November 24, 2013

True Love chapter14


រំលងបានបីថ្ងៃអំណត់ក៏ចេញពីពេទ្យ តាមពិតអំណត់ចង់ចេញពីពេទ្យតាំងពីថ្ងៃដឹងខ្លួនដំបូងម្ល៉េះតែវិច្ឆ័យមិនព្រមព្រោះខ្លាចអំណត់នៅមានបញ្ហាមិនប្រក្រតីត្រង់ក្បាលទើបចង់នៅតាមដានសភាពអំណត់សិន។ មិនដឹងប៉ាម៉ាក់អំណត់សង្កេតឃើញភាពមិនប្រក្រតីរបស់វិច្ឆ័យរឺអត់ទេ ព្រោះវិច្ឆ័យយកចិត្តទុកដាក់នឹងអំណត់ណាស់នៅចាំមើលអំណត់មិនព្រមទៅណា រៀនក៏មិនទៅសុខចិត្តសុំច្បាប់នៅចាំថែរក្សាអំណត់ ហើយនៅចេញថ្លៃពេទ្យអោយអំណត់ទៀត មនុស្សខ្វាក់ក៏អាចដឹងថាចំលែកដែល។ តែពីរ បីថ្ងៃនេះអំណត់សប្បាយចិត្តណាស់ ព្រោះមានវិច្ឆ័យនៅចាំមើលថែរនិងផ្គាប់ចិត្តគេ រហូតអំណត់គិតថាខ្លួនឯងមានសំណាងណាស់ដែលបានជួបវិច្ឆ័យ។
ថ្ងៃនេះអំណត់អាចចូលរៀនបានវិញហើយ គេសប្បាយចិត្តណាស់ព្រោះនៅមន្ទីរពេទ្យេអផ្សុកខ្លាំងណាស់ ម្យ៉ាងខ្លាចគ្រូរៀនចោលមេរៀនច្រើនពេកអាចបង្កអោយរៀនមិនទាន់បាន ដូចដឹងស្រាប់ហើយរៀននៅឧត្តមសិក្សាមិនដូចកាលនៅមធ្យមសិក្សានោះទេ។អំណត់មិនទាន់ចុះពីបន្ទប់មកដល់ក្រោមស្រួលបួលផងក៏លឺមាត់វិច្ឆ័យទៅហើយ
“នេះមកដល់តាំងពីអង្កាល់”អំណត់សួរដោយជ្រួញចិញ្ចើម
“ចាំបាច់ធ្វើមុខអញ្ជឹងមិនសប្បាយចិត្តមែនទេពេលឃើញខ្ញុំ”វិច្ឆ័យសួរ
“ម៉េចគិតអញ្ជឹង! ឥលូវខ្ញុំសួរឆៃមិនបានទេមែនទេ”អំណត់ដើរទៅដួសបបរមកញ៉ាំ ចំនែកឯវិច្ឆ័យពេលលឺអំណត់និយាយបែបនេះក៏ញញឹម”ហើយញ៉ាំអាហារពេលព្រឹករឺនៅ”អំណត់សួរ
“ញ៉ាំហើយហើយ ស្នាដៃអ្នកម៉ាក់ម្តងណាក៏ធ្វើអោយខ្ញុំមានសេក្តីសុខព្រោះតែឆ្អែតដែរ”វិច្ឆ័យនិយាយដោយអង្អែលពោះដែលទំនងញ៉ាំឆ្អែតទាល់តែតឹងពោះ
“ឆៃនេះមាត់ផ្អែមណាស់ ទំនងមានស្រីដែលលង់ស្រលាញ់ច្រើនហើយ”ម៉ាក់អំណត់និយាយ
“អត់ទេម៉ាក់ខ្ញុំស្រលាញ់តែមនុស្សម្នាក់ទេ”វិច្ឆ័យសំលឹងទៅអំណត់ ចំនែកអំណត់ក៏ធ្វើជាមិនដឹង
“មិនដឹងស្រីណាមានសំណាងនោះទេ”ម៉ាក់អំណត់និយាយ ចំនែកអំណត់ជ្រួញចិញ្ចើម”មែនហើយល្ងាចនេះមកផ្ទះវិញត្រូវតែមកជាមួយកូនឆៃ អត់មានគេចដូចមុនទេត្រូវរំខានឆៃអោយដើររក ថ្ងៃនោះសំណាងហើយដែលកូនឆៃឃើញកុំអីអំណត់មិនដឹងទៅជាយ៉ាងណា ដឹងអត់ថាប៉ាម៉ាក់បារម្ហយ៉ាងណា”ម៉ាក់អំណត់ចាប់ផ្តើមស្តីអោយ
“បាទម៉ាក់មកពីកូនមិនចង់រំខានគេ”អំណត់និយាយដោយធ្វើមុខធុញរួចសំលក់វិច្ឆ័យ ចំនែកឯវិច្ឆ័យក៏លួចញញឹម
“អ្នកណាថារំខាន ដូចប្រាប់អញ្ជឹងផ្លូវផ្ទះខ្ញុំក៏កាត់តាមនេះដែលការដែលជូនអំណត់មកវាមិនឃើញមានអីខាតបង់ផង”វិច្ឆ័យនិយាយ ចំនែកឯអំណត់លួចសើចតិចៗព្រោះតែ ផ្លូវផ្ទះខ្ញុំកាត់តាមនេះដែល សំដីនេះធ្វើអោយអំណត់ទ្រាំសើចមិនបានព្រោះមិនអោយសើចយ៉ាងម៉េចបើផ្ទះអំណត់នៅខាងកើតសាលា ហើយខុនដូវិច្ឆ័យនៅខាងលិចសាលាហ្នឹង
ក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួចមកវិច្ឆ័យនិងអំណត់ក៏ជំរាបលាប៉ាម៉ាក់ ហើយក៏ធ្វើដំណើរទៅសាលា
“ឆៃកើតអីបានជាឃើញញញឹមរហូតតាំងពីចេញពីផ្ទះ”អំណត់សួរដោយឆ្ងល់ព្រោះមើលទៅវិច្ឆ័យញញឹមមិនឈប់បែបនេះតិចក្បាលទៅប៉ះនឹងស្អីទៅ
“មានសេក្តីសុខនោះអី”វិច្ឆ័យនិយាយដោយអារម្មណ៍ល្អ
“សេក្តីសុខ? មានរឿងល្អអីមែនទេ”អំណត់សួរដោយចង់ដឹង
“ថ្ងៃនេះឃើញអំណត់ពាក់ខ្សែរករបស់ខ្ញុំមានអារម្មណ៍ល្អដល់ហើយ ព្រោះបានន័យថាអំណត់ក្លាយជាសង្សារខ្ញុំហើយណា៎”វិច្ឆ័យនិយាយធ្វើអោយអំណត់ស្ទើរតែឈ្លក់ទឹកមាត់ស្លាប់ទៅហើយ នេះចេះមកនិយាយរំខានប្រសាទទាំងព្រលឹមតែម្តងដឹងអត់ពេលនេះមុខអំណត់ប្រែជាក្រហមហើយ អំណត់ក៏មិនតបឯវិច្ឆ័យក៏មិនមាត់ព្រោះខ្លួនឯងក៏រាងអៀនៗដែល
បរិយាកាសខាងក្រៅអ៊ូអរខ្លាំងណាស់ព្រោះម្នាក់ៗប្រញាប់ប្រញាទៅបំពេញការងាររៀងៗខ្លួន ប៉ុន្តែបរិយាកាសក្នុងឡាននេះបែរជាស្ងាត់ជ្រងំទៅវិញ
“អ………”វិច្ឆ័យនិយាយចង់អោយបរិយាកាសត្រលប់មកដូចដើមវិញតែមិនដឹងសោះថាគួរនិយាយស្អី
“ប្រាប់បានទេហេតុអីក៏ឆៃស្រលាញ់ខ្ញុំ”សុខៗសំនួរមួយរបស់អំណត់ធ្វើវិច្ឆ័យភ្ញាក់ជាខ្លាំងរហូតស្ទើរតែបើកឡានទៅបុកគូទឡានគេទៅហើយ”ប្រយ័ត្ន”អំណត់ស្រែកទាំងភ័យ
“សុំទោសអំណត់ត្រូវត្រង់ណាទេ”វិច្ឆ័យនិយាយដោយមើលអំណត់ដោយក្តីបារម្ហ
“មិនអីទេ បើកឡានស្អីអញ្ជឹង”អំណត់រអ៊ូ
“នៅមកនិយាយទៀតអ្នកណាអោយមកនិយាយអីប្លែកៗបែបនេះ”វិច្ឆ័យរអ៊ូដោយមើលទៅផ្លូវព្រោះឥលូវមុខគេក្រហមហើយ
“បើខ្ញុំពិតជាចង់ដឹងមែន”អំណត់និយាយដោយញញឹមតិចៗ
“បងក៏មិនដឹងដែរ”វិច្ឆ័យនិយាយដោយមើលមុខអំណត់ ចំនែកអំណត់ជ្រួញចិញ្ចើម
“មិនដឹង”គេចាប់ផ្តើមឆ្ងល់ស្រលាញ់មនុស្សម្នាក់ដោយមិនដឹងមូលហេតុ??
“បងពិតជាមិនដឹងថាហេតុអីទេ នៅពេលជួបអូនលើកទីមួយបេះដូងបងបានប្រាប់បងថាគឺអូនហើយដែលបងស្វែងរក បងស្រលាញ់ព្រោះអូនគឺជាអូន មនុស្សតែម្នាក់គត់ដែលធ្វើអោយជីវិតបងស្គាល់ពាក្យថា គ្រប់គ្រាន់ “វិច្ឆ័យនិយាយដោយញញឹមផ្អែមល្ហែមដាក់អំណត់ដោយអៀនៗ ចំនែកឯអំណត់ក៏សើចបែបអស់សំណើចនឹងសំដីវិច្ឆ័យ”កុំសើចបង បងមិនសូវចេះនិយាយទេ”វិច្ឆ័យនិយាយដោយរឹងខ្លួន
“តែអូនស្រលាញ់បង ព្រោះបងបែបនេះ”អំណត់និយាយធ្វើមិនដឹង
“អូននិយាយថាម៉េចអំបាញ់មិញ”វិច្ឆ័យស្ទើរមិនជឿត្រជៀកខ្លួនឯង
“ថ្លង់មែនទេនិយាយប៉ុណ្ណឹងហើយនៅស្តាប់មិនបានទៀត”អំណត់រអ៊ូព្រោះខ្លួនក៏រៀងអៀនៗដែល
“ពុទ្ធោអំបាញ់មិញបងពិតជាស្តាប់មិនច្បាស់ពិតមែនណា ចង់អោយអូននិយាយម្តងទៀតមកណា”វិច្ឆ័យនិយាយដោយមើលមុខអំណត់បែបអង្វរករ
“ក៏ងាកទៅមើលផ្លូវទៅ អូនទើបតែចេញពីពេទ្យទេ ហើយអំបាញ់មិញអូននិយាយថា អូនស្រលាញ់បង ស្តាប់លឺនៅ”អំណត់និយាយខ្លាំងៗ ធ្វើអោយវិច្ឆ័យញញឹមទាល់តែភ្នែកតូចទៅហើយ ស្នេហាកំពុងចាំផ្តើមមានពន្លកសូម្បីការប្រើពាក្យសំដីក៏ផ្លាស់ប្តូរ”ខ្ញុំ” “ឆ័យ” មក”អូន” “បង” ហើយ
“បាទ អូនសំលាញ់”ម្នាក់ៗសុទ្ធតែងាកមុខចេញហើយញញឹមបែបអៀនៗដោយមានសេក្តីសុខ
………………
“អំណត់!យ៉ាងម៉េចហើយ”សានសួរទៅអំណត់
“បាទ!ជាហើយ តាមពិតត្រូវចេញពីពេទ្យយូរហើយតែឆៃគេនៅខ្លាចនេះខ្លាចនោះ”អំណត់ចាប់ផ្តើមរអ៊ូព្រោះវិច្ឆ័យនេះហើយបានអំណត់ត្រូវខ្ចីសៀវភៅសានមកកត់មេរៀនមួយសន្ធឹកបែបនេះ ហើយមិនដឹងគ្រូរៀនដល់ណាទេ
“ចុះបើមានឈាមកកនៅត្រង់ណាមួយទៅ មិនវីវរហើយទេអី”វិច្ឆ័យផ្តើមបកស្រាយ
“អាឆៃអញឆ្ងល់ដល់ហើយ អំណត់ជាអ្នកឈឺសោះហើយការងារហែងស្អីដែលបានត្រូវដាក់ច្បាប់ដល់ទៅមួយអាទិត្យ”សានចាប់ផ្តើមដឺវិច្ឆ័យ
“ហើយវាទាក់ទងនឹងឯងត្រង់ណាទៅ”វិច្ឆ័យធ្វើមុខឆ្ងល់
“អញវាឆ្ងល់!!! អំណត់សំណាងដល់ហើយមានមិត្តភក្តិល្អយ៉ាងនេះ កាលខ្ញុំឈឺមិនឃើញវាមកបារម្ហស្អីបន្តិចសូម្បីតេរសួរសុខទុក្ខក៏គ្មាន តែអំណត់វិញវាសុទ្ធតែទៅមើលថែរទាំងយប់ទាំងថ្ងៃហេតុតែគេជាមិត្តភក្តិពិសេស”អាពាក្យពិសេសនេះសាននិយាយដោយសង្កត់សំលេង រហូតដល់មុខអំណត់ក្រហមទៅហើយ
“ឆាប់បិទមាត់ទៅអាសានបើមិនចង់ស៊ីកណ្តាប់ដៃជំនួសបាយ”វិច្ឆ័យគំរាម
“ស្អីគ្រាន់តែនិយាយលេងសោះក៏មិនបាន”សានចាប់ផ្តើមរអ៊ូ
“បានហើយៗ ឆៃមិនគិតកត់មេរៀនដែលមិនបានរៀនទេអី”អំណត់និយាយដោយសំលឹងមុខវិច្ឆ័យ
“បាទ កត់តើ”វិច្ឆ័យក៏ប្តូរតុមកអង្គុយជាមួយអំណត់វិញ ដោយអោយមិត្តរួមថ្នាក់ស្រីម្នាក់ដែលជាសង្សាររបស់សានតាំងពីអង្កាល់មកអង្គុយជំនួស
“អើខ្លាំងបានតែជាមួយអញ តែជាមួយអំណត់ក៏សុភាពម្ល៉េះហា៎”សានបន្តរអ៊ូ ម្នាក់នេះបើមិនត្រូវប្រហែលមិនសុខចិត្តមែន
“អាសាន អញគិតថាស្បែកឯងដូចជារមាស់ម្តេចមិនដឹង”វិច្ឆ័យនិយាយដោយសង្កៀលធ្មេញ
“និយាយលេងទេតើ អូ!អូនដាមកអង្គុយត្រង់នេះមក”សានប្តូរទៅហៅសង្សារខ្លួនឯងវិញមុននឹងបានស៊ីកណ្តាប់ដៃវិច្ឆ័យ”អូ!នៅរឿងមួយទៀតថ្ងៃទី២៤ខៃនេះជាថ្ងៃបុណ្យកំណើតខ្ញុំ សង្ឃឹមថាអំណត់នឹងទៅជាមួយអាឆ័យ”សាននិយាយ
“បាទ!ប្រាកដជាទៅ”អំណត់ញញឹមប្រព្រាយព្រោះក្រៅពីវិច្ឆ័យគេក៏មានមិត្តល្អម្នាក់ទៀតគឺសាន

…………………
“មិនចូលលេងសិនទេអី”អំណត់សួរទៅឆៃពេលដែល ឆៃជូនខ្លួនមកដល់ផ្ទះ
“អត់ទេថ្ងៃនេះបងត្រូវប្រញាប់ទៅផ្ទះបន្តិច តែចុងសប្តាហ៍នេះអូនកុំទៅធ្វើការបានទេ”វិច្ឆ័យនិយាយ
“ហេតុអី”អំណត់សួរដោយឆ្ងល់
“បងចង់ធ្វើការ ណាត់ ជាមួយអូន”វិច្ឆ័យនិយាយ
“ណាត់!!!”អំណត់លាន់មាត់
“តាំងពីស្គាល់គ្នាមកយើងមិនដែលដើរលេងក្នុងន័យគូរសង្សារនោះទេ”វិច្ឆ័យនិយាយ
“មិនដឹងទេ”អំណត់ឆ្លើយបែបអៀនៗ
“អញ្ជឹងថ្ងៃអាទិត្យនេះបងមកទទួលអូនណា រាត្រីសួស្តីប្រពន្ធសំលាញ់”ថាហើយវិច្ឆ័យក៏បើកឡានចេញទៅ
“អាតាប៉ិកកំហូច”អំណត់និយាយដោយញញឹម
………………
ម៉ោង៩ព្រឹក ថ្ងៃអាទិត្យ…………
អំណត់ដើរចេញពីផ្ទះភ្លាមក៏ឃើញវិច្ឆ័យឈរញញឹមក្បែរឡានរបស់គេ ។ អ្នកជិតខានរបស់អំណត់អ្នកណាក៏មើលវិច្ឆ័យដែរ បុរសដែលល្អគ្រប់ចំនុច ជាពិសេសឡានទំនើបតំលៃថ្លៃរបស់វិច្ឆ័យ។ តាមពិតអ្នកជិតខានអំណត់តែងតែឆ្ងល់ពីទំនាក់ទំនងរបស់វិច្ឆ័យនិងអំណត់ដែល ព្រោះឃើញវិច្ឆ័យជូនទៅជូនមក ដែលអាចមើលដឹងថាវាហួសពីព្រំដែនមិត្តភក្តិ តែគ្មានអ្នកណាទៅនឹកឃើញនឹងរឿងស្នេហានោះទេ។
“មកចាំយូរនៅ!”អំណត់សួរដោយសប្បាយចិត្ត ថ្ងៃនេះអំណត់ស្លៀកពាក់ក្នុងបែបងាយៗ អាវយឺតពណ៌ស ខោខ្លីត្រឹមជង្គង់ពណ៌ប្រផេះ នឹងស្បែកជើងផ្ទាត់ ជាមួយមួកពណ៌ក្រហមក្រម៉ៅ ចំនែកឯវិច្ឆ័យក៏ពាក់អាវយឺតពណ៌ស និងខោជើងវែងពណ៌ប្រផេះ ស្បែកជើងផ្ទាត់ និងមួកពណ៌ក្រហមក្រម៉ៅដែល។ សុទ្ធតែវិច្ឆ័យជាអ្នកទិញអោយនឹងប្រាប់អោយស្លៀកទាំងអស់ តាមពិតវិច្ឆ័យចង់ពាក់អាវគូរសង្សារផងតែអំណត់ជំទាស់ព្រោះគិតថាមនុស្សជុំវិញខ្លួនគេច្បាស់ជាទទួលយកមិនបាន ។ ស្នេហាជារឿងរបស់មនុស្សពីរនាក់មែនតែមនុស្សពីរនាក់នោះរស់ក្នុងសង្គមដូចនេះគួរតែធ្វើអ្វីអោយសង្គមទទួលយកបាន កុំដើម្បីតែខ្លួនធ្វើអោយសង្គមមិនអាចទទួលយកបាននោះមនុស្សពីរនាក់នោះចុងក្រោយមានតែមិនអាចរស់ក្នុងសង្គមនោះតែប៉ុណ្ណោះ។មានសង្សារអ្នកមានគឺល្អខ្លាំងបែបនេះ តែក៏មិនប្រាកដថាបែបនេះដែលព្រោះគេរឹតតែល្អ រឹតតែមានមនុស្សចោមរោមគេរឹតតែច្រើន រឹតតែធ្វើអោយយើងងាយបាត់បង់គេ ហើយក្នុងលោកកីយ៍នេះមិនដឹងនៅសល់មនុស្សដូចជាវិច្ឆ័យប៉ុន្មានអ្នកទៀតទេ រឺប្រភេទមនុស្សបែបនេះប្រហែលដាច់ពូជអស់ផងក៏មិនដឹង។
“មិនយូរទេ សំរាប់អូនយូរយ៉ាងណាក៏បងចាំ”វិច្ឆ័យអោនខ្សិបដាក់ត្រចៀកអំណត់
“កុំសំដីផ្អែមពេក ដឹងអត់អូនជិតកើតជំងឺទឹកនោមផ្អែមព្រោះតែបងហើយ”អំណត់រអ៊ូដោយមុខក្រហម
“ធ្វើម៉េចបើជាសំណប់ចិត្ត អ្នកណាទៅហ៊ានល្វីង ជូរចត់ដាក់នោះ”វិច្ឆ័យនិយាយ
“បានហើយៗសុំខ្លាចបងឯងហើយ ប្រញាប់ទៅៗថ្ងៃអាទិត្យអញ្ជឹងនៅសួនលំហែលមនុស្សច្រើនណាស់”អំណត់ក៏អូសវិច្ឆ័យឡើងឡានមុននឹងគេអៀនរហូតមុខក្លាយជាព្រះអាទិត្យ
សួនលំហែលដែលអំណត់និយាយគឺជាសួនមួយមានវិមាត្រប្រហែល២គីឡូម៉ែត្របួនជ្រុងនៅភាគខាងត្បួងទីក្រុង ដែលហ៊ុំព័ន្ធទៅដោយដើមឈើនិងដើមផ្កាចំរុះពណ៌ជាមួយវាលស្មៅលឹ្វងល្វើយគ្រប់កន្លែង គាប់ជួនរដូវនេះជារដូវផ្ការីកធ្វើអោយមានផ្កាជំរុះពណ៌គ្រប់ទីកន្លែង នៅចំកណ្តាលមានបឹងមួយ ដែលអាចអោយគេស្ទូចត្រីនឹងជិះទូកលេង ទីនេះសាកសមបំផុតមិនថាសំរាប់គ្រួសារ ប្តីប្រពន្ធថ្មីថ្មោង រឺគូរសង្សារនោះទេ។
ចំនាយពេល៣០នាទីអំណត់និងវិច្ឆ័យមកដល់សួនកំសាន្ត។ ព្រះអាទិត្យកំពុងបញ្ចេញកំដៅអុនៗ ព្រោះថ្ងៃនេះមេឃស្រទំរហូតពិតជាអំណោយផលមែន។ នៅក្នុងសួនលំហែលមានមនុស្សគួរសមតែមិនសូវជាអ៊ូអរប៉ុន្មាននោះទេ ព្រោះម្នាក់ៗដូចជាលង់លក់នឹងបរិយាកាសដ៏ស្រទន់នាពេលនេះ ។ជាពេលចុងសប្តាហ៍មនុស្សម្នាភាគច្រើនចង់ទៅដើរលេងនៅក្រៅក្រុងជាង ព្រោះប្រទេសយើងមានកន្លែងលំហែលរាប់មិនអស់ វាមិនចំលែកទេព្រោះធម្មជាតិបានផ្តល់សម្បត្តិធម្មធានធម្មជាតិដល់ប្រទេសយើងច្រើនណាស់ ។
“បរិយាកាសល្អដល់ហើយ”អំណត់លាន់មាត់
“មែនហើយ តោះរកកន្លែងអង្គុយទៅ”វិច្ឆ័យក៏យកកន្រ្តកនិងកន្ទេលពីគូជឡាន”មិនបាច់ធ្វើមើលមុខទេបងជាអ្នករៀបចំ តោះទៅ”វិច្ឆ័យនិយាយដោយដៃម្ខាងកាន់កន្ត្រកនិងម្ខាងទៀតកាន់កន្ទេល
ពួកគេជ្រើសរើសកន្លែងស្ងាត់បន្តិចព្រោះចង់បានភាពស្ងាត់ៗបែបរ៉ូមែនទិច
“កន្លែងនេះចុះ ព្រោះខ្ញុំស្រលាញ់ផ្កាពណ៌លឿង”អំណត់និយាយ កន្លែងដែលពួកគេអង្គុយហ៊ុំព័ន្ធដោយផ្កាលឿងរាជ ដែលកំពុងរីកស្គុះស្គាយពេញដើម
“បាទ! ប្តីមិនហ៊ានជំទាស់ទេ”វិច្ឆ័យនិយាយ ធ្វើអោយអំណត់ជ្រួញចិញ្ចើម
“និយាយអីឡប់ៗគេស្តាប់មកពីសមទេ”អំណត់និយាយ
“ម៉េចបងគ្មានសិទ្ធធ្វើជាប្តីអូនទេមែនទេ”វិច្ឆ័យសួរ ដោយចាប់ក្រាលកន្ទេល
“ប្រាកដហើយអូនមិនទាន់រៀបការនឹងបងផងរឿងអីជាប្រពន្ធបងនោះ”អំណត់និយាយបន្តើរដកឥវ៉ាន់ពីកន្ត្រកបន្តើរ “នេះយកស្អីមកខ្លះហ្នឹងច្រើនម្ល៉េះ បើកកន្លែងញ៉ាំអីមួយបានទៅហើយ”អំណត់សួរ
“អញ្ជឹងទៅវិញបងនឹងសុំអនុញ្ញាតពីលោកប៉ាអ្នកម៉ាក់អោយយើងរៀបការបានទេ”វិច្ឆ័យនិយាយដោយកាន់ដៃអំណត់ ចំនែកអំណត់ធ្វើមុខស្លើរ
“នេះចង់អោយប៉ាម៉ាក់អូនអាយុខ្លីមែនទេ”អំណត់បែបលេងសើច
“ពិតមែនណា៎ បងពិតជាចង់រៀបការជាមួយអូនមែន”វិច្ឆ័យកាន់ដៃអំណត់កាន់តែណែន
“អាចដែរ!!! ពួកយើងអាចដែរ ស្នេហានេះគ្មានអនាគតទេ សង្គមគេមិនទទួលស្គាល់ពួកយើងនោះទេ”អំនត់និយាយដោយទំលាក់ទឹកមុខ
“ទីនេះគេមិនទទួលស្គាល់ស្នេហាយើង តែនៅបារាំងយើងអាចរៀបការដោយស្របច្បាប់សង្គមទីនោះគេទទួលស្គាល់ស្នេហាយើង”វិច្ឆ័យនិយាយយ៉ាងមានសង្ឃឹម
“ទោះយ៉ាងនេះក៏ដោយ ចុះលោកតាលោកយាយបងដែលនៅបារាំង និងប៉ាម៉ាក់អូនពួកគាត់គិតយ៉ាងម៉េចដែរ ពួកគាត់អាចទេ?” អំណត់និយាយដោយកាន់តែពិបាកចិត្ត
“តាយាយបង តាមតែគាត់ទៅពួកគាត់មិនដែលយល់ពីបងសូម្បីតែបន្តិចពួកគាត់មើលថែរបងដោយមិនដឹងថាបងត្រូវការអ្វីផងហ្នឹង មនុស្សចាស់តាមតែគាត់ទៅ ចំនែកប៉ាម៉ាក់អូន បងនឹងទៅនិយាយជាមួយពួកគាត់ ពួកគាត់ស្រលាញ់បងនិងអូនយ៉ាងនេះ ពួកគាត់ប្រាកដជាយល់ពីយើង”វិច្ឆ័យនិយាយដោយក្តីសង្ឃឹម
“ចុះបើគាត់បដិសេធ ម្យ៉ាងពួកយើងធំហើយរឿងរៀបការមិនមែនជារឿងលេងសើចទេណា បងត្រូវគិតអោយបានច្បាស់ បើយើងរៀបការពិតមែននោះតើមានរឿងអីកើតឡើងខ្លះបងគួរតែគិតអោយបានច្បាស់សិន”អំណត់និយាយ
“សំខាន់អូនមិនទាន់ជឿចិត្តបងនៅឡើយទេ”វិច្ឆ័យចាប់ផ្តើមទំលាក់ទឹកមុខ
“មែន!អូនចង់អោយបងនឹងអូនស្គាល់គ្នាអោយបានច្បាស់សិនមុខនឹងសំរេចចិត្ត រវាងពួកយើងមិនមែនជាស្នេហាធម្មតាទេ ប្រហែលជាបងគ្រាន់តែស្រលាញ់អូនតែមួយឆាវរឺមួយភ្លើងនៃចិត្តស្រលាញ់ អូនមិនចង់អោយស្នេហាពួកយើងដូចភ្លើងចំបើងនោះទេ ហើយយ៉ាងណាក៏ត្រូវចាំរហូតដល់យើងរៀនចប់សិនដែរ”អំណត់ព្យាយាមពន្យល់
“បានៗ!!!! បងនឹងពិសោធន៍អោយអូនឃើញថាបងពិតជាស្រលាញ់អូនពិតមែន ស្នេហាបងចំពោះអូនជាស្នេហាពិត True Love “វិច្ឆ័យនិយាយអះអាង
“បាទ តែឥលូវឈប់គិតរឿងហ្នឹងទៅ អូនដូចជាឃ្លានហើយ តែអេ!អ្នកណាជាអ្នកធ្វើសាំងវិចនេះមើលទៅចូលជាចំលែកៗ”អំណត់និយាយដោយលើកសាំងវិចដែលមានរាងបេះដូង
“ស្នាដៃបងហ្នឹងណាស្អាតទេ”វិច្ឆ័យសួរដោយដោយញញឹមភ្នែកតូច
“អាចញ៉ាំបានទេហ្នឹង”អំណត់សួរ
“ប្រាកដហើយ!បងខំមើលតាមអ៊ីនធើណេតរាប់ម៉ោងទំរាំធ្វើបានប៉ុណ្ណឹងណា៎”វិច្ឆ័យអះអាង ធ្វើម៉េចកើតមកជាកូនសេដ្ឋីធ្វើម្ហូបបានប៉ុណ្ណឹងចាត់ទុកថាល្អណាស់ទៅហើយ
“អរគុណហើយ!”អំណត់និយាយតិចៗ
“អរគុណស្អីទៅ”វិច្ឆ័យសួរដោយឆ្ងល់
“ចំពោះក្តីស្រលាញ់ដែលបងបានអោយអូន”អំណត់និយាយ ធ្វើអោយវិច្ឆ័យក្រលេកមើលអំណត់ដោយភាំង
“បងក៏ដូចគ្នា”វិច្ឆ័យក៏និយាយដោយមានសេក្តីសុខ
ពួកគេក៏ចាំផ្តើមបរិភោគអាហារមួយពេលនេះដោយសេក្តីសុខនិងសុភមង្គលក្រោមបរិយាកាសដ៏សែនផ្អែមល្ហែមបំផុត។ក្រោយមកវិច្ឆ័យនិងអំណត់ក៏ដេកក្បែរគ្នាមួយសន្ទុះអោយស្រកអាហារ ដោយដេកបញ្ច្រាសគ្នាហើយដាក់មុខក្បែរគ្នា
“អូនមានចាំទេថ្ងៃដែលយើងជួបគ្នាដំបូង”វិច្ឆ័យក៏ចាប់ផ្តើមនិយាយ
“ចាំបានតើថ្ងៃនោះអូនដើរបុកសាន អូនខ្លាចខ្លាំងណាស់ ពេលនោះសាននិយាយខ្លាំងៗ អូនសឹងតែយំទៅហើយ”អំណត់និយាយដោយសើចតិចៗ សុខៗក៏មានខ្យល់បក់មករំភើយនាំយកក្លិនផ្កាជាច្រើនប្រភេទមកប៉ះឃានវិញ្ញាណរបស់អ្នកទាំងពីរ ផ្កាលឿងរាជដែលកំពុងរីកស្គុយស្គាយពេញដើមក៏រុះរោយមកម្តងមួយៗ រហូតមានអារម្មណ៍ថាជាព្រិលពណ៌លឿងកំពុងធ្លាក់ពីឋានសួគ៌
“ស្អាតណាស់”វិច្ឆ័យនិយាយដោយកាន់ផ្កាលឿងរាជ
“មែនហើយស្អាតណាស់”អំណត់យល់ស្រប មានអារម្មណ៍ថាបរិយាកាសល្អដល់ហើយ
“អូនដឹងទេ ពេលបងជួបអូនដំបូងអូនគឺដូចជាផ្កានេះអញ្ជឹងគឺស្រស់ស្អាត”វិច្ឆ័យនិយាយធ្វើអោយអំណត់សើចតិចៗ
“អូនហ្នឹងស្អាត កុំមកបញ្ជោអូននោះអូនដឹងខ្លួនច្បាស់ណាស់មនុស្សស្លៀកពាក់ខោអាវអន់ៗ ពាក់វ៉ែនតា សក់មិនរៀបរយ នៅមានចរិកទុយមុយរបស់អូនទៀត នេះរឺស្រស់ស្អាតរបស់បងនោះ”អំណត់រអ៊ូ
“ពិតមែនណា៎ អូនដូចផ្កាលឿងរាជនេះអញ្ជឹង ពណ៌លឿងមិនរ៉ូមែនទិច មិនក្រអូប ដើមនិងស្លឹកមិនស្អាត  រូបរាងតូចៗជាកញ្ចុំៗ មិនអាចយកទៅជូនអ្នកណាបានព្រោះមិនអាចចងជាបាច់ផ្កាបានហើយងាយរុះរាយពីទងទៀត តែវាក៏នៅតែស្រស់ស្អាតតាមបែបធម្មជាតិរបស់វា”វិច្ឆ័យនិយាយរហូតមុខអំណត់ប្រែជាក្រហមហើយ
“មិនដែលហ៊ានគិតថាមានបុរសល្អគ្រប់យ៉ាងដូចជាបងមកស្រលាញ់អូនទេ អូនត្រូវសួរខ្លួនឯងម្តងហើយម្តងទៀតថាបងពិតជាស្រលាញ់អូនមែនរឺ បងគ្រាន់តែលេងសើចនឹងអូនទេ”អំណត់និយាយដោយទឹកមុខកង្វល់
“ក្មេងល្ងង់!”វិច្ឆ័យយកដៃមកញីសក់អំណត់”អ្នកណាទៅយកអារម្មណ៍មនុស្សមកលេងសើចនោះ ម្យ៉ាងបងគ្មានអីល្អផងគ្រាន់ជាមនុស្សដែលភ្លេចការចងចាំរបស់ខ្លួនកាលពីមុនអាយុ១០ឆ្នាំប៉ុណ្ណោះ”វិច្ឆ័យនិយាយដោយញញឹមទៅលើមេឃ
“កុំមកនិយាយនោះ បងដឹងរឺធ្វើជាមិនដឹង នៅសាលាមិនដឹងជាមានមនុស្សលួចស្រលាញ់បងប៉ុន្មានអ្នកទេសូម្បីយ៉ាដាស្រីស្អាតប្រចាំសាលាក៏ស្រលាញ់បងដែល”អំណត់រអ៊ូ
“ម៉េចក៏ដឹងរឿងរបស់យ៉ាដា តែអេ!នេះប្រច័ណ្ឌបងនឹងអ្នកផ្សេងមែនទេ”វិច្ឆ័យនិយាយចាប់កំហុស
“មិនមែនទេ គ្រាន់តែចង់បញ្ជាក់ថាបងល្អយ៉ាងណាប៉ុណ្ណោះ”អំណត់ព្យាយាមបកស្រាយ
“ប្រច័ណ្ឌក៏និយាយទៅ មិនបាច់បារម្ហទេយ៉ាងណាក៏បងមិនស្រលាញ់អ្នកណាផ្សេងក្រៅពីអូនដែល បើចង់ស្រលាញ់ក៏ស្រលាញ់យូរហើយព្រោះមិនខ្វះទេមនុស្សដែលស្រលាញ់បងដូចដឹងស្រាប់ហើយ តែបងអាចនិយាយបានថាក្នុងលោកនេះមានតែអូនម្នាក់ទេដែលអោយបងស្គាល់ពាក្យថា គ្រប់គ្រាន់ យល់ទេ”វិច្ឆ័យនិយាយដោយចាប់ទាញច្រមុះអំណត់
“ប្រាប់ហើយកុំផ្អែមពេកព្រោះអូនចាញ់របស់ផ្អែមណាស់ដឹងទេ”អំណត់និយាយដោយញញឹមតិច ឯវិច្ឆ័យញញឹមទាល់តែភ្នែកតូច។ មួយសន្ទុះក្រោយមកពួកគេក៏លង់លក់ក្រោមបរិយាកាសដ៏សែនរ៉ូមែនទិកនេះ ។មិនថាកន្លែងណា ពេលណា អោយតែបាននៅជាមួយមនុស្សដែលយើងស្រលាញ់បរិយាកាសនោះសុទ្ធតែរ៉ូមែនទិកទាំងអស់ តើមានអ្វីដែលមានសេក្តីសុខជាជាងបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ទៀតនោះ។
ប្រហែលមួយម៉ោងក្រោយមកពួកគេក៏ភ្ញាក់ដឹងខ្លួនរួចក៏ប្រមូលរបស់របរដាក់ក្នុងឡាន រួចហើយក៏ដើរលេងក្នុងសួនលំហែរ។ដើរបានមួយសន្ទុះក៏ឆ្លងកាត់កន្លែងជួលកង់
“ចង់ជិះមែនទេបានមើលឡើងភ្លឹកបែបនេះ”អំណត់សួរទៅវិច្ឆ័យ
“អត់ទេ”វិច្ឆ័យឆ្លើយដោយលួចក្រលេកមើលកង់
“អត់អីច្បាស់ជាចង់ជិះហើយមែនទេ រឺបងមិនចេះជិះទេ”អំណត់សួរដោយចាប់កំហុស ឯឆៃក៏ងក់ក្បាលបែបអៀនៗធំប៉ុណ្ណឹងហើយមិនចេះជិះកង់វាជារឿងអាម៉ាស់មួយដែលតើ”ថាមែនមែន! កូនអ្នកមានភាគច្រើនពិតជាមិនចេះជិះកង់មែន ចាំអូនបង្រៀនណា៎”អំណត់និយាយដោយអូសឆៃទៅជួលកង់
មិនដឹងដួលអស់ប៉ុន្មានដង នឹងត្រូវអំណត់ថាអោយប៉ុន្មានដងទៅទំរាំចេះជិះ។តែអេ!ដូចជារៀនឆាប់ចេះទេតើព្រោះពេលនេះអាចឌុបអំណត់បានហើយ
“ហត់ទេ”អំណត់សួរវិច្ឆ័យដែលកំពុងជិះកង់ឌុបគេទំនងដូចជាហត់ណាស់
“មិនហត់ទេ”វិច្ឆ័យងាកមកញញឹមដាក់អំណត់
“មេឃដូចជាចាប់ផ្តើមក្តៅហើយតើ ទៅទិញទឹកញ៉ាំសិនទេ”អំណត់និយាយមានអារម្មណ៍ថាខ្លួនវិច្ឆ័យចាប់ផ្តើមបែកញើសហើយ
“អញ្ជឹងក៏ល្អដែលក៏រៀងស្ងួតកដែរ”វិច្ឆ័យក៏នាំអំណត់ទៅឈប់នៅបង់មួយដែលនៅក្បែរនោះមានកន្លែងលក់ភេសជ្ជះ
“នៅចាំទីនេះហើយទុកអោយអូនជាអ្នកទិញព្រោះឌុបអូនយូរហើយទំនងជាហត់ហើយសំរាកទៅ ហើយបងចង់ផឹកអីដែរ”អំណត់សួរទៅឆៃ
“សុំកូកាមួយមក”វិច្ឆ័យឆ្លើយដោយញញឹម រួចអំណត់ក៏ដើរទៅទិញភេសជ្ជះដែលមិនឆ្ងាយពីបង់ដែលពួកគេកំពុងអង្គុយនោះ
“មីងអោយកូកាមួយ នឹងតែកូចឆ្មារមួយមក”អំណត់និយាយទៅមីងអ្នកលក់
“ចាស៎!នេះត្រូវជាអ្វីហ្នឹងគ្នាហ្នឹង”មីងអ្នកលក់សួរ
“បាទ!”អំណត់និយាយដោយឆ្ងល់នឹងសំនួរអ្នកលក់
“មើលពីចំងាយស្មានតែជាគូរស្នេហ៍កំលោះក្រមុំទៅហើយ”មីងអ្នកលក់និយាយធ្វើអោយអំណត់ផាំងមួយសន្ទុះ
“ប្រហែលយើងមកពីយើងស្លៀកពាក់ស្រដៀងគ្នាហើយមើលទៅ”អំណត់និយាយដោយសើចតិចៗ
“ប្រហែលហើយ តែមីងយល់ថាពីរនាក់ក្មួយសមគ្នាណាស់”មីងអ្នកលក់និយាយធ្វើអើយអំណត់រឹងខ្លួនហើយតើ”កុំប្រកាន់នឹងមីងអីណា មីងចេះតែនិយាយទៅទេ”មីងអ្នកលក់និយាយពេលឃើញអំណត់រៀងរឹងខ្លួន
“មិនអីទេមីង!”អំណត់និយាយដោយញញឹមបន្លប់
“នេះរួចរាល់ហើយក្មួយ កូកាមួយនឹងតែក្រូចឆ្មាមួយ”មីងអ្នកលក់និយាយដោយហុចកូកាមួយកំប៉ុងនិងតែក្រូចឆ្មាមួយកំប៉ុង
“ប៉ុន្មានដែលមីង”អំណត់សួរ
“អស់៥ពាន់ក្មួយ”មីងនោះក៏ឆ្លើយ អំណត់អោយលុយអ្នកមីងនោះរួចក៏យួរភេសជ្ជះមករកវិច្ឆ័យ
“អំបាញ់មិញអូននិយាយស្អីខ្លះជាមួយមីងអ្នកលក់ ដូចជានិយាយគ្នាច្រើនណាស់”វិច្ឆ័យនិយាយដោយបឺតកូកា
“គ្មានអីទេ គ្រាន់តែគាត់ថាយើងមើលទៅសមជាគូរស្នេហ៍”អំណត់និយាយទាំងនឹកសំដីមីងអំបាញ់មិញដោយមិនទាន់បាត់រឹងខ្លួននៅឡើយ
“ហើយអូនឆ្លើយថាម៉េច”វិច្ឆ័យសួរដោយញញឹមតិចៗ
“មិនបានឆ្លើយអីផង ព្រោះគាត់ក៏និយាយខ្លួនឯងថាគាត់ចេះតែនិយាយទៅទេ”អំណត់ឆ្លើយ
“ហេតុអីមិនប្រាប់ថាយើងជាសង្សារហ្នឹងគ្នាទៅ”វិច្ឆ័យសួរ
“ឆ្កួតអ្នកណាទៅនិយាយបែបនេះទៅ”អំណត់និយាយ
“ហេតុអី”វិច្ឆ័យសួរដោយអន់ចិត្ត
“មើលមាត់ខ្ញុំអេ អត់ចង់!!!”អំណត់និយាយដោយសើច
“លេងសើចនឹងបងផង”វិច្ឆ័យក៏ដេញចាប់អំណត់
“គ្រាន់បើចាប់អោយបានមក”អំណត់និយាយយ៉ាងដឺ
ក្រោយមកពួកគេក៏នាំគ្នាទៅជិះទូកលេង មើលល្ខោនស្បែក និងមើលការសំដែងរបាំនាពេលរាត្រី។ចុងក្រោយក៏មកអង្គុយនៅលើបង់ស្ងាត់មួយ
“ថ្ងៃនេះបងមានសេក្តីសុខណាស់ដឹងទេ”វិច្ឆ័យនិយាយដោយញញឹម
“អូនក៏ដូចគ្នាមិនដែលសប្បាយចិត្តបែបនេះយូរមកហើយ”អំណត់និយាយដោយផ្អែកលើស្មាវិច្ឆ័យ
“បងពិតចង់អោយពួកយើងមានពេលបែបនេះរហូតទៅ”វិច្ឆ័យនិយាយដោយកាន់ដៃអំណត់
“អូនក៏ដូចគ្នា”អំណត់និយាយដោយអៀនៗ
“រៀបការជាមួយបងទៅណា យើងទៅនៅបារាំងទៅ”វិច្ឆ័យនៅតែអះអាងចង់រៀបការនឹងអំណត់
“បងគិតថាមិនរហ័សពេកទេអី ហើយចុះគ្រួសារអូនចង់អោយអូនបណ្តោយអោយពួកគាត់នៅទីនេះដោយគ្មានអូនមែនទេ ពួកគាត់ចាស់ហើយគួរតែដល់ពេលពួកគាត់ត្រូវសំរាកហើយអោយអូនចិញ្ចឹមម្តងហើយ នៅមានវិជ្ជាទៀតអូនមិនចង់អោយគេឃើញអូនហើយដើរតាមគន្លងអូនទេ”អំណត់និយាយដោយមុខស្រពោន
“មិនអីទេចាំរៀនចប់ក៏បាន យើងទៅនៅបារាំងទាំងអស់គ្នាទៅទាំងគ្រួសារអូន នៅទីនោះវិជ្ជាប្រាកដជាអាចមានអនាគតល្អមិនខាន”វិច្ឆ័យអះអាង
“ចុះលោកតាលោកយាយបង”អំណត់និយាយដោយគ្មានសង្ឃឹម
“បងប្រាប់ហើយកុំខ្វល់ពីគាត់គង់ថ្ងៃណាមួយពួកគាត់នឹងយល់ មិនបាច់ពឹងទ្រព្យសម្បត្តិពួកគាត់ក៏បងអាចចិញ្ចឹមគ្រួសារអូននឹងអូនអោយរស់នៅយ៉ាងស្រួលបានដែរ”វិច្ឆ័យនៅតែអះអាងគំនិតខ្លួនឯង
“បងមិនគិតថាវាដូចងាយស្រួលពេកទេដឹង”អំណត់នៅតែមិនអាចមានអារម្មណ៍ថារឿងទាំងអស់មិនអាចរលូនបែបនេះឡើយ
“បើយើងជឿប្រាកដជាអាច អូនប្រាកដជាកំដរបងឆ្លងកាត់ឧសគ្គមួយនេះមែនទេ”វិច្ឆ័យនិយាយដោយកាន់ដៃទាំងពីររបស់អំណត់មកដាក់ជាប់ដើមទ្រូងខាងឆ្វេងរបស់គេ
“អូននឹងនៅក្បែរបង”អំណត់និយាយដោយញញឹមយ៉ាងមានសេក្តីសុខ
សុខៗស្រាប់តែមានគេបាញ់កាំជ្រួច
“មើលន៎កាំជ្រួច ស្អាតណាស់”អំណត់និយាយដោយចង្អុលទៅកាំជ្រួច
“ស្អាតណាស់”វិច្ឆ័យនិយាយដោយទាញអំណត់មកផ្អឹបនឹងដើមទ្រូង
“មិនត្រឹមតែស្អាតទេ តែអូនយល់ថាមានសុភមង្គលណាស់”អំណត់និយាយដោយមើលកាំជ្រួចលើដើមទ្រូងដ៏កក់ក្តៅនឹងសែនមានសុភមង្គល ការដើរលេងមួយថ្ងៃនេះពិតជាធ្វើអោយមនុស្សក្នុងលោកសប្បាយចិត្តជួសអ្នកទាំងពីរមែន។
មនុស្សជាច្រើនសុទ្ធតែបែបហ្នឹងសង្ឈឹមថាអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់រហូតដល់ថ្ងៃអវសាន្តនៃលោកដោយសាមញ្ញាបំផុត ក្នុងនោះក៏មានម្នាក់ជាខ្ញុំដែល។ ស្នេហាគឺបែបនេះមិនទាមទារអ្វីច្រើន ហើយក៏មិនទាមទារអោយមានលទ្ធផល សុំត្រឹមថ្ងៃនេះមានគេនៅក្បែរយើងក៏គ្រប់គ្រាន់។


No comments:

Post a Comment