January 30, 2014

ដំណក់ទឺកភ្នែកក្រោមភ្លៀងរលឹមChapter3: Part2: ខ្ញុំរើសត្រូវរឺទេ តែខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្ញុំប៉ុណ្ណោះ



បានមួយសន្ទុះផានីនក៏ដើរមកហាងកាហ្វេនោះវិញ ដោយក្នុងចិត្តបានសំរេចចិត្តអ្វីម្យ៉ាងរួចហើយ។ ចូលមកដល់ក្នុងហាងក៏ឃើញឌីនកំពុងអង្គុយឈ្ងោកៗក្នុងហាងដោយមើលទៅទំនងជាពិបាកចិត្ត។ ផានីនក៏ដើរចុះមកអង្គុយកន្លែងអំបាញ់មិញដោយស្ងៀមស្ងាត់ ចំនែកឌីនពេលឃើញផានីន ទំនងដូចជាសប្បាយចិត្តខ្លាំងណាស់ក៏ទាញដៃផានីនមកនិយាយ
“អូនត្រលប់មកវិញហើយ បានន័យថាអូនអត់ទោសអោយបងហើយមែនទេ”ឌីននិយាយដោយញញឹមទាំងសប្បាយចិត្ត ចំនែកផានីនធ្វើមុខស្មើហើយដកដៃមកវិញ
“ឌីនប្រហែលយល់ខុសនិងន័យខ្ញុំហើយ” ផានីននិយាយធ្វើអោយឌីនជ្រួញចិញ្ចើម”ឌីន! ខ្ញុំចង់មកនិយាយជាមួយឌីនអោយដាច់ស្រេច ឌីន!ពីមុនខ្ញុំធ្លាប់ស្រលាញ់ឌីនខ្លាំង ខ្លាំងប៉ុណ្ណាឌីនក៏ដឹង តែម្តងហើយម្តងទៀតខ្ញុំក៏ត្រូវការស្រលាញ់នោះធ្វើអោយឈឺចាប់ដូចគ្នា ឌីនមិនដែលយល់ថាស្នេហាខ្ញុំជាអ្វីនោះទេ តែមួយរយៈក្រោយនេះខ្ញុំបានស្គាល់មនុស្សម្នាក់គេអោយខ្ញុំស្គាល់អ្វីហៅថាស្នេហា គេយល់ពីស្នេហារបស់ខ្ញុំ ទោះជាគេធ្វើអោយខ្ញុំឈឺចាប់ខ្លះតែគេនៅតែមកលួងខ្ញុំ នៅក្បែរខ្ញុំ ចាំការពារខ្ញុំ និងផ្តល់ភាពកក់ក្តៅអោយខ្ញុំ ទោះជាវាមានរយៈពេលខ្លីតែខ្ញុំអាចស្គាល់ពាក្យថាគ្រប់គ្រាន់ សំរាបខ្ញុំឌីនគ្រាន់ជាអតីតកាល មិនមែនជាបច្ចុប្បន្នកាលនោះទេ រឹតតែមិនអាចជាអនាគត”ផានីននិយាយដោយសំដីត្រជាក់ដូចទឹកកក
“មិនមែនកំហុសអូនទេ គឺបងខ្លួនឯងដែលមិនចេះរក្សាស្នេហានេះ បណ្តោយអោយវារបូតទៅដៃអ្នកផ្សេង”ឌីននិយាយហាក់ដូចជាយល់នៅរឿងរ៉ាវទាំងអស់ដោយមិនចាំបាច់អោយឌីនបកស្រាយច្រើន
“នៅមានរឿងមួយទៀត ដូចខ្ញុំនិយាយពីមុនអញ្ជឹង ពីសង្សារយើងធ្វើអ្នកដទៃទៅ យើងមិនអាចក្លាយជាមិត្តទេព្រោះអូនធ្លាប់ស្រលាញ់បងខ្លាំង”ផានីននិយាយរួចក៏ដើរចេញទៅ ចំនែកឌីនក៏ចាប់ដៃផានីន ចំនែកផានីនក៏ងាកមកមើលឌីន
“បងក៏ចង់ប្រាប់ដូចគ្នា បងក៏ស្រលាញ់អូនខ្លាំងដូចគ្នា ពេលនេះបងសុំទោស បើអូនត្រូវគេបោះបង់អាចមករកបងវិញបាន”ឌីននិយាយតិចៗដោយអស់សង្ឃឹម
“អរគុណ”ផានីននិយាយរួចក៏ដើរចេញពីហាង
ដើរចេញពីហាងភ្នែកផានីនក៏ចាប់ផ្តើមក្រហម ទោះជាយ៉ាងណាធ្លាប់ស្រលាញ់គេមកជាយូរហើយតស៊ូជំនះចិត្តបុរសម្នាក់នោះជាខ្លាំង តែទីបំផុតគេមកសុំផានីនជានាវិញ តែខ្លួនផានីនបែរជាមិនអាចទទួលយកបាន អារម្មណ៍ឈឺចាប់ក៏កើតឡើង ហេតុអីក៏គេមិនធ្វើបែបនេះពីដំបូង? តែផានីនក៏ទប់ទឹកភ្នែកហើយមើលទៅមេឃដ៏ធំល្វឹងល្វើយ
“ច្បាស់ណាស់ បងប្រាកដជានៅក្រោមមេឃនាកន្លែងណាមួយមិនខាន ដឹងទេអូននឹកបង”ផានីននិយាយដោយញញឹមតិចៗ នឹកដល់មនុស្សម្នាក់ច្បាស់ណាស់គេម្នាក់នោះគឺតាផុង មនុស្សប្រុសម្នាក់ដែលផានីនស្រលាញ់បំផុតក្នុងមួយជីវិតនេះ។
ផាននីនក៏រៀបនឹងត្រលប់ទៅផ្ទះវិញ តែគេក៏ឃើញមនុស្សម្នាក់ដែលមិនគួរអោយជឿ។ បេះដូងស្ទើរធ្លាក់ដល់ដីពេលឃើញគេ
“បងផុង”ផានីនលាន់មាត់ល្មមអាចអោយអ្នកនៅក្បែរនោះលឺ តាផុងដែលអង្គុយក្បែរនោះក៏ងាកតាមសំលេង គេនៅជាមួយអ្នកណាម្នាក់ដែលផានីនមានអារម្មណ៍ថាធ្លាប់ស្គាល់ មែនហើយគឺ”ដូរ៉េ” ពួកគេទំនងជាកំពុងញ៉ាំអាហារជាមួយគ្នា។ ពេលឃើញបែបនេះទឹកភ្នែកផានីនចាប់ផ្តើមទប់ស្ទើរលែងជាប់ បេះដូងស្ទើរលោតធ្លាយចេញមកក្រៅ
“ហេតុអី!!!”ផានីននិយាយដោយមើលតាផុងដោយអស់សង្ឃឹម ចំនែកតាផុងមើលមកផានីនដោយស្លុតចំនែកដូរ៉េធ្វើមុខដូចមិនយល់រឿង តាផុងក៏ស្ទុះពីកៅអី
“នីន!!!”តាផុងហៅឈ្មោះផានីនតិចៗ រួចក៏ដើរសំដៅមកផានីន ចំនែកផានីនទ្រាំមើលទិដ្ឋិភាពចំពោះមុខមិនបានក៏រត់ចេញទៅ
“មិនពិតទេ ខ្ញុំប្រហែលជាស្រវាំងភ្នែក”ផានីនរត់បន្តើរនិយាយប្រាប់ខ្លួនឯងបណ្តើរ
“នីន!! នីន!!”តាផុងរត់តាមពីក្រោយដោយហៅឈ្មោះផានីន
“មិនពិតទេ!!! បងផុងនៅញ៉ូវយ៉ក ម្នាក់នោះមិនមែនជាគាត់ទេ”ផានីននិយាយដោយរត់បន្តើរ យកដៃខ្ទប់ត្រចៀកបន្តើរព្រោះមិនចង់លឺសំលេងតាផុង ដោយមិនប្រយ័ត្នផានីនក៏ជំពប់ជើងនិងថ្មព្រោះរត់អំបាញ់មិនបានមើលអ្វីទាំងអស់
“ហេតុអីៗៗៗ”ផានីនដួលទៅលើដី គេក៏ចាប់ផ្តើមយំក្តាប់ដៃវៃទៅលើដី ទឹកភ្នែកដែលប្រឹងទប់ទីបំផុតក៏ហូរចុះមក ជង្គង់ទាំងសងខាងរបស់ផានីនរលាត់ចេញឈាមព្រោះថ្ងៃនេះគេស្លៀកខោត្រឹមជង្គង់ប៉ុណ្ណោះ តែរបួសនេះបែរជាមិនបានធ្វើអោយផានីនឈឺបន្តិចណាទេ តែក្តីឈឺចាប់ក្នុងចិត្តររបស់ផានីនវាឈឺជានេះរាប់រយពាន់ដង។ មនុស្សម្នាក់ដែលផានីនស្រលាញ់ ទុកចិត្ត និងផ្តល់ភាពសំខាន់អោយបែរជាកុហកគេ ទៅនៅជាមួយអ្នកផ្សេងទាំងដែលខ្លួនធ្លាប់បាននិយាយ ធ្លាប់បានស្បថរហូតផានីនស្លាប់ចិត្តជឿនិងសំដីគេ តែពេលនេះច្បាស់និងភ្នែកហើយ។ មិនប៉ុន្មាននាទីមុននេះផានីនទើបតែមានមោទនភាពដែលខ្លួនមានតាផុងជាមនុស្សជាទីស្រលាញ់ តែឥលូវនេះផានីនបែរជាត្រូវឈឺស្ទើរស្លាប់ព្រោះតែគេដូចគ្នា។
“នីន! អូនមិនអីទេមែនទេ”តាផុងរត់មកមើលផានីនដោយក្តីបារម្ហ
“កុំប៉ះខ្ញុំ!”ផានីនបដិសេធតាផុង
“គឺបង………!!!”តាផុងចង់និយាយអ្វីម្យ៉ាងចេញមក
“មិនបាច់និយាយទេ គ្រប់គ្រាន់ហើយ គ្រប់គ្រាន់ហើយ កុំអោយខ្ញុំឈឺជាងនេះទៀតអី”ពេលនេះផានីនទន់ជ្រាយពេកហើយ គេគ្មានកំលាំងនិងនិយាយអ្វីរឹតតែគ្មានកំលាំងនិងស្តាប់ពាក្យដោះសាររបស់អ្នកណាម្នាក់ទេ
“អូនយល់ច្រលំហើយអ្វីៗមិនដូចអូនយល់ទេ”តាផុងព្យាយាមពន្យល់ផានីន
“យល់ច្រលំ”ផានីនសើចចំអកខ្លួនឯង”មែនហើយ ខ្ញុំយល់ច្រលំដែលលោកត្រលប់ទៅញូវយ៉កវិញ ខ្ញុំយល់ច្រលំដែលលោកប្រាប់ថាឈប់ទាក់ទងគេ ខ្ញុំយល់ច្រលំដែលថាលោកស្រលាញ់ខ្ញុំ ខ្ញុំរឹតតែយល់ច្រលំចំពោះស្នេហាស្មោះដែលចេញពីមាត់លោក”ផានីននិយាយដោយមើលមុខតាផុង ក្នុងក្តីអស់សង្ឃឹម”ថ្ងៃណាក៏ខ្ញុំរង់ចាំ រង់ចាំដំណឹងលោក តែគ្មានទេមួយថ្ងៃហើយមួយថ្ងៃទៀត ខ្ញុំរង់ចាំអោយក្តីបារម្ហ បារម្ហខ្លាចលោកមានបញ្ហា រាល់ថ្ងៃខ្ញុំពិបាកក្នុងខ្លួនព្រោះមិនអាចទាក់ទងលោកបាន តែថ្ងៃនេះខ្ញុំយល់ហើយ ខ្ញុំដឹងថាលោកបាត់ទៅធ្វើអ្វីហើយ ក្នុងកែវភ្នែកលោកអ្វីៗរវាងខ្ញុំនឹងលោកតើមានតំលៃខ្លះទេ?”ផានីននិយាយដោយមិនព្រមឈប់យំ
 “អូនត្រូវតែជឿបង”តាផុងទាញផានីនមកអោបក្នុងទ្រូង”អូនត្រូវតែជឿថាបងពិតជាស្រលាញ់អូន ជឿថារាល់ពាក្យសំដី កាយវិការនិងស្នេហារបស់បងសុទ្ធជាការពិតមែន”តាផុងនិយាយដោយសំលេងឈឺចាប់
“ខ្ញុំជឿរហូតមកទើបពេលនេះខ្ញុំឈឺយ៉ាងនេះ”ផានីននិយាយដោយយំក្នុងទ្រូងរបស់តាផុង ទោះជាខឹង ទោះជាស្អប់ ទោះជាឈឺចាប់យ៉ាងណាក៏ផានីននៅតែមិនចង់បាត់បង់តាផុងដដែល នេះហើយផានីន គេបើស្រលាញ់អ្នកណាម្នាក់ហើយគេនឹងស្រលាញ់ម្នាក់នោះខ្លាំង ទោះជាគេធ្វើអ្វីក៏ផានីននៅតែអត់អោនបាន ទោះជាឈឺចាប់យ៉ាងណាក៏ផានីននៅតែទ្រាំបាន ស្នេហារបស់ផានីនជាស្នេហាស្មោះនិងប្រើបេះដូងបរិសុទ្ធ យ៉ាងនេះហើយបានជារាល់ពេលមានស្នេហាម្តងណា ផានីនតែងតែឈឺចាប់ខ្លាំង។
“កុំបែបនេះអីបើអូនឈឺបងក៏ឈឺលើសអូនរាប់សិបដង”តាផុងនិយាយដោយអោបផានីនយ៉ាងណែន”អូនត្រូវស្តាប់បងបកស្រាយ បងប្រាប់ហើយមែនទេ ស្រលាញ់គ្នាត្រូវតែជឿជាក់លើគ្នា”តាផុងនិយាយ
“តែស្រលាញ់គ្នាហេតុអីក៏ធ្វើអោយអូនឈឺចាប់”ផានីននិយាយតិចៗ
“ជឿបងទៅបងនឹងគេគ្មានអីហ្នឹងគ្នាមែនណា គេគ្រាន់តែចង់ជួបបងជាលើកចុងក្រោយប៉ុណ្ណោះ ហើយមកទើបមកពីញូវយ៉កកាលពីប៉ុន្មានថ្ងៃមុនព្រោះអ្នកផ្ទះបងឈឺធ្ងន់ ចំពោះហេតុតែបងមិនទាក់ទងទៅព្រោះបងរវល់នឹងរឿងគ្រួសារនិងដោះស្រាយបញ្ហាស្នេហ៍លេងសើចរបស់បងដូចជាដូរ៉េ ណាមួយស្អែកបងមានបំណងទៅជួបអូនដើម្បីធ្វើអោយអូនភ្ញាក់ផ្អើល បងសុំទោស ជឿបងទៅណា”តាផុងព្យាយាមបកស្រាយ
“អូនអាចជឿបានទេ”ផានីនសួរទៅតាផុងដោយសំលេងតិចៗ
“បងនិយាយសុទ្ធជាការពិត ជឿបងទៅណាក្មេងល្ងង់”តាផុងក៏ទាញផានីនមកជូតទឹកភ្នែក ហើយញញឹមដាក់ផានីនតិចៗ
“អូនស្រលាញ់បង កុំអោយអូនឈឺបែបនេះទៀតអីវាពិបាកទ្រាំណាស់ កុំបោះបង់អូនបានទេ”ផានីននិយាយដោយចូលទៅជ្រកក្រោមដើមទ្រូងតាផុងម្តងទៀត ទោះជឿខ្លះមិនជឿខ្លះ តែផានីនត្រឺមតែទ្រាំជឿ ស្រលាញ់អ្នកណាម្នាក់ត្រូវតែជឿជាក់លើគ្នា ចង់ស្រលាញ់គ្នាអោយបានយូរត្រូវតែធ្វើមនុស្សល្ងង់ ណាមួយពេលនេះផានីនមិនអាចបាត់បង់តាផុងបានឡើយ
“បងក៏ស្រលាញ់អូនដូចគ្នា គ្មានថ្ងៃដែលបងបោះបង់អូនទេ”តាផុងអោបផានីនយ៉ាងណែន វិនាទីនេះផានីនដឹងច្បាស់ណាស់ថា ភាពកក់ក្តៅដែលតាផុងអោយមកគេវាពិតជាធ្វើអោយផានីនមានសេក្តីសុខបំផុត ផានីនមិនដឹងខ្លួនធ្វើខុសរឺក៏ត្រូវនោះទេ គេគ្រាន់តែដឹងថាគេធ្វើតាមបេះដូងគេតែប៉ុណ្ណោះ
“អ៊ួយ!!”ផានីនស្រែកពេលតាផុងមិនប្រយ័ត្នធ្វើអោយប៉ះជង្គង់ផានីនដែលរលាត់ដោយសារដួលអំបាញ់មិញ
“រលាត់ខ្លាំងតើ! នេះធំហើយនៅរត់អោយដួលទៀត”តាផុងរអ៊ូ
“នៅមកនិយាយទៀតមកពីអ្នកណា”ផានីននិយាយដោយធ្វើមុខប៉ោង
“ម៉ោះ! បងឡើងមក បងអៀវ”តាផុងនិយាយដោយបែរខ្នងដោយផានីនឡើងជិះ
“មិនអីទេ!ប៉ុណ្ណឹងវាមិនស្លាប់ទេ របួសនៅឆ្ងាយពីបេះដូងសឹងស្លាប់”ផានីននិយាយដោយបែបកំប្លែង
“រឺក៏ចង់អោយបងបីជំនួសវិញ”តាផុងនិយាយដោយងាកមកមើលមុខផានីន
“មិនបាច់ទេ អៀវល្អបំផុតហើយ”ផានីនក៏ឡើងជិះខ្នងតាផុងតាមសំរួល
“ហេតុអីក៏ជឿបងងាយបែបនេះមិនគិតថាបងកុហកទៀតទេអី”តាផុងសួរបែបលេងសើច
“គិត! តែក៏ត្រូវទ្រាំជឿ”ផានីននិយាយតិចទាំងនៅលើខ្នងតាផុង ហើយដៃទាំងពីរអោបកតាផុង មុខឈ្ងោកនឹងផែនទ្រូងតាផុង
“ហេតុអី!!!”តាផុងសួរ
“ស្រលាញ់ និងមិនចង់បាត់បង់”ផានីននិយាយដោយស្រងូតស្រងាត់
“ក្មេងល្ងង់ បងនិយាយពិតមែនណា៎!”តាផុងនិយាយដោយលូកដៃទៅទាញច្រមុះផានីន “បងមិនដែលគិតថានិងកុហកអូន ហើយធ្វើអោយអូនពិបាកចិត្តនោះទេ បងអាចបាត់បង់អ្នកគ្រប់គ្នា តែបងមិនអាចបាត់បង់អូននោះទេយល់ទេ!”តាផុងនិយាយដោយសើចតិចៗ
“អោយតែច្បាស់ទៅ”ផានីននិយាយដោយទាញស្លឹកត្រចៀកតាផុង
“អ៊ូយឈឺ”តាផុងស្រែក
“ចេះឈឺដែល! “ផានីននិយាយដឺ
“មនុស្សណាមិនមែនដុំថ្មឯណាដែលមិនចេះឈឺ”តាផុងរអ៊ូ
“បើចេះឈឺក៏ល្អហើយ ថ្ងៃក្រោយកុំប៉ុនធ្វើអោយអូនឈឺពេក”ផានីននិយាយដោយពេបមាត់
“បាទ! សំណប់ចិត្ត គ្មានអ្នកណាចង់ធ្វើអោយសំណប់ចិត្តពិបាកចិត្តនោះទេព្រោះស្រលាញ់សំណប់ចិត្តខ្លាំងណាស់”តាផុងនិយាយ
“ក៏ស្រលាញ់បងផុងដូចគ្នា”ផានីននិយាយដោយអោបតាផុងយ៉ាងណែន
“តោះយន្តហោះចេញដំណើរទៅញូវយ៉កហើយតោងអោយជាប់ណា៎”តាផុងនិយាយដោយអៀវផានីនទាំងរត់ទៅរត់មក
“ប្រយ័ត្នធ្លាក់អូនណា ចេះលេងអីឡប់ៗបែបនេះទៅកើត”ផានីននិយាយដោយអោបតាផុងយ៉ាងជាប់ព្រោះខ្លាចធ្លាក់
“ហាហាហស”
“ហាហាហស”សំណើចបានលាន់លឺឡើង មានមនុស្សជាច្រើនមើលមកសង្សារមួយគូរនេះទាំងចំលែកក្នុងចិត្ត តែទាំងពីរនាក់មិនខ្វាយខ្វល់និងមនុស្សជុំវិញខ្លួននោះទេ អ្វីដែលសំខាន់គឺពួកគេកំពុងមានសេក្តីសុខជាមួយមនុស្សដែលគេស្រលាញ់ ប៉ុណ្ណឹងក៏គ្រប់គ្រាន់។អ្វីៗពេលនេះដូចពាក្យមួយនិយាយថា ក្រោយភ្លៀងមេឃស្រលះ ក្រោយឈ្លោះគ្នាស្រលាញ់គ្នាលើសដើម។ ស្នេហាគឺបែបនេះត្រូវជឿជាក់គ្នា ត្រូវតែស្មោះត្រង់ និងមិនកុហកគ្នា មានស្នេហាកុំព្យាយាមធ្វើមនុស្សឆ្លាតពេក ពេលខ្លះធ្វើជាមនុស្សល្ងង់គឺល្អបំផុត។ 

No comments:

Post a Comment