December 14, 2015

My Little Brother (Season 2) Chpater 12: ការណាត់ជួប

មុននឹងចាប់ផ្តើមរឿងបន្ត ក៏សុំរលឹកវគ្គមុនៗមកបន្តិចព្រោះល្បីថាអ្នកអានគ្រប់គ្នាភ្លេចសាច់រឿងអស់ហើយហាហហស។
រឿងនេះក៏ចាប់ផ្តើមពីក្មេងតូចមុខមាត់គួរអោយស្រលាញ់ឈ្មោះ ឆាយ ត្រូវមកធ្វើជាប្អូនប្រុសរបស់មនុស្សកំនាចឃោឃៅ ដេត។ ដោយហេតុតែម្តាយរបស់ឆាយ បានរៀបការជាមួយឳពុករបស់ដេត ឆាយក៏ក្លាយជាប្អូនរបស់ដេតទាំងដែរគ្មានជាប់សាច់ឈាមគ្នាបន្តិចណាសោះ។ ដេតគេជាមនុស្សដែលមាត់អាក្រក់ ឆេវឆាវ តែក៏ចិត្តទន់។ គេតែសំដែងភាពមិនសប្បាយចិត្តជាមួយវត្តមានរបស់ឆាយនិងម្តាយគេ។ ក្រោមការរៀបចំរបស់ឳពុករបស់ដេត ឆាយក៏បានក្លាយជាសិស្សរួមថ្នាក់របស់ដេត។ នៅទីនោះឆាយក៏បានជួបមិត្តភក្តិកាលពីសម័យបឋមពីរនាក់គឺវង្ស និងធី ក្នុងនោះគេក៏បានស្គាល់មិត្តភក្តិពីរនាក់ទៀតគឺស្រីកា និងស្រីនុច ដែលស្រីកាជាសង្សាររបស់វង្សដែលតែងតែឃើញថាឈ្លោះគ្នាមិនលោះថ្ងៃ។ ជាមួយការមិនចូលចិត្តឆាយ ដេតក៏ចេះតែរកវិធីធ្វើបាបឆាយជារឿយ តែជាមួយនឹងភាពល្ងង់ខ្លៅ និងភាពស្មោះត្រង់របស់ឆាយ ពិតជាធ្វើអោយដេតចិត្តទន់មិនបានពិតមែន។ ស្របពេលជាមួយគ្នានោះសង្សារក្នុងចិត្តដែលដេតលួចស្រលាញ់ជាច្រើនឆ្នាំមកហើយនោះ គឺនីតា ក៏បានប្រកាសប្រាប់ដេតថាខ្លួនមានគូរដណ្តឹងហើយ បណ្តាលអោយដេតខូចចិត្តជាខ្លាំង តែយ៉ាងណាក៏គ្រប់ពេលឆាយក៏នៅចាំមើលថែ និងនៅខាងដេតរហូត រហូតធ្វើអោយដេតចិត្តទន់ងាកមកចាប់អារម្មណ៍និងឆាយ។ តែនៅមានមនុស្សម្នាក់ទៀត ដែលតែងតែជួយឆាយ យកចិត្តទុកដាក់ជាមួយឆាយជាពិសេស គ្រប់ពេលវេលា នោះគឺភ្លើង គេម្នាក់នេះហើយដែលធ្វើអោយដេតមិនសប្បាយចិត្តគ្រប់ពេល ពេលដែលឃើញគេនៅក្បែរឆាយ។
ក្នុងវគ្គបន្តនេះ ដេតក៏ចាប់ផ្តើមចាប់អារម្មណ៍និងយកចិត្តទុកដាក់មើកលើឆាយ។ទំនាក់ទំនងរបស់ពួកគេកាន់តែល្អ តែរឿងល្អមិនចេះតែមានរហូតនោះទេ ស្រាប់តែពេលនោះ នារីម្នាក់ដែលដេតធ្លាប់ស្រលាញ់ក៏មកយំអោបគេ ហើយនៅក្បែរនោះគឺឆាយដែលកំពុងតែធ្វើមុខស្រពោនអស់សង្ឃឹម តែមានភ្លើងនៅពីក្រោយយកចិត្តទុកដាក់និងមើលថែឆាយគ្រប់ជំហាន រហូតធ្វើអោយដេតមិនអាចឈានជើងទៅជូតទឹកភ្នែកអោយឆាយបាន។ តើស្នេហាស្ទាក់ស្ទើររបស់ដេតអាចធ្វើអោយចំណោតស្នេហាចតុកោណកែងមួយនេះដោះស្រាយបានទេ តោះ!ចាំមើលទាំងអស់គ្នា!
សូមសង្ខេបត្រឹមប៉ុននេះហើយណាអ្នកទាំងអស់គ្នាប្រហែលជាចាប់សាច់រឿងទាន់ហើយណា ភាគបន្ត និងចែករំលែកអោយគ្រប់គ្នាក្នុងពេលឆាប់ៗនេះ។
ក្រោយពីត្រលប់មកពីក្រុងកំពង់សោមបានប៉ុន្មានថ្ងៃ​ ស្អែកនេះក៏ត្រូវត្រលប់ចូលរៀនវិញហើយព្រោះតែវិស្សមកាលវ៉ាកងតូចក៏ត្រូវបញ្ចប់។ និយាយពីឆាយក៏កំពុងតែអានសៀវភៅរលឹកមេរៀននៅសួនច្បារម្នាក់ឯង ព្រោះស្អែកក៏ត្រូវចូលរៀនហើយ នេះហើយទំលាប់ល្អសិស្សពូកែនោះ។ ចំនែកឯដេតក៏កំពុងតែលេងបាល់ម្នាក់ឯងនៅក្បែរៗនោះដែរ
“ឆាយញ៉ាំនំនេះទៅម៉ាក់ទើបហ្នឹងធ្វើរួច”ម៉ាក់របស់ឆាយនិយាយដោយកាន់នំអាកោខ្ទិះដ៏សែនឈ្ងុយមួយចានមកអោយឆាយ
“ឈ្ងុយខ្លាំងណាស់ម៉ាក់ នេះ!ទំនងជាដាក់ខ្ទិះដូងច្រើនហើយ”ឆាយនិយាយដោយប្រញាប់ប្រញាយកនំដាក់ចូលម៉ាត់ព្រោះតែទ្រាំនឹងក្លិនឈ្ងុយមិនបាន
“ញ៉ាំតាមសំរួលទៅប្រយ័ត្នអួលទៅកូននេះ! ហើយហៅបង ញ៉ាំជាមួយគ្នាផង ម៉ាក់ត្រលប់ទៅបង្ហើយការងារនៅផ្ទះបាយសិន”និយាយរួចម្តាយរបស់ឆាយក៏ដើរចូលទៅក្នុងផ្ទះវិញ
“បងដេតៗ ញ៉ាំទេឆ្ងាញ់ខ្លាំងណាស់”ឆាយនិយាយដោយមាត់នៅជាប់នំនៅឡើយ
“ស្អីហ្នឹង”ដេតនិយាយដោយដើរមករកឆាយ
“អាកោរខ្ទិះណាបង ឈ្ងុយហើយឆ្ងាញ់ខ្លាំងណាស់”ឆាយនិយាយនិយាយដោយចង្អុលទៅនំក្នុងចាន ចំនែកដេតក៏អោនមុខក៏ជិតឆាយហើយហាមាត់ចង់អោយឆាយបញ្ចុក
“បញ្ចុកបន្តិចមក ដៃយើងប្រលាក់ខ្ជិលទៅលាងណាស់”ដេតនិយាយ
“នេះ………!!”ឆាយនិយាយដោយបញ្ចុកនំចូលក្នុងមាត់របស់ដេត ដេតខាំមួយម៉ាត់ហើយក៏ងាកមកសំលឹងមករកឆាយដោយកែវភ្នែកស្រទន់រហូតធ្វើអោយឆាយត្រូវងាកមុខចេញ
“ឆ្ងាញ់ខ្លាំងណាស់”ដេតនិយាយដោយញញឹមភ្នែកតូច ចំនែកឆាយបានត្រឹមញញឹមទាំងមុខក្រហម
“ឆាយ”ដេតហៅឆាយដោយសំលេងស្រាល
“បាទ!”ឆាយនិយាយដោយរដិបរដុប
“ទៅមើលកុនទេ?”ដេតសួរឆាយ ជាសំនួរធ្វើអោយឆាយងាកមកមើលមុខដេតម៉ង់ៗ
“ហាក៎!”ឆាយលាន់មាត់ស្ទើរផ្លាត់សំលេង
“យើងហៅទៅមើលកុន មិនមែនហាក៎ទេ!”ដេតនិយាយដោយលូកដៃទៅខោកក្បាលឆាយ
“អ៊ួយ! នេះខ្ញុំជិតល្ងីល្ងើដោយសារបងហើយ”ឆាយនិយាយដោយយកដៃអង្អែលក្បាល
“មកពីឯងចូលចិត្តធ្វើអោយខ្លួនគួរអោយចង់ខោកហ្នឹងឯង”ដេតនិយាយដោយសំលក់ឆាយ ព្រោះដេតគេព្យាយាមធ្វើសុភាពអស់ប៉ុណ្ណឹងហើយ តែឆាយបែរជាធ្វើមើលតែជួបខ្មោច
“ប្រញាប់យកសៀវភៅទុកហើយទៅផ្លាស់ខោអាវទៅមើលកុនអោយលឿនឡើងទៅ”ដេតនិយាយដោយប្រមែលប្រមូលសៀវភៅឆាយជាគំនរ
“ហាក៎”ឆាយក៏លាន់មាត់ម្តងទៀតទាំងធ្វើមុខឆ្ងល់
“នៅហាក់ស្អីទៀត ចង់ត្រូវមួយក្រញ៉ទៀតមែនទេ”ដេតនិយាយដោយលើកដៃឡើង គំរាមឆាយ ម្នាក់នេះក្រៅពីកំលាំងបាយប្រហែលជាមិនចេះស្អីទេទៀតមើលទៅ
“ទៅហើយៗ”ឆាយក៏ប្រញាប់ប្រញាធ្វើតាមសំដីដេត ដោយមិនទាន់ដឹងរឿងច្បាល់លាស់ ដេតម្នាក់នេះពិតជាព្រៃផ្សៃពិតមែន នៅក្បែរគេគឺមានតែរឿងឈឺខ្លួននឹងឯង។
មួយសន្ទុះក្រោយមកឆាយក៏ចុះជាមួយសំលៀកបំពាក់ដែលមើលទៅស្អាតខ្លាំងណាស់ ព្រោះអំបាញ់មិញនេះគេក៏រើខោអាវឡើងពេញទូទៅហើយទំរាំបានមួយឈុតនេះ សំរាប់ឱកាសពិសេសបែបបនេះ មិនតែងខ្លួនបន្តិចម្តេចហ្នឹងបាន។ចំនែកដេតមើលមកឆាយដោយញញឹមតិចៗហាក់ដូចជាពេញចិត្តហ្នឹងអ្វីម៉្យាង
“នេះយើងហៅឯងទៅមើលកុន មិនមែនទៅឡើងឆាកនោះទេ”ដេតនិយាយចំអន់អោយឆាយ ចំនែកឆាយធ្វើមុខខ្មាស់រហូតស្ទើរចង់ជ្រែកដី ដេតម្នាក់នេះមាត់គួរអោយចង់ធាក់ពិតៗ
“មិនបាច់ធ្វើមុខអញ្ជឹងទេ យើងនិយាយលេងនោះទេ ឈុតនេះមើលទៅឯងសមខ្លះណាស់ហើយស្អាតទៀតផង”ដេតនិយាយដោយដើរចេញទៅយកម៉ូតូរបស់ខ្លួន ម្នាក់នេះមិនដឹងជាកើតស្អីនោះទេ អស់ពីបង្អាប់ ក៏មកសរសើរចំៗបែបនេះ ធ្វើអោយឆាយរឹងខ្លួនស្ទើរនិយាយអីមិនចេញទៅហើយ។ ឆាយក៏ឡើងជិះម៉ូតូធំរបស់ដេត ជាធម្មតាដេតក៏មិនបើកវាទៅសាលាទេព្រោះបើគេជិះទៅនឹងត្រូវឌុបឆាយ បែបនេះហើយបានជាត្រូវដើរទៅរៀនជាមួយគ្នាជារៀងរាល់ថ្ងៃនោះ។
“បងដេត!”ឆាយនិយាយដោយសំលេងញ័រដោយជិះម៉ូតូអង្គុយពីក្រោយដេត
“មានការអី”ដេតងាកមុខមករកឆាយ
“ខ្ញុំនៅចង់រស់អោយបានច្រើនឆ្នាំទៀតបង! បងអាចបើកយឺតជាងនេះបានទេ”ឆាយនិយាយដោយខ្លួននៅខ្លាចទៅឡើយ ព្រោះមានអារម្មណ៍ថាដេតជិះម៉ូតូលឿនដូចប្រញាប់ទៅចុះនរកអញ្ជឹង។ ចំនែកឯងដេតមិនខ្វល់ពីសំដីរបស់ឆាយ នៅតែរក្សាលឿនប្រញាប់ទៅឋានសួគ៌របស់ខ្លួនដដែល ឆាយហេតុតែមិនដឹងធ្វើយ៉ាងម៉េចមានតែអោបចង្កេះដេត ហើយភាវនាក្នុងចិត្តអោយខ្លួនឆាប់ទៅដល់ផ្សារទំនើបប៉ុណ្ណោះ។ មិនប៉ុន្មាននាទីពួកគេទាំងពីរក៏មកដល់ផ្សារទំនើបដែលមានមនុស្សច្រើនគួរសមព្រោះថាថ្ងៃនេះជាថ្ងៃអាទិត្យ។ មកដល់ភ្លាមឆាយក៏ប្រញាប់ចុះពីម៉ូតូ
“ទីបំផុតខ្ញុំបានជាន់ឯងហើយ ដីសំណប់ចិត្ត”ឆាយនិយាយដោយសប្បាយចិត្ត”អរគុណជីដូនជីតាដែលបានជួយរក្សាកូនចៅ ធ្វើអោយកូនចៅបានមកជាន់ដីបន្តទៀត”ឆាយបន្តបន់ បន្តអរគុណជាហូរហែរ
“នេះឯងនិយាយចប់រឺនៅ”ដេតនិយាយដោយហួសចិត្ត
“អស់ហើយ”ឆាយនិយាយដោយងាកមកសំលក់ដេត នេះឆាយពិតជាប្រថុយពិតមែនដែលយកជីវិតរបស់ខ្លួនមកផ្ញើរលើម៉ូតូដេតបែបនេះ
“កុំមើលមកយើងបែបនេះ!”ដេតនិយាយដោយមិនចាប់អារម្មណ៏និងក្រសែភ្នែករបស់ឆាយហើយក៏ដើរចូលផ្សារទំនើបធ្វើមិនដឹង ចំនែកឆាយក៏គ្មានសិទ្ធរករឿងម្នាក់នេះបាន ត្រឹមដើរត្រុកៗពីក្រោយគេប៉ុណ្ណោះ
“ទៅទិញពោតលីង និងទឹកក្រូចមក យើងទៅទិញសំបុត្រកុន”ដេតនិយាយបញ្ជាឆាយហើយ ក៏ដើរទៅទិញសំបុត្រកុន ឆាយបានត្រឹមតែដកដង្ហើមធំមើលដេតដើរចេញទៅ សំរេចថាដេតម្នាក់នេះ ធ្វើអីក៏យកតែចិត្តខ្លួនគ្រប់ពេលតែម្តង
“នេះជាមនុស្សចិត្តខ្មៅ ព្រៃផ្សៃបំផុត ហៅគេមកមើលកុនមិនសួរមួយម៉ាត់ថាចង់មើលរឿងស្អី ក៏យកតែចិត្តខ្លួនឯងគ្រប់ពេលវេលាតែម្តង” ឆាយនិយាយដោយពេបមាត់ ហើយសំលឹងទៅដេតដែរដើរទៅតំរង់ជួរទិញសំបុត្រកុន
ប្រហែលជាប្រាំនាទីក្រោយមកដេតក៏ត្រលប់មកជាមួយនឹងសំបុត្រកុនពីរសន្លឹក។ ចំនែកឆាយក៏ហុចកំប៉ុងទឹកក្រូចនិង ពោតលីងអោយដេត ព្រោះខ្លួនមិនបានចង់ញ៉ាំវាទេ
“កាន់ទៅ”ដេតនិយាយដោយមិនចាំអារម្មណ៍ ហើយខ្លួនឯងលូកដៃយកពោតលីងទៅញ៉ាំនិងចុចទូរស័ព្ទលេង ដោយមិនក្រែងចិត្តឆាយសូម្បីតែបន្តិច។ ចំនែកឆាយបានត្រឹមសំលក់ដេតព្រោះតែហួសចិត្ត សំរេចថាគេនេះជាមនុស្សដែលយកតែចិត្តរបស់ខ្លួនពិតមែន។ ដេតងាកមកក៏ប្រទះក្រសែលភ្នែករបស់ឆាយ
“មើលយើងបែបនេះមានន័យថាយ៉ាងម៉េច”ដេតសួរដោយជ្រួញចិញ្ចើម
“បងនាំខ្ញុំមកមើលរឿងអីហ្នឹង”ឆាយសួរព្រោះតែខ្លួនមិននៅមិនទាន់ដឹងថាខ្លួនត្រូវមើលរឿងស្អីនោះទេ
“នេះ……”ដេតហុចសំបុត្រកុនអោយទៅឆាយ ចំនែកឆាយក៏ប្រញាប់យកសំបុត្រកុនមកមើល ថាអីចេះខុសពិតជាដូចជាការបារម្ហរបស់ឆាយពិតមែន
“ផ្ទះលាក់ព្រលឹង” ឆាយអានអក្សរនៅលើសំបុត្រកុនមួយៗ ដោយភាពតក់ស្លុត
“នេះកុំប្រាប់ថាពួកយើងនឹងមើលរឿងនេះ”ឆាយសួរដេតដោយលេបទឹកមាត់
“អើ!! លឺគេថាល្អមើលណាស់ ខ្មោចលងក៏សាហាវ សំលាប់ទាំងគ្រួសារៗតែម្តង ចុងក្រោយក៏ស្លាប់គ្មានសល់ម្នាក់” ដេតនិយាយធម្មតាមើលទៅរឿងមួយនេះពិតជាគួរអោយចង់មើលពិតមែន តែមើលទៅឆាយវិញកាន់សំបុត្រកុននោះដោយធ្វើមុខចង់ឆ្កួតទៅហើយ
“ធ្វើមុខមើលតែឃើញខ្មោចមែនទែន”ដេតនិយាយដោយឆាយ ចំនែកឆាយក៏ងាកមកមើលអ្នកដែលនិយាយ
“នេះរឿងនរកអីហ្នឹង ខ្ញុំមិនមើលទេ! គួរអោយខ្លាចខ្លាំងណាស់”ឆាយធ្វើមុខចង់យំ បើអោយមើលរឿងបែបនេះ ឆាយនឹងដេកមិនលក់ពេញមួយយប់មិនខាន “បងដេតមានរឿងកំប្លែងច្រើនណាស់! ខ្ញុំសុំប្តូរយកជារឿងកំប្លែងវិញបានទេ ណាៗៗ!!!”ឆាយនិយាយដោយអង្វរករដេត
“អាវ!ពីដំបូងម៉េចមិនប្រាប់ ទិញសំបុត្ររួចហើយអោយយកទៅដូរគេយ៉ាងម៉េចទៅ”ដេតនិយាយដោយធ្វើមុខឆ្ងល់ ព្រះមើលដេតនិយាយចុះ ខ្លួនជាអ្នកនាំឆាយមកមើលកុនហើយក៏ទៅទិញសំបុត្រកុនដោយមិនសួរឆាយមួយម៉ាត់ រួចមកថាអោយឆាយទៀត គិតមើលទៅថាគេជាមនុស្សដែលពិបាករស់នៅជាមួយប៉ុណ្ណា។ ចំនែកឆាយហេតុតែហួសចិត្តមិនដឹងជាតវ៉ាជាមួយដេតយ៉ាងម៉េច ក៏មានតែអង្គុយធ្វើមុខចង់យំម្នាក់ឯង​ ដោយមិនបានចាប់អារម្មណ៍ថាអ្នកអង្គុយក្បែរនោះលួចសើចជាច្រើនដងដោយសប្បាយចិត្ត។
“អាវ!!!…………”ឆាយស្រែកឡើងមុខស្លេកទៅហើយ ពេលដែលមើលទៅកុនដែលគួរអោយខ្លាចបែបនេះ
“ដៃយើងៗៗ ខ្លាចហេតុអីមកខ្ញៅ ដៃយើងទៅវិញ ឈឺណាវើយ”ដេតនិយាយដោយអង្អែលដៃដែលសុទ្ធតែស្នាមក្រចករបស់ឆាយ
“គួរអោយខ្លាចខ្លាំងណាស់”ឆាយនិយាយដោយធ្វើមុខចង់យំដាក់ដេត ម្នាក់នេះពិតជាខ្លាចខ្មោចខ្លាំងណាស់អោយមកមើលរឿងបែបនេះទៀត ដូចយកគេមកសំលាប់ទាំងរស់តែម្តង
“ស្រែកតិចបានទេ មិនឃើញគួរអោយខ្លាចត្រង់ណាផង”ដេតកំពុងតែរអ៊ូ សំរេចថារឿងខ្មោចគួរអោយខ្លាចបែបនេះហើយដេតនៅអង្គុយមើលដូចមើលរឿងកំសត់ទៅវិញ។ តែនៅសុខៗស្រាប់តែឆាយស្ទុះមកអោបដេតតែម្តង ធ្វើអោយមុខដេតប្រែជាក្រហមតិចៗៗទៅហើយ គេក៏ឈប់រអ៊ូហើយនៅស្ងៀមទៅវិញ នេះអី!លទ្ធផលដែលដេតខំចុះទុនមកមើលកុនជាមួយឆាយនោះ ហាហាហ!!!
“ល្មមបើកភ្នែកហើយ! រឿងចប់ហើយ”ដេតកេសឆាយ ព្រោះម្នាក់នេះបិទភ្នែកអោបគេមិនព្រមលែងសោះ
“ចប់ហើយ”ឆាយសន្សឹមៗបើកភ្នែកក៏ឃើញថាមនុស្សម្នាចាប់ផ្តើមចេញពីទៅបន្តើរៗហើយ ឃើញដូចនេះឆាយក៏ដកដង្ហើមធូរទ្រូង
“ឯល្មមលែងយើងបានហើយមែនទេ!” ដេតនិយាយដោយធ្វើមុខដាក់ឆាយ ចំនែកឆាយពេលលឺបែបនេះក៏ភ្ញាក់ខ្លួន រួចក៏ស្ទុះចេញពីដើមទ្រូងដេតដោយមុខក្រហម
“គឺ………”ឆាយនិយាយទាំរដាក់រដុប
“នៅគឺដល់ណាទៀត នេះគេចេញពីរោងកុនអស់ហើយណា រឺឯងចង់នៅដេកទីនេះមែនទេ”ដេតនិយាយដោយងើបដើរចេញទៅ ចំនែកឆាយក៏ប្រញាប់ចេញទៅតាមក្រោយ
សុខៗដេតក៏ឈប់ ធ្វើអោយឆាយកំពុងតែដើរពីក្រោយដេតមកបុកនឹងខ្នងរបស់គេ
“នេះឯងធ្វើដើរអោយមានអារម្មណ៍ក្នុងខ្លួនខ្លះទៅមើល”ដេតរអ៊ូ ចំនែកឆាយក៏យកដៃអង្អែកថ្ងាស ព្រោះអំបាញ់មិញមិនបានចាប់អារម្មណ៍ពិតមែន ព្រោះគេរវល់តែអៀននឹងរឿងដែលគេទៅអោបដេតក្នុងរោងកុននោះឯង
“អ្នកណាអោយបង សុខៗបងក៏ឈប់បែបនេះ”ឆាយនិយាយដោយពេបមាត់
“បានហើយឯងនេះ! នៅចង់ញ៉ាំអីទៀតទេ”ដេតធ្វើមុខធុញហើយសួរឆាយ ចំនែកឆាយក៏គ្រវីក្បាល
“មិនសូវឃ្លានអីផង”ឆាយនិយាយព្រោះអំបាញ់មិញទើបញ៉ាំបាយនិង នំអាកោរដែលម្តាយគេធ្វើអោយនៅមិនទាន់ស្រកពោះផង
“តែយើងឃ្លាន”ដេតនិយាយដោយធ្វើមុខធុញ ដូចជាឆាយនេះមិនយល់ហេតុការណ៍អីសោះ
ដេតក៏ដើរចូលហាងដែលនៅក្បែរៗនោះ។ ក្រោយពីញ៉ាំអីហើយ គេក៏ចូលទៅញ៉ាំការ៉េមបន្ត ធ្វើអោយឆាយឆ្ងល់ថាដេតម្នាក់នេះក៏ក្រពះធំម្ល៉េះហេតុអីញាំមិនឈប់បែបនេះ
“ឯងមិនចង់ផឹកអីខ្លះទេ”ដេតងាកមកសួរឆាយ
“អត់ទេ”ឆាយឆ្លើយដោយធ្វើមុខឆ្ងល់
“អំបាញ់មិញក្នុងរោងកុន ឯងស្រែកដូចជ្រូកគេយកទៅអារកអញ្ជឹង យើងស្មានតែឯងស្រេកទឹក”ដេតនិយាយដោយសើចចុងមាត់
“នៅមកនិយាយទៀតអ្នកណាអោយមើលរឿងហ្នឹង នេះខ្ញុំនៅមិនទាន់បាត់ភ័យផង” ឆាយនិយាយទាំងពេបមាត់
“នៅមកតវ់ាទៀត មើលដៃយើងទៅជាស្នាដៃអ្នកណា”ដេតនិយាយដោយលើកដៃរបស់ខ្លូននៅជាប់ស្នាមក្រចកឆាយនៅឡើយ ចំនែកឯឆាយបែរជាសើចតិចៗ “នៅមានមុខមកសើចទៀត”ដេតនិយាយដោយលូកដៃទៅខោកក្បាលឆាយ
“អួយ!!”ឆាយស្រែកដោយយកដៃមកអង្អែលក្បាល “ឈឺណាបង! វាមិនមែនកំហុសខ្ញុំឯណា ខ្ញុំក៏ប្រាប់ហើយមែនទេ​ថាខ្ញុំខ្លាចខ្មោច”ឆាយព្យាយាមតវ៉ាតែក៏ត្រូវដេតលូកដៃមកក្បាយគេម្តងទៀត ឃើញបែបនេះឆាយក៏ប្រញាប់យកដៃមកអោបក្បាលគេ មុខពេលគេត្រូវល្ងីល្ងើរដោយសារដេត
“នោះឆាយតើ”សុខសំលេងលាន់លឺចេញពីជ្រុងម្ខាងទៀត ធ្វើអោយដេតនិងឆាយងាកទៅរកម្ចាស់សំលេង ក៏ប្រទះមិត្តភក្តិទាំង៤របស់ឆាយ។ ចំនែកឆាយក៏ញញឹមដាក់ពួកគេ ឯដេតបែរជាធ្វើមុខដូចជាមានអ្នកណាមករំខានគេអញ្ជឹង
“នេះមែនទេដែលប្រាប់ថានៅមើលមេរៀន”ស្រីកានិយាយដោយពេបដាក់ឆាយ
“គឺ……”ឆាយព្យាយាមបកស្រាយតែខ្លួនក៏មិនដឹងនិយាយថាម៉េចទើបល្អ
“គឺស្អីទៅ បបួលមកដើរលេងជាមួយគ្នានិយាយថារវល់នៅមើលមេរៀន តែបែរជាមកលួចដើរលេងស្ងាត់ៗតែពីរនាក់ទៅវិញ”នាយធីរអ៊ូដោយមើលទៅឆាយយ៉ាងចាប់កំហុស
“គឺខ្ញុំ……”ឆាយគេនៅតែរដិបរដុបព្រោះមិនដឹងត្រូវបកស្រាយយ៉ាងណាពិតមែន
“ឯងនៅនិយាយលេងជាមួយមិត្តភក្តិឯងទៅយើងទៅបន្ទប់ទឹកមួយភ្លែត”ដេតនិយាយហើយក៏ដើរចេញទៅ តាមពិតគេក៏មិនបានឈឺនោមរឺឈឺពោះអីដែល គ្រាន់តែមិនចង់នៅស្តាប់មិត្តភក្តិឆាយចំអន់ពួកគេទាំងពីរតែប៉ុណ្ណោះព្រោះដេតក៏រៀងមុខក្រហមខ្លះៗដែរ
“សំរេចថាទំនាក់ទំនងបងប្អូនពួកឯងល្អដល់ថ្នាក់ណាហើយ នេះដល់ថ្នាក់បបួលគេដើរលេងតែពីរអ្នកផង”នាយវង្សងាកមកចាប់កំហុសឆាយ
“ប្រហែលជាគាត់អផ្សុក ហើយគ្នាអ្នកណាមកជាមួយបានជាយកខ្ញុំមកជាគ្នា”ឆាយក៏ចេះតែនិយាយទៅដើម្បីអោយមិត្តភក្តិគេឈប់សង្ស័យ
“ត្រូវហើយមុខដូចគេនេះ សមហើយដែលគ្មានមិត្តភក្តិនោះ”ស្រីកាពេបមាត់ ព្រោះគេក៏មិនសូវជាចូលចិត្តដេតប៉ុន្មាននោះទេ
“ពួកឯងមកយូរហើយមែនទេ”ឆាយសួរ ព្រោះតែចង់ប្តូរសាច់រឿង
“ទើបតែមកទេ ចុះឯង”ធីឆ្លើយ
“មកយូរដែលហើយ! កំពុងតែចង់ទៅវិញហើយ”ឆាយនិយាយ ព្រោះតែក៏មិនដឹងជាមានអីធ្វើទៀតដែល សង្ឃឹមថាដេតគេមិនគិតចង់ញ៉ាំអីបន្ថែមទៀតទៅចុះ
“នេះនិយាយគ្នាយូរទៀតទេ យើងប្រញាប់ទៅផ្ទះ”ដេតដែលទើបចេញពីបន្ទប់ទឹកក៏រអ៊ូ ហាក់ដូចជាមិនសប្បាយចិត្ត
“អញ្ជឹងខ្ញុំលាពួកឯងសិនហើយណា ចាំជួបគ្នានៅសាលាណា”ឆាយនិយាយហើយក៏ប្រញាប់រត់ទៅតាមដេត
“បងដេត!”ដើរមកជិតដល់ចំណតម៉ូតូឆាយក៏និយាយ
“មានការអី”ដេតងាកមកជ្រួញចិញ្ចើមដាក់ឆាយ
“បងអាចបើកម៉ូតូយឺតជាងពេលមកបានទេ ខ្ញុំនៅចង់រស់អោយបានយូរបន្តិច”ឆាយនិយាយដោយមុខស្អុយ
“បើមិនចង់ជិះជាមួយយើង ក៏ទៅជិះម៉ូតូឌុបរឺ តាក់ស៊ីទៅ”ដេតនិយាយដោយមិនចាប់អារម្មណ៍ពីឆាយរួចក៏បញ្ឆះម៉ូតូ ធ្វើអោយឆាយប្រញាប់ប្រញាឡើងលើម៉ូតូដេត ចំនែកដេតដែលពាក់មួកសុវត្ថិភាពបែរជាលួចសើចមិនអោយឆាយដឹង។
កំពុងតែជិះម៉ូតូសុខៗ ដេតក៏ឈប់ហើយងាកមកសួរឆាយដែលធ្វើមុខម៉ង់ៗដាក់គេ
“ឯងចង់ទៅណាទេ! យើងមិនទាន់ចង់ចូលផ្ទះទេ”ដេតសួរ ចំនែកឆាយបែរជាធ្វើមុខសញ្ញាសួរ
“អត់ទេ”ឆាយឆ្លើយព្រោះខ្លួនមិនបានចង់ទៅណាទេ គឺដេតទេតើដែលអូសគេមកនេះ
“ច្បាស់ហើយថាមិនចង់ទៅណា”ដេតសួរបញ្ជាក់ ចំនែកឆាយក៏ធ្វើមុខគិតរួចក៏ធ្វើមុខដូចនឹងឃើញអ្វីម៉្យាង។

“នេះរឺកន្លែងឯងចង់មក”ដេតសួរដោយហួសចិត្ត ព្រោះគេទាំងពីរអ្នកកំពុងតែនៅក្នុងបណ្ណាគារ។
“បាទ! ខ្ញុំចង់ទិញសៀវភៅខ្លះយកទៅអាន ព្រោះនៅផ្ទះអស់សៀវភៅអានហើយ”ឆាយនិយាយដោយសំលឹងទៅសៀវភៅ ចំនែកដេតបែរជាធ្វើមុខឆ្ងល់ព្រោះពាក្យដែលថាអស់សៀវភៅនេះម៉េចហ្នឹងទៅរួច ព្រោះគេធ្លាប់ចូលទៅបន្ទប់ឆាយសៀវភៅក្នុងបន្ទប់ឆាយមានដល់ទៅ៣ទូឯណោះ ហើយ១ទូមានដល់ទៅ៤ធ្នើរ សំរេចថាគេពិតជាអានសៀវភៅអស់ហ្នឹងអស់ពិតមែន?
ឆាយក៏រត់ឆ្លេរចុះឆ្លេរឡើង ដូចហាក់ដូចជាសប្បាយណាស់ចិត្តអញ្ជឹងគេយកមួយក្បាយហើយមួយក្បាលទៀត ចំនែកដេតគ្រាន់តែធុំក្លិនសៀវភៅក៏ធ្វើអោយគេវិលមុខចង់ក្អួតទៅហើយ។
“អាវ! បងដេតម៉េចធ្វើមុខអញ្ជឹង មិនគិតចង់ទិញសៀវភៅអីខ្លះទេ” ឆាយសួរទៅដេតដែលកំពុងតែធ្វើមុខស្អុយពីក្រោយគេ
“អត់ទេ ឯងទិញតែរបស់ឯទៅ”ដេតឆ្លើយ រួចក៏ងាកមករអ៊ូ”បើដឹងអញ្ជឹងយើងហ្នឹងមិនឡប់ទៅសួរឯងថាចង់ទៅណាទេ”ដេតរអ៊ូតិចៗម្នាក់ឯង ព្រោះគេគិតថាឆាយប្រហែលជាចង់ទៅសួនកំសាន្តអីហ្នឹង ច្រើនជាង។
ក្រោយពីទិញសៀវភៅរួចរាល់ដេតនិងឆាយក៏ត្រលប់មកផ្ទះវិញ។
“តុកៗៗ………” កំពុងតែគេងសុខៗដេតក៏លឺសំលេងគោះទ្វារ
“អ្នកណាហ្នឹង ស្មាននេះទៅហើយមានការស្អីទៀត”ដេតដើរទៅបើកទ្វារដោយរអ៊ូ
“អាវ!ឆាយ ហើយស្មានេះទៅហើយឯងមានការអីទៀត”ដេតសួរទៅឆាយ តែសំលឹងទៅឆាយមកជាមួយនឹងខ្នើយ និងភួយទៀតផង។
“គឺ……… ខ្ញ………ខ្ញុំនៅខ្លាចកុនដែលមើលពីល្ងាចមិញ ទើបមិនហ៊ានគេងម្នាក់ឯង”ឆាយនិយាយដោយមុខក្រហមព្រោះ ធំប៉ុននេះហើយនៅគេងខ្លាចខ្មោចទៀត
“គួរអោយធុញមែនចូលម៉ោ”ដេតនិយាយដោយបើទាញទ្វារអោយឆាយសួរ ចំនែកឆាយក៏ចំលែកចិត្តខ្លះៗដែលព្រោះពីដំបូងគេគិតថា ដេតប្រាកដជាគ្មានផ្លូវព្រមងាយៗនោះទេ
ដេតក៏រៀបចំកំរាលនៅលើឥដ្ឋ ព្រោះសុំបន្ទប់គេដេកក៏ត្រូវដាក់ខ្លួនបែបនេះឯង
“ឯងធ្វើស្អីហ្នឹង! ឡើងទៅដេកលើពូកទៅ”ដេតនិយាយធ្វើអោយឆាយងាកមើលដេត ថ្ងៃនេះគេលេបថ្នាំអីខុសទេដឹងបានជាចិត្តល្អបែបនេះ “កុំមកមើលយើងបែបនឹង ទៅដេកទៅខាងក្រោម ហើយតាំងរអ៊ូរងាទៅ យើងចង់ដេក មិនចង់អោយឯងរំខានយល់”ដេតនិយាយហើយក៏ប្រះខ្លួន ដេកដោយមិនចាប់អារម្មណ៍ពីឆាយ ចំនែកក៏មិនបានគិតច្រើនក៏គេងដែរ ព្រោះសុំត្រឹមមានមនុស្សគេងក្បែរធ្វើអោយបាត់ខ្លាចខ្មោចគេក៏សប្បាយចិត្តណាស់ទៅហើយ។

4 comments:

  1. Been waiting this story so so so long bro... thank so much for keep continue this story.

    ReplyDelete
  2. Been waiting this story so so so long bro... thank so much for keep continue this story.

    ReplyDelete
  3. សុំភាគបន្តឆាប់បន្តិចបានទេ??

    ReplyDelete
  4. ភ្លេចសាច់រឿងអស់ហើយ����

    ReplyDelete