May 18, 2015

My Little Brother Chapter7:ទឹកភ្នែក




“ឆាយ!ពួកយើងនៅទីនេះ”នាយធីស្រែកហៅឆាយពីក្នុងហ្វូងមនុស្សយ៉ាងច្រើនកុះករ ឯនៅក្បែនោះក៏មាននាយវង្សដែលកំពុងតែឈ្លោះគ្នាជាមួយស្រីកា និងស្រីនុចដែលកំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់។ ឆាយក៏ប្រញាប់ប្រញាដើរទៅរកមិត្តភក្តិទាំងបួនយ៉ាងសប្បាយចិត្ត
“ហេតុអីមកយូរម្ល៉េះ! នេះសំណាងហើយដែលចាំកន្លែងអោយមុន”នាយវង្សចាប់ផ្តើមរអ៊ូ
“អរគុណហើយវង្ស”ឆាយនិយាយដោយញញឹមតិចៗ ល្ងាចមិញនេះឆាយក៏មកដល់ជាមួយនឹងដេតតាំងពីក្បាលល្ងាចមកម៉្លេះ តែដេតភ្លេចរបស់ ហើយក៏ប្រើអោយឆាយទៅយកនៅឯផ្ទះ ទើបធ្វើអោយឆាយត្រូវត្រលប់មកវិញទាំងប្រញាប់ប្រញាបែបនេះ
“ទារគុណស្រ័យណាស់ន៎! គ្រាន់តែប៉ុណ្ណឹងសោះ”ស្រីកានិយាយទាំងពេបមាត់
“ក៏ឆាយជាមនុស្សដែលស្គាល់គុណស្គាល់ទោស ចេះអរគុណចំពោះមនុស្សដែលធ្វើល្អដាក់ខ្លួន មិនដូចអ្នកខ្លះទេទោះជាខំធ្វើល្អយ៉ាងណាក៏មិនដែលចេះដឹងគុណគេ តែបើគេធ្វើអីខុសតិចតួចក៏ប៉ុនខាងរករឿង ចង់ចាញ់ឈ្នះ”វង្សក៏បកមកអោយស្រីកាវិញ ទំនងពីរនាក់ហ្នឹងបែបជាទើបតែខឹងគ្នារឿងអីហើយ
“ចង់ថាអោយខ្ញុំមែនទេ”ស្រីកាសួរទាំងមុខក្រញ៉ូវ
“ក៏វាជាការពិតមិនអញ្ជឹង”វង្សនិយាយ ធ្វើអោយស្រីកាចេញភ្លើង
“និយាយបែបនេះមកឈ្លោះគ្នាល្អជាជាង”ស្រីកានិយាយខ្លាំងៗ
“បានហើយៗ!!! ពួកឯងទាំងពីរអ្នកមិនចេះខ្មាស់គេទេអី”នាយធីទ្រាំនឹងក្រសែលភ្នែកអ្នកនៅម្តុំនេះមើលមកពួកគេមិនបានក៏និយាយ
“មែនហើយ! ក៏និយាយជាមួយគ្នាស្រួលៗមិនបានទេអី ហើយទៅឈ្លោះគ្នារឿងអីមកហ្នឹង”ស្រីនិចក៏ជួយនិយាយ
“ចេះស្រលាញ់គ្នាទៅកើត! មានរឿងអីក៏អត់អោនអោយគ្នាទៅ ធីឯងជាប្រុសក៏ធ្វើជាចាញ់ខ្លះទៅ កុំចង់ឈ្នះពេក”ឆាយនិយាយដោយញញឹមតិចៗ ព្រោះវង្សនិងស្រីកា ទោះជាឈ្លោះគ្នាមកជារៀងរាល់ថ្ងៃ តែគេអាចមើលឃើញថាអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ គ្រាន់តែម្នាក់ៗចង់ឈ្នះរៀងៗខ្លួនតែប៉ុណ្ណោះ។
“បានហើយៗ!!! គេចាប់ផ្តើមប្រកួតហើយស្ងាត់ទៅ”ធីនិយាយ គេនេះជាអ្នកគ្រាំទ្រផ្កាប់មុខរបស់សាលាផង។ ពេលនេះពួកគេទាំងប្រាំអ្នកកំពុងតែអង្គុយមើលការប្រកួតបាល់ទាត់វគ្គផ្តាចព្រ័ត្ររបស់សាលា។ មនុស្សអ៊ូអរជាខ្លាំង ព្រោះសិស្សក្នុងសាលា មកគ្រប់គ្នាស្ទើរតែមិនបាត់ម្នាក់ សូម្បីតែលោកគ្រូអ្នកគ្រូនិងនាយកសាលា ក៏មកគ្រប់គ្នាដែរ។
ឆាយក៏សំលឹងឆ្វេងស្តាំ ក៏ប្រទះរីតាដែលកំពុងឈរនិយាយជាមួយប្រុសម្នាក់ ដែលគេអះអាងថាជាគូរដណ្តឹងដោយសប្បាយរីករាយ នៅឯជ្រុងម្ខាងនៃផ្លូវដើរចូលមក
“សង្ឃឹមថាដេតគេមិនឃើញទៅចុះ” ឆាយនិយាយតិចៗហើយក៏មកចាប់អារម្មណ៍នឹងមិត្តភក្តិដែលកំពុងតែឈ្លោះគ្នា
ការប្រកួតក៏បញ្ចាប់ សំលេងស្រែកហ៊ោរលាន់លឺពេលទីលានប្រកួត។ ពិតជាមិនគួរអោយជឿពិតមែនថាក្រុមរបស់ដេតឈ្នះវគ្គផ្តាច់ព្រ័ត្ត ក្នុងលទ្ធផល១ទល់និងសូន្យ ដែលស៊ុតបញ្ចូលទីដោយដេតប្រុសសង្ហារយើងហ្នឹង នៅនាទី ទី៨៥ ដូចនេះគេក៏ក្លាយជាវីរបុរសរបស់សាលានេះឯង។ ចំនែកឆាយវិញស្រែកសប្បាយចិត្តរហូតទាល់តែចេញទឹកភ្នែកទៅហើយ។ ឆាយក៏រៀបចំទៅផ្ទះមុនព្រោះគេក៏ដឹងថា ដេតប្រាកដជាត្រូវនៅជប់លៀងជាមួយក្រុមមិនខាន។ តែសុខៗដេតក៏ដើរមករកឆាយហើយនិយាយខ្លីៗ
“តោះទៅផ្ទះ!”ដេតនិយាយហើយក៏ដើរចេញទៅ
“មានរឿងអីហ្នឹង”ឆាយនិយាយដោយជ្រួញចិញ្ចើម ព្រោះតែទឹកមុខរបស់ដេតអំបាញ់មិញនេះបញ្ជាក់ពីការមួរម៉ៅនិងមិនសប្បាយចិត្តសូម្បីតែបន្តិច
“ទំនងជាខឹងហើយ”សុខៗភ្លើងក៏មិនឈរក្បែរឆាយ ឯឆាយក៏រៀងភ្ញាក់បន្តិច
“មានរឿងអីមែនទេបងភ្លើង”ឆាយសួរអោយធ្វើមុខឆ្ងល់
“អំបាញ់មិញក្រុមបបួលគ្នាទៅជប់លៀង ហើយរីតាក៏និយាយថាមានការរវល់មិនបានទៅទេ ថែមទាំងមានកំលោះប្លែកមុខមកទទួល ដេតក៏ស្រាប់តែមួរម៉ៅហើយនិយាយថាឈឺក្បាលសុំទៅផ្ទះមុន”ភ្លើងនិយាយតិចៗ ហើយមើលទៅដេតដែលកំពុងតែដើរដូចជាអស់សង្ឃឹម
“បែបនេះទេ! បានជាមួរម៉ៅដល់ថ្នាក់នេះ អញ្ជឹងខ្ញុំគួរតែប្រញាប់ទៅតាមគាត់ហើយ”ឆាយនិយាយដោយជ្រួញចិញ្ចើម
“អញ្ជឹងក៏ជួយលួងគ្នាផងណា ឆាយ”ភ្លើងនិយាយដោយទះស្មាឆាយតិចៗ
“បាទបង ខ្ញុំលាហើយណា”ឆាយនិយាយដោយលើកដៃលាភ្លើង ហើយក៏ប្រញាប់ទៅតាមដេត
“ខំថានឹងមកបបួលទៅជប់លៀងជាមួយគ្នាឥលូវទៅបាត់”ភ្លើងនិយាយដោយគ្រវីក្បាលតិចៗ ញញឹមហើយក៏ដើរទៅរកមិត្តភក្តិដែលនៅក្បែរនោះ
“បងដេតៗ!!! ចាំខ្ញុំផង”ឆាយស្រែកក៏ព្រោះតែនាយដេតនេះ ដើរលឿនគ្មានគិតដល់ក្មេងល្អិតដែលខំរត់តាមពីក្រោយគេដូចជាឆាយសោះ
“បងដេតហេតុអីក៏ប្រញាប់ទៅផ្ទះម្ល៉េះមិនទៅជប់លៀងជាមួយគេទេអី”ទីបំផុតឆាយក៏រត់ទាន់ដេត ហើយក៏សួរបែបមិនដឹងរឿង
“មិនស្រួលខ្លួន មិនចង់ទៅ”ដេតនិយាយដោយកំបុតៗ ព្រោះតែកំពុងខឹង
“មិនសួរត្រង់នេះច្រើនជាង”ឆាយនិយាយដោយចង្អុលទៅដើមទ្រូងខាងឆ្វេងរបស់ដេត ចំនែកដេតក៏ងាកមកសំលក់ឆាយ ដូចចង់ស៊ីឆាយទាំងរស់
“កុំធ្វើមុខយ៉ាងនេះអី! ហេតុអីក៏ត្រូវមិនសប្បាយចិត្ត ហេតុអីក៏បងត្រូវកើតទុក្ខទាំងគេសើចសប្បាយ”ឆាយនិយាយដោយមើលទៅមុខដេត ចំនែកដេតពេលលឺបែបនេះក៏ឈប់ហើយងាកមកមើលឆាយ
“បងជាមនុស្សរឹងមាំខ្លាំងណាស់ ហេតុអីក៏ត្រឹមរឿងតិចតួចប៉ុណ្ណឹងក៏ទន់ជ្រាយដល់ថ្នាក់នេះ! ជីវិតជារបស់មានតំលៃខ្លាំងណាស់ យើងក៏មានរឿងត្រូវធ្វើជាច្រើន មិនមែនមិនមានស្នេហាយើងមិនអាចរស់បានឯណា”ឆាយក៏ចាំផ្តើមនិយាយក្នុងបំណងលើកទឹកចិត្តឆាយ តែដេតមុខក៏កាន់តែក្រហម ហើយមើលមកឆាយគួរអោយខ្លាច
“នេះឯងគិតថាឯងជាអ្នកណា”ដេតនិយាយដោយក៏ចាប់ទាញកអាវរបស់ឆាយឡើងរហូតជើងឆាយផុតពីដី”កូនស្រីប្រពន្ធចុងដូចឯងមានសិទ្ធអីមកប្រដៅយើង កុំស្មានថាយើងធ្វើល្អដាក់ឯងបន្តិចបន្តួចហើយ​ឯងអាចមកលូកលាន់ជីវិតផ្ទាល់ខ្លួនរបស់យើងបានណា”ដេតក៏បោះឆាយទៅលើដី ដូចជាបោះសំរាម ចំនែកឆាយខ្លួនចាប់ផ្តើមញ័រព្រោះតែស្មានមិនដល់ថាដេតនឹងនិយាយបែបនេះជាមួយខ្លួន ទឹកភ្នែកក៏ចាប់ផ្តើមហូរចុះមក ដែលមិនអាចឃាត់បាន
“យើងសូមប្រមានឯងកុំមកពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់យើងម្តងទៀតអោយសោះ មិនអញ្ជឹងទេ កុំថាយើងមិនបានប្រាប់ឯងមុនអោយសោះ”ថាហើយដេតលូកដៃមកទះឆាយមួយកំផ្លៀង វិនាទីនេះហើយទើបឆាយដឹងថាក្នុងចិត្តដេត គេជាមនុស្សដែលដេតស្អប់ប៉ុណ្ណា ខ្ពើមរអើមប៉ុណ្ណា និងមើលងាយប៉ុណ្ណា។
“ដូចជាជ្រុលពេកទេដឹងដេត”សុខៗភ្លើងក៏មិនដឹងជាលេចចេញពីជ្រុងណាស្ទុះមកចាប់ដៃដេត មុននិងដៃនោះមកប្រថាប់នឹងថ្ពាល់ឆាយ
“នេះទោះជាមិនមែនបងប្អូនបង្កើត ក៏មិនគួរធ្វើដាក់គ្នាដល់ថ្នាក់នេះដែរ ឆាយក៏ជាមនុស្សក៏មានតំលៃនៃមនុស្សមិនមែនជារបស់ដែលឯងអាចជាន់ឈ្លីតាមចិត្តនោះទេ ហើយនេះឆាយគេធ្វើល្អដាក់ឯងប៉ុណ្ណឹងហើយ………ពិតជានិយាយមិនចេញមែន នេះបើយើងមិនឃើញផ្ទាល់ភ្នែក វៃអោយស្លាប់ទៀតក៏យើងមិនជឿថាឯងជាមនុស្សបែបនេះដែរ”ភ្លើងនិយាយដោយស្ទុះទៅគ្រាឆាយ
“ឯងកុំមករវល់នឹងរឿងយើង អាក្មេងស្រីប្រពន្ធចុងម្នាក់នេះវាមិនចេះប្រមាណឋានៈវាដោយខ្លួនឯងទេតើ” ដេតនិយាយដោយគំហក
“ដូចជាជ្រុលពេកហើយ”ភ្លើងទ្រាំមិនបានក៏ស្ទុះទៅដាល់ដេតមួយដៃរហូតដេតដួលទៅលើដី មនុស្សប្រុសក៏បែបនេះហើយមានរឿងអីក៏ដោះស្រាយគ្នាតែជាមួយកំដាប់ដៃនេះឯង
“មនុស្សដូចឯងសមហើយដែល រីតាទៅស្រលាញ់អ្នកផ្សេងនោះ”ភ្លើងក៏បន្ថែម ចំនែកដេតក៏ស្ទុះឡើងមក
“ឯងគ្មានសិទ្ធិអីមកនិយាយពីនាងនោះទេ”ដេតក៏ដាល់សងទៅភ្លើងវិញ តែឆាយក៏មករងជំនួសរហូតខ្លួនដួលទៅលើដី
“ឆាយ!!!”ភ្លើងស្រែករហូតភ្លាត់សំលេង ហើយគេក៏រកស្ទុះទៅរកដេតតែឆាយក៏ចាប់ទាញអាវភ្លើងទាន់
“បានហើយបងភ្លើងប៉ុណ្ណឹងចុះ ខ្ញុំសុំអង្វរ”ឆាយនិយាយដោយទឹកភ្នែកនៅពេញលឺថ្ពាល់នៅឡើង ចំនែកភ្លើងពេលឃើញឆាយនៅក្នុងសភាពបែបនេះក៏ស្ទើរតែស្រក់ទឹកភ្នែកតាមទៅហើយ
“ដេត! ខ្ញុំសុំទោសបើខ្ញុំដើរហួសព្រំដែន ចាត់ទុកថាខ្ញុំខុស ខ្ញុំនឹងចាំទុក ហើយកូនប្រពន្ទចុងដូចជាខ្ញុំនឹងមិនចូលទៅពាក់ព័ន្ធនឹងជីវិតបងទៀតនោះទេ”ឆាយនិយាយតិចៗទាំងអួលដើមក ដោយអោនមុខចុះ
“ដេត! យើងមិនស្មានថាឯងជាមនុស្សបែបនេះសោះ យើងខកបំណងនឹងឯងណាស់ ចាត់ទុកថាយើងរាប់អានមិត្តភក្តិខុសទៅចុះ”ភ្លើងក៏គ្រាឆាយចេញដើរចេញទៅ ទុកអោយដេតនៅឈរម្នាក់ឯង
“ក៏បែបនេះល្អបំផុតហើយសំរាប់យើង ឆាយ!អោយបងសុំទោស តែបងពិតជាមិនអាចទទួលយកអារម្មណ៍មួយនោះបានពិតមែន”ដេតនិយាយតិចៗដោយមើលទៅស្រមោលខ្នងឆាយដែលដើរចេញទៅ ទឹកភ្នែកដេតក៏ហូរស្រក់ចុះមកដោយមិនមានអ្នកណាដឹងនោះទេ។
……………
ផ្ទះភ្លើង…………
ភ្លើងក៏នាំឆាយមកផ្ទះគេស្អំរបួស
“នេះឆាយអង្គុយត្រង់នេះហើយណា”ភ្លើងនិយាយដោយដាក់ឆាយអោយអង្គុយលើសាឡុង ហើយក៏ប្រញាប់ប្រញារកនេះរកនោះមកស្អំអោយឆាយ
“អ៊ួយ!”ឆាយស្រែកពេលដែលភ្លើងដាក់ថ្នាំរបួសអោយឆាយ
“សុំទោសបងធ្ងន់ដៃបន្តិចហើយណា”ភ្លើងនិយាយដោយមើលទៅរបួសយ៉ាងផ្ចិតផ្ចង់
“មិនអីទេបងមកពីខ្ញុំរំអួយច្រើនជាង”ឆាយនិយាយលេងបន្លប់
“នេះឈឺដល់ថ្នាក់នេះហើយនៅមកលេងសើចចេញទៀត”ភ្លើងនិយាយដោយជ្រួញចិញ្ចើម
“មនុស្សដូចខ្ញុំនេះ គេប្រៀបមិនបានឆ្កែ ឆ្មាផង”ឆាយនិយាយដោយចំអកខ្លួនឯង
“ឈប់និយាយប្រមាថខ្លួនឯងបែបនេះទៅ បងមិនចូលចិត្តនោះទេ! អាដេតវាឆ្កួតហើយនេះបងសឹងនឹងមិនជឿពិតមែនថាវាជាមនុស្សបែបនេះទេ” ភ្លើងនិយាយទាំងមិនទាន់បាត់ក្តៅក្រហាយ
ចំនែកឆាយក៏មិននិយាយស្តី ​ព្រោះខ្លួនឯងក៏មិនជឿដូចគ្នាថានឹងមានរឿងបែបនេះកើតឡើងចំពោះខ្លួន ភ្លើងពេលឃើញឆាយបែបនេះក៏មកប្តូរសាចរឿងនិយាយបន្លប់វិញ
“ឆាយក៏គេងនៅទីនេះមួយយប់ទៅ កុំទៅម៉ាក់ឃើញរបួសអីមិនល្អនោះទេ បើពួកគាត់ដឹងមិនដឹងជាមានរឿងធំមិនខាន”ភ្លើងនិយាយដោយមើលទៅឆាយទាំងយល់ចិត្ត
“រំខានបងពេកទេដឹង”ឆាយនិយាយទាំងអល់អែកចិត្ត
“មិនអីទេ ប៉ាម៉ាក់បងគាត់ទៅលេងលោកយាយនៅតែបរទេសបាត់ហើយ ឆាយគេងនៅបន្ទប់បងទៅណា បងទៅគេងនៅបន្ទប់ប៉ាម៉ាក់បងក៏បាន មិនរំខានអីនោះទេ”ភ្លើងនិយាយទាំងញញឹម
“បាទ អរគុណបងណាស់”ឆាយនិយាយដោយញញឹមតិចៗតបទៅវិញ ក្នុងចិត្តបែរជាគិតថា បើឆាយអាចធ្វើល្អដាក់ខ្លួនបានតែពាក់កណ្តាលភ្លើងធ្វើមកលើខ្លួនមិនដឹងជាឆាយសប្បាយចិត្តប៉ុណ្ណានោះទេ។
“ហើយនេះទូរស័ព្ទអាដេត វាភ្លេច បងក៏ប្រញាប់យកមកអោយវា មិនស្មានថានឹងឃើញរឿងបែបនេះសោះ”ភ្លើងនិយាយដោយហុចទូរស័ព្ទដេតដោយឆាយ ចំនែកឆាយមើលទៅទូរស័ព្ទ នឹងកំពុងគិតថាម្ចាស់វាពេលនេះកំពុងធ្វើអី។
យើងងាកមកមើលដេត មនុស្សមហាចិត្តអាក្រក់វិញ កំពុងតែនៅហ៊ាងស្រា ផឹកស្រាឡើងជោគខ្លួនទៅហើយ
“ឆាយអោយបងសុំទោស បងពិតជាមិនចង់ធ្វើបែបនោះពិតមែន បង…………”ដេតនិយាយដោយទឹកមុខក្រៀមក្រំបំផុត ហាក់ដូចជាក្នុងចិត្តមានលាក់នៅរឿងមួយដែលមិនអាចថ្លែងប្រាប់អ្នកណាបាន
ហេតុអីក៏មានរឿងបែបនេះកើតឡើង??? តើដេតកំពុងគិតអី? ហើយគេធ្វើបែបនេះដឹងទេថាឆាយគេឈឺចាប់ប៉ុណ្ណាទៅ?

No comments:

Post a Comment