May 16, 2015

My Little Brother Chapter6: ដេតយំ




ថ្ងៃនេះជាថ្ងៃដែលដេតត្រូវប្រលងសង ចំនែកឆាយកំពុងឈរចាំដេតចេញពីប្រលងដោយអន្ទះសារ។
“សង្ឃឹមថាគាត់ធ្វើបានច្រើនទៅចុះ នេះព្រឹកមិញទន្ទេញរូបមន្តចាំទេ………”ឆាយនិយាយម្នាក់ឯងដើរទៅដើរមករអ៊ូម្នាក់ឯង
“ឆាយថ្មើរនេះហើយមិនទាន់ទៅផ្ទះទៀត”ភ្លើងនិយាយពីជ្រុងម្ខាង ចំនែកឆាយពេលលឺក៏ប្រញាប់ងាកទៅរកម្ចាស់សំលេង
“បាទ!នៅចាំបងដេត”ឆាយតប
“អូ!ថ្ងៃនេះដេតគេប្រលងមែនទេ”ភ្លើងសួរ ឯឆាយក៏ងក់ក្បាល
“បាទ! ចុះបងភ្លើងមិនទាន់ទៅផ្ទះទេអី” ឆាយសួរដោយញញឹម ចំនែកភ្លើងក៏ឆាយមកទាំងញញឹមមកវិញ
“បងទើបតែចេញពីហាត់បាល់! អញ្ជឹងបងទៅហើយណា កុំអោយដេតគេឃើញបង ខ្លាចគេខ្មាស់បងដែលដឹងរឿងគេប្រលងសង”ភ្លើងនិយាយ
“បាទបង! ប្រយ័ត្នប្រយែងតាមផ្លូវ”ឆាយឆ្លើយ
“ឆាយក៏ដូចគ្នា”ភ្លើងលើកដៃលាឆាយហើយក៏ដើរចេញទៅ
មួយរយៈនេះឆាយមានអារម្មណ៍ថាជួបភ្លើងញឹកញាប់ណាស់ ទៅណាក៏ជួបគ្នាដែលហាក់ដូចជាណាត់គ្នាអញ្ជឹង
“បងភ្លើងម្នាក់នេះជាមនុស្សល្អដល់ហើយ អារម្មណ៍ក៏ល្អ សំដីផ្អែម ហើយតែងតែគិតពីអារម្មណ៍អ្នកដទៃទៀតផង មិនដូចជាម្នាក់នៅខាងក្នុងនោះទេ ឃោរឃៅ ចូលចិត្តប្រើអោយធ្វើនេះធ្វើនោះ ចងចិញ្ចើមគ្រប់ពេល នៅចូលចិត្តស្រែកអោយគេលឺៗទៀត”ឆាយនិយាយដោយពេបមាត់ ស្រាប់តែដេតក៏ដើរចេញមកល្មម
“មិញឯងនិយាយអី”ដេតនិយាយដោយសំលឹងមករកឆាយ
“អត់បាននិយាយស្អីផង”ឆាយប្រញាប់ឆ្លើយ បែបអត់ដឹងរឿង
“អញ្ជឹងតោះទៅផ្ទះ”ដេតនិយាយហើយក៏បោះកាតាបអោយឆាយរួចដើរចេញទៅ ចំនែកឆាយក៏ធូរទ្រូងព្រោះបើដេតលឺសំដីឆាយអំបាញ់មិញ ធានាថាឆាយនឹងមិនសល់ឆ្អឹងនោះទេ។
“បងដេត ការប្រលងយ៉ាងម៉េចដែរ”ឆាយសួរ ព្រោះចង់ដឹងខ្លាំងណាស់ តែម្ចាស់សាមីខ្លួនបែរជាមិនមាត់មួយម៉ាត់សោះ ទោះជាឆាយព្យាយាមសួរម្តងទៀតក៏ដោយ។ ឆាយក៏មិនហ៊ានសួរបន្តព្រោះគេប្រហែលជាស្មានដឹងចំលើយទៅហើយ
ដើរបានមួយសន្ទុះឆាយក៏ចាប់អារម្មណ៍ថាដេតគេមិនបានដើរទៅផ្ទះនោះទេ ព្រោះនេះមិនមែនជាផ្លូវទៅកាន់ផ្ទះរបស់ពួកគេឡើយ។
“បងដេតនេះចង់ទៅណាហ្នឹង”ឆាយសួរព្រោះតែឆ្ងល់ នេះមិនមែនចង់នាំឆាយទៅសំលាប់ចោលព្រោះតែបង្រៀនខ្លួនមិនអាចអោយប្រលងជាប់នោះទេណា។
“កុំសួរច្រើនពេក យើងចង់ញ៉ាំអីនៅខាងក្រៅ មិនចង់ញ៉ាំបាយនៅផ្ទះ”ដេតនិយាយ ចំនែកឆាយក៏មិនហ៊ានសួរទៀត ព្រោះគ្រាន់តែសួរបន្តិចក៏ត្រូវដេតសំលុតមកមួយរយ មួយរយបែបនេះ។ តែអេ! អំបាញ់មិញដេតថាទៅញ៉ាំអីនៅខាងក្រៅ អញ្ជឹងមានន័យថាគេនាំឆាយទៅញ៉ាំអីហើយមិនអញ្ជឹង ដូចនេះឆាយក៏ញញឹមបិទមាត់មិនជិត។
ដើរមួយសន្ទុះពួកគេក៏មកដល់ផ្សាររាត្រី ដែលមានមនុស្សអ៊ូអរ គ្រប់តូបសុទតែលក់អាហារដែលសុទ្ធតែគួរអោយចង់ញ៉ាំបំផុត មិនថាប្រហិតអាំង ប្រហិតឈឹង ប្រហិតអប់ បុកល្ហុង ស៊ុប សាច់អាំង គ្រឿងសមុទ្រអាំង លតឆាមីឆា ងាវ ខ្ចៅ ខ្យង ងៀតគោ ងៀតក្របី …………… នៅមានច្រើនទៀត អាហារធម្មតាៗងាយៗតែពេលនឹកឃើញពេលណាក៏ធ្វើអោយឃ្លានពេលនោះ។
“ចង់ញ៉ាំអី”នៅសុខៗដេតក៏ឈប់ ហើយងាកមកសួរឆាយតិចៗ ចំនែកឆាយមើលឆ្វេងមើលស្តាំដើម្បីប្រាកដក្នុងចិត្តថាដេតគេសួរខ្លួន
“ញ៉ាំអីក៏បានស្រេចតែបងដេតចុះ”ឆាយឆ្លើយបែបផាំងៗ ព្រោះតែមិនទាន់យល់។ សង្ស័យដេតអំបាញ់មិញរងសំពាធពីគ្រូស្តីអោយខ្លាំងពេកក្លាយជាឆ្កួតទេដឹង
“អោយរើសក៏រើសទៅ កុំស៊ាំតាប៉ែ ច្រើនពេក”ដេតធ្វើមុខស្មើរហើយគំហកអោយឆាយ ។ នេះបានសមជាដេត មិញស្មានតែខ្មោចចូល
“ញ....ញ៉ាំ”ឆាយនិយាយមិនចេញព្រោះតែស្លុតជាមួយដេតដែលគំហកអោយអំបាញ់ ចំនែកអ្នកនៅក្បែរៗនោះក៏ងាកមកមើលគេទាំងពីរអ្នក ប្រហែលជាស្មានតែពួកគេទាំងពីរនាក់ឈ្លោះគ្នាហើយមើលទៅ
“បានហើយៗៗ!! បើបែបនេះទៀតយើងប្រាកដជាមិនបានអីចូលពោះទេ យើងអ្នករើសក៏បាន”ដេតដកដង្ហើមធំរួចក៏ដើរចូលតូបលក់ស៊ុបក្បែរនោះ
ដេតក៏ហៅនេះហៅនោះមកញ៉ាំ ចំនែកឆាយនៅញ៉ាំក្បែរនោះដោយមិនហ៊ាននិយាយអីមួយម៉ាត់។
“ឯងក្លាយជាគល់ឈើតាំងពីពេលណា៎! រាល់ថ្ងៃយើងឃើញឯងនិយាយច្រើនសឹងអី”ដេតក៏ចាប់ផ្តើមនិយាយព្រោះបើមិនអញ្ជឹងទេ រុយប្រាកដជាមករោមពួកគេទាំងពីរអ្នកមិនខាន
“បាទ!”ឆាយឆ្លើយព្រោះមិនដឹងនិយាយអីពិតមែន ណាមួយគេមិនដែលមកអង្គុយញ៉ាំ​បាយតែពីរនាក់បែបនេះទេ តែអេ!លើកមុនពេលប៉ាម៉ាក់គេមិននៅ ពួកគេក៏ញ៉ាំបាយពីរនាក់ដែលតើ ថែមទាំងក្រោមពន្លឺភ្លើងទៀនទៀតផង នឹកដល់រឿងនោះឆាយក៏ញញឹមចេញមក
“សើចអី!”ដេតសួរ ព្រោះសុខឆាយក៏សើចបែបនេះសង្ស័យគេស្តីអោយអំបាញ់មិញ ព្រលឹងគ្នាហោះចេញពីខ្លួនអស់ទេដឹង
“គ្មានអីទេ! គ្រាន់តែនឹកដល់ថ្ងៃដែលបងនឹងខ្ញុំញ៉ាំបាយតែពីរនាក់ ថ្ងៃដែលប៉ាម៉ាក់មិននៅ”ឆាយញញឹមតិចៗ ព្រោះពេលនោះគេដូចជាទន់ខ្សោយពេកហើយ តែដេតនៅតែអាចការពារឆាយបាន​ ដូចកាលពីមុនអញ្ជឹង(អូ!សូមលាក់ចំនុចនេះមួយ ហាហាស)
“អត់ប្រយោជន៍!”ដេតនិយាយដោយគ្មានអារម្មណ៍ ចំនែកឯឆាយក៏មិនខ្វល់ព្រោះចរិកដេតក៏បែបនេះទៅហើយ”តែយើង អរគុណ! ចាត់ទុកថាយើងប៉ាវឯងជាការអរគុណទៅចុះ”ដេតនិយាយធ្វើមិនដឹងដោយចាប់ផ្តើមបង់បន្លែចូលឆ្នាំង ចំនែកឆាយបែរជាធ្វើមុខស្លើរ
“អញ្ជឹងមានន័យថាបងប្រលងជាប់ហើយ” ឆាយធ្វើមុខសប្បាយចិត្ត ព្រោះទីបំផុតគេក៏ធ្វើអោយដេតប្រលងជាប់បានពិតមែន
“មិនបាច់ធ្វើមុខសប្បាយចិត្តពេកនោះទេ យើងប៉ាវឯងព្រោះមិនចង់ជំពាក់គុណឯងតែប៉ុណ្ណោះ”ដេតនិយាយដោយមិនមើលមុខឆាយ តែគេមិនដឹងថាឆាយមិនដែលគិតគុណស្រ័យអីនោះទេ ត្រឹមគេអាចប្រលងជាប់ ហើយអាចទៅបានទៅលេងបាល់វិញឆាយក៏សប្បាយចិត្តស្ទើរឆ្កួតទៅហើយ
“អញ្ជឹងគួរតែផឹកអបអរបងខ្លះ”ឆាយក៏ឡើងទៅយកស្ពាយហ៍ពីរដប
“ស្អី!ឯងផឹកអាហ្នឹង យើងស្មានតែទៅយកបៀរមកផឹក”ដេតរអ៊ូ
“ក៏យើងនៅរៀនវិទ្យាល័យមិនគួរផឹកអាហ្នឹងទេ មួយនេះល្អបំផុតហើយ”ឆាយនិយាយហើយក៏គាស់ស្ពាយហ៍អោយដេត
“តោះ!បងដេត អបអរបងដែលប្រលងជាប់ហើយ”ឆាយលើកដបស្ពាយហ៍ឡើង
“អើ!!”ដេតក៏ជល់ដបដោយស្ទាក់ស្ទើរ ព្រោះដូចជាមិនសូវយល់ពីឆាយទាល់តែសោះ គ្រាន់តែគេប្រលងជាប់ប៉ុណ្ណឹង ហេតុអីគេសប្បាយចិត្តដល់ថ្នាក់នេះ។
នៅតាមផ្លូវមកផ្ទះវិញឆាយក៏គិតតែដើរបណ្តើរ សើចបណ្តើរ រហូតធ្វើអោយដេតដែលនៅក្បែរនោះទ្រាំមិនបាន ក៏ងាកមកសួរឆាយ
“ហើយឯងកើតអីហ្នឹង បានជាដើរបណ្តើរសើចបណ្តើរដូចមនុស្សឆ្កួតអញ្ជឹង”
“ខ្ញុំអត់មានកើតអីផង”ឆាយងាកមកនិយាយដោយញញឹមបន្ត ដូចជាសប្បាយចិត្តណាស់អញ្ជឹង ចំនែកដេតបានត្រឹមគ្រវីក្បាលហើយក៏ដើរលឿនៗតាមទំលាប់
“បងដេតៗៗ!! ចាំខ្ញុំផង”ឆាយស្រែកដោយរត់តាមដេត
ពីរនាក់នេះក៏បែបហ្នឹងគ្មានឃើញថ្ងៃណាដែលចុះសម្រុងគ្នាម្តងណាឡើយ។
………………
ដូចសព្វដង ឆាយនៅអង្គុយចាំដេតនៅសមបាល់ដូចសព្វដង តែមានអារម្មណ៍ថាមួយរយៈនេះដេតនៅសមបាល់យូរជាងកាលពីមុន ព្រោះតែអាទិត្យក្រោយនេះក្រុមបាល់ទាត់សាលា ក៏ត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ វាជាមោទនភាពខ្លាំងណាស់បើសាលាអាចលើកពាននៅឆ្នាំនេះបាន ព្រោះសាលាមិនទាន់មានប្រវត្តិបានទទួលពានម្តងណាឡើងក្នុងរយៈពេល១២ឆ្នាំមកនេះ។ ចំនែកម្នាក់ៗនៅក្នុងក្រុមក៏យកចិត្តទុកដាក់លេងជាពិសេស សូម្បីតែភ្លើងដែលរាល់ដងតែងតែងាកមកញញឹមដាក់ឆាយ ក៏យកចិត្តទុកដាក់លេងដល់ថ្នាក់មិនងាកមកមើលឆាយសូម្បីតែបន្តិច។ ឆាយក៏សំលឹងទៅមើលដេតដែលកំពុងរត់នៅក្នុងតារាង ទោះជាដេតកំពុងតែផ្ចិតផ្ចង់ក្នុងការលេងក៏ដោយ ក៏ឆាយមើលឃើញពីទឹកមុខមិនសប្បាយចិត្តរបស់ដេតបានដែរ។ ចំនែកឆាយបានត្រឹមធ្វើទឹកមុខមិនសប្បាយចិត្តទៅតាមដេត មូលហេតុរឿងទាំងអស់នេះក៏ត្រូវនិយាយពីថ្ងៃដែលដេតប៉ាវឆាយញ៉ាំស៊ុបក្នុងយប់នោះ។
បន្ទាប់ពីដេតនិងឆាយញ៉ាំអីរួចរាល់ហើយ ពួកគេក៏ដើរត្រលប់ទៅផ្ទះដូចធម្មតា កំពុងតែដើរសុខៗដេតក៏ឈប់ធ្វើអោយឆាយដែលខំដើរតាមពីក្រោយមិនបានប្រយ័ត្នក៏បុកខ្នងដេត
“អ៊ួយ! ម៉េចក៏សុខៗឈប់បែបនេះបងដេត”ឆាយនិយាយដោយយកដៃអង្អែលក្បាល តែមិនលឺដេតតបមកវិញ ដែលវាជារឿងខុសធម្មតា បើធម្មតាវិញដេតប្រាកដជាងាកមើលស្តីអោយឆាយដូចទឹកហូរមិនខាន។ ឆាយក៏ប្រញាប់ងាកទៅមើលដេតអោយឆ្ងល់ ដេតឈរស្ងៀមទ្រឹង ធ្វើទឹកមុខមាំ មើលទៅមុខដោយមិនព្រិចភ្នែក ឆាយឆ្ងល់ជាខ្លាំងក៏សំលឹងទៅតាម។ រូបភាពដែលឆាយឃើញគឺគូរស្នេហ៍កំលោះក្រមុំមួយគួរកំពុងតែដើរកាន់ដៃគ្នា ហើយសើចយ៉ាងសប្បាយចិត្តដើរបញ្ច្រាសទិសពួកគេ។ តែបើមិនខុសនោះទេ នារីម្នាក់នោះគឺរីតា មនុស្សតែម្នាក់ដែលធ្វើអោយដេតសើចគ្រប់ពេលវេលា ពេលដែលដេតនៅជាមួយនាង។ ដេតមិននិយាយអ្វីហើយដើរទៅរកអ្នកទាំងពីរ។ ដេតក៏ចាប់ទាញដៃរីតាពីបុរសម្នាក់នោះ ដែលបុរសម្នាក់នេះឆាយមិនដែលឃើញទាល់តែសោះ ទំនងមិនមែនជាសិស្សដែលរៀននៅសាលាជាមួយពួកគេនោះទេ។
“ឯងជាអ្នកណា ហេតុអីក៏ហ៊ានកាន់ដៃរីតា”ដេតនិយាយដោយទាញកអាវបុរសម្នាក់នោះ
“ហើយឯងជាអ្នកណា”បុរសនោះនិយាយហើយក៏ច្រានដេតចេញ
“ជាអ្នកណាមែនទេ”ដេតស្ទុះទៅដាល់នាយម្នាក់នោះមួយដៃរហូតនាយម្នាក់នោះបាត់ជំហរ ហើយដេតក៏ស្ទុះទៅដាល់នាយម្នាក់នោះបន្តតែក៏ត្រូវរីតា ច្រានដេតចេញហើយរីតាក៏ទះដេតមួយកំផ្លៀង
“រីតា…!!!”ដេតនិយាយតិចៗដោយកាន់មុខខ្លួនឯង ទំនងជាឈឺណាស់ហើយព្រោះមុខនៅជាប់ម្រាមទាំងប្រាំនៅឡើយ
“ដេត! នេះដេតធ្វើស្អីហ្នឹង ដឹងទេកំពុងធ្វើខ្លួនជាអន្តពាលហើយណា”រីតានិយាយដោយស្ទុះទៅគ្រានាយម្នាក់នោះ
“តែ…តែវាចាប់ដៃរីតា”ដេតក៏និយាយខ្លាំងៗ
“គេជាគូរដណ្តឹងរបស់ខ្ញុំ ហេតុអីក៏ចាប់ដៃខ្ញុំមិនបាន”រីតានិយាយមួយម៉ាត់ ធ្វើអោយទាំងដេតនិងឆាយបើកភ្នែកធំៗ
“គូដណ្តឹង!”ដេតនិយាយទាំងផ្លាត់សំលេង “ចុះខ្ញុំនោះ! រីតាចាត់ទុកខ្ញុំជាអ្វី”ដេតនិយាយដោយស្ទុះទៅអង្រួនស្មារីតា
“លែងខ្ញុំដេត ខ្ញុំឈឺណា”រីតានិយាយដោយពង្រះខ្លួពីដៃដេត “សំរាប់ដេត ខ្ញុំចាត់ទុកជាមិត្តល្អរហូតមក ខ្ញុំមិនដែលគិតអីលើសពីហ្នឹងនោះទេ ដេតយល់ទេ”រីតានិយាយតិចៗ តែសំដីនេះបែបជាដូចកាំបិតរាប់រយដែលចាក់ទំលុះរាងកាយរបស់ដេតជាច្រើនកន្លែង
“ខ្ញុំមិនជឿ! រីតាក៏ដឹងថាខ្ញុំស្រលាញ់រីតាមែនដែលទេ គឺវាមែនទេដែលអោយរីតានិយាយបែបនេះ”ដេតនិយាយដោយចង្អុលមុខនាយម្នាក់នោះ ដែលមើលទៅមាត់ក៏បែកធំណាស់ដែល ត្រឹមមួយដៃសោះ នាយដេតម្នាក់នេះពិតជាកំលាំងខ្លាំងមែន
“ដេតឈប់ឆ្កួតទៅ! គ្មានអ្នកណាបង្ខំខ្ញុំនោះទេ ហើយខ្ញុំក៏មិនដែលស្រលាញ់ដេតនោះដែរ ហើយបើដេតនៅតែមិនចោលចរិកពាលនេះទេ យើងកុំនិយាយរកគ្នាទៀតល្អជាង”រីតានិយាយ ហើយក៏ទាញដៃនាយម្នាក់នោះដើរចេញទៅ ចំនែកដេតក៏មិនកំរើកបានត្រឹមឈរស្ងៀម ចំនែកឆាយស្លុតនឹងទិដ្ឋភាពដែលឃើញ គេចង់ចូលលួងលោមដេតណាស់ តែខ្លួនគេផ្ទាល់ក៏មិនដឹងថានិយាយលោងលោមដេតថាយ៉ាងម៉េច។
យប់នោះដេតគេក៏មិនព្រមត្រលប់ទៅផ្ទះ គេក៏ដើរទៅតៀមស្រា ហើយគិតតែពីផឹកស្រែកយំដូចមនុស្សឆ្កួត
“បាទអ្នកម៉ាក់មួយសន្ទុះទៀតពួកខ្ញុំនឹងត្រលប់ទៅផ្ទះវិញហើយ លោកប៉ានិងអ្នកម៉ាក់៏អញ្ជើងសំរាកមុនខ្ញុំទៅមិនបាច់ចាំមើលផ្លូវពួកខ្ញុំនោះទេ”ឆាយក៏តេរទៅប្រាប់អ្នកផ្ទះ ព្រោះមើលតាមសភាពដេត គេមិនព្រមត្រលប់ទៅផ្ទះដោយងាយនោះទេ។
“បងដេត! យប់ហើយ ណាមួយបងក៏ផឹកច្រើនណាស់ហើយគួរតែត្រលប់ទៅផ្ទះហើយ”ឆាយនិយាយតិចៗ ព្រោះតែដេតគេផឹកស្រាអស់មិនដឹងជាប៉ុន្មានដបនោះទេ
“ហេតុអីៗ!!! យើងមិនល្អត្រង់ណាទៅ យើងស្រលាញ់នាងយ៉ាងនេះ ហេតុអីក៏នាងនៅតែទៅស្រលាញ់អ្នកផ្សេង”ដេតនិយាយបណ្តើរយំបណ្តើរ ពិតជាពិបាកភ្នែកមើលណាស់
“គឺនាងមិនល្អខ្លួនឯងដែលមើលមិនឃើញក្តីស្រលាញ់របស់បង ឈប់ពិបាកចិត្តដោយសារនាងទៀតទៅនៅមានមនុស្សជាច្រើនដែលស្រលាញ់បង បងឈប់ផឹកទៅ”ឆាយនិយាយទាញកែវស្រាពីដៃដេត ដើម្បីអោយគេឈប់ផឹកទៀត
“កុំរវល់ហ្នឹងយើង! លើលោកអ្នកគ្មានអ្នកណាស្រលាញ់យើងនោះទេ មិនថាលោកប៉ាឬ រីតានោះទេ”ដេតនិយាយបែបអ្នកស្រវឹង
 “បងយល់ច្រលំហើយមានអ្នកស្រលាញ់បងច្រើនណាស់ មិនថាលោកប៉ា អ្នកម៉ាក់ និងខ…ខ្ញុំ”ឆាយនិយាយតិចៗដោយមុខក្រហម
“កុហក បើប៉ាស្រលាញ់យើងមែននោះ ម្តេចក៏ប៉ាទៅរៀបការស្រីថ្មី យកមកធ្វើជាម៉ាក់របស់យើង ហើយឯងនិងម៉ាក់របស់ឯងយើងដឹងណា៎ ពួកឯងគ្មានថ្ងៃធ្វើល្អដាក់យើងពិតប្រាកដនោះទេ”ដេតនិយាយដោយផឹកស្រាទាំងដបតែម្តង
“មិនពិតខ្ញុំពិតជាស្រលាញ់បងពិតមែន”ឆាយនិយាយដោយមិនដឹងខ្លួនថានិយាយអីចេញមកនោះទេ តែពេលគេងាកទៅក៏ឃើញដេតស្រវឹងដេកលង់លក់ទៅហើយ
“ខំតែភ័យ”ឆាយដកដង្ហើមធំទាំសប្បាយចិត្ត ដែលដេតមិនបានលឺសំដីគេនិយាយអំបាញ់មិញ
ឆាយក៏ប្រញាប់គ្រាដេតត្រលប់មកផ្ទះវិញ ព្រោះម៉ោងជិតដប់មួយទៅហើយ នេះសំណាងល្អហើយដែលហាងស្រានៅមិនឆ្ងាយពីផ្ទះគេមិនខាន បើមិនអញ្ជឹងនោះទេឆាយប្រាកដជាស្លាប់មិនខានព្រោះតែខ្លួនដេតពិតជាធ្ងន់ខ្លាំងណាស់។
ឆាយក៏ដាក់ដេតអោយដេក ហើយក៏ប្រញាប់ទៅយកក្រណាត់ជ្រលក់ទឹកមកជូតខ្លួនអោយដេត ព្រោះខ្លួនរបស់គេធុំក្លិនសុទ្ធតែស្រាតែម្តង យ៉ាងនេះហើយឆាយក៏ប្តូរខោអាវអោយដេតដោយឆ្លៀតលួចមើលរាងកាយដែលពោលពេលដោយសាច់ដុំរបស់ដេត ព្រោះគេជាអ្នកកីឡា​ រាងកាយក៏វាមានសាច់ដុំកង់ៗបែបនេះជារឿងធម្មតាទៅហើយ។
“ហេតុអីក៏ដើម្បីស្រីម្នាក់ធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ មនុស្សល្ងង់”ឆាយនិយាយដោយជ្រួញចិញ្ចើម ហើយក៏យកពងមាន់ដែលដាក់ស្ងោរអំបាញ់មិញមកស្អំមុខ អោយដេតព្រោះស្នាមម្រាមដៃរបស់រីតាអំបាញ់មិញនៅជាប់ថ្ពាល់របស់ដេតនៅឡើយ បើមិនស្អំទៀតវាហ្នឹងនៅស្នាមរហូតថ្ងៃស្អែកមិនខាន អ្នកនៅសាលាប្រាកដជាដឹងថា ដេតប្រុសស្អាតលំដាប់សាលាត្រូវស្រីទះកំផ្លៀងមិនខាន។ ចំនែកដេតពេលត្រូវឆាយដាក់ពងមាន់ស្អំ ក៏ធ្វើមុខឈឺ ព្រោះស្នាមជាំខៀវខ្លាំងដែល រីតានេះជាស្រីកីឡាកាសមែនទេបានជាមួយកំផ្លៀងសោះក៏ស្នាមដល់ថ្នាក់នេះ
“ចេះឈឺដែលមែនទេ! បើចេះឈឺបែបនេះក៏លើកក្រោយនៅទៅរករឿងគេបែបនោះទៀតទេ បើហ៊ានទៀតនឹងមិនមើលថែបែបនេះជាដាច់ខាត”ឆាយនិយាយដោយញញឹមតិច ហើយលានអណ្តាតដាក់ដេត​ ដែលកំពុងតែលង់លក់ព្រោះតែគ្រឿងស្រវឹង។
ស្អែកព្រឹកឡើងដេតនិងឆាយក៏ដើរទៅរៀនបែបធម្មតាគឺមានឆាយដែលជួយស្ពាយកាតាបអោយដេត ហើយដើរពីក្រោយត្រុកៗ សុខៗដេតក៏ឈប់ហើយក៏ងាកមកនិយាយជាមួយឆាយ
“យប់មិញឯងជាអ្នកគ្រាយើងមកផ្ទះ ហើយប្តូរសំលៀកបំពាក់អោយយើងមែនទេ”ដេតសួរ ព្រោះព្រឹកមិញមិនមានសញ្ញាណាបញ្ជាក់អោយឃើញថាលោកប៉ារបស់គេដឹងថាគេផឹកស្រានោះទេ បើប៉ាគេដឹងវិញនោះច្បាស់ណាស់ប្រាកដជាត្រូវប៉ាគេស្តីអោយមិនខានព្រោះគេនៅរៀនវិទ្យាល័យនៅឡើយមិនគួរប៉ះពាល់របស់អស់នោះទេ។
“បាទ”ឆាយងក់ក្បាលតិចៗ
“ហើយពេលយើងស្រវឹង យើងនិយាយអ្វីខ្លះ”ដេតសួរដោយទឹកមុខស្មើរ
“ក៏និយាយច្រើនណាស់ដូចជា………”ឆាយរកនិយាយបន្តក៏ត្រូវដេតខ្ទប់មាត់ជាប់
“បានហើយៗហើយមិនចង់ស្តាប់នោះទេ ឯងត្រូវបំភ្លេចវា ហើយមិនត្រូវនិយាយរឿងពីម្សិលមិញអោយអ្នកណាដឹងនោះទេ បើមិនអញ្ជឹងឯងនឹងមិនសល់ឆ្អឹងនោះទេ” ដេតនិយាយដោយទឹកមុខគួរអោយខ្លាច ដេតនេះមានចរិកចង់បានមុខមាត់ខ្លាំងណាស់ មិនដឹងកាត់រកអ្នកណានោះទេ
“បាទ”ឆាយនិយាយដោយងក់ក្បាលនិងលេបទឹកមាត់ព្រោះដេតនេះពិតជាគួរអោយខ្លាចពិតមែន
សុខៗរីតាក៏ដើរចេញពីផ្លូវកែងនោះ ពេលដេតឃើញរីតាក៏ស្ទុះចង់និយាយរកនាង តែនាងក៏ធ្វើជាមិនឃើញដេតហើយក៏ដើរចេញទៅយ៉ាងលឿង ធ្វើអោយទឹកមុខដេតប្រែប្រួលជាស្រអាប់មួយរំពេច ចាំតាំងពីថ្ងៃនោះមកឆាយក៏មិនដែលឃើញអ្នកទាំងពីរនិយាយរកគ្នាទៀតនោះទេ ដូចជាថ្ងៃនេះអញ្ជឹងពួកគេធ្វើជាមើលមិនឃើញគ្នារៀងៗខ្លួន ចំនែកឆាយបានត្រឹមមិនសប្បាយចិត្តទៅតាមពួកគេ។
“អង្គុយភ្លឹកអីហ្នឹង ឆាយ”សុខៗសំលេងរបស់នាយភ្លើងក៏លាន់លឺនៅក្បែរឆាយរហូតធ្វើអោយឆាយភ្ញាក់ពីការគិត
“គ្មានអីទេបង ចេះតែគិតៗទៅទេ”ឆាយឆ្លើយទាំងញញឹម
“ស្មានតែគិតដល់បង”ភ្លើងនិយាយធ្វើអោយឆាយងាកទៅរកគេ “និយាយលេងទេ! ចេះធ្វើមុខបែបនេះទៅកើតក្មេងល្ងង់”ភ្លើងនិយាយដោយយកដៃមកឈ្លីសក់ឆាយ ប្រៀបដូចឆាយជាកូនក្មេងដែលងាយស្រួសធ្វើបាប “ហើយមានដឹងទេថា ចុងសប្តាហ៍ក្រោយក្រុមរបស់សាលាយើងនិងប្រកួតវគ្គផ្តាច់ព្រ័ត្រហើយណា”ភ្លើងសួរ ចំនែកឆាយក៏ងក់ក្បាល “ហើយឆាយហ្នឹងទៅមើលទេ”ភ្លើងបន្តសួរធ្វើមុខផ្លង់
“បាទប្រាកដជាទៅមើលហើយព្រោះជារឿងសំខាន់ណាស់សំរាប់សាលា”ឆាយនិយាយដោយញញឹម
“ក្រុមយើងបានមកដល់វគ្គនេះ បងក៏អរគុណឆាយខ្លាំងណាស់”ភ្លើងនិយាយដោយញញឹមតិច
“ហេតុអីក៏មកពីខ្ញុំ ខ្ញុំគ្មានបានធ្វើអីឯងណា”ឆាយនិយាយដោយធ្វើមុខឆ្ងល់
“បើមិនមែនឆាយជួយអោយដេតប្រលងជាប់ ហើយអាចត្រលប់មកលេងបាល់បាននោះទេ ក្រុមយើងក៏មិនមានផ្លូវឈ្នះមកដល់វគ្គនេះដែល”ភ្លើងនិយាយដោយបន្តញញឹម
“សរសើរខ្ញុំពេកហើយ នេះមកពីបងដេតខំប្រឹងខ្លួនឯងទេតើ”ឆាយនិយាយដោយអះក្បាលតិចៗ ព្រោះតែសប្បាយចិត្តដែលអាចជួយដេតបាន
“ឆាយអោយបងសុំសួរមួយបានទេ”ភ្លើងសួរ
“បាទ!មានរឿងអីបង”ឆាយឆ្លើយដោយឆ្ងល់
“ដេតនិងរីតាមានរឿងអីហ្នឹងគ្នាមែនទេ បានជាមួយរយៈនេះមិនឃើញនិយាយរកគ្នាបែបនេះ ធម្មតាក៏និយាយរកគ្នាយ៉ាងសន្ធឹក”ភ្លើងចាំផ្តើមសួរ ចំនែកឆាយក៏ទាល់ព្រោះតែសន្យាជាមួយដេតរួចហើយថាមិននិយាយរឿងនេះប្រាប់អ្នកណានោះទេ
“បាទ! ខ្ញុំមិនដឹងនោះទេ បងគួរតែទៅសូរគេទាំងពីរអ្នកដោយខ្លួនឯង” ឆាយឆ្លើយដោយធ្វើមុខស្ទាក់ស្ទើរ
“មិនអីទេ! បងស្មានតែឆាយដឹងព្រោះឃើញគេទាំងពីរនាក់មិនសប្បាយចិត្ត ក៏គិតថានឹងជួយពួកគេ”ភ្លើងនិយាយ
“បាទ!បងភ្លើងខ្ញុំ ចិត្តព្រះដល់ហើយ”ឆាយនិយាយដោយញញឹមភ្នែកតូច
“នេះចំអកអោយបងផងអី”ភ្លើងក៏លូកដៃទៅខោកក្បាលអោយឆាយ តែឆាយក៏គេចទាន់ហើយថែមទាំងលានអណ្តាតដាក់ភ្លើងធ្វើអោយ ភ្លើងស្ទុះទៅដេញខោកឆាយ ទាំងសើចសប្បាយចិត្ត
“ហេម!!” ដេតគ្រហឹមពីជ្រុងម្ខាង ធ្វើអោយភ្លើងនិងឆាយបញ្ឈប់សកម្មភាព “តោះ!ទៅផ្ទះ”ដេតនិយាយហើយក៏ដើរចេញទៅ ដោយមិនភ្លេចបោះកាតាបអោយឆាយ ចំនែកឆាយក៏រត់ទៅតាមដេត ដោយមិនភ្លេចងាកទៅលើកដៃលាភ្លើង ឯភ្លើងក៏លើកដៃលាឆាយដោយញញឹម។
តាមផ្លូវដេតនិងឆាយក៏ធ្វើដូចធម្មតា ដើរយ៉ាងស្ងៀមស្ងាត់ ដេតនៅតែធ្វើមុខមិនសប្បាយចិត្ត ចំនែកឆាយរឺតតែពិបាកចិត្ត ព្រោះកាលពីមុនដេតក៏អាចញញឹមសើចសប្បាយពេលនៅជាមួយរីតា តែឥលូវសូម្បីតែស្នាមញញឹមបន្តិច ក៏ឆាយមិនអាចមើលឃើញអីដេតទៀតនោះដែរ។

1 comment:

  1. Gambling at Casino | MapyRO
    Casino. Gambling 밀양 출장안마 at Casino. Mapyro Casino has 392 의정부 출장안마 table 수원 출장안마 games 평택 출장안마 including blackjack, roulette, video 안산 출장샵 poker, live dealer, bingo, scratch cards,

    ReplyDelete