October 18, 2013

True love Chapter1



 “អេ!ហេតុអីក៍ឯងយំ”សាន់សួរទៅក្មេងប្រុសម្នាក់ដែលមើលទៅមានអាយុស្របាលៗគ្នាដែលកំពុងតែអង្គុយយំក្រោមដើមឈើក្នុងសួនកំសាន្តរបស់បុរី។ក្មេងប្រុសនោះក៏ងើយមុខមើលសាន់រួចចង្អុលទៅខាងលើ សាន់ក៏ឃើញមានប៉េងប៉ោងមួយទើលើនោះ
“ឯងយំព្រោះរបស់នោះមែនទេ”សាន់សួរដោយចង្អុលទៅប៉េងប៉ោងមួយនោះ រួចក្មេងម្នាក់នោះក៏ងក់ក្បាល
“ឯងឡើងទៅធ្វើអី”ក្មេងម្នាក់នោះសួរសាន់ពេលដែលឃើញសាន់ក៏ឡើងលើដើមឈើនោះ
“គឺយកប៉េងប៉ោងអោយឯងនោះអីអាក្មេងល្ងង់”សាន់តបដោយមានកាន់ប៉េងប៉ោងក្នុងដៃជាមួយផង
“យេ!ឯងឈប់ហោះទៅចោលខ្ញុំទៀតណា៎”ក្មេងនោះស្រែកយ៉ាងសប្បាយចិត្ត
“គ្រាន់តែប៉េងប៉ោងមួយសោះ ចេះអង្គុយយំដូចមនុស្សស្រីទៅកើត”សាន់និយាយដោយធ្វើមុខឆ្ងល់
“កុំនិយាយបែបនេះ របស់នេះជាកាដូខួបកំណើតដែលលោកប៉ាខ្ញុំទិញអោយខ្ញុំណា៎”ក្មេងម្នាក់នោះនិយាយដោយអោបប៉េងប៉ោងជាប់ដូចជាមានសេក្តីសុខណាស់ទាំងដែលសាន់មានការឆ្ងល់ជាខ្លាំងថាវាមានតំលៃអីរបស់បែបនេះ នៅចាញ់យន្តហោះបញ្ជាដែលប៉ាគេទិញអោយពីឆ្នាំទៅឆ្ងាយណាស់។
“កុំមើលមកខ្ញុំបែបនេះ ខ្ញុំដឹងឯងគិតអី ខ្ញុំមិនមែនជាអ្នកមានដូចពួកឯងដែលមានផ្ទះធំៗស្អាតៗបែបនេះទេ”ក្មេងនោះនិយាយដោយមើលទៅផ្ទះវីឡាៗដែលសង់ដំរាបជួរគ្នាដូចបន្ទាត់
“បើឯងមិនមែនអ្នកនៅក្នុងបុរីនេះ ហើយឯងចូលមកទីនេះបានដោយរបៀបណា?”
“ប៉ាខ្ញុំជាកម្មករនៅទីនេះ”មែនហើយបើមើលតាមសំលៀកបំពាក់របស់ក្មេងនេះគេក៏អាចដឹងដោយងាយ
“អញ្ជឹងបានឯងចូលមកទីនេះបាន ហើយឯងចង់លេងជាមួយខ្ញុំទេ”សាន់សួរទៅកាន់ក្មេងនោះ
“ឯងបបួលខ្ញុំលេងជាមួយ ឯងនិយាយពិតរឺ?”គេសឹងមិនជឿសំដីរបស់សាន់ព្រោះមានកូនអ្នកមានណាមកលេងជាមួយក្មេងអ្នកក្រដូចជាគេ សាន់ក៏ងក់ក្បាល
“ខ្ញុំឈ្មោះសាន់ ចុះឯងឈ្មោះអីដែល”
“ខ្ញុំឈ្មោះអំណត់”
“អំណត់!!”សាន់សួរបញ្ជាក់
“ត្រូវហើយព្រោះម៉ាក់ខ្ញុំប្រាប់ថាកើតជាមនុស្សជាពិសេសអ្នកក្រដូចពួកខ្ញុំត្រូវចេះអំណត់អត់ធន់”អំណត់និយាយដោយញញឹម
“អំណត់ស្អីគ្រាន់តែរឿងប៉េងប៉ោងមួយសោះអង្គុយយំឡើងហើមភ្នែកទៅហើយ”សាន់និយាយដឺ
“មកពីខ្ញុំមិនហ៊ានឡើងទៅយកវាព្រោះខ្ញុំខ្លាចខ្ពស់”
“ឈប់រំអួយទៅ”សាន់និយាយដោយធ្វើមុខ
“អេសាន់”មិត្តភក្តិ៣ ៤នាក់រត់មករកគេ
“អេអាសាន”សាន់ក៏ងាកទៅតបជាមួយមិត្ត
“នេះអ្នកណាគេហ្នឹង”មិត្តភក្តិសាន់សួរគេពេលឃើញអំណត់
“នេះអំណត់មិត្តថ្មីរបស់យើង”រួចមិត្តទាំងអស់ក៏ទៅស្វាគមន៍អំណត់
“នេះឯងទើបហ្នឹងរើមកនៅមែនទេបានជាមិនដែលឃើញសោះ”សានសួរទៅកាន់
“ខ្ញុំមកនៅតែមួយរយៈទេ ក្រោយការងារប៉ាម៉ាក់រួចហើយពួកខ្ញុំរើទៅវិញហើយ”
“ហើយប៉ាម៉ាក់ឯងធ្វើអ្វីដែល”
“ប៉ាម៉ាក់ខ្ញុំគឺ”
“ឈប់!កុំប្រាប់ថា”សានក៏មើលទៅសំលៀកបំពាក់របស់អំណត់”កម្មករ”សានលាន់មាត់
“បាទ”អំណត់ឆ្លើយភ្លាមព្រោះវាជាការពិត
“ហាហា!កូនកម្មករ ហាហាហហ នេះសាន់ឯងដឹងរឺនៅ”សាន់ចាប់ផ្តើមជ្រួញចិញ្ចើម”នេះអាក្មេងកូនកម្មករដូចឯងចង់មកលេងជាមួយយើងផង”សាននិយាយដោយច្រានអំណត់អោយដួល
“ឈប់ណាអាសាន”សាន់ក៏ស្ទុះទៅលើកអំណត់
“ឯងទៅខ្វល់អីនឹងអាក្មេងរហេមរហាមមិនចេះមើលខ្លួនបែបនេះ”សានចង្អុលមុខអំណត់
“ដូចជាជ្រុលពេកហើយអាសាន”សាន់ងើបឡើងមើលមុខសាន ចំនែកឯអំណត់ដោយទ្រាំនឹងកែវភ្នែកមើលងាយមើលថោករបស់អ្នកនៅទីនេះមិនបានគេក៏រត់គេចចេញ។
“អំណត់ៗៗ!!!”សាន់ប្រឹងស្រែកហៅអំណត់ តែអំណត់គិតតែរត់ដោយមិនងាកក្រោយ “បើឯងនៅតែបែបនេះទៀតមិនបាច់មកនិយាយជាមួយយើងទៀតទេ”រួចសាន់ក៏រត់ទៅតាមអំណត់
សាន់រត់តាមអំនត់ឆ្ងាយល្មមហើយក៏ឃើញអំនត់កំពុងអង្គុយយំនៅក្រោយវីឡាដោយមិនទាន់ធ្វើរួចមួយ
“អាក្មេងល្អិត រត់បានលឿនគួរសម”សាន់និយាយដោយដង្ហក់រួចក៏ដើរទៅជិតអំណត់
“សាន់ឯងមកទីនេះធ្វើអី ទីនេះមិនសមឯងទេ”អំណត់និយាយដោយទឹកមុខក្រៀមក្រំ តាមពិតទីនេះគេមិនអោយក្មេងចូលមកទីព្រោះជាសំណង់ដែលមិនទាន់រួចរាល់ដែលអាចមានគ្រោះថា្នក់ក្នុងការមកលេងនៅទីនេះ
“ឯងនៅខ្វល់ពីសំដីអាសានមែនទេ”សាន់សួរដោយអង្គុយក្បែរអំណត់
“កុំអង្គុយអីវាអាចធ្វើអោយខោឯងប្រលាក់”អំណត់ហាមតែសាន់ដូចជាគ្មានយកចិត្តទុកដាក់នឹងសំដីរបស់អំណត់នោះឡើយ” តាមពិតទៅមិត្តភក្តិឯងនិយាយត្រូវខ្ញុំត្រឹមជាកូនកម្មករមានសមត្ថភាពអីទៅលេងជាមួយឯង”អំណត់និយាយដោយគ្មានមើលមុខសាន់
“ឯងកុំនិយាយបែបនេះក្រែងយើងជាមិត្តនឹងគ្នានោះអី”សាន់និយាយដោយកាន់ស្មាអំណត់ ធ្វើអោយអំណត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំណត់ក៏ងាកមើលសាន់ដោយទឹកភ្នែកដក់ក្នុងកែវភ្នែក
“ឈប់យំទៅ!ឯងនេះចូលចិត្តយំមើលតែស្រី យើងសន្យាថាយើងនេះជាអ្នកធ្វើអោយឯងសើចគ្រប់ពេល ដូចនេះនៅក្បែរយើងហាមយំបានទេ”សាន់និយាយដោយញញឹម ស្នាមញញឹមមួយនេះធ្វើអោយអំណត់ញញឹមដោយមានសេក្តីសុខជាខ្លាំង គ្មានអ្នកណាធ្លាប់ធ្វើបែបនេះជាមួយគេ សាន់ជាមិត្តភក្តិទីមួយរបស់គេហើយក៏ជាមនុស្សទីមួយដែលធ្វើអោយគេមានអារម្មណ៍ថាលើលោកនេះគ្មានទេវណ្ណៈ។
“យើងជាមិត្តនឹងគ្នាមែនទេ”អំណត់សួរបញ្ជាក់សាន់ ចំនែកឯសាន់ងក់ក្បាលដោយញញឹម។ មិត្តភក្តិទាំងពីរក៏រត់ដេញគ្នាយ៉ាងសប្បាយចិត្ត ម្នាក់ៗសុទ្ធតែមានសេក្តីសុខរៀងៗខ្លួនតែពួកគេមិនដឹងថាមិត្តភាពរបស់ពួកគេថ្ងៃនេះ វានឹងធ្វើអោយពួកគេជួបអ្វីខ្លះនោះទេ ខ្ញុំបានត្រឹមតែសង្ឃឹមថាពួកគេនឹងសើចបែបនេះរហូត។






No comments:

Post a Comment