February 7, 2015

My Little Brother Chapter4:​ លេខមួយ

“ឆាយៗ!! ប្រញាប់ទៅមើលលទ្ធផលប្រលងទៅ នៅរវល់ធ្វើអីហ្នឹង”នាយធីដែលឈរនៅមាត់ទ្វារ ស្រែកហៅឆាយដែលកំពុងតែជូតតុនិងរៀបតុអោយដេត។
“ទៅហើយៗ!! តោះ!!!”ឆាយប្រញាប់អូសធីចេញទៅ មុននឹងគេរអ៊ូរឿងដេត។ មានអារម្មណ៍ថាមួយរយៈនេះដេតមិនសូវជាបង្ហាញមុខអោយឃើញនោះទេ ព្រោះភាគច្រើនក៏នៅរវល់ជាមួយនីតា តែក៏ល្អម្យ៉ាងដែលនឹងមិនសូវមានអ្នកណាមកបញ្ជាឆាយទៀត។
“ឆាយមកហើយៗ”ធីស្រែកធ្វើអោយមិត្តភក្តិបីនាក់ទៀតដែលកំពុងមើលលទ្ធផលប្រលងងាកមកមើលឆាយ
“តួឯកយើងមកដល់ហើយ”ស្រីកានិយាយដោយញញឹម ចំនែកឯវង្សក៏ស្រែកហ៊ោរ ចំនែកឯឆាយក៏អើតទៅមើលលទ្ធផលប្រលង
“មិនគួរអោយជឿសោះ ឆាយបានលេខមួយប្រចាំជំនាន់ក្នុងឆមាសនេះ”ស្រីនុចនិយាយយ៉ាងសប្បាយចិត្ត ចំនែកឯឆាយក៏ញញឹមទាល់តែភ្នែកតូចទៅហើយ នេះគេបានពិន្ទុស្ទើរតែពេញគ្រប់មុខវិជ្ជាទាំងអស់
“នេះពិតជាមោទនភាពរបស់ថ្នាក់យើងមែន ដែលមានសិស្សពូកែបែបនេះ”វង្សនិយាយដោយសប្បាយចិត្តជាខ្លាំង ព្រោះថ្នាក់11Eរបស់ពួកគេនេះជាថ្នាក់លំដាប់ក្រោមគេបង្អស់ ម្នាក់ៗរកតែពិន្ទុជាប់ស្ទើរមិនបាន តែឆាយបានបំបែកឯកត្តកម្មរបស់ថ្នាក់គេទៅហើយ។
“បែបនេះល្ងាចទៅជប់លៀងល្អទេ”ធីបញ្ចេញយោបល់ធ្វើអោយម្នាក់ៗញញឹមទាល់តែភ្នែកតូច
“ល្អណាស់!! សំរេចថាចេញពីរៀនទៅធ្វើPartyទាំងអស់គ្នា”ស្រីកានិយាយដោយសប្បាយចិត្ត ម្នាក់ៗក៏និយាយពីរឿងជប់លៀងល្ងាចនេះ ចំនែកឆាយក៏ងាកទៅមើលលទ្ធផលប្រលងម្តងទៀត ដោយព្យាយាមរកឈ្មោះរបស់ដេត ទីបំផុតក៏រកឃើញ នេះឈ្មោះរបស់ដេតនៅបាតក្រោមឯណោះ នេះគេធ្លាក់គ្រប់មុខវិជ្ជាទាំងអស់ ពិតជាយ៉ាប់មែនបើប៉ារបស់គេដឹងមិនដឹងជាខឹងយ៉ាងណាទេ។ ដេតនេះមួយថ្ងៃៗគេរវល់នឹងតែរឿងបាល់និងហ្គេមទូរស័ព្ទតែប៉ុណ្ណោះ មិនខំរៀនសូម្បីតែបន្តិចទោះជាធ្លាក់ក៏មិនឃើញជាចំលែកដែល ព្រោះឆាយទាយទុកដឹងតាំងពីមុនមកម្ល៉េះ។ឆាយឃើញលទ្ធផលហើយក៏ធ្វើមុខមិនសប្បាយចិត្ត រួចក៏ព្យាយាមរកមើលដេតតែដូចគ្មានឃើញស្រមោលគេសោះ នោះប្រលងធ្លាក់បែបនេះហើយនៅមិនខ្វល់ទៀត។
“ឆាយ!ឯងរវល់រកមើលស្អីហ្នឹង”ធីសួរឃើញឆាយមិនចាប់អារម្មណ៍ពីរឿងដែលពួកគេនិយាយ ហើយព្យាយាមរកមើលអ្វីម្យ៉ាង
“គ្មានអីទេ”ឆាយនិយាយដោយងាកមកចាប់អារម្មណ៍នឹងមិត្តភក្តិវិញ
“ល្អណាស់អញ្ជឹងយើងនឹងសំរេចហើយបែបនេះហើយណា ពេលចេញពីរៀនល្ងាចនេះ”ស្រីកានិយាយដោយសប្បាយចិត្ត
“ល្អៗ! តោះប្រញាប់ត្រលប់ទៅវិញដល់ម៉ោងចូលរៀនហើយ”ស្រីនិចនិយាយតឿន ព្រោះជាម៉ោងរបស់អ្នកគ្រូគណិតដ៏សែនមហាកាចផង
ពេលដើរត្រលប់ទៅថ្នាក់វិញឆាយក៏ជួបភ្លើងដែលដើរបញ្រ្ចាសផ្លូវពីគេ
“នោះបងភ្លើងទេតើ”ស្រីកានិយាយធ្វើអោយឆាយក្រលេកទៅរកភ្លើង
“ឆាយៗ!!”ភ្លើងស្រែកបក់ដៃហៅឆាយពីចំងាយ ចំនែកឆាយក៏ញញឹមដាក់វិញ”នេះ! យ៉ាងម៉េចហើយការប្រលង របស់ឆាយនឹងគ្រប់គ្នា”ភ្លើងសួរដោយសុភាពក្នុងនាមជាសិស្សច្បង
“ចាស៎!ពួកខ្ញុំជាប់ទាំងអស់ លែកលែងតែឆាយគេ………”ស្រីកានិយាយមិនទាន់ចប់ផងភ្លើងក៏និយាយកាត់
“ឆាយធ្លាក់! បងថាវាមិនអាចទៅរួចទេ បងគិតថាការកែវិញ្ញាសារប្រហែលមានបញ្ហាត្រង់ណាមិនខាន តោះឆាយទៅតវ៉ាជាមួយបង”ភ្លើងនិយាយធ្វើអោយម្នាក់ៗលួចសើចគ្រប់ៗគ្នា
“សិស្សច្បងដូចភ្ញាក់ផ្អើលពេកហើយ ខ្ញុំនិយាយមិនទាន់ចប់ផង! ឆាយមិនបានប្រលងធ្លាក់នោះទេ តែគេប្រលងបានលេខមួយប្រចាំជំនាន់ទៅវិញទេ”ស្រីកានិយាយដោយសើចតិចៗ ចំនែកឯភ្លើងក៏សើចដោយហួសចិត្ត
“បងនេះចិត្តក្តៅបន្តិចហើយ!សុំទោសផង! គួរអោយខ្មាស់គេដល់ហើយ”ភ្លើងនិយាយដោយយកដៃអេះក្បាលជាមួយមុខក្រហមតិចៗ”ប៉ុន្តែនេះឆាយពិតជាប្រលងបានលេខមួយប្រចាំជំនាន់មែនទេ”ភ្លើងសួរបញ្ជាក់ ចំនែកឆាយក៏ញញឹមទាំងមានមោទនភាព”អញ្ជឹងគួរតែធ្វើពិធីជប់លៀងអោយឆាយហើយ ឆាយពូកែខ្លាំងមែនទែន”ភ្លើងនិយាយដោយញញឹមដាក់ឆាយ
“បាទ!ពួកខ្ញុំក៏រៀបគំរោងហើយ ថានឹងធ្វើពីធីឆ្លងអោយឆាយល្ងាចនេះដែរ”វង្សនិយាយដោយអារម្មណ៍ល្អ
“ចុះបើបងសុំខ្លួនចូលរួមម្នាក់ដែល ឆាយមិនគិតថាទើសទាល់ទេអី”ភ្លើងនិយាយដោយមើលមុខឆាយ
“មិនទើសទាល់ស្រាប់ទៅហើយ”ឆាយនិយាយដោយញញឹមភ្នែកតូច
“អញ្ជឹងចេញពីរៀនបងចាំនៅមុខសាលាណា៎! ឥលូវបងលាសិនហើយព្រោះដូចជាដល់ម៉ោងចូលរៀនហើយ”ភ្លើងនិយាយលាហើយក៏ប្រញាប់ដើរចេញទៅ
“មិននឹកស្មានសោះថាសិស្សច្បងមកជប់លៀងជាមួយយើងដែរ”ស្រីកានិយាយដោយសប្បាយចិត្ត
“សប្បាយចិត្តណាស់ន៎! អោយដឹងទៅសិស្សច្បងទៅក៏ព្រោះថាឆាយដែល”វង្សនិយាយដោយពេបមាត់ទំនងជាប្រច័ន្ទហើយពេលសង្សារខ្លួនសសើរប្រុសផ្សេងនៅនឹងមុខបែបនេះ
“យ៉ាងណាក៏បានទៅដើរលេងជាមួយសិស្សច្បងដែល”ស្រីកានិយាយដោយញាក់មុខដាក់វង្ស ហើយក៏អូសដៃស្រីនិចដើរទៅមុន ចំនែកវង្សក៏ទៅតាមរំខានតាមទំលាប់
“មើលទៅទំនាក់ទំនងរបស់ឆាយនិងសិស្សច្បងដូចជាល្អដល់ហើយ”ធីនិយាយដោយមើលទៅកាន់ឆាយ
“មែនហើយព្រោះសិស្សច្បងជាមនុស្សអារម្មណ៍ល្អ នៅជិតពេលណាក៏ធ្វើអោយគេឯងសប្បាយចិត្តដែរ”ឆាយនិយាយដោយញញឹម
“តែខ្ញុំថាសិស្សច្បងដូចជាចូលចិត្តឆាយជាពិសេស”ធីនិយាយដោយមើលមុខឆាយម្តងទៀត
“ពិសេសស្អីទៅ! ឃើញថាធម្មតាទេតើ គ្មានចំលែកស្អីផង”ឆាយនិយាយដោយជ្រួញចិញ្ចើម “តែខ្ញុំថាប្រញាប់ទៅថ្នាក់ល្អជាង ប្រយ័ត្នគ្រូគណិតអោយឈរទៅ”ឆាយនិយាយដោយទាញធី រត់ទៅតាមមិត្ត៣នាក់ដែលកំពុងតែឡូឡាពេញផ្លូវ។
មកដល់ថ្នាក់ ក៏ឃើញអ្នកគ្រូគណិតវិទ្យាដើរមកដល់ថ្នាក់ល្មម។ នេះពិតជាសំណាងមែន បើយឺតតែបន្តិចនឹងត្រូចឈររាប់ម៉ោងមិនខាន។ ឆាយក៏ប្រទះឃើញដេតកំពុងអង្គុយធ្វើមិនដឹង នេះឆាយកំពុងឆ្ងល់ថាដេតគេដឹងពីលទ្ធផលប្រលងរបស់គេឫនៅ?
“ឆាយ!”អ្នកគ្រូគណិតមកដល់ថ្នាក់ក៏ហៅឆាយមុនគេតែម្តង
“បាទ!”ឆាយក៏ប្រញាប់ក្រោកឡើងព្រោះតែគ្រូគណិតហៅនេះមិនសូវជាមានរឿងល្អប៉ុន្មាននោះទេ
“អ្នកគ្រូពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលឆាយអាចដណ្តើមយកលេខមួយមកអោយថ្នាក់យើងក្នុងឆមាសនេះ ហើយអ្នកគ្រូសង្ឃឹមថាឆាយនឹងអាចយកលេខមួយនេះបាននៅឆមាសទីពីរទៀត សូមសិស្សទាំងអស់គ្នាទះដៃអោយឆាយមួយ”អ្នកគ្រូគណិតនិយាយដោយសប្បាយចិត្ត មុខក៏រីកដូចគ្រាប់ជីព្រោះតែមានសិស្សដូចជាឆាយដើម្បីយកទៅអួតគ្រូបន្ទុកថ្នាក់ដទៃទៀត ចំនែកសិស្សទាំងអស់គ្នាក៏ដូចជាសប្បាយចិត្តដូចគ្រូគណិតដែរ តែលើកលែងតែដេតដែលធ្វើមុខមិនសប្បាយចិត្ត។
“ឆាយអង្គុយចុះទៅ! ចំនែកដេត អ្នកគ្រូនឹងមានការនិយាយជាមួយឯងជាពិសេសពីរឿងលទ្ធផលការសិក្សារបស់ឯង ពេលចេញពីរៀនក៏ទៅជួបអ្នកគ្រូនៅបន្ទប់គ្រូលឺទេ”អ្នកគ្រូគណិតនិយាយទៅកាន់ដេតដោយមុខក្រញ៉ូវ
“បាទ!”ដេតឆ្លើយទាំងគ្មានអារម្មណ៍
“សមមុខហើយ”ស្រីកាងាកមកនិយាយតិចៗជាមួយឆាយ
“មែនហើយ! គេប្រលងបានពិន្ទុអន់ខ្លាំងណាស់ នេះសង្ស័យតែត្រូវគ្រូបញ្ឃប់ពីជំរុំបាល់ទាត់ផងមិនដឹង”ស្រីនិចនិយាយដោយមើលទៅដេត ដែលធ្វើមុខគ្មានអារម្មណ៍
“ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងផង”ឆាយសួរដោយភ្ញាក់ផ្អើល ចំនែកឯស្រីនិចក៏ងក់ក្បាល។ឆាយក៏ងាកទៅមើលដេតដោយការព្រួយបារម្ហ ព្រោះដេតគេចូលចិត្តលេងបាល់ខ្លាំងណស់នេះបើអោយគេឈប់ គេប្រាកដជាពិបាកចិត្តខ្លាំងហើយ។
……………
“ឆាយតោះ!ប្រញាប់ឡើងពួកគេកំពុងចាំ”ធីតឿនឆាយដែលកំពុងរៀបចំឥវ៉ាន់ តាមពិតឆាយក៏មិនមែនជាមនុស្សយឺតយ៉ាវអីដែល តែមកពីត្រូវរៀបចំរបស់របរខ្លួនហើយ ត្រូវរៀបចំរបស់របរអោយដេតទៀត ទើបបានជាយឺតជាងគេរាល់ដងរហូតបែបនេះ។
“ធីនាំគ្នាទៅចាំនៅមុខសាលាមុនទៅ ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច”ឆាយនិយាយចំនែកធីក៏ងក់ក្បាលអោយនាំមិត្តភក្តិ៣នាក់ទៀតដើរចេញទៅមុន
តាមពិតឆាយក៏មិនបានជាចង់ទៅបន្ទប់ទឹកអីទេ គេលួចទៅបន្ទប់គ្រូទៅវិញទេ ព្រោះគេបារម្ហពីដេតដូចនេះក៏ចង់ទៅលួចស្តាប់ដើម្បីអោយអស់ចិត្ត។
មកដល់មុខបន្ទប់គ្រូឆាយក៏លឺសំលេងគ្រូគណិតកំពុងស្អីអោយដេត
“នេះគ្រូមិននឹកស្មានថាការសិក្សារបស់ដេតធ្ងន់ធ្ងរដល់ថ្នាក់នេះសោះ”អ្នកគ្រូគណិតនិយាយដោយជ្រួញចិញ្ចើម ចំនែកដេតបានត្រឹមអោនមុខចុះមិនហ៊ាននិយាយអ្វី”ឯស្ថិតក្នុងលេខរៀងបន្ទាត់ក្រហមហើយ នេះបើឆមាសទីពីរឯងមិនអាចយក៨០ពិន្ទុគ្រប់មុខទេនោះឯងមិនអាចឡើងថ្នាក់បាននោះទេ អ្នកគ្រូសំរេចចិត្តហើយថាត្រូវបញ្ឃប់ឯងពីជំរុំបាល់ទាត់ ព្រោះប្រហែលជាឯងរវល់នឹងការលេងបាល់ពេករហូតមិនមានពេលសំរាប់ការសិក្សា ណាមួយអ្នកគ្រូចង់អោយឯងចំនាយពេលជាមួយការសិក្សាអោយបានច្រើនជាងនេះ”អ្នកគ្រូគណិតនិយាយធ្វើអោយទាំងដេតនិងឆាយបើកភ្នែកធំៗ
“មិនបានទេអ្នកគ្រូ អ្នកគ្រូក៏ដឹងថាបាល់ទាត់សំខាន់សំរាប់ខ្ញុំប៉ុណ្ណាដែរ ខ្ញុំសុំអង្វរអ្នកគ្រូកុំបញ្ឃប់ខ្ញុំពីក្រុមអី”ដេតនិយាយដោយអង្វរករ នេះជាលើកទីមួយហើយដែរឆាយឃើញដេតអង្វរករអ្នកដទៃបែបនេះ
“អ្នកគ្រូក៏ដឹងថាឯងជាកីឡាករល្អរបស់សាលា អ្នកគ្រូក៏ពិបាកចិត្តណាស់ដែរ តែការសិក្សាពិតជាសំខាន់ណាស់សំរាប់ឯង អ្នកគ្រូក៏បានតេរទាក់ទងទៅអាណាព្យាបាលឯងដែរពួកគាត់ក៏មិនសប្បាយចិត្តដែរពេលដែលទទួលបានដំណឹងនេះ”អ្នកគ្រូគណិតនិយាយដោយទឹកមុខមិនសប្បាយចិត្តដូចគ្នា
“ខ្ញុំសុំអង្វរអ្នកគ្រូទៅចុះ! ខ្ញុំពិតជាស្រលាញ់បាល់ទាត់ខ្លាំងណាស់ សុំអ្នកគ្រូផ្តល់ឱកាសខ្ញុំម្តងទៀតទៅ”ដេតនិយាយដោយលុតជង្គង់ នេះពិតជាធ្វើអោយឆាយរន្ធត់មែនទែន
“បានៗ!!​ឯងក្រោកឡើងមក អ្នកគ្រូអោយឱកាសឯងម្តងទៀត ២អាទិត្យក្រោយអ្នកគ្រូនឹងធ្វើតេស្តឯង បើឯងជាប់តេស្តនោះអ្នកគ្រូនិងអនុញ្ញាតអោយឯងនៅជំរុំបាល់ទាត់បន្ត”អ្នកគ្រូគណិតនិយាយ ធម្មតាមើលទៅគាត់ជាមនុស្សកំនាចណាស់ តែតាមពិតក៏ចិត្តទន់ដែលតើ ដូចនេះឆាយត្រូវមើលគ្រូគណិតសារជាថ្មីម្តងទៀតហើយ
“បាទ!អរគុណអ្នកគ្រូ”ដេតនិយាយដោយមិនសូវជាទុកចិត្តខ្លួនឯងព្រោះពីរអាទិត្យ គេក៏មិនដឹងច្បាស់ថានឹងអាចធ្វើតេស្តនោះជាប់ឫអត់នោះដែរ។
………………
“ឆាយឯងទៅបន្ទប់ទឹកយូរម៉្លេះ យើងឈរចាំឡើងរោយជើងទៅហើយ”វង្សរអ៊ូពេលឃើញឆាយដើរមកដល់មុខសាសា
“សុំទោសផង!អោយពួកឯងចាំយូរ”ឆាយនិយាយ ព្រោះអំបាញ់មិញនេះនៅរវើរវាយនឹងរឿងរបស់ដេតមិនទាន់បាត់ផង
“នេះសិស្សច្បងចាំឯងយូរពេកស្ទើរតែទៅតាមឯងទៅហើយ”ស្រីកានិយាយដោយបារម្ហពីភ្លើងមិនគិតពីវង្សដែលមុខស្អុយនោះទេ
“ក៏សុំទោសបងភ្លើងផង!!!”ឆាយងាកទៅសុំទោសភ្លើងដែលញញឹមមិនឈប់នោះ
“មិនអីទេ”ភ្លើងនិយាយដោយញញឹម នេះមិនអីស្អីអំបាញ់ភ្លើងឈរចាំយ៉ាងអន្ទះសារជាងគេឯងទៅទៀត
“តោះ!!!ប្រញាប់ទៅ បើនៅតែសុំទោសគ្នាបែបនេះទៀតមិនដឹងពេលណាបានទៅទេ”ធីនិយាយដោយអូសមិត្តភក្តិចេញទៅមុននឹងមេឃងងឹត។
ពួកគេក៏នាំគ្នាទៅញ៉ាំអីតិចតួចនៅឯខារ៉ាអូខេ ដោយមានការច្រៀងរាំយ៉ាងសប្បាយ មើលទៅ៤នាក់គ្នាគេសប្បាយណាស់ ប្លែកតែឆាយដែលរៀងភ្លឹកៗព្រោះគិតពីរឿងរបស់ដេត។ ក្រោយពីចេញពីខារ៉ាអូខេពួកគេក៏បំបែកគ្នាទៅផ្ទះព្រោះក៏យប់ដែរហើយ ដោយមានភ្លើងជាអ្នកជូនឆាយទៅផ្ទះ។ នៅតាមផ្លូវដើរទៅផ្ទះ មនុស្សម្នាក៏រៀងអ៊ូអរដែរតែភ្លើងសង្កេតឃើញថាឆាយដូចជាគិតអ្វីម្យ៉ាងក្នុងចិត្ត
“ឆាយមានរឿងអីមែនទេបានជារឿងភ្លឹកៗតាំងពីចេញពីសាលាមក”ភ្លើងសួរ ចំនែកឆាយក៏ភ្ញាក់ពីការគិតហើយក៏ងាកមករកភ្លើង
“គ្មានអីទេ”ឆាយតប
“គ្មានអីយ៉ាងម៉េច ឃើញភ្លឹកៗមួយថ្ងៃហើយ មានរឿងអីមិនសប្បាយចិត្តក៏ប្រាប់បងមក បងនឹងជួយ នេះមិនគិតទុកបងជាមិត្តភក្តិទេអី”ភ្លើងនិយាយធ្វើអោយឆាយប្រញាប់បដិសេធ
“អត់ទេបង! ខ្ញុំមិនដែរគិតអញ្ជឹងទេ! ខ្ញុំកំពុងបារម្ហពីរឿងបងដេត”ឆាយនិយាយហើយក៏នឹកឃើញរូបភាពដែលដេតលុតជង្គង់សុំអង្វរអ្នកគ្រូកាលពីល្ងាចមិញ
“រឿងលទ្ធផលប្រលងរបស់ដេតមែនទេ”ភ្លើងសួរឯឆាយក៏ងក់ក្បាល
“ដោយសារលទ្ធផលប្រលង បងដេតប្រហែលជាអាចត្រូវដកចេញពីជំរុំបាល់ទាត់”ឆាយនិយាយ
“ឆាយដឹងមកពីណា៎!”ភ្លើងសួរដោយជ្រួញចិញ្ចើម
“ខ្ញុំលឺអ្នកគ្រូគណិតនិយាយដោយចៃដន្យ គាត់ថាបងដេតនឹងត្រូវបញ្ឍប់ពីជំរុំបាល់ទាត់ បើមិនអាចជាប់តេស្តដែរគាត់ដាក់អោយនៅពេលពីរអាទិត្យទៀត”ឆាយនិយាយដោយបារម្ហ
“បើអញ្ជឹងមែនវាជាដំណឹងអាក្រក់របស់ជំរុំបាល់ទាត់ហើយព្រោះដេតជាខ្សែប្រយុទ្ធសំខាន់ណាស់របស់ក្រុម ចំនែកដេតប្រហែលជាពិបាកចិត្តស្លាប់ហើយព្រោះវាស្រលាញ់បាល់ទាត់ខ្លាំងណាស់”ភ្លើងនិយាយដោយធ្វើមុខស្អុយ មិនទាយក៏ដឹងថាគេមិនចង់អោយដេតចេញពីជំរុំនោះទេ
“ខ្ញុំក៏ដឹងរឿងនេះដែល ហើយក៏ចង់ជួយគាត់ដែរប៉ុន្តែ…”ឆាយនិយាយដល់ត្រឹមនេះក៏នឹកឃើងទឹកមុខមិនសប្បាយចិត្តរបស់ដេតនៅពេលឃើញខ្លួន
“ប៉ុន្តែស្អីទៅឆាយ”ភ្លើងសួរដោយឆ្ងល់
“គឺខ្ញុំគិតថាគាត់មិនទទួលការជួយរបស់ខ្ញុំនោះទេ”ឆាយនិយាយដោយមិនសប្បាយចិត្ត ដេតស្អប់ម៉ាក់គេនិងគេដល់ថ្នាក់នេះនឹងទទួលការជួយពីខ្លួនយ៉ាងម៉េចទៅ
“បងមិនគិតអញ្ជឹងទេ! ដេតគេស្រលាញ់បាល់ទាត់ខ្លាំងណាស់ ទោះប៉ារបស់គេមិនចង់អោយគេលេងបាល់យ៉ាងណា តែគេនៅតែជំនះរហូតបានចូលក្នុងជំរុំបាល់ទាត់នេះ បងមិនគិតថាដេតគេមិនទទួលការជួយរបស់ឆាយនោះទេ”ភ្លើងអោយយោបល់
“ខ្ញុំសង្ឃឹមទៅចុះ”ឆាយនិយាយដោយជ្រួញចិញ្ចើមព្រោះមិនគិតថាវានឹងងាយស្រួលដូចភ្លើងថានោះទេ
“និយាយពីឆាយវិញញ៉ាំអីបានរៀនពូកែម៉្លេះ”ភ្លើងក៏ងាកមកប្តូរប្រធានបទវិញម្តង ដើម្បីប្តូរអោយបរិយាកាសល្អជាងមុន
“ក៏ញ៉ាំបាយម៉ាក់ខ្ញុំដាំនោះអី!”ឆាយក៏ឆ្លើយបែបកំប្លែងទៅវិញ
“អញ្ជឹងបងក៏ទៅសុំញ៉ាំបាយរបស់ម៉ាក់ឆាយដាំហើយ ដើម្បីអោយរៀនពូកែដូចឆាយដែរ”ភ្លើងនិយាយដោយសើច ដូចឆាយនិយាយអញ្ជឹងភ្លើងជាមនុស្សអារម្មណ៍ល្អនៅក្បែរពេលណាក៏មានតែភាពរីករាយជានិច្ច។

ភ្លើងក៏ជូនឆាយមកដល់ផ្ទះ ដោយឆាយក៏មិនភ្លេចអរគុណផងដែរ។ ចូលក្នុងផ្ទះក៏ដូចសព្វដង ម៉ាក់ឆាយក៏កំពុងរៀបចំផ្ទះបាយ ប៉ារបស់គេក៏មើលទូរទស្សន៍ ចំនែកដេតក៏សំងំក្នុងបន្ទប់មិនបង្ហាញខ្លួនអោយអ្នកណាឃើញ។ តាមពិតលោកវ៉ាត់ប៉ារបស់ដេតក៏ចង់ធ្វើពិធីជប់លៀងអោយឆាយដែរការដែលគេរៀនបានលទ្ធផលល្អយ៉ាងនេះ តែឆាយក៏បដិសេធព្រោះគេដឹងច្បាស់ថាដេតប្រាកដជាមិនសប្បាយចិត្តនោះទេ អ្វីដែលគេសុំពីប៉ាគេនោះ សុំត្រឹមតែគាត់មិនស្តីបន្ទោសអោយដេតខ្លាំងពេកទៅបានហើយ ព្រោះឆាយសុំខ្លួនមកធានាថានឹងបង្រៀនដេតអោយប្រលងជាប់នៅឆមាសក្រោយនេះ។តែអំបាញ់មិញដេតក៏ត្រូវមាត់មិនស្ទើរដែល តែដេតមិនចាប់អារម្មណ៍នោះទេ គេបែរជាបារម្ហពីរឿងជំរុំបាល់ទាត់ឯណោះ ឥលូវគេកំពុងតែព្យាយាមអានសៀវភៅដើម្បីអាចប្រលងជាប់តេស្តអ្នកគ្រូគណិត តែអានមិនទាន់ចប់២ទំព័រផង សៀវភៅក៏អានដេតវិញទៅហើយ មិនដែលទំលាប់រៀនសោះ ចង់អោយមកប្តូរមួយថ្ងៃពីរ មិនមែនជាការងាយនោះទេ។ចំនែកឆាយក៏កំពុងដេកគិតថានឹងទៅនិយាយជាមួយដេតយ៉ាងណាដើម្បីអោយគេទទួលការជួយពីខ្លួននោះ។