June 7, 2015

My Little Bother Chapater 10: ប្រចណ្ឌ




និយាយពីឆាយពេលលឺសំលេងរបស់ដេត ខ្លួនក៏ភ្ញាក់ពីគេង។ ចំនែកឯដេតក្នុងចិត្តក៏ឆ្លេឆ្លា រកធ្វើអីមិនត្រូវ ចំនែកឆាយពេលឃើញដេតមុខក៏ក្រហមដូចគ្នា។
“នេះយើងមកផ្ទះដោយរបៀបណា”ដេតធ្វើជាសួរបន្លប់
“ក៏យប់មិញម៉ាក់គាត់មិនឃើញបងត្រលប់មកផ្ទះហើយតេរមកសួរខ្ញុំ ព្រោះមិនចង់អោយពួកគាត់បារម្ហខ្ញុំក៏ទៅរកបង រួចក៏យកបងមកផ្ទះវិញ”ឆាយនិយាយធ្វើមុខម៉ក់ ធ្វើអោយដេតនេះមុខចង់ក្រហមទៅហើយ
“អ៎ៗ!! ហើយបន្ទប់ឯងម៉េចមិនគិតដេក”ដេតសួរ
“យប់មិញរវល់តែអាន……………”ឆាយនិយាយដល់ត្រឹមនេះក៏ នឹកឃើញថាបើអោយដេតគេដឹងថាខ្លួនលួចអានកំណត់ហេតុគេ ច្បាស់ណាស់ឆាយប្រាកដជាត្រូវគេចាប់ញត់បង្គន់មិនខាន ដូចនេះឆាយក៏ធ្វើជានិយាយបន្លប់”អូ! នេះជិតដល់ម៉ោងចូលរៀនហើយ ខ្ញុំប្រញាប់ទៅផ្លាស់ខោអាវហើយណាបង”ឆាយនិយាយដោយប្រញាប់ប្រញាចេញពីបន្ទប់ដេត។ចំនែកដេតក៏រើសសៀវភៅកំណត់ហេតុរបស់ខ្លួនដែរនៅក្បែរនោះ
“សំណាងហើយ”ដេតនិយាយដោយធូរទ្រូង ដោយមិនងាកទៅញញឹមថាស្រមោលមនុស្សដែលរត់ចេញទៅអំបាញ់មិញ។
…………
តាមផ្លូវមកសាលា ពួកគេទាំងពីរអ្នកក៏ស្ងាត់រៀងខ្លូន
“គឺថា………”សុខៗអ្នកទាំងពីរក៏និយាយព្រមគ្នា រួចក៏ស្ងាត់ទាំងពីរអ្នកវិញ
“បងមានរឿងអីចង់និយាយ”ឆាយនិយាយដោយមិនហ៊ានមើលមុខដេត
“គឺថា…………អ៎!ម្សិលមិញអោយយើងសូមទោស យើងអារម្មណ៍មិនល្អក៏ចេះតែនិយាយផ្តេសផ្តាសទៅ”ដេតនិយាយយ៉ាងលឿន ក្នុងរយៈពេលមួយដង្ហើមចប់
“បាទ!”ឆាយនិយាយដោយងាកញញឹមដាក់ដេត ចំនែកដេតពេលឃើញស្នាមញញឹមនេះហើយក៏ចេះតែមិនស្រួល រួចក៏ធ្វើជាដើរអោយលឿមដើម្បីអោយផុតពីមុខឆាយ
“បងដេតចាំខ្ញុំផងៗ”ឆាយស្រែកដោយរត់តាមដេត តែឆាយបែរជាញញឹមយ៉ាងសប្បាយចិត្តព្រោះតែគេឃើញថាដេតចាប់ផ្តើមប្តូរកាយវិការចំពោះគេហើយ។
“នោះដេតមែនទេ”
“បងដេតខ្ញុំសង្ហារបំផុត”
“ពិតជាសង្ហាពិតមែន”
ដោយសារតែម្សិលមិញដេតធ្វើជាវីរៈបុរសរបស់សាលា ទើបធ្វើអោយដេតក្លាយជាមានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ គ្រាន់តែដេតនិងឆាតដើរចូលសាលាភ្លាម ខ្សែភ្នែកមនុស្សគ្រប់គ្នាក៏ងាកមកមើលដេត ជាពិសេសគឺសិស្សស្រី។ ចំនែកឆាយបានតែដើរពីក្រោយដេតដោយ ខ្មាស់ៗ នេះក៏មិនធ្លាប់អារម្មណ៍ឆ្លងកាត់ស្រសែលភ្នែកច្រើនបែបនេះមើលមកគេទេ ចំនែកដេតធ្វើដូចជាធម្មតាតាមទំលាប់ព្រោះគេក៏ជាប្រុសស្អាត មានមនុស្សស្រីតាមមើលក៏ជារឿងធម្មតា គ្រាន់តែពេលនេះមានមនុស្សចាប់់អារម្មណ៍ច្រើនជាងមុនតែប៉ុណ្ណោះ។ មកដល់ថ្នាក់មិត្តភក្តិឆាយទាំងបួនក៏រាក់ទាក់ឆាយ
“ថ្ងៃនេះមានអារម្មណ៍ថាមានមនុស្សមើលមកខ្ញុំនិងបងដេតច្រើនជាងធម្មតា” ឆាយនិយាយតិចៗទៅកាន់មិត្តភក្តិ
“នេះឆាយមិនដឹងរឺ! ម្សិលមិញក្រោយពីដេតស៊ុតបញ្ចូលទីអោយសាលាលើកពានហើយនោះ គេក៏ក្លាយជាមិត្តប្រុសដែលសិស្សស្រីៗគ្រប់គ្នាប្រថ្នាចង់បាន”ស្រីកានិយាយទាំងញញឹមញញែម ដោយមិនចាប់អារម្មណ៏នឹងវង្ស
“អញ្ជឹងបានអញ្ជឹង”ឆាយនិយាយដោយសញ្ជឹងគិត
“តែបើនិយាយពីចរិកក៏ចាញ់បងភ្លើងរបស់ខ្ញុំដាច់”ស្រីកាបន្តនិយាយបែបអណ្តែតអណ្តូង
“ខ្ញុំក៏ថាបែបនេះដែរ”ស្រីនិចនិយាយគាំទ្រគំនិតរបស់ស្រីកា
“ល្អតែរឿងលេងបាល់ប៉ុណ្ណោះ ចំនែកចរិកវិញក៏យកមេឃទ្រាប់អង្គុយ”វង្សនិយាយដោយមិនសប្បាយចិត្ត
“មែនហើយរឿងដែលគេធ្វើដាក់ឆាយ គ្មានថ្ងៃដែលពួកយើងទទួលយកបាននោះទេ”ធីក៏បន្ថែម្នាក់ទៀត
“តែបងដេតក៏មិនបានអាក្រក់ដូចអ្នកទាំងអស់គ្នាគិតនោះទេ”ឆាយនិយាយ ធ្វើអោយមិត្តភក្តិទាំងបួនងាកមើលមុខឆាយផ្លង់ៗ
“នេះពួកឯង មើលមកខ្ញុំអញ្ជឹងធ្វើអី”ឆាយសួរដោយឆ្ងល់
“ឆាយ!នេះឯងត្រូវនាយដេតធ្វើបាបពេករហូតវិលសតិហើយមែនទេ”ធីនិយាយដោយយកដៃទៅស្ទាបថ្ងាសឆាយ
“គេធ្វើដាក់ឯងដល់ថ្នាក់នេះហើយ នៅថាគេមិនអាក្រក់ទៀត”វង្សសួរដោយឆ្ងល់
“គាត់ពិតជាមិនបានអាក្រក់ដូចពួកឯងគិតពិតមែនណា”ឆាយព្យាយាមពន្យល់មិត្តភក្តិ ពីភាពល្អរបស់ដេត តែក៏ត្រូវបាក់មុខព្រោះ………
“ឆាយ!ឯងក៏ទៅយកស្បែកជើងកីឡាអោយយើងបន្តិចមក”ដេតនិយាយដោយបោះកូនសារទូរដាក់ឥវ៉ាន់អោយឆាយ ហើយក៏បន្តស្តាប់ចំរៀងធ្វើមិនដឹង
“នេះហើយមនុស្សល្អរបស់ឆាយឯងនោះ”ស្រីកានិយាយដោយមើលមុខឆាយ
“ពិតជាល្អរកអីប្រៀបផ្ទឹមមិនបានពិតមែន”ធីនិយាយដោយហួសចិត្ត
“បានហើយៗ ខ្ញុំប្រញាប់ទៅយកស្បែកជើងអោយគាត់សិន”ថាហើយឆាយក៏រត់ចេញទៅ ព្រោះតែក៏ជិតដល់ម៉ោងចូលរៀនទៅហើយ ចំនែកមិត្តភក្តិទាំងបួនបានត្រឹមគ្រវីក្បាលហួសចិត្ត ត្បិតភាពឆោតល្ងង់របស់មិត្តភក្តិ តែពួកគេបែរជាមិនបានដឹងថាក្រោយរឿងនេះកំពុងតែមានពន្លកស្នេហាមួយកំពុងដុះឡើងនោះទេ។
……………
នៅម៉ោងអាហារក៏ដូចសព្វដង ឆាយនិងដេតក៏មកញ៉ាំក្រោយគេ ដោយឆាយជាអ្នកបំរើដេតគ្រប់សព្វបែបយ៉ាង។ ឆាយដែលកំពុងដែលបរិភោគបាយ នៅតុរំលងតុដេតមួយនោះ ក៏កំពុងតែគិតពីអ្វីដែលគេបានឃើញពីកំណត់ហេតុរបស់ដេត តែសុខៗក៏មានអ្នកណាម្នាក់មកអង្គុយទល់ខ្លួន
“បងភ្លើង”ឆាយលាន់មាត់ ធ្វើអោយដេតដែលកំពុងញ៉ាំបាយក្បែរនោះចោលកន្ទុយភ្នែកមកមើលគេ
“បាទ!”ភ្លើងញញឹមតបទៅវិញដោយភាពស្និទ្ធិស្នាល
“ម៉ាក់របស់ឆាយកើតអីធ្ងន់ធ្ងរទេ”ភ្លើងសួរដោយបារម្មណ៍ ប៉ុន្តែអ្នកណាម្នាក់កំពុងតែផ្ទៀងត្រចៀកស្តាប់ភ្លើងនិយាយ
“មិនធ្ងន់ធ្ងរអីណាស់ណាទេបង! ”ឆាយនិយាយ ព្រោះបើអោយភ្លើងដឹងថាខ្លួនទៅតាមរកដេតនោះ ច្បាស់ណាស់ភ្លើងប្រាកដជាមិនសប្បាយចិត្តនោះទេ
“បងខំតែបារម្ហ ហើយទូរស័ព្ទក៏បិទទៀត”ភ្លើងរអ៊ូតិចៗ ព្រោះមិ្សលមិញគេក៏ព្យាយាមតេរទៅឆាយ តែទូរស័ព្ទឆាយបែរជាបិទ
“អូ!ម្សិលមិញទូរស័ព្ទខ្ញុំ វាអស់ថ្ម សូមទោសផងដែលធ្វើអោយបងបារម្មណ៍”ឆាយនិយាយដោយញញឹម
“ហើយទៅវិញ គេមានធ្វើអីឆាយទៀតទេ”ភ្លើងសួរ ដោយមើលទៅដេតដោយកន្ទុយភ្នែក ចំនែកឆាយក៏គ្រវីក្បាល
“បើធ្វើអី មកប្រាប់បងណា បងនឹងការពារឆាយ”ភ្លើងនិយាយទាំងញញឹម ប៉ុន្តែមានអ្នកណាម្នាក់ដែលកំពុងតែហុយផ្សែងពីក្បាលតិចៗហើយ
“មិនអីទេបង”ឆាយនិយាយទាំងក្រែងចិត្ត ព្រោះថាមានអារម្មណ៍ថាភ្លើងប្លែកៗ
“ហើយល្ងាចនេះឆាយទំនេរទេ បងចង់បបួលទៅញ៉ាំអី”ភ្លើងនិយាយ
“មិនទំនេរទេ”សុខៗដេតងើបពីតុ ហើយនិយាយជំនួសឆាយ ទាំងឆាយនិងភ្លើងក៏នាំគ្នាផាំង
“ល្ងាចនេះយើងមានការត្រូវធ្វើ! ឯងក៏ត្រូវទៅតាមយើងលឺទេ”ដេតនិយាយដោយមើលឆាយ ចំនែកឆាយក៏ធ្វើមុខម៉ង់ព្រោះមិនទាន់យល់ថាសុខៗម៉េចក៏ដេតមកនិយាយបែបនេះ
“បាទ!”ឆាយភ្លើងទាំងមិនច្បាស់ក្នុងចិត្ត តែតាមក្រសែលភ្នែករបស់ដេត ឆាយក៏ត្រូវតែយល់ព្រមព្រោះបើមិនដូចនេះតែគេនឹងត្រូវស្លាប់មិនខាន។ ពេលលឺសំដីឆាយហើយ ដេតក៏ញញឹមរួចក៏ដើរចេញទៅដូចជាអ្នកឈ្នះ
ចំនែកភ្លើងក៏មើលឆាយដោយអន់ចិត្ត ទំនងជាមិនសប្បាយចិត្តដែលដេតធ្វើដាក់ឆាយប៉ុណ្ណឹងហើយ ឆាយនៅតែមិនខឹងហើយធ្វើគ្រប់យ៉ាងតាមដេតទៀត។ ដេតដែលដើរមិនបានជំហានក៏ងាកមកនិយាយ
“ហើយឯងនៅធ្វើស្អីទៀតមិនទៅថ្នាក់ទេអី”ដេតនិយាយដោយចងចិញ្ចើម
“បាទ! ខ្ញុំទៅហើយ”ឆាយនិយាយហើយក៏រត់ទៅតាមដេត ដោយមិនភ្លេចងាកមកនិយាយជាមួយភ្លើង”បងភ្លើង! ខ្ញុំទៅហើយណា”ឆាយនិយាយដោយលើកដៃលា ភ្លើង ចំនែកភ្លើងក៏លើកដៃលាវិញដោយមិនអស់ចិត្ត
“នៅសើកៗហ្នឹងហើយ ជិតដល់ម៉ោងចូលរៀនវិញហើយ”ដេតនិយាយដោយមើលមុខឆាយហើយក៏ដើរចេញទៅ      
“កុំដើរលឿនពេក បងដេត! ខ្ញុំដើរមិនទាន់បងទេ”ឆាយនិយាយបន្តើរ ដើរតាមដេតបន្តើរ
………………
ចេញពីរៀនឆាយក៏ត្រលប់ផ្ទះជាមួយដេត ព្រោះតែថ្ងៃនេះដេតមិននៅសមបាល់នោះទេ​ លឺថាក្រោយពីប្រកួតហើយជំរុំបាល់ទាត់ក៏ត្រូវឈប់សំរាកជាច្រើនថ្ងៃ ព្រោះម្នាក់ៗក៏ព្យាយាមហាត់មកជាច្រើនអាទិត្យណាស់មកហើយ។ តាមផ្លូវមកវិញដេតក៏ធ្វើដូចធម្មតា ធ្វើអោយឆាយឆ្ងល់ជាខ្លាំងព្រោះកាលពីថ្ងៃមិញក៏ប្រាប់ថាមានការត្រូវអោយខ្លួនជួយតែបែរមិនលឺនិយាយអីបែបនេះ ទ្រាំមិនបានឆាយក៏សួរទៅដេត
“បងដេត ពីថ្ងៃមិញបងថារវល់ចង់អោយខ្ញុំជួយ អោយខ្ញុំជួយរឿងអី”ឆាយសួរដោយមើលមុខដេត
“យើងមាននិយាយដែរ”ដេតឆ្លើយដូចជាមិនដឹងរឿង
“អាវ! ក្រែងកាលពីពេលបាយថ្ងៃមិញបងជាអ្នកប្រាប់មិនអញ្ជឹងអី”ឆាយសួរដោយចងចិញ្ចើម ជាអ្នកប្រាប់គេសោះហេតុអីក៏ធ្វើភ្លេចទៅកើត ពេលលឺឆាយនិយាយបែបនេះដេតក៏នឹកឃើញកាលពីថ្ងៃមិញហេតុតែមិនចង់អោយឆាយទៅជាមួយភ្លើងខ្លួនក៏ចេះតែនិយាយទៅទេ
“ក៏មិនមែនជារឿងអីធំដុំនោះទេ បំភ្លេចវាចោលទៅ”ដេតនិយាយធ្វើប្រងើយ ព្រោះតាមពិតខ្លួនក៏មិនមានរឿងអីនោះដែរ
“ស្មានតែមានរឿងអីសំខាន់! ដឹងអញ្ជឹងទៅញ៉ាំបាយជាមួយបងភ្លើងវិញល្អជាង”ឆាយនិយាយតិចៗ តែល្មមដេតលឺ ធ្វើអោយដេតងាកមកសំលក់ឆាយភ្លាម
“ឯងនិយាយស្អីអំបាញ់”ដេតធ្វើមុខដូចចង់ស៊ីឆាយ
“គ្រាន់តែនិយាយលេងសោះ ចាំបាច់ធ្វើមុខអីបែបនេះ”ឆាយនិយាយដោយពេបមាត់
“ទោះនិយាយលេងក៏មិនបាន យើងមិនចូលចិត្ត”ដេតនិយាយដោយមួរម៉ៅ
“ហេតុអី! គ្រាន់តែថាចង់ទៅញ៉ាំបាយជាមួយបងភ្លើងវាខុសត្រង់ណាទៅ”ឆាយសួរដោយឆ្ងល់
“វាខុសត្រង់……យើង………”ដេតនិយាយរដិបរដុប ចំនែកឆាយក៏ចង់ដឹងថាមកពីហេតុអីពិតមែន ប៉ុន្តែដេតក៏មិននិយាយការពិតបាន ក៏ប្តូរសាច់រឿង
“យើងដូចជាចង់ញ៉ាំអីខាងក្រៅ ឯងញ៉ាំទេ”ដេតសួរ ចំនែកឆាយក៏ងក់ក្បាល រួចដេតក៏តំរង់ដើរទៅផ្សារាត្រីដែលគេទៅជាមួយឆាយលើកមុន
“ធ្វើជាបន្លប់យករឿងផ្សេងមកនិយាយទៅកើត”ឆាយនិយាយតិចដោយញញឹម ចំពោះអៀនខ្មាស់របស់ដេត ម្សៀលនេះមើលយូរទៅគួរអោយស្រលាញ់ទៅម៉េចមិនដឹងទេ។
មកដល់ផ្សារាត្រីមនុស្សម្នាក៏មិនសូវជាច្រើនអីណាស់ណានោះទេ ព្រោះមេឃនៅមិនទាន់ងងឹតនៅឡើយ។ មកលើកនេះឆាយនិងដេតក៏មិនទាន់ជាចូលញ៉ាំអីភ្លាមនោះទេ គឺពួកគេនៅដើរមើលតាមតូបបន្តិចសិន ទើបធ្វើអោយឆាយដឹងថាមានស្តង់ជាច្រើន ហើយក៏មានរបស់របរជាច្រើន ដែលគួរអោយចង់ទិញ។ ចំនែកដេតក៏ដើរមើលនេះមើលនោះជាមួយឆាយ ពីរនាក់នេះក៏ទើបតែឃើញចុះសំរុងគ្នាជាលើកទីមួយ។​ ពួកគេក៏ទិញអាហារញ៉ាំលេង នេះបន្តិច ផ្លក់អានោះបន្តិច មើលទៅចូលជាសប្បាយខ្លាំងណាស់។
“ទំនងជាហិលខ្លាំងណាស់”ដេតនិយាយដោយសំលឹងទៅប្រហិតអប់ម្ទេសដែលនៅក្នុងដៃឆាយ ព្រោះខ្លួនគេក៏ចាញ់ម្ទេសមិនហ៊ានញ៉ាំនោះទេ
“ហិលបន្តិចមែនតែឆ្ងាញ់ខ្លាំងណាស់ នេះបងចង់សាកញ៉ាំទេ”ឆាយនិយាយដោយហុច ប្រហិតអប់ម្ទេស ដែលញ៉ាំអស់មួយម៉ាត់អំបាញ់មិញ ហុចមកដាក់មុខដេត។ ឆាយក៏គ្រាន់តែធ្វើលេងតែប៉ុនោះ តែមិននឹកស្មានថាដេតក៏ខាំមួយម៉ាត់ នេះពួកគេបឺតមាត់គ្នាដោយប្រយោលហើយ
“ឆ្ងាញ់តែហិលខ្លាំងណាស់ ទៅរកទឹកហើយ”ដេតស្រែកហើយរត់ទៅទីញទឹក ឆាយទ្រាំសើចមិនបានក៏រត់ទៅតាមដេត ទាំងដែរមុខនៅក្រហមនៅឡើយ
“ខោនេះស្អាតខ្លាំងណាស់ បងថាពាក់ទៅសមុទ្រសមទេ”ឆាយនិយាយដោយដើរចូលទៅមើលខោខ្លីត្រឹមជង្គង់ពណ៌ កាប់ស្ទាំងស្រាល។
“ស្អាតតើ”ដេតនិយាយដោយយល់ស្រប
“ពិតមែនរឺ”ឆាយសួរ ព្រោះកំរលឺដេតនិយាយបែបនេះណាស់ ចំនែកដេតក៏ងក់ក្បាល់
“អាទិត្យក្រោយសំរាកដល់ទៅមួយអាទិត្យ បើបានទៅលេងសមុទ្រពិតជាល្អណាស់”ដេតនិយាយដោយមើលខោអាវព្យួរក្បែរនោះ
“នេះបងមិនដឹងទេថា អាទិត្យក្រោយសាលាយើងទៅដើរលេងនៅសមុទ្រទេ”ឆាយសួរដោយឆ្ងល់
“មិនដឹងទេ”ដេតឆ្លើយបែបធម្មតា
“មិនដឹងយ៉ាងម៉េច? នេះសាលាទៅដើរលេងដើម្បីអបអរដែលសាលាយើងបានលើកពានបាល់ទាន់នៅឆ្នាំនេះ ជាពិសេសគឺអបអរសាទរដល់ជំរុំបាល់របស់បងហ្នឹង”ឆាយនិយាយ ដោយធ្វើមុខឆ្ងល់
“មិនដឹង! ព្រោះមិនទាន់បានទៅជំរុំ ហើយក៏គ្មានអ្នកប្រាប់”ដេតឆ្លើយខ្លីៗ ព្រោះមិនដឹង ហើយក៏មិនចាប់អារម្មណ៍
“ក៏បងហ្នឹងទៅមិនអញ្ជឹង! គួរតែទិញខោមួយ យកពណ៌ដូចគ្នាទៅចុះ ចាត់ទុកថាខ្ញុំលើកទឹកចិត្តបង ចំពោះការប្រឹងប្រែងរបស់បង! នេះមីងយកពីរនេះ”ឆាយនិយាយដោយហុចខោអោយអ្នកលក់
“ឯងដឹងថាយើងស្លៀកខោលេងប៉ុន្មានដែរ”ដេតសួរដោយឆ្ងល់ ព្រោះឆាយអោយអ្នកលក់ច្រកខោទាំងមិនសួរគេថាស្លៀកខោលេខប៉ុន្មាន
“ប្រាកដជាដឹងហើយ លេខ៣២ ត្រូវទេ”ដេតនិយាយដោយជឿជាក់លើខ្លួនឯង រឿងលើខ្លួនដេតមាន៩០% ហើយដែលឆាយដឹងនោះ
“មិនដឹងទេ”ដេតនិយាយហើយក៏ដើរចេញទាំងញញឹម
“បងដេតចាំខ្ញុំផង”ឆាយស្រែកព្រោះខ្លួនក៏នៅចាំអ្នកលក់អាប់លុយហ្នឹងឯង។
ក្រោយពីដើរទិញឥវ៉ាន់រួចហើយ ពួកគេក៏មកអង្គុយញ៉ាំគ្រឿងសមុទ្រអាំង ព្រោះតែនាំគ្នានិយាយរឿងសមុទ្រក៏ធ្វើអោយនាំគ្នាឃ្លាន បង្កង ក្តាម មឹក អីអស់ហ្នឹងតែម្តង។
“ថ្ងៃនេះសប្បាយដល់ហើយ” ឆាយនិយាយដោយចាប់មឹកដាក់ចាន
“ត្រូវហើយថ្ងៃនេះឯងនិយាយច្រើនណាស់”ដេតនិយាយដោយញញឹម
“បងក៏ដូចគ្នា”ឆាយញញឹមដោយ សប្បាយចិត្ត ព្រោះអីកំរណាស់ដែលដេតធ្វើខ្លួនចុះសម្រុងនឹងគេដូចថ្ងៃនេះណាស់
“ឯងបាត់ខឹងនឹងយើងរឿងម្សិលមិញនេះហើយ”ដេតទីបំផុតក៏សួរ ព្រោះតែឃើញឆាយប្រព្រឹត្តខ្លួនធម្មតាតាំងពីព្រឹកមកហាក់ដូចគ្មានរឿងអីកើតឡើងទើបធ្វើអោយដេតឆ្ងល់
“បងក៏សុំទោសខ្ញុំហើយ ខ្ញុំក៏គ្មានរឿងអីទៅខឹងបងដែរ”ឆាយនិយាយដោយញញឹម
“សុំទោសពីអង្កាល់”ដេតនិយាយដោយជ្រួញចិញ្ចើម ព្រោះខ្លួនពិតជាចាំមិនបានពិតមែនថាបានសុំទោសឆាយ
“ម្សិលមិញ ពេលខ្ញុំគ្រាបងមកផ្ទះនោះ”ឆាយនិយាយធ្វើអោយដេត នឹកពេលដែលគេស្រវឹង អូ!ចាំបានហើយ ពេលនោះគេស្រែកផងយំផងសុំទោសឆាយ នៅមានអោបឆាយយ៉ាងណែនទៀតផង
“ចាំមិនបានទេ”ដេតនិយាយកំបុតហើយក៏ឈ្ងោកអោនញ៉ាំបន្ត ព្រោះពេលនេះមុខក្រហមហើយ​ ចំនែកឆាយដែលឃើញបែបនេះទ្រាំមិនសើចនឹងការអៀនរបស់ដេតមិនបានពិតមែន។
………………………………………

2 comments: