់នៅមិនយល់អ្វីទាំងអស់ មិនទាំងដឹងថានេះជាសុបិន្តរឺជាការពិតផង តែគេមិនខ្វល់ទេព្រោះគេបាននៅជិះមនុស្សដែលគេស្រលាញ់គឺគ្រប់គ្រាន់ហើយ
“នេះជាសុបិន្តរឺក៏ជាការពិតទៅឆៃ”អំណត់និយាយ”បើជាសុបិន្តអូនសូមយល់សុបិន្តនេះជារាងរហូតមិនភ្ញាក់ជាដាច់ខាត”
“ក្មេងល្ងង់ប្រាកដជាការពិតហើយ”វិច្ឆ័យនិយាយដោយញញឹមយ៉ាងកក់ក្តៅ លឺសំដីអំណត់និយាយអំបាញ់មិញគេក៏ទាញអំណត់មកអោបកាន់តែណែន
បានមួយសន្ទុះភ្លេងក៏ចប់វិច្ឆ័យក៏លុតជង្គង់ម្ខាង រួចដកប្រអប់មួយចេញពីហោបៅ
“រៀបការនឹងបងណា៎”វិច្ឆ័យបើកប្រអប់មកជាចិញ្ចៀនពេជ្របែបសាមញ្ញាព្រោះវិច្ឆ័យដឹងថាអំណត់ជាមនុស្សចូលចិត្តអី្វដែលសាមញ្ញ “លើកមុនបដិសេធបង លើកនេះហ៊ាមបដិសេធជាដាច់ខាតព្រោះបដិសេធគ្មានប្រសិទ្ធភាព”វិច្ឆ័យនិយាយទាំងលេងសើច ចំនែកឯអំណត់និយាយមិនចេញសើចផងយំផង បានត្រឹមងក់ក្បាលបញ្ជាក់ថាយល់ព្រម វិច្ឆ័យក៏សូកចិញ្ចៀនចូលម្រាមដៃនាងខាងឆ្វេងរបស់អំណត់
“យេ!​ប្រពន្ធសំលាញ់”វិច្ឆ័យចាប់ពរអំណត់ឡើង
សុខៗក៏មានកាំជ្រួចបាញ់ឡើង
“យេជួយអបអរ”មនុស្សជាច្រើនចេញមក មានប៉ាម៉ាក់អំណត់ វិជ្ជា លោកតាលោកយាយវិច្ឆ័យ សាន និងសាន់
“លោកប៉ាអ្នកម៉ាក់ លោកតាលោកយាយវិច្ឆ័យ សាន សាន់ វិជ្ជានេះ………”អំណត់ផាំងពេលឃើញអ្នកទាំងអស់គ្នា
“គឺទីបំផុតលោកតាលោកយាយយល់ព្រមរឿងយើងទាំងពីរហើយ”វិច្ឆ័យនិយាយដោយញញឹមឡើងភ្នែកតូច
“ដោយរបៀបណា”អំណត់សួរអោយឆ្ងល់
“គឺពាក្យមួយម៉ាត់របស់ចៅនោះ និយាយត្រូវតានិងយាយក្រៅពីទ្រព្យសម្បត្តិពិតជាគ្មានអ្វីមែន តានិងយាយពិតជាមិនចង់ឃើញវិច្ឆ័យត្រូវដូចតានិយាយយាយនោះទេ”យាយវិច្ឆ័យនិយាយដោយញញឹម មានអារម្មណ៍ថាកក់ក្តៅដូចស្នាមញញឹមរបស់វិច្ឆ័យមិនខុស
“ណាមួយឥលូវយើងមានចៅប្រុសម្នាក់ទៀតបន្តត្រកូល ហើយសន្យាបង្កើតចៅទួតអោយតាមួយឡូទៀតផង”តាវិច្ឆ័យនិយាយដោយពរវិជ្ជា
“វិជ្ជា”អំណត់កាន់តែមិនយល់
“មែនហើយពេលនេះវិជ្ជាក្លាយជាចៅធម៌របស់ពួកគាត់ហើយ”ម៉ាក់អំណត់និយាយ
“ចុះប៉ាម៉ាក់”អំណត់កាន់តែមិនយល់
“គឺការពីប៉ុន្មានខែមុនវិច្ឆ័យមកលុតជង្គង់សុំអង្វរប៉ានិងម៉ាក់ តែប៉ាចង់អោយកូនរៀនអោយចប់សិន នេះមិនទាន់ចប់ស្រួលបួលផងក៏ទាមទារអោយប៉ាលើកកូនទៅអោយទៅហើយ”ប៉ាអំណត់និយាយដោយញញឹម”សុំទោសដែលកន្លងមកប៉ាមិនយល់ពីកូន អោយកូនរស់នៅដោយពិបាកចិត្តជាង៣ឆ្នាំមកនេះ ដឹងទេកាលដែលឃើញកូនខ្លួនឯងមិនដែលញញឹមបែបនេះប៉ាម៉ាក់ពិបាកចិត្តប៉ុណ្ណា”ប៉ាអំណត់និយាយដោយក្តុកក្តួល
“ប៉ាម៉ាក់”តែអ្នកដែលក្តុកក្តួលបំផុតជាអំណត់ទៅវិញទេ គេរត់ទៅអោបប៉ាម៉ាក់របស់គេ”កូនស្រលាញ់ប៉ាម៉ាក់បំផុត”អំណត់ក៏យំព្រោះតែរំភើបនឹងគុណមាតាបិតារបស់គេ
“ប៉ានិងម៉ាក់ក៏ស្រលាញ់កូនដូចគ្នា រឹតតែចង់អោយកូនមានសេក្តីសុខ”ប៉ាម៉ាក់អំណត់ក៏យំដូចគ្នា
“ថ្ងៃនេះកុំយំអី គួរតែសប្បាយចិត្តមែនទេពូមីង”សាន់និយាយ
“មែនហើយពេលណាពួកឯងរៀបការទៅ”សានសួរ
“ចុងខែនេះបន្ទាប់ពីរៀបចំឯកសារអោយអំណត់នឹងគ្រួសារទៅនៅប្រទេសបារាំង ពួកឯងក៏ត្រូវទៅចូលរួមដែលណា៎”វិច្ឆ័យឆ្លើយយ៉ាងរីករាយ
“ទៅនៅប្រទេសបារាំង???”អំណត់ចាប់ផ្តើមឆ្ងល់ទៀតហើយ
“គឺបងនិយាយជាមួយលោកប៉ាអ្នកម៉ាក់ក្មេកហើយៗ ថានឹងនាំអ្នកទាំងអស់គ្នាទៅនៅបារាំងយើងនឹងបានរៀបការស្របច្បាប់នៅទីនោះរឺអូនមិនចូលចិត្ត”វិច្ឆ័យនិយាយដោយស្រទន់
“ទីណាក៏បានអោយតែមានបង”អំណត់និយាយដោយហក់ទៅអោបអំណត់
ទីបំផុតអំណត់និងវិច្ឆ័យក៏បានរៀបការជាផ្លូវការនៅប្រទេសបារាំងដោយមានភ្ញៀវជាច្រើនចូលរួមព្រោះតានិងយាយរបស់វិច្ឆ័យជាមនុស្សមានមុខមានមាត់ក្នុងសង្គម ពួកគាត់លែងប្រកាន់ថាវិច្ឆ័យរៀបការជាមួយស្រីរឺក៏ប្រុស ត្រូវសង្គមនិយាយដើមយ៉ាងម៉េចហើយសំខាន់គឺចៅប្រុសរបស់គាត់មានសេក្តីសុខ។​ មង្គលការដ៏សែនរីករាយ ម្នាក់ៗសុទ្ធតែសើចសប្បាយចិត្តទោះអំណត់និងវិច្ឆ័យមិនអាចរៀបការតាមប្រពៃណីខ្មែរ តែវាមិនសំខាន់សូម្បីតែបន្តិច ព្រោះទោះរៀបការបែបណា នៅកន្លែងក៏មិនសំខាន់ សំខាន់នោះតើអ្នកដែរយើងរៀបការនោះជាអ្នកណាតែប៉ុណ្ណោះ។ ក្រោយមកអំណត់និងគ្រួសារក៏រើមកនៅក្នុងវិមានដែលជាផ្ទះរបស់វិច្ឆ័យ សុំហៅថាវិមានហើយណាព្រោះវាធំពេក ។គ្រួសារដ៏ស្ងាត់ជ្រងំរបស់វិច្ឆ័យក៏ក្លាយជាគ្រួសារមួយដែលពេញលេញនិងមានសុភមង្គល។ វិច្ឆ័យនិងអំណត់ក៏រស់នៅជាមួយគ្នាដោយមានសេក្តីសុខនិងសុភមង្គលបំផុត។ទីបំផុតវិច្ឆ័យពិតជាអាចបញ្ជាក់ថាស្នេហារបស់គេចំពោះវិច្ឆ័យពិតជាTrue Loveពិតមែន៕

អារម្មណ៍អ្នកនិពន្ធៈ​
នេះជាHappy Ending ពិតទេអ្នកអានទាំងអស់គ្នា សង្ឃឹមថាការបញ្ចប់រឿងមិនត្រូវតែតួអង្គទេ សូម្បីមិត្តអ្នកអានក៏មានសេក្តីសុខផងដែរ។សេក្តីសុខមិនមែនចេះតែមាននោះទេ ហើយបើជួបហើយត្រូវចេះរក្សាទុកកុំបណ្តោយអោយវារសាត់ទៅងាយៗនោះ។ មនុស្សភាគច្រើនមិនជឿលើស្នេហាពិតនោះទេ តែខ្ញុំជឿ ជឿថាមិនថាមនុស្សប្រុសនិងមនុស្សស្រី មនុស្សស្រីនិងមនុស្សស្រី មនុស្សប្រុសនិងមនុស្សប្រុសនោះទេ សុទ្ធតែមានស្នេហាស្មោះពិតមែន។ ប្រាកដជាមានមនុស្សម្នាក់ណាក្នុងលោកនៅកន្លែងណាមួយ អាចធ្វើអោយអ្នកស្គាល់ពាក្យថាគ្រប់គ្រាន់ ។ ហើយបើជួបហើយត្រូវចេះរក្សាវាទុកមិនថាយូររឺក៏ឆាប់នោះទេសំខាន់គឺយើងនៅជាមួយមនុស្សដែលយើងស្រលាញ់ទោះជាមួយនាទីចុងក្រោយនៃអវសាន្តពិភពលោកក៏គ្រប់គ្រាន់ដែរ។ ស្នេហារមែងមានជួប មានបែក មានការស្រលាញ់ រឹតតែមានការស្អប់ សង្ឃឹមថាអ្នកយកបេះដូងដែលស្មោះទៅស្រលាញ់អ្នកណាម្នាក់ ប្រហែលពេលណាមួយគេនឹងឃើញក្តីស្រលាញ់របស់អ្នក រឺប្រហែលជាមិនអាច អ្នកអាចទទួលមកវិញជាស្នេហាបោកប្រាស់ តែអ្នកមិនដែរមានអារម្មណ៍ថាមានសុភមង្គលទេរឺដែលបានស្រលាញ់មនុស្សម្នាក់ដោយស្មោះស្មគ្រ័ ។ ការដែលស្រលាញ់អ្នកណាម្នាក់ដោយស្មោះគឺឈឺចាប់ណាស់ តែអ្នកក៏ទទួលបានមនោសញ្ចេតនាពិតប្រាកដដែល បើអ្នកគ្រាន់តែលេងសើចជាមួយអ្នកដទៃនោះអ្នកគ្រាន់តែទទួលបានមនោសញ្ចេតនាលេងសើចដូចគ្នារឺមួយជីវិតនេះអ្នកប្រហែលជាមិនដែលស្គាល់ថាស្នេហាពិតមានរូបរាងយ៉ាងណាផង។ ស្នេហាគឺបែបនេះ ងាយៗ ប៉ុន្តែវាធ្វើអោយយើងមានសេក្តីសុខខ្លាំង និងឈឺចាប់ខ្លាំងដូចគ្នា ចូលយកភាពងាយៗ សាមញ្ញារបស់អ្នកទៅស្វែងរកស្នេហាមួយ ដែលធ្វើអោយអ្នកស្គាល់ពាក្យថា “គ្រប់គ្រាន់” ពួកយើងជាមនុស្សសាមញ្ញាដូចនេះមិនពិបាកទេដែរនឹងស្គាល់ពាក្យថា “គ្រប់គ្រាន់” ។ ចំលែកតែមនុស្សមួយចំនួនមិនហ៊ានប្រឈមមុខនឹងស្នេហា មិនដឹងខ្លួនថាស្រលាញ់អ្នកណាអោយប្រាកដ ​មិនចេះស្រលាញ់អ្នកណាម្នាក់ដោយស្មោះ អ្នកនោះទេដែរនឹងគ្មានថ្ងៃស្គាល់ពាក្យថា “គ្រប់គ្រាន់” ជារៀងរហូត។  
សង្ឃឹមថាអ្នកអានរឿងTrue Love ទាំងអស់ជួបស្នេហាពិតនិងមានសេក្តីសុខដូចអំណត់និងវិច្ឆ័យ ចំនែកខ្ញុំជាអ្នកនិពន្ធក៏សង្ឃឹមដូចគ្នា។ ជួបគ្នានៅរឿងក្រោយរបស់ខ្ញុំមានចំណងជើងថា” បន្លាស្នេហ៍ក្នុងបេះដូងរងា”ជាចំនីអារម្មណ៍ប្លែកមួយទៀតដែលនឹងចេញក្នុងពេលឆាប់ៗនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រ………………
Bye bye ពីខ្ញុំ
   A Cat​​          


6 comments:

  1. I proud of your happy ending. I wish the Khmer Society will understand of this love and could adopt with it as soon. proud u best writer

    ReplyDelete
    Replies
    1. មិនសំខាន់ទេ សំខាន់លើខ្លួនអ្នកហ៊ានបង្ហាញការពិតទៅកាន់ពិភពលោករឺអត់ទៅវិញ។ ស្រលាញ់មនុស្សម្នាក់កុំខ្វល់សំដីអ្នកដទៃ ព្រោះគេមិនមែនមនុស្សដែលយើងស្រលាញ់ទេ

      Delete
  2. បញ្ចប់យ៉ាងមានន័យបំផុត !!! ខ្ញុំពិតជាសង្ឃឹមថានឹងមួយផ្នែកនៃជីវិតខ្ញុំឃើញ ដូចអ្វី​ដែល​ ឆ្មា​បាន​និ​យាយ ទោះមិនដឹងនៅទីណា កន្លែងណា ពេលណា ....
    អគុណចំពោះ​រឿងរបស់នាក់ !!

    ReplyDelete
    Replies
    1. សង្ឃឹមថាអ្នកនឹងរកឃើញម្នាក់នោះឆាប់ៗ

      Delete
  3. ល្អមើលណាស់ ខ្ញុំនឹងទន្ទឹងចាំមើលរឿងថ្មីរបស់អ្នកនិពន្ធឈ្មោះcute ទៀត^_^ fighting!!!

    ReplyDelete
  4. អរគុណចំពោះការគាំទ្រ នឹងខំប្រឹងប្រែងបន្តទៀត

    ReplyDelete