October 22, 2013

True love Chapter7


កាលពី១០ឆ្នាំមុន………
“អំណត់!ថ្ងៃនេះខ្ញុំនាំឯងទៅកន្លែងមួយ”សាន់និយាយដោយញញឹមពព្រាយ
“សាន់ចង់នាំខ្ញុំទៅណា?”អំណត់សួរដោយឆ្ងល់
“ទៅដល់ឯងគង់តែដឹងទេ”សាន់និយាយដោយធ្វើមុខអោយអំណត់កាន់តែឆ្ងល់
“មកដល់ហើយ”សាន់និយាយដោយសប្បាយចិត្ត ដោយពួកគេទាំងពីរបានមកដល់មុខសួនកំសាន្ត
“នេះកន្លែងណាហ្នឹង អស្ចារ្យណាស់”អំណត់លាន់មាត់ធ្វើអោយសាន់ឆ្ងល់រួចងាកមើលមុខអំណត់ផ្លក់ៗ
“នេះឯងមិនស្គាល់សួនកំសាន្តទេអី”សាន់សួរដោយហួសចិត្ត
“នេះរឺសួនកំសាន្ត!”អំណត់លាន់មាត់”ពិតជាអស្ចារ្យណាស់ខ្ញុំមិននឹកស្មានសោះថាមានកន្លែងបែបនេះ”អំណត់និយាយដោយមើលនេះមើលនោះ នេះហើយជីវិតក្មេងអ្នកក្រ របស់ខ្លះសំរាប់កូនអ្នកមានគិតថាគ្មានតំលៃនិងមិនគួរអោយចាប់អារម្មណ៍ តែសំរាប់ក្មេងអ្នកក្រសូម្បីស្រមៃក៏ស្រមៃមិនឃើញផង។
“ថ្ងៃនេះយើងនឹងលេងអោយអស់ដៃណា៎!”សាននិយាយខ្លាំងៗ
“ពិតមែនរឺ!តែមើលទៅដូចជាថ្លៃណាស់”អំណត់និយាយក្រោយគេឃើញពីតំលៃចូលលេងរបស់ឧបករណ៍និមួយៗដែលបានសរសេរលើផ្ទាំងមួយ។ ឆ្នាំនេះអំណត់រៀនថ្នាក់ទីបួនហើយ ហើយគេរៀនពូកែណាស់អាចអាននិងសរសេរអក្សរបាន ទោះឪពុកម្តាយគេជាអ្នកក្រក៏ពួកគាត់នៅតែបញ្ចូនអំណត់ទៅរៀនព្រោះពួកគាត់មិនចង់ឃើញអំណត់ដើរតាមគន្លងរបស់ពួកគាត់ឡើយ ទោះបីពួកគាត់ត្រូវរែកពន់លំបាកយ៉ាងណាក្តី។
“មិនអីទេទោះជាថ្លៃយ៉ាងណា លំបាកយ៉ាងណាក៏ខ្ញុំនៅតែយកអោយអំណត់អោយបាន”នេះហើយសំដីកូនអ្នកមាន ហើយក៏មិនមែនសុទ្ធតែគ្រប់កូនអ្នកមានដែលមានទឹកចិត្តបែបនេះដែល។
“សាន់”អំណត់ហៅឈ្មោះសាន់ដោយរំភើប ក្នុងមួយជីវិតគេមានមិត្តភក្តិម្នាក់នេះគឺគ្រប់គ្រាន់ហើយ
“បាទ!”សាន់ញញឹមដោយកក់ក្តៅ”តោះប្រញាប់ទៅលេង”សាន់រត់កាន់ដៃអំណត់ទៅរកឧបករណ៍កំសាន្ត អំណត់រត់តាមសាន់ដោយមើលដៃសាន់ដែលកាន់ដៃគេ ពោលពេញដោយសេក្តីសុខពេលនេះអំណត់មានអារម្មណ៍ថាកក់ក្តៅណាស់ មានសុភមង្គលណាស់ មានសុវត្ថិភាពណាស់ គេជឿថាទោះមានរឿងអ្វីកើតឡើងក៏គ្មានថ្ងៃសាន់លែងដៃដែល។
“ឯងចង់ជិះរបស់នេះទេ”សាន់និយាយដោយចង្អុលទៅទោលសំពៅយក្ស វាខ្ពស់និងចោត អំណត់មើលវាដោយលេបទឹកមាត់រួចក៏គ្រវីក្បាល
“ខ្ពស់ណាស់ខ្ញុំមិនហ៊ានលេងទេ”អំណត់និយាយដោយខ្លាចៗ
“មិនអីទេអញ្ជឹង! ជិះអាមួយនេះទៅមិនគួរអោយខ្លាចទេ”សាន់និយាយដោយចង្អុលទៅសេះវិល
“ស្អាតណាស់ ខ្ញុំចូលចិត្តវា”អំណត់និយាយដោយសប្បាយចិត្ត
ពួកគេក៏ឡើងជិះសេះវិលមួយម្នាក់ ពួកគេជិះដោយកាន់ដៃគ្នានឹងសប្បាយចិត្តបំផុត។បន្ទាប់ពីជិះសេះវិលរួចពួកគេក៏បន្តលេងល្បែងផ្សេងទៀត ដូចជា ពែងវិល ឡានបុកគ្នាគប់ប៉េងប៉ោង ជិះស្គី ដោយមានសាន់បង្រៀនអំណត់ទំរាំតែអាចឈរនិងជិះបានតិចៗសាន់ត្រូវចំនាយពេលយ៉ាងយូរ ហើយអំណត់មិនដឹងដួលប៉ុន្មានដង នឹងនាំសាន់ដួលប៉ុន្មានដងប៉ុន្តែសំណើចជាមួយការសប្បាយចិត្តនៅតែមិនអាចបាត់ពីមុខអ្នកទាំងពីរ។ចុងក្រោយពួកគេក៏នាំគ្នាចូលផ្ទះខ្មោច
“អំណត់!ឯងមិនអីទេមែនទេ”សាន់សួរដោយបារម្ហព្រោះឃើញអំណត់មុខស្លេក ដៃសាន់ត្រូវអំណត់ខ្វាចអស់ជាច្រើនកន្លែងព្រោះតែអំណត់ភ័យនឹងខ្មោចអំបាញ់មិញ
“ខ្ញុំមិនអីទេ”អំណត់និយាយដោយដកដង្ហើមញាប់ៗបន្តិច
“នៅចាំខ្ញុំនៅទីនេះហើយណា ខ្ញុំទៅទិញអីមកអោយផឹក”សាន់និយាយដោយងើបឡើង តែត្រូវអំណត់ចាំដៃ
“ខ្ញុំទៅដែល”អំណត់និយាយ គេមិនចង់នៅម្នាក់ឯងទេព្រោះទីនេះមានមនុស្សច្រើនណាស់
“នៅអង្គុយលើបង់នេះអោយស្ងៀមទៅ បន្តិចទៀតមកវិញឥលូវហើយ”សាន់និយាយព្រោះគេមិនចង់អោយអំណត់ដើរទៀតទេមើលទៅគេដូចជាមិនទាន់បាត់ភ័យនៅឡើយ
“ឆាប់មកបន្តិចណា”អំណត់និយាយ ចំនែកសាន់ងក់ក្បាល តាមពិតអំណត់ពិតជាចង់ទៅជាមួយសាន់ណាស់គេជាក្មេងតូចម្នាក់មកនៅក្នុងចំនោមមនុស្សជាច្រើនដែលមិនដែលស្គាល់បែបនេះពិតជាគួរអោយខ្លាចណាស់ម្យ៉ាងគេមិនទាន់បាត់ខ្លាចខ្មោចក្នុងផ្ទះខ្មោចអំបាញ់មិញផង
កន្លងទៅ២០នាទី
សាន់នៅតែមិនទាន់ត្រលប់មកវិញទៀត អំណត់ចាប់ផ្តើមភ័យហើយ
“នេះសាន់ទៅយូរម៉្លេះ! មានរឿងអីទេដឹង មិនបានទេខ្ញុំទៅរកគេសិន”អំណត់ទ្រាំចាំលែងបាន គេក៏ដើរចូលហ្វូងមនុស្សដើម្បីរកសាន់ គេដើររកមើលកន្លែងដែលបានទៅលេងអំបាញ់មិញនៅតែមិនឃើញ គេដើរផងរត់ផងនៅតែគ្មានសញ្ញាណណាថាសាន់សោះ គេចាប់ផ្តើមភ័យហើយ គេមានអារម្មណ៍ថារងា ឯកោ កែវភ្នែកចំលែកៗរបស់អ្នកជុំវិញនេះចាប់ផ្តើមធ្វើអោយអំណត់ខ្លាច កាន់តែមើលកាន់តែគួរអោយខ្លាចនេះគេវង្វេងហើយ (សាន់ឯងនៅឯណាខ្ញុំខ្លាចណាស់ ឆាប់មករកខ្ញុំអោយលឿនមក)អំណត់ទន្ទិញពាក្យនេះជាប់ក្នុងចិត្ត តែគ្មានទេគ្មានមនុស្សម្នាក់ឈ្មោះសាន់នៅចំពោះគេទេ អំណត់មានអារម្មណ៍ថាគួរអោយខ្លាចណាស់
“សាន់………!!!!”អំណត់ស្រែករហូតភ្លាត់សំលេង គេក៏អង្គុយចុះលើដីគេចាប់ផ្តើមយំ យំយ៉ាងខ្លាំង អារម្មណ៍ត្រូវគេបោះបង់ពិតជាពិបាកទ្រាំណាស់ មនុស្សនៅក្បែរនោះចាប់ផ្តើមចាប់អារម្មណ៍អំណត់ពួកគេចាប់ចោមរោមមើលអំណត់ តែអំណត់មិនចាប់អារម្មណ៍ទាល់តែសោះអ្វីដែលគេចង់បានគឺសាន់ម្នាក់គត់
“សុំផ្លូវមួយ”សាន់ប្រជៀតចូលហ្វូងមនុស្ស
(នេះ……ជាសំលេងសាន់)អំណត់គិតក្នុងចិត្តរួចក៏ងាកទៅរកម្ចាស់សំលេង
“សាន់”អំណត់ស្ទុះទៅអោបសាន់
“ហេតុអីក៏មកដល់ទីនេះ ប្រាប់ហើយមែនទេថាអោយអង្គុយអោយស្ងៀមៗ”សាន់រអ៊ូដោយញញឹម
“មកពីឯង ហេតុអីក៏ទៅយូរយ៉ាងនេះ”អំណត់និយាយដោយទឹកភ្នែកនៅជាប់នឹងកែវភ្នែក
“ឈប់យំដូចមនុស្សស្រីទៀតទៅ ប្រាប់ហើយមែនទេថានៅក្បែរយើងឯងត្រូវតែញញឹម”សាន់និយាយដោយជូតទឹកភ្នែកពីថ្ពាល់អំណត់
“តែខ្ញុំ………ខ្ញុំពិតជាខ្លាចខ្លាំងណាស់”អំណត់និយាយដោយសេក្តីភ័យខ្លាច
“មិនអីទេ!ខ្ញុំសន្យាថាគ្មានថ្ងៃដែលខ្ញុំបោះបង់ឯងចោលទេ”សាន់និយាយដោយប្រាកដប្រជា ភាពកក់ក្តៅនិងសុវត្ថិភាពបានបញ្ចេញពីខ្លួនសាន់ អំណត់ងក់ក្បាលយល់ព្រម។ ក្មេងទាំងពីរកាន់ដៃគ្នាបន្តការសប្បាយនៅសួនកំសាន្តបន្ត។ រាល់ពេលដែលអំណត់មានសាន់នៅក្បែរគេតែងតែមានអារម្មណ៍កក់ក្តៅដែលគ្មានថ្ងៃបាត់បង់ នេះជាសេក្តីសុខដែលអំណត់តែងតែប្រថ្នាចង់បានរហូតមកទីបំផុតគេបានរកឃើញវាហើយ នោះជាមនុស្សម្នាក់ឈ្មោះ”សាន់”។
“ទីបំផុតឯងនៅតែចាកចេញទៅដដែល សាន់!”អំណត់និយាយតិចពេលនឹកឃើញដល់រឿងកន្លង
“អំណត់គិតថាចង់ជិះអីមុនគេ”វិច្ឆ័យនិយាយដោយសប្បាយចិត្ត
“តាមចិត្តរបស់ឆ័យ”អំណត់និយាយដោយសើចតិចៗ ពេលឃើញកាយវិការដូចកូនក្មេងរបស់វិច្ឆ័យធ្វើអោយអំណត់អត់ទ្រាំសើចមិនបាន
“អញ្ជឹងតោះ “វិច្ឆ័យក៏អូសដៃអំណត់ទៅរកឧបករណ៍កំសាន្ត

No comments:

Post a Comment