October 22, 2013

True love Chapter5


“សាយ័នសួរស្តី!ខ្ញុំមកដល់ផ្ទះវិញហើយ”អំណត់និយាយដោយអារម្មណ៍ពេលមកដល់ផ្ទះ
“យេ!បងប្រុសមកដល់ផ្ទះវិញហើយ”វិជ្ជាស្រែកយ៉ាងសប្បាយចិត្តដោយរត់ចេញពីផ្ទះបាយ”បងប្រុសប្រហែលជានឿយហត់ហើយ”វិជ្ជានិយាយដោយរត់ទៅជួយយួរកាតាបអំណត់
“មិនហត់ទេ! បានឃើញស្នាមញញឹមវិជ្ជាបងក៏បាត់ហត់អស់រលីង”អំណត់និយាយដោយអង្អែលក្បាលវិជ្ជា
“ប្រញាប់ទៅងូតទៅកូននឹងបានញ៉ាំបាយ”ម៉ាក់អំណត់និយាយដោយលើកម្ហូបចេញពីផ្ទះបាយ ដោយមានប៉ាអំណត់កំពុងរៀបចំតុអាហារ ឃើញដូចនេះអំណត់ក៏ទៅជួយប៉ានឹងម៉ាក់គេ
“មិនបាច់ជួយទេកូនទៅងូតទឹកទៅ”ប៉ាអំណត់និយាយពេលឃើញអំណត់មកជួយ
“មិនអីទេប៉ា! ជួយគ្នាម្នាក់ម៉ាដៃម្នាក់ម៉ាជើងនឹងបានឆាប់ញ៉ាំ ណាមួយប៉ាទើបមកពីការដ្ឋានផងហត់ស្លាប់ហើយសំរាកសិនទៅប៉ាទុកអោយកូនជាអ្នកធ្វើ”អំណត់និយាយដោយបន្តរៀបចំចានស្លាបព្រា
“មែនហើយ! ប៉ាឯងម៉ាក់អោយអង្គុយស្ងៀមៗទៅក៏មិនព្រម ហត់ពេញមួយថ្ងៃហើយនឹង”ម៉ាក់អំណត់និយាយដោយលើកម្ហូបចានចុងក្រោយមក
“ម៉ាក់ក៏ដូចគ្នាសំរាកខ្លះទៅ”អំណត់និយាយទៅកាន់ម្តាយ ដែលត្រូវធ្វើការផ្ទះផង និងធ្វើម្ហូបលក់នៅផ្សារផង
“មិនអីទេកូនឥលូវម៉ាក់មានជំនួយការពិសេស”ម៉ាក់គេក៏អង្អែលក្បាលវិជ្ជា
“ប្អូនបងពូកែមែនទែន”អំណត់ញញឹមដាក់ប្អូនប្រុសដែលគួរអោយស្រលាញ់បំផុត អំណត់តែងមានសង្ឃឹមខ្ពស់លើប្អូន គេតែងតែផ្តល់អ្វីៗអោយវិជ្ជាតាមតែអាចធ្វើបាន កុំអោយវិជ្ជាមានអារម្មណ៏រស់នៅក្នុងរនាំងវណ្ណៈដូចគេ តែវិជ្ជាជាក្មេងដែលឆ្លាត ចេះដឹងខុសត្រូវហើយមិនដែលបង្កការលំបាកដល់គ្រួសារព្រោះគេដឹងថាគ្រួសារគេមានលទ្ធភាពផ្តល់អោយគេបាន ប៉ុណ្ណា។
“យ៉ាងម៉េចដែលកូនរៀននៅសាលាថ្មី មានបញ្ហាអីដែលតែឃើញដូចជាអារម្មណ៏ល្អណាស់”ប៉ាអំណត់សួរពេលឃើញមុខកូនប្រុសស្រស់ស្រាយជាងធម្មតា។
“បាទគឺល្អទេតើប៉ា! សាលានោះធំ អាគារស្អាត គ្រូបង្រៀនល្អ  ការបង្រៀនមានគុណភាពស្របតាមអន្តរជាតិ ណាមួយថ្ងៃនេះខ្ញុំបានស្គាល់មិត្តល្អពីរនាក់”អំណត់និយាយដោយអារម្មណ៏ល្អ
“អញ្ជឹងប៉ានឹងម៉ាក់ក៏បានធូរចិត្តបន្តិចដែល”ប៉ានិងម៉ាក់អំណត់ក៏បានរីករាយព្រោះពួកគាត់ក៏ដឹងថាពេលដែលកូនគាត់ដែលជាអ្នកក្រីក្រនេះទៅចូលចំនោមកូនអ្នកមានវាពិតជាពិបាកណាស់ហើយដល់កូន ពួកគាត់តែគិតថាវាជាបន្ទុកដ៏ធំមួយរបស់អំណត់ ណាមួយពួកគាត់ក៏ដឹងថាកូនគាត់ក៏ជាក្មេងដែលមិនសូវចូលចិត្តរាប់អានមិត្តភក្តិបន្ទាប់ពីលឺថាមិត្តភក្តិល្អរបស់កូនម្នាក់បានចាកចេញទៅពីគេ។
“បងប្រុសសាលានោះមានអីខ្លះនិយាយដោយវិជ្ជាស្តាប់ទៅមើល”វិជ្ជាពិតជាចង់ដឹងពីសាលានេះណាស់ព្រោះគេក៏មានក្តីស្រមៃថាអាចពូកែដូចបងប្រុសនិងអាចរៀននៅទីនោះដែល។
អំណត់ក៏និយាយរៀបរាប់ពីរឿងទាំងអស់នៅសាលារួមជាមួយរឿងគេវង្វេងបន្ទប់សាលប្រជុំ និងការបានស្គាល់វិច្ឆ័យនិងសានផងដែល សំលេងសើចយ៉ាងរីករាយលាន់ចេញពីផ្ទះដ៏តូចមួយរបស់អំណត់ក្នុងវេលាបាយល្ងាចយ៉ាងមានសេក្តីសុខ ក្រោយពន្លឺដួងចន្ទនិងហ្វូងផ្កាយដែលបញ្ចេញរស្មីព្រិចៗហាក់ដូចជាកំពុងច្រនែននឹងសេក្តីសុខរបស់គ្រួសារតូចមួយនេះ។
……………………
នៅអាផាតមិនរបស់វិច្ឆ័យ
“អាឆ័យ!មើលទៅឯងដូចជាចូលចិត្តអាក្មេងមុខសនោះដល់ហើយ”សាននិយាយដោយកំពុងអង្គុយប្តូរប៉ុស្តិ៍ទូរទស្សន៍
“ចំលែកណាស់ពេលនៅក្បែរគេមានអារម្មណ៍ថាស្និទ្ធស្នាលដូចជាធ្លាប់ស្គាល់គ្នាជាយូរមកហើយ”វិច្ឆ័យកាន់កែវទឹកក្រូចនិងនំមួយកញ្ចប់ចេញពីផ្ទះបាយ
“សង្ស័យជាប្អូនប្រុសភ្លោះដែល វង្វេងគ្នាជិត២០ឆ្នាំទេដឹង”សាននិយាយដោយមិនភ្លេចទាយនំពីដៃវិច្ឆ័យ
“ឯងមើលកុនច្រើនពេកហើយអាសាន ឡប់ៗចិត្តទៅនឹកឃើញរឿងបែបនេះទៅកើត”វិច្ឆ័យនិយាយដោយខោកក្បាលសាន
“ឈឺណាវើយ!មិនមែនជាក្បាលគោ ក្បាលក្របីទេវើយ”សាននិយាយដោយអង្អែលក្បាល
“អើ!នឹងបានឈប់គិតអីមិនប្រក្រតីទៀត”វិច្ឆ័យនិយាយដោយចាប់ផ្តើមប្តូរប៉ុស្តិ៍ម្តង
“ហើយឯងទៅប្តូរប៉ុស្តិ៍ធ្វើអី”សានព្យាយាមដណ្តើមតេឡេពីវិច្ឆ័យ
“ផ្អាកមើលកីឡាកាសមួយថ្ងៃទៅ យើងមើលបាល់ទាត់ ថ្ងៃនេះជាគូពិសេសផង”វិច្ឆ័យនៅតែមិនព្រមអោយតេឡេទៅសានទេ
“តែយើងក៏គូពិសេសដែល”សង្គ្រាមដណ្តើមតេឡេក៏កើតឡើង។ចុងក្រោយសានជាខាងបរាជ័យ ដូចនេះក៏មានតែអង្គុយរំខានវិច្ឆ័យ
“អាឆ័យយើងថាអាក្មេងនោះមើលទៅប្លែកៗ”សាននិយាយ
“ប្លែកយ៉ាងម៉េច អញឃើញអំណត់ធម្មតាតើ”វិច្ឆ័យតប ពេលនេះចូលសូងរបស់សានហើយ
“មើលទៅវាពេលសំលឹងឯងប្លែកៗ អញសង្ស័យតែវាលួចស្រលាញ់ឯងទេ”សានប្រើចំនុចខ្សោយវិច្ឆ័យមករំខានប្រសាទវិច្ឆ័យ។ វិច្ឆ័យនេះទោះស្អាត ល្អគ្រប់ដប់គ្មានកន្លែងណាទាស់តែគេក៏មានចំនុចខ្សោយមួយគឺគេជាប្រភេទប្រុសស្រលាញ់ប្រុសដូចគ្នា រឿងនេះហើយដែលធ្វើអោយគេត្រូវគេចពីលោកតាលោកយាយនៅឯប្រទេសបារាំង ហើយត្រូវមានរៀននៅទីនេះ។ ចំនែកឯសានគេមិនមែនជាប្រភេទបែបនេះទេតែគេនៅតែរាប់អានវិច្ឆ័យដូចបងប្អូនព្រោះសម្ព័ន្ធភាពរបស់ពួកគេវាមិនអាចឈានដល់បែបនេះ ម្យ៉ាងសំរាប់វិច្ឆ័យគេអាចបែបចែកបានថាមួយណាជាមិត្តភក្តិ មួយណាជាសង្សារ តែទោះជាបែបនេះសានពេលខ្លះក៏មិនទំលាប់ដែរ។
“កុំនិយាយផ្តេសផ្តាស គ្មានរឿងបែបនេះទេ”វិច្ឆ័យនិយាយដោយមិនមើលមុខសាន
“យើងជាមិត្តឯងយូរប៉ុណ្ណាហើយ”សានសួរទៅវិច្ឆ័យ
“ឯងក៏ដឹងថាយើងមិនចាំអ្វីទាំងអស់ ដែលនៅមុនពេលយើងមានអាយុ១០ឆ្នាំ”វិច្ឆ័យនិយាយដោយជ្រួញចិញ្ចើម ព្រោះដោយសារឧប្បដិហេតុការណ៍ពី៩ឆ្នាំមុនធ្វើអោយវិច្ឆ័យភ្លេចរឿងទាំងអស់ក្នុងជីវិតគេ ហើយគេក៏មិនដឹងថាដោយសាររឿងនោះហើយដែលធ្វើអោយគេបានបាត់បង់ប៉ាម៉ាក់ទាំងពីរជាទីស្រលាញ់របស់គេ ។ លោកយាយលោកតារបស់គេព្យាយាមលាក់រឿងទាំងនេះមិនអោយគេដឹងដើម្បីកុំអោយគេប៉ះទង្គិចពេក ដោយកុហកថាប៉ាម៉ាក់គេស្លាប់តាំងពីគេនៅវ័យកុមារម្ល៉េះ។
“អញ្ជឹងយ៉ាងហ៊ោចណាស់ក៏៩ឆ្នាំដែលត្រូវទេ”វិច្ឆ័យងក់ក្បាល”ដូចនេះយើងអាចមើលដឹងថាឯងគិតអីលើអាក្មេងម្នាក់ហ្នឹង”សាននិយាយចំចំនុច
“ឆាប់បិទមាត់ទៅ ឯងចង់មើលអីមើលទៅយើងទៅមើលសៀវភៅវិញហើយ”វិច្ឆ័យដើរចេញទៅដោយមិនមើលមុខសាន តែសានដឹងច្បាស់ថាវិច្ឆ័យកំពុងមុខក្រហម
“ហាហាហា!អាមិត្តភក្តិល្ងង់ និយាយតែបន្តិចក៏មុខក្រហមដែល”សានរអ៊ូតិចៗរហូតក៏សើយសុខលើគំនរទុក្ខរបស់វិច្ឆ័យ

No comments:

Post a Comment