May 11, 2015

My Little Brother Chapter5: គ្រូបង្រៀនពិសេស


ដូចសព្វដង ឆាយដើរទៅរៀនជាមួយដេត ដោយស្ពាយកាតាបអោយដេត​ ជាមួយនឹងរាងតូចស្តើងរបស់ឆាយអោយស្ពាយកាតាបម្តងពីរក៏គង់ដើរយឺត ហើយដេតគេជើងវែងជំហ៊ានក៏វែងធ្វើអោយឆាយដើរផង រត់ផងដើម្បីអោយទាន់ដេត។ ឆាយដើរបន្តើរ កំពុងតែគិតបន្តើរថាគួរតែនិយាយជាមួយដេតរឿងប្រលងរឺក៏អត់។
“ហើយឯងនៅដើរសើកៗបែបនេះ តើឆ្នាំណានឹងដល់សាលាទៅ”ដេតស្រែកសួរដោយជ្រួញចិញ្ចើម ពេលងាកទៅរកឆាយក៏ឃើញគេដើរបន្តើរគិតបន្តើរបែបនេះ
“បាទ!”ឆាយឆ្លើយក៏ប្រញាប់រត់អោយទាន់ដេត
“ហើយវាស្អីឯងបានជារវើរវើយទាំងព្រឹកបែបនេះ ដឹងទេជិតដល់ម៉ោងចូលរៀនហើយណា៎”ដេតចាប់ផ្តើមស្តីអោយឆាយ។ ចរិកសើកៗរបស់ឆាយនេះមិនធ្វើអោយដេតស្តីអោយឆាយស្ទើរតែមិនលួសថ្ងៃ
“គឺថា………”ឆាយចង់និយាយពីរឿងជួយដេតនោះ តែដេតក៏ស្រែកអោយវិញ
“នៅគឺថាស្តីទៀត ប្រញាប់ទៅៗ”ដេតគំហកអោយឆាយ ដេតនេះពិតជាព្រៃផ្សៃពិតមែន ហើយរួចគេក៏ដើរចេញទៅដោយមិនខ្វល់ពីឆាយ
“បែបនេះរាល់តែលើក ហើយ អោយនិយាយដឹងរឿងគ្នាយ៉ាងម៉េចទៅ”ឆាយរអ៊ូដោយធ្វើមុខស្អុយ ហើយក៏ប្រញាប់រត់ទៅតាមដេត មុននឹងគេទៅឆ្ងាយជាងនេះទៀត។
ពេញមួយថ្ងៃឆាយ សង្កេតទៅដេតដូចជារឿងភ្លឹកៗម៉េចមិនដឹង ប្រហែលជាដេតបារម្ហពីរឿងប្រលងដែលនៅមិនប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ឆាយក៏អង្គុយចាំដេតទៅផ្ទះជាមួយគ្នា នៅឯទីធ្លាបាល់ទាត់ ព្រោះថាថ្ងៃនេះដេតត្រូវសមបាល់។ ឆាយមើលទៅដេតមានអារម្មណ៍ថា ពេលដេតគេលេងបាល់គេក្លាយទៅជាមនុស្សម្នាក់ផ្សេង ជាមួយរីករាយ កក់ក្តៅ ជឿជាក់លើខ្លួនឯង ហើយជាពិសេសគេសើចសប្បាយរហូត  ខុសពីធម្មតាដែលតែងតែធ្វើមុខក្រញូវ ចងចិញ្ចើម និងនិយាយសម្តីគំរោះគំរើយជាប្រចាំ។
“តែអេ! ដូចជាមិនឃើញបងភ្លើងចូលលេង”ឆាយរអ៊ូតិចម្នាក់ឯង ព្រោះធម្មតាគេអង្គុយចាំដេត គឺតែងតែមានមនុស្សម្នាក់ដែលកំពុងរត់ក្នុងទីលានបាល់ទាត់នេះ ងាកមកហើយញញឹមមករកគេជានិច្ច។ ក្រលេកចុះក្រលេកឡើងឆាយក៏ប្រទះឃើញភ្លើងនៅអង្គុយនៅជ្រុងម្ខាងទៀត និយាយជាមួយនីតាយ៉ាងសប្បាយចិត្ត
“ស្រីម្នាក់នេះពិតជាល្អមែន អ្នកណានៅក្បែរក៏នាងធ្វើអោយគេសប្បាយចិត្តបានដែរ”ឆាយនិយាយដោយនឹកដល់រូបភាពរបស់ ដេតដែលសើចសប្បាយរីករាយពេលនៅជាមួយនីតា។ នឹកដល់ត្រឹមនេះឆាយក៏អោនមុខចុះ ព្រោះដេតនៅជាមួយគេពេលណាក៏ធ្វើមុខគ្មានអារម្មណ៍ហើយស្រែកគំហកអោយគេជាប្រចាំ ជាក់ស្តែងដូចជាព្រឹកមិញនេះ។
កំពុងតែភ្លឹកគិតដល់រឿងដេត ឆាយក៏ប្រទះឃើញភ្លើងនិងនីតាងាកមកមើលគេដោយកែវភ្នែកចំលែក ទំនងជាគិតថាឆាយមើលពួកគេរហូតដល់ភ្លឹកហើយមើលទៅ បានជាភ្លើងឈប់និយាយជាមួយនីតារួចដើរមករកឆាយ
“ឆាយ”ភ្លើងស្រែកហៅឆាយ ទាំងញញឹម ចំនែកឆាយក៏ញញឹមតបក្នុងន័យគោរពសិស្សច្បង
“កើតអីហ្នឹងបានជាអង្គុយភ្លឹកៗបែបនេះ មិនមែនប្រច័ណ្ឌបងជាមួយនីតាទេណា”ភ្លើងនិយាយ តែប្រយោគរបស់ភ្លើងធ្វើអោយឆាយភ្ញាក់រហូតធ្វើអោយងាកមុខទៅរកភ្លើង ហើយធ្វើមុខម៉ង់ៗ
“ចាំបាច់ធ្វើមុខអីយ៉ាងនេះ! បងនិយាយលេងទេតើ”ភ្លើងនិយាយបែបកំប្លែង ចំនែកឆាយក៏ធ្វើមុខធូរចិត្ត“ហើយនេះនៅចាំដេតទៀតហើយមែនទេ”ភ្លើងក៏ប្តូរសាច់រឿងនិយាយរួចក៏មកអង្គុយជិតឆាយ
“បាទ!”ឆាយឆ្លើយទៅវិញ
“មិនធុញទេអី ដែលត្រូវមកចាំដេតរាប់ម៉ោងបែបនេះ”ភ្លើងសួរដោយឆ្ងល់ ព្រោះថាឆាយក៏គ្មានចំនូលចិត្តនឹងកីឡាបាល់ទាត់នេះអីបន្តិច ហើយត្រូវមកទ្រាំអង្គុយហាលមូសរាល់ថ្ងៃបែបនេះ
“មិនអីទេបង! ព្រោះថាបានទៅផ្ទះជាមួយគ្នាបែបនេះចាស់ៗនៅផ្ទះពួកគាត់ក៏បានធូរចិត្តដែរព្រោះមិនសូវបារម្ហ”ឆាយតបទៅវិញ តែក្នុងចិត្តក៏ធុញខ្លះ រហូតពេលខ្លះគេក៏ត្រូវអានសៀវភៅជំនួសវិញក្នុងការរង់ចាំដេត
“អញ្ជឹងក៏ល្អហើយ”ភ្លើងញញឹមហើយក៏យកដៃវាយក្បាលឆាយតិចៗ តាមរបៀបមនុស្សចាស់ប្រព្រឹត្តមកលើក្មេង
“និយាយអញ្ជឹងបងភ្លើង! ថ្ងៃនេះម៉េចក៏បងមិនហាត់សមជាមួយគេ”ឆាយសួរ ព្រោះឆាយមិនដែលឃើញភ្លើងខកខានរឿងលេងបាល់នេះម្តងណាទេ តាំងពីឆាយស្គាល់ភ្លើងមក
“ក៏ម្សិលមិញ បងដួលរបួសជង្គង់ ទើបត្រូវសំរាកប៉ុន្មានថ្ងៃសិន”ភ្លើងនិយាយដោយបង្ហាញរបួសជង្គង់នៅជើងខាងស្តាំនោះ ចំនែកឆាយក៏ពេបមាត់
“ថាអោយខ្ញុំទេ ខ្លួនឯងរបួសខ្លាំងយ៉ាងនេះហើយនៅឆ្លៀតមកអង្គុយគេលែងបាល់ទៀតសុំសរសើរអស់ពីចិត្តតែម្តង”ឆាយតបទាំងដឺ
“ក្មេងដឺ! យើងនេះឥលូវពូកែជាន់កែងបងណាស់តើ”ភ្លើងលូកដៃទៅខោកក្បាលរបស់ឆាយតិចៗ ចំនែកឆាយក៏យកដៃអង្អែលក្បាល ហើយរំអួយតាមទំលាប់របស់គេ តែអាតិចៗរបស់ភ្លើងនេះក្បាលរបស់ឆាយចង់ពកទៅហើយ។ អ្នកទាំងពីរជជែកគ្នាទាំងសើចសប្បាយរីករាយ ដោយមិនដឹងថាមានអ្នកខ្លះមើលមកពួកគេទាំងជ្រួញចិញ្ចើមជាប់រហូតនោះទេ។
មួយសន្ទុះក្រោយមកការហាត់សមក៏បញ្ចប់ ចំនែកភ្លើងក៏សុំខ្លួនទៅមុនព្រោះមានអារម្មណ៍ថាឈឺជើងខ្លាំង។ ឆាយនៅចាំមួយសន្ទុះក៏ឃើញដេតដើរចេញមក តែកែវភ្នែករបស់ដេតនៅតែមើលទៅតារាងបាល់ដោយភាពអាលោះអាល័យព្រោះទំនងជាបារម្ហនឹងការប្រលងនៅបីថ្ងៃខាងមុខនេះហើយមើលទៅ។
ឃើញដេតដូចនេះឆាយក៏និយាយ
“កុំបារម្ហអី ខ្ញុំថាបងដេតប្រលងជាប់មិនខាន”ឆាយនិយាយដោយញញឹមតិចៗដាក់ដេត ចំនែកដេតក៏ភ្ញាក់បន្តិចហើយក៏ងាកមើលឆាយដោយចងចញ្ចើម
“ប្រលង? ឯងដឹងរឿងប្រលងនេះមកពីណា”ដេតដើរមកជិតហើយសួរឆាយ
ចំនែកឆាយក៏ភ្ញាក់ ព្រោះគេច្រលំមាត់និយាយចេញមកបែបនេះដេតប្រាកដជាដឹងថាគេដឹងរឿងប្រលងសងរបស់គេ ដេតប្រាកដជាខឹងឆាយទៀតមិនខាន ថាឆាយលូកលាន់រឿងជីវិតផ្ទាល់ខ្លួនរបស់គេ។
“គ…………គឺខ……ខ្ញុំ”ឆាយឆ្លើយដោយរដិបរដុប
“ឆាប់ឆ្លើយមក អ្នកណាប្រាប់ឯង”ដេតបន្តមើលមកដេតដោយទឹកមុខរាបស្មើរ
“គឺខ្ញុំដើរកាត់បន្ទប់គ្រូហើយលឺបងនិងអ្នកគ្រូនិយាយគ្នាដោយចៃដន្យ”ឆាយឆ្លើយតិចៗ
“ហើយឯងឃើញអ្វីខ្លះ”ដេតសួរបញ្ជាក់ព្រោះគេ ខ្លាចឆាយឃើញរូបភាពដែលគេលុតជង្គង់សុំអង្វរអ្នកគ្រូ វាពិតជាគួរអោយអាម៉ាស់ណាស់
ចំនែកឆាយក៏ប្រញាប់ឆ្លើយយ៉ាងលឿន
“ខ្ញុំមិនបានឃើញអីនោះទ”
ដេតមើលមុខរបស់ឆាយបញ្ជាក់ ចំនែកឆាយក៏គ្រវីក្បាលបញ្ជាក់ថាមិនដឹងរឿងអីពិតមែន។ ដេតក៏មិនចង់និយាយអីទៀតក៏បោះកាតាបអោយឆាយជួយស្ពាយ ហើយក៏ដើរចេញទៅ ចំនែកឆាយក៏ប្រញាប់ប្រញារត់តាមដេត
“បើបងដេតត្រូវការ ខ្ញុំស្ម័គ្រចិត្តនឹងជួយ”ឆាយខំប្រមែប្រមូលភាពក្លាហានដែលមានទាំងប៉ុន្មាន មកនិយាយប្រយោគមួយនេះ ចំនែកដេតពេលលឺបែបនេះក៏ងាកមករកឆាយ ហើយក៏ធ្វើដូចមិនលឺ
“ខ្ញុំនិយាយមែនណា៎!”ឆាយព្យាយាមបញ្ជាក់ម្តងទៀតព្រោះគេពិតជាចង់ជួយដេតពិតមែន
ចំនែកដេតក៏ងាកមើលឆាយម្តងទៀត ហើយក៏និយាយ
“ហេតុអីក៏ចង់ជួយយើង” សំនួរនេះធ្វើអោយឆាយផាំងបន្តិចរកចំលើយអ្វីមកឆ្លើយមិនបាន ចំនែកដេតក៏បន្តដើរទៅវិញព្រោះក្នុងគំនិតរបស់គេ ឆាយនិងម្តាយដែលតែងតែខំធ្វើល្អដាក់គេនេះ គ្រាន់ដើម្បីអោយគេទុកចិត្តនិងយកចិត្តប៉ាគេប៉ុណ្ណោះ។
“គ……គឺ ខ្ញុំឃើញបងដេតស្រលាញ់បាល់ទាត់ខ្លាំងណាស់ ពេលបងដេតលេងបាត់ម្តងណាក៏បងសប្បាយចិត្តនិងញញឹមគ្រប់ពេល បែបនេះទើបខ្ញុំមិនចង់អោយបងដេតឈប់លេង”ឆាយស្រែកលឺៗដើម្បីអោយដេតលឺ ព្រោះដេតដើរហួសឆាយរៀងឆ្ងាយគ្រាន់បើដែល
ឯដេតពេលលឺដូចនេះ ក៏ងាកមកមើលឆាយដោយមិននិយាយស្អីហើយក៏បន្តដើរទៅមុខទៀត ចំនែកឆាយបានត្រឹមតែអោនមុខចុះហើយរត់ទៅរកដេត។
មកដល់ផ្ទះដូចសព្វដង ក្រោយញ៉ាំបាយហើយដេតក៏ឡើងទៅសំងំក្នុងបន្ទប់ដោយមិននិយាយរកអ្នកណាបន្តិច។ ចំនែកឆាយនៅជួយលាងចានម្តាយហើយក៏ឡើងទៅបន្ទប់ក្រាបនៅលើតុទាំងមុខស្អុយ
“គួរតែនិយាយដោយបានល្អជាងនេះ បងដេតប្រាកដជាយល់ព្រមអោយជួយមិនខាន”ឆាយរអ៊ូតិចៗ តែស្រាប់តែមានសំលេងបើកទ្វារបន្ទប់ សំលេងអ្នកណាម្នាក់លាន់លឺឡើងធ្វើអោយឆាយស្ទើរមិនជឿត្រចៀក
“ក្រែងឯងថាចង់ជួយយើង! ហេតុអីក៏មកដេកក្រាបលើតុបែបនេះ” ដេតឈរនៅមាត់ទ្វារបន្ទប់និយាយ
ឆាយក៏ប្រញាប់ងាកទៅរកដេត
“អោយលឿនឡើងយើងចាំនៅក្នុងបន្ទប់”ថាហើយដេតក៏ដើរចេញទៅតាមបែបមនុស្សគ្មានអារម្មណ៍ដូចសព្វដង។ ចំនែកឯឆាយវិញសប្បាយចិត្តចង់ឆ្កួត ហើយក៏ប្រញាប់ប្រញាប្រមូលសៀវភៅទៅកាន់បន្ទប់ដេត
………
“លំហាត់នេះ យើងប្រើរូបមន្តមួយនេះ ហើយតាងអញ្ញាតចំនួនពីរ…………”ឆាយកំពុងព្យាយាមពន្យល់លំហាត់ដេតព្រោះស្អែកក៏ដល់ថ្ងៃប្រលងទៅហើយ តែពេលងាកទៅក៏ឃើញដេតដេកក្រាបនៅលើតុសាមុកខុលទៅហើយ
“បងដេតៗៗ”ឆាយព្យាយាមអង្រួនដេតតិចៗ តែដេតមិនទំនងជាភ្ញាក់នោះទេ ព្រោះមុននេះនៅសមបាល់ ហើយក៏ត្រូវមកអង្គុយស្តាប់ឆាយពន្យល់មេរៀន ដែលសំរាប់ដេតដូចជាស្តាប់ធម៌ទៀតនោះ ច្បាស់ជាដេកលក់បែបនេះហើយ
“បែបនេះរាល់ថ្ងៃតែម្តង!”ឆាយជ្រួញចិញ្ចើមព្រោះបីយប់ហើយដែលដេតរៀនៗក៏ដេកលក់
“ទំនងជាហត់ណាស់ហើយ”ឆាយនិយាយតិចៗ ហើយញញឹម ព្រោះមើលទៅដេតគេងលក់ស្រួលណាស់ ហើយទាំងពេលកំពុងដេកដេតពិតជាគួរអោយស្រលាញ់ខ្លាំងណាស់។ ឆាយក៏អោនទៅមើលមុខដេតអោយច្បាស់ ព្រោះគេមិនដែលហ៊ានមើលមុខដេតចំនោះទេ។ ដេតមានទំរង់មុខស្អាត ចិញ្ចើមក្រាក់ ភ្នែកតូចបន្តិច ច្រមុះតូចស្រួច ជាមួយមាត់ស្តើងពណ៌ស៊ីជម្ពូ មើលយ៉ាងណាក៏សង្ហារជាពិសេសពេលកំពុងដេកលក់បែបនេះ។ ឆាយក៏ក្រាបនៅលើតុហើយសំលេងមើលមុខដេត ដោយញញឹម
“ហេតុអីក៏រាល់ថ្ងៃចូលចិត្តជ្រួញចិញ្ចើម ស្រែកខ្លាំងៗ ធ្វើមុខគ្មានអារម្មណ៍បែបនេះ បងមិនគិតនិយាយល្អៗជាមួយខ្ញុំខ្លះទេមែនទេ”ឆាយដកដង្ហើមធំ ហើយគេក៏ឡើងទៅយកភួយមកដណ្តប់អោយដេត រួចក៏ធ្វើលំហាត់គំរូសំរាប់អោយដេតងាយស្រួលក្នុងការទន្ទេញនិងយល់ ហើយខំបែរបន់ព្រះអោយដេតអាចប្រលងជាប់ទៅចុះ។

No comments:

Post a Comment