May 29, 2015

My Little Brother Chapter9-B: រឿងពីក្រោយខ្នងរបស់ដេត


(ដេតនិយាយ)
ពន្លឺព្រះអាទិត្យនាពេលព្រឹក និងសំលេងចេកចាចរបស់សត្វចាបនៅមាត់បង្អួចធ្វើអោយខ្ញុំភ្ញាក់ពីដំណេក។ ខ្ញុំចាប់ផ្តើមបើកភ្នែកសន្សឹមៗ មានអារម្មណ៍ថានេះជាបន្ទប់ខ្ញុំទេតើ ហើយខ្ញុំមកដល់បន្ទប់គេងដោយរបៀបណា? តែក្បាលរបស់ខ្ញុំនៅឈឺនៅឡើង ខ្ញុំចាប់ផ្តើមរកនឹកពីហេតុការណ៍ម្សិលមិញ ………
ក្រោយពីប្រកួតបាល់ហើយ ក្រុមរបស់ខ្ញុំក៏ទទួលបានពានដោយមានខ្ញុំជាអ្នកស៊ុតបញ្ចូលទី ដូចនេះខ្ញុំក៏ល្អជាវីរៈបុរសរបស់សាលា ហាហាសពិតជាមានមោទនភាពចំពោះខ្លួនឯងមែន។ ក្រោយការប្រកួតក្រុមទាំងមូលក៏បបួលគ្នាទៅជប់លៀង តែខ្ញុំស្រាប់តែឃើញមនុស្សប្រុសដែលរីតាអះអាងថាជាគូដណ្តឹង មកទទួលនាងយកទៅផ្ទះ ក្នុងចិត្តខ្ញុំស្រាប់តែក្រៀមក្រំមួយរំពេច មិនមែនជារឿងងាយទេដែល ឃើញមនុស្សស្រីដែលខ្លួនស្រលាញ់មកជាងបួនឆ្នាំមកស្និទ្ធិស្នាលជាមួយប្រុសថ្មី ស្របពេលនោះមុខដែលញញឹមរបស់ឆាយក៏អណ្តែតមកកាត់មុខខ្ញុំ។ ទៀតហើយបេះដូងខ្ញុំស្រាប់តែលោតខុសចង្វាក់ ក្នុងចិត្តស្រាប់តែមិនស្រួលមានអារម្មណ៍ថាចង់ជួបមុខដេតខ្លាំងណាស់។ ខ្ញុំក៏ប្រាប់មិត្តក្នុងក្រុមថាមិនស្រួលខ្លួន ហើយខ្ញុំក៏ប្រញាប់ទៅរកឆាយ។
ខ្ញុំព្យាយាមធ្វើមុខក្រញ៉ូវដូចធម្មតា កុំអោយគេចាប់អារម្មណ៍ដឹង។ ឆាយក៏សួរខ្ញុំហេតុអីមិនទៅជប់លៀងជាមួយមិត្តរួមក្រុម ខ្ញុំក៏ឆ្លើយបែបកំបុតៗ តែតាមពិតក៏ចង់ប្រាប់គេថាខ្ញុំចង់នៅជប់លៀងតែពួកយើងតែពីរអ្នកច្រើនជាង គិតដល់ត្រឹមនេះមុខខ្ញុំក៏ក្តៅភាយ។ ព្រោះតែខ្លាចគេចាប់ចំនុចខ្ញុំបាន ខ្ញុំក៏ប្រញាប់ដើរទៅមុន។ តែដូចជាមិនឃើញឆាយដើរមកតាមនោះទេ ខ្ញុំក៏ងាកទៅរកគេ តែក៏ស្រាប់តែឃើញឆាយនិងភ្លើងកំពុងនិយាយគ្នាយើងសប្បាយចិត្ត នេះគ្រាន់តែខ្ញុំមិននៅបន្តិចក៏ដើរញញឹមញញែមដាក់ប្រុសផ្សេងភ្លាមតែម្តង។ ខ្ញុំក៏ចាប់ផ្តើមមួរម៉ៅ ហើយក៏ដើរទៅយ៉ាងលឿនតាមកំហឹង បានបន្តិចក៏លឺសំលេងឆាយស្រែកហៅខ្ញុំពីក្រោយដូចសព្វដង ខ្ញុំក៏បន្ថយល្បឿនបន្តិចដើម្បីអោយឆាយដើរទាន់ខ្ញុំ ។ មកដល់ឆាយក៏និយាយនេះនិយាយនោះហើយញញឹមដាក់ខ្ញុំ ចំនែកខ្ញុំពេលនេះចង់សើចបន្តិច ចង់ខឹងនឹងគេបន្តិច ខ្ញុំទ្រាំមិនបានក៏ទាញអាវគេហើយច្រានគេទៅដី ចំនែកមាត់ក៏និយាយស្អីខ្លះក៏មិនដឹង ព្រោះខ្ញុំនេះក៏មាត់អាក្រក់ មាត់រអិល ជាពិសេសសំដីក៏មិនដូចចិត្តទៀត ទើបមិនសូវមានអ្នកណាទ្រាំនឹងខ្ញុំបាន។ ឆាយក៏ចាប់ផ្តើមយំ ខ្ញុំក៏រៀងភ្ញាក់ខ្លួនហើយក៏លូកដៃទៅគ្រាគេ តែកាយវិការបស់ខ្ញុំបែរជាធ្វើអោយគេមើលមកថាខ្ញុំរកទះកំផ្លៀងឆាយទៅវិញ។ សុខៗភ្លើងក៏មិនដឹងចេញមកពីណាហើយក៏ចាប់ដៃខ្ញុំ ធ្វើដូចជាវាជារាជបុត្រជិះសេះសរ មកជួយឆាយអញ្ជឹង ហើយវាក៏ទៅគ្រាឆាយ ខ្ញុំស្អប់កែវភ្នែកវាដែលសំលឹងឆាយខ្លាំងណាស់ ខ្ញុំក៏រឹតតែមួរម៉ៅហើយឈ្លោះជាមួយវា។ រហូតក៏វាយគ្នាជាមួយវា​តែឆាយក៏បញ្ឈប់ ពួកខ្ញុំ។ ឆាយក៏និយាយសំដី២ ៣​ម៉ាត់ តែវាក៏ចាក់ដោតបេះដូងខ្ញុំអោយធ្លុះធ្លាយអស់ហើយ រួចគេក៏ចេញទៅជាមួយភ្លើង ក្នុងចិត្តខ្ញុំឈឺចាប់ខ្លាំងណាស់ព្រោះតែខ្ញុំស្រលាញ់តែបែរជាមិនហ៊ានស្រលាញ់ មាត់ក៏មិនអាចនិយាយពាក្យល្អចេញមកបាន មានតែធ្វើអោយឆាយយំ ឆាយមិនសប្បាយចិត្តតែប៉ុណ្ណោះ ខ្ញុំស្អប់ខ្លួនឯងខ្លាំងបំផុត។ ក្រោយមកខ្ញុំក៏ទៅផឹកស្រា ហើយក្រោយមកអ្វីៗក៏ខ្ញុំចាំមិនបាន។
 ក្រោយពីចាំបានរឿងដែលកើតពីម្សិលមិញហើយ ខ្ញុំក៏ចាប់អារម្មណ៍ឃើញថាឆាយកំពុងតែដេកក្បែរខ្ញុំទេតើ។ បើទាញមិនខុសប្រាកដជាឆាយជូនខ្ញុំមកវិញមិនខាន ខ្ញុំក៏ញញឹមចេញមក ក្មេងម្នាក់នេះជាមនុស្សតែម្នាក់គត់ដែរអាចទ្រាំនៅជាមួយខ្ញុំបានមិនថាខ្ញុំយ៉ាម៉េចក៏ដោយ គេមិនដែលបោះបង់ខ្ញុំចោលនោះទេ មិនថាខ្ញុំមានទុក្ខប៉ុណ្ណាក៏គេចាំតែជួយខ្ញុំគ្រប់ពេល នេះហើយជាមូលហេតុដែរ បងស្រលាញ់អូន! ឆាយ!។ មុខដែរគេកំពុងតែដេកគឺគួរអោយស្រលាញ់ខ្លាំងណាស់ ខ្ញុំស្ទើរតែទប់អារម្មណ៍ទៅអោនថើបគេសឹងតែមិនបាន តែខ្ញុំស្រាប់តែក្រលេកឃើញនៅដៃរបស់ឆាយគឺជាសៀវភៅកំណត់ហេតុរបស់ខ្ញុំទេតើ នេះកុំប្រាប់ណាថា………
“អ៎!”ខ្ញុំបើកភ្នែកធំៗ ហើយស្រែកទាំងផ្លាត់សំលេង នេះបញ្ជាក់ថាឆាយបានអានវាមិនខាន គេប្រាកដជាដឹងថាខ្ញុំលួចស្រលាញ់គេមិនខាន។ ដោយហេតុតែសំលេងស្រែករបស់ខ្ញុំ ក៏ធ្វើអោយឆាយភ្ញាក់ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅៗៗ…………!!!! ពេលនេះទោះជាលោតចូលទន្លេបួនមុខក៏មិនដឹងយកមុខទៅទុកនៅឯណាដែរខ្ញុំ....​ TToTT

វគ្គដេតនិយាយ ក៏សូមចប់ត្រឹមនេះ!!!! ហហាហាហស 

1 comment:

  1. វគ្គបន្ថែមទៀតមកបងចាំយូរណាស់

    ReplyDelete